Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ពោធិ៍សាត់

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៦ សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តស្វាយរៀង ​ដឹកនាំ​ដោយ លោកស្រី ភួង សារី ​សមាជិក​គណៈកម្មាធិការ​សាខា ​និងមន្ត្រី​អនុសាខា​ស្រុកស្វាយជ្រំ ​បានចុះសួរ​សុខទុក្ខ ​និងនាំ​យកអំណោយ​មនុស្សធម៌ ​ទៅចែកជូន​ដល់ប្រជាពលរដ្ឋ​ដែលរងគ្រោះ​ដោយសារ​ខ្យល់កន្ត្រាក់​ចំនួន ៥គ្រួសារ នៅឃុំស្វាយធំ ៣គ្រួសារ ខូចខាត​ទាំងស្រុង​ និងនៅ​ឃុំដូនស ​ស្រុកស្វាយជ្រំ​ ២គ្រួសារ ខូចខាត​ទាំងស្រុង ១គ្រួសារ ខូចខាត​មធ្យម ១គ្រួសារ ។


គ្រួសារនីមួយៗ​ទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ មុង១សារុង១ ក្រមា១ ភួយ១ និងថិវកា ៥០,០០០រៀល។ ដោយឡែក​គ្រួសារ​ខូចខាត​ទាំងស្រុង​ បន្ថែម ឆ្នាំងបាយសម្ល២ កៅស៊ូតង់១ ធុងទឹក១ កន្ទេល១ និងថវិកា ១៥០,០០០រៀល។

 

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០១៦ ​សាខា​កាកបាទ​ក្រហម​ខេត្តបាត់ដំបង​ ដឹកនាំដោយ​ លោកស្រី​ ស៊ុត ម៉ិ ​ហេរញ្ញឹក​គណៈកម្មាធិកា​សាខា ​និង សហការី ​ដោយមាន​ការសហការ​ពីអនុសាខាស្រុក ​បានអញ្ចើញ​ចុះសាកសួរ​សុខទុក្ខ ​និង​នាំយកអំណោយ​មនុស្សធម៌ ​ចែកជូនដល់​ប្រជាពលរដ្ឋ​ដែលរងគ្រោះ​ដោយខ្យល់​កន្ត្រាក់​ ចំនួន ៦គ្រួសារ​ ក្នុងនោះធ្ងន់ធ្ងរ​២គ្រួសារ​(រលំទាំងស្រុង) និងស្រាល ​៤គ្រួសារ ស្ថិតនៅ​ក្នុងភូមិ​និគមក្នុង​ ឃុំជ្រោយស្តៅ ​ស្រុកថ្មគោល ​ខេត្តបាត់ដំបង​ ។


ក្នុងឱកាសនោះ​ លោកនាយកសាខា​ បានលើកឡើង​ពីការយកចិត្តទុកដាក់​គិតគូរ​ខ្ពស់ពីសំណាក់ ឯកឧត្តម ចន្ទ សុផល ​ប្រធានកិត្តិយសាខា ​ដល់សុខទុក្ខ​របស់ប្រជាពលរដ្ឋ​យើងជាទូទៅ​ ជាពិសេស​អ្នកដែលរងគ្រោះ​ និងងាយរងគ្រោះ​ដោយប្រការ​ផ្សេងៗ ​ដោយមិនប្រកាន់​ពីនិន្នាការ​នយោបាយ ​ជាតិសាសន៍ សាសនា វណ្ណ: ពណ៌សម្បុរអ្វី។


គ្រួសារ​នីមួយៗ​ទទួលបាន៖ អង្ក ៣០គីឡូក្រាម មី ១កេស ត្រី ១០កំប៉ុង ទឹកសុទ្ធ ១កេស ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) និង ​ថវិកាមួយចំនួន ។

 

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវចែកអំណោយប្រជាពលរដ្ឋ រងគ្រោះដោយអគ្គីភ័យ

ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី ២៥ ខែមេសា​ ឆ្នាំ២០១៦​ សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខេត្តតាកែវ ​ដឹកនាំ​ដោយ លោក យឹម ច័ន្ទថន ​នាយក​ប្រតិបត្តិ​សាខា​ តំណាង​ឱ្យលោកជំទាវ​ នូ សុវណ្ណនី ប្រធាន​គណៈកម្មាធិការសាខា​ បានដឹកនាំ​ក្រុមប្រតិបត្តិ​សាខា​ និងអនុសាខា​ ស្រុកសំរោង​ចុះសួរសុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌​ ទៅផ្តល់​ជូនដល់ផ្ទះ​ប្រជាពលរដ្ឋ​ ដែលបាន​រងគ្រោះ​ដោយអគ្គីភ័យ​កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ​នៅភូមិដំណាក់​ត្រយឹង​ ឃុំជំរះពេន​ចំនួន ១គ្រួសារ និង ២គ្រួសារទៀត ដែល​បាន​ឆេះ ក្នុងអំឡុង​ពេលចូល​ឆ្នាំខ្មែរ ​នៅភូមិទួលតាចិន​ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

 

អំណោយ​ដែលផ្តល់​ជូនក្នុង​១គ្រួសារៗ រួមមាន៖ អង្ករ២៥ គីឡូក្រាម តង់១ កន្ទេល២ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ២៤សន្លឹក សម្ភារៈផ្ទះបាយ អាវ និងថវិកាមួយចំនួនទៀត៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរីចែកអំណោយប្រជាជនរងគ្រោះដោយខ្យល់ព្យុះ

 

ខេត្តមណ្ឌលគិរី ៖ រសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦ ​សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្ត​មណ្ឌលគិរី ​ដឹកនាំ​ដោយ លោក អាន សុឃីម​ នាយករង​ប្រតិបត្តិ​សាខា​ បានចុះ​សួរសុខទុក្ខ ​និង​នាំយក​អំណោយ​មនុស្សធម៌ ​ទៅផ្តល់​ជូនដល់​ផ្ទះ​ប្រជាពលរដ្ឋ ​២គ្រួសារ​ ដែលបាន​រងគ្រោះ​សារខ្យល់ព្យុះ​កាលពីថ្ងៃទី 24 ខែ មេសា ឆ្នាំ២០១៦ ​នៅភូមិ​ក្រង់តេះ ​ឃុំ​ក្រង់តេះ ​ស្រុកពេជ្រាដា ​ខេត្តមណ្ឌលគិរី ​និងលោកតា ឡេង ឆេង ​អាយុ104ឆ្នាំ រស់ភូមិ​ពូតាង​ ឃុំពូជ្រៃ ​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី។

 

អំណោយ​ដែលផ្តល់​ជូនក្នុង១គ្រួសារៗ​រួមមាន៖ អង្ករ 25គក្រ មី1កេស ទឹកត្រី3ដប ទឹកស៊ីអ៊ីវ3ដប ប្រេងឆា1ដប មុង1 ភួយ1 សារុង1 កន្ទេល1 ក្រមា1 អំបិល1គក្រ និងថវិកាចំនួន40000រៀល។

ប្រជាជនរងគ្រោះដោយខ្យល់កន្រ្តាក់ទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃទី២០ ខែ មេសា ឆ្នាំ ២០១៦​នេះ ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​ដឹកនាំ​ដោយ​លោកជំទាវ​ ចឹក ហេង​ ប្រធាន​គណៈកម្មាធិការ​សាខា​ បាននាំ​យក​អំណោយ​មនុស្សធម៌​ផ្ដល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ ចំនួន១៨ គ្រួសារ ​ដែលរងគ្រោះ​បណ្តាលមក​ពីខ្យល់​កន្រ្ទាក់ ​កាលពី​ល្ងាច​ថ្ងៃទី១៨ ខែ មេសា ២០១៦ ​នៅ​ភូមិសង្កែ ​ឃុំសង្កែ១ ​ចំនួន ១គ្រួសារ ​និង​នៅ​ភូមិដងផ្លិត ​ឃុំឆែប​ ២ ចំនួន១៧គ្រួសារ​ ឋិតក្នុងស្រុកឆែប​ ខេត្តព្រះវិហារ។

 

ក្នុងឱកាសនោះ​លោកជំទាវ​ប្រធាន​គណៈកម្មាធិការ​សាខា​បាន​ផ្តាំផ្ញើ​ឲ្យបងប្អូន​មានការ​ប្រុងប្រយ័ត្ន​ការពារ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ។ ​អំណោយ​ដែល​យក​មក​ចែកជូន​នា​ពេលនេះ​រួមមាន​៖ អង្ករ ២៥ គីឡូ មី ១ កេស ត្រីខ ១យួរ ទឹកស៊ីអុីវ ១ យួរ ខោអាវ ២កញ្ចប់៕

Fist Prev 133 134 135 136 137 Next Last