ទីស្នាក់ការកណ្តាល

កាកបាទក្រហមកម្ពុជា ចុះចែកអំណោយមនុស្សធម៌ជាស្បៀង និងសម្ភារៈ ជូនគ្រួសារប្រជាជនរងគ្រោះដោយទឹកជំនន់ ចំនួន ២១០០ គ្រួសារ នៅខេត្តស្វាយរៀង
នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា អមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងមន្ត្រីសាខា ព្រមទាំង សប្បុរសជនបានអញ្ជើញចុះចែកអំណោយមនុស្សធម៌ជាស្បៀងនិងសម្ពារៈ ជូនគ្រួសារប្រជាជនរងគ្រោះដោយទឹកជំនន់ ចំនួន ១១៧០ គ្រួសារ មកពី ៥៥ ភូមិ នៅក្នុង ស្រុក កំពង់រោទិ៍ ស្រុក ស្វាយជ្រំ និងក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង។
ជាកិច្ចចាប់ផ្តើម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវការចូលរួមសោកស្តាយ ចំពោះការបាត់បង់របស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់ នៅទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងខេត្តនេះតែម្តង ។ បន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំរួមចំណែកក្នុងការជួយសង្គ្រោះ ដល់ប្រជាជនបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិសាត់ដែលបានធ្វើការឆ្លើយតបក្នុង ការជួយដល់ជនដែលរងគ្រោះដោយសារទឹកជំនន់ជាបន្តបន្ទាប់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការកោតសរសើរ ដល់អង្គការជាតិ និងអន្តរជាតិ ជាពិសេសសប្បុរសជនគ្រប់វិស័យដែលបាន ចូលរួមចំណែកនៅក្នុងវិស័យមនុស្សធម៌ ក្នុងរយៈពេលនៃគ្រោះទឹកជំនន់ថ្មីៗនេះ។
ឆ្លៀតក្នុងឪកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាជនទាំងអស់ ៖
១. អំពានាវ ដល់ក្រុមគ្រួសារសូមជួយអប់រំដល់កូនក្មួយ និងមនុស្សចាស់ៗឱ្យជៀសវាងពិការជាតិសុរា ដែលបានបង្ករអោយមានអត្រាស្លាប់ក្នុងពេលទឹកជំនន់នេះ និងសូមកុំ ប្រើប្រាស់គ្រឿងញៀនដែលជាបញ្ហាបង្ករឱ្យាមានអំពើហិង្សាក្នុងគ្រួសារ និងអត្រាស្លាប់។
២. ខិតខំដាំដំណាំបន្ថែមដើម្បីលើកតម្កើនសេដ្ឋកិច្ចក្នុងគ្រួសារក្រោយពេលទឹកស្រក។
៣. អំពាវនាវ ដល់ស្រ្តីមានផ្ទៃពោះ អោយទៅពិនិត្យសុខភាពអោយបានទៀងទាត់នៅមន្ទីពេទ្យ ឬមណ្ឌលសុខភាពតាមការកំណត់របស់គ្រួពេទ្យ
៤. អំពាវនាវដល់អ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ ទៅទទួលថ្នាំពន្យាអោយបានត្រឹមត្រូវ និងទៀងទាត់តាមការកំណត់របស់គ្រួពេទ្យ
៥. សូម មានការប្រុងប្រយ័ត្នជាពិសេសកុមារ ដោយមិនត្រូវអោយលេងជាមួយទឹកជំនន់ដើម្បីជៀសការលង់ទឹកដោយប្រការណាមួយ។
៦. សូម មានប្រុងប្រយ័ត្ន និងគោរពតាមច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយ អត្រាមរណជាពិសេសការបាត់បង់បន្ថែមទៀតនៃជីវិត ក្នុងពេលគ្រោះមហន្ថរាយទឹកជំនន់នេះ។
៧. សូម បរិភោគទឹកដែលដាំឆ្អិនអោយបានត្រឹមត្រូវមុនហ្នឹងធ្វើការបរិភោគ ដើម្បីជៀសវាងការ មាន ជំងឺដោយសារពិសារទឹកមានមេរោគ ដែលអាចបណ្តាលអោយមានការបាត់បង់ជីវិត និងបន្ថែម ការឈឺចាប់នៅក្នុងក្រុមគ្រួសារ។
៨ ត្រូវ ចេះថែទាំសុខភាពអោយបានល្អ ព្រមទាំងសូមឱ្យមានអនាម័យជានិច្ច ដើម្បីជៀសវាងជំងឺឆ្លង ដែលអាចបណ្តាលឱ្យមានការចំណាយនូវទ្រព្យសម្បត្តិបន្ថែមទៀតក្នុង ការព្យាបាល។ក្នុង ករណីមានជំងឺ សូមបងប្អូនទៅមន្ទីពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។
៩. អំពាវ នាវដល់គ្រួសារដែលស្នាក់នៅក្នុងផ្ទះទឹកទាំងអស់ សូមប្រុងប្រយ័ត្ន និង ពិនិត្យសភាពក្នុង ផ្ទះអោយបានហ្មតចត់មុនចូលផ្ទះ ជាពិសេសត្រូវពិនិត្យមើលសត្វដែលមានពិស ដូចជាសត្វ ពស់ជាដើម។
ជាទីបញ្ចប់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការជូនពរដល់ប្រជាជនទាំងអស់ សូមឱ្យមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។
អំណោយ ចែកជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, សារុង១, ក្រមា ១, មុង ១, ភួយ ១, ក្រណាត់ស ១ដុំ, ទឹកបរិសុទ្ធ ៦ ដបធំ និងធុងដាក់ទឹក ១។
អត្ថបទដោយ៖ លោក តាំង សាមឿន

សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌
នៅព្រឹក ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៣ វេលាម៉ោង ០៩:៣០ ដល់ ១០:៣០០ នៅទីស្នាក់ការ កណ្តាលកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ ពីគណប្រតិភូរួមមាន ៖
-
លោក Wong Lee Keong អភិបាលក្រុមហ៊ុន GREENTERRAIN
-
ថវិកា ចំនួន ២០០០០ ដុល្លារអាមេរិក
-
-
លោកស្រី ផន ស្រីណា នាយិកាក្រុមហ៊ុន ស្រីណា អ៊ឹមផតអ៊ិចផត ខូអិលធីឌី
-
ថវិកា ចំនួន ១០០០០ ដុល្លារអាមេរិក
-
អង្ករចំនួន ៣០តោន
-
ជាកិច្ចចាប់ផ្តើម សម្តេចកិត្តិព្រឹទ្របណ្ឌិត បាន សម្តែងនូវសេចក្តីអំណរគុណ និង មានមោទនភាពយ៉ាងខ្លាំង ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជាក៏ដូចជាមួយ រាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងការជួយដល់ប្រជាជនដែលរងគ្រោះដោយ សារគ្រោះមហន្តរាយទឹកជំនន់នាពេលថ្មីៗនេះ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន កោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារនេះ ហើយបានគូសបញ្ជាក់ថា ការផ្តល់នូវអំណោយមនុស្ស នាពេលនេះ គឺចំពេលដែលបងប្អូនប្រជាជនរងគ្រោះបាន នឹងកំពុងស្រែករកការជួយពី សំណាក់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ហើយកាយវិការសប្បុរសធម៌នេះ បាននឹងកំពុងបង្ក លក្ខណៈដល់កាកបាទក្រហមកម្ពុជា អាចមានលទ្ធភាពជួយដល់គ្រួសាររងគ្រោះបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ជាកិច្ចឆ្លើយតប គណប្រតិភូទាំងអស់ បានសម្តែងនូវអំណរគុណ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល បានអនុញ្ញាតអោយគណប្រតិភូបានចូលជួបសម្តែងការគួរសម និង ស្តាប់នូវមតិដ៏ប្រសើរទាក់ទងទៅនឹង សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលបាន ធ្វើការឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់នេះ ព្រមទាំងមានឪកាសចូលរួមចំណែក ជួយដល់ប្រជាជនកម្ពុជា។ គណប្រតិភូទាំងអស់ បានធ្វើការសន្យាជារួមទាំងអស់គ្នា ថានឹងនៅបន្តជួយដល់ប្រជាជនដែលងាយរងគ្រោះ តាមរយៈកាកបាទក្រហមកម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន សន្យាថានឹងចាត់ចែងថវិកាទាំងអស់នេះ ក្នុងការជួយកសាងនូវ លំនៅដ្ឋានដល់ប្រជាជនដែលបានបំផ្លាញដោយសារទឹកជំនន់ និង ប្រើប្រាស់ធ្វើការទិញជា សម្ភារៈនានាជូនដល់ប្រជាជនដែលរងគ្រោះគ្រប់ខេត្តទាំង ២០ ដែលបានរងគ្រោះ ដោយសារទឹកជំនន់។ ទីបញ្ចប់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកោតសរសើរដល់ទឹកចិត្តសកម្មភាពមនុស្សធម៌របស់គណៈប្រតិភូ និងបានជូនពរអោយមានសុខភាពល្អ និង ជោគជ័យក្នុងការប្រកបមុខរបររបស់ខ្លួន។
អត្ថបទដោយ៖ លោក តាំង សាមឿន

សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ សម្តែងការគួរសម និងជំរាបលាគណប្រតិភូ ICRC
នៅព្រឹក ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៣ វេលាម៉ោង ០៩:០០ នៅទីស្នាក់ការ កណ្តាលកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការសម្តែងការគួរសមពី លោក Francoise Bugnion សមាជិកសភា អាយ ស៊ី អរ ស៊ី និងជំរាបលាពី លោក Jacques Stroun ប្រធានប្រតិភូប្រចាំតំបន់។
ជាកិច្ចចាប់ផ្តើម សម្តេចកិត្តិព្រឹទ្របណ្ឌិត បានសម្តែងនូវការស្វាគមនចំពោះគណប្រតិភូដែល បានមកបំពេញបេសកកម្មមនុស្សធម៌ និងបានចូលរួមចំណែកជួយស្តារ និងកសាងដល់ ប្រទេសកម្ពុជា ជាពិសេសក្នុងដំណាក់កាលដ៏សែនលំបាក់ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩។ សម្តេចកិត្តិព្រឹទ្របណ្ឌិត បានគូសបញ្ជាក់ថា ក្រោមការជួយឧបត្ថម្ភ ទាំងផ្នែកសម្ភារៈ និងបច្ចេកទេសពីសំណាក់ អាយ ស៊ី អរ ស៊ី រាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា អាចមានលទ្ធភាពជួយដល់បងប្អូនប្រជាជនទូទាំងប្រទេស បានទាន់ពេលវេលា និងប្រកប ដោយប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះទៀត សម្តេចកិត្តិព្រឹទ្របណ្ឌិត បានលើកឡើងថា រហូត មកដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា ក៏នៅតែត្រូវការជំនួយបន្ថែមទៀតពី អាយ ស៊ី អរ ស៊ី នៅក្នុងផ្នែកមួយចំនួនរបស់ការងារមនុស្សធម៌របស់ខ្លួន ហើយក៏នៅតែត្រូវការនូវការជួយ ឧបត្ថម្ភបន្តទៀតនាពេលអនាគតផងដែរ។
ជាកិច្ចឆ្លើយតប លោក Francoise Bugnion បានធ្វើការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់កាកបាទក្រហមកម្ពុជា នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយ អាយ ស៊ី អរ ស៊ី ចាប់តាំង ពីមានវត្តមានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជារៀងមក។ ក្រោមកិច្ចសហប្រតិបត្តិការដ៏រលូន នេះ អាយ ស៊ី អរ ស៊ី និងកាកបាទក្រហមកម្ពុជា បានទទួលនូវសមិទ្ធផលប្រកបដោយផ្លែរផ្ការ ជាច្រើន ព្រមទាំងបានទទួលស្គាល់ពីសំណាក់សហគមអន្តរជាតិថាជាអង្គការមនុស្សធម៌ដែល ឈានមុខគេនៅក្នុងប្រទេស។ លោក Francoise Bugnion បានសន្យាថានឹងបន្តកិច្ចសហប្រតិ បត្តិការនេះបន្ថែមទៀតនាពេលអនាគត និងជូនពរអោយកាកបាទក្រហមកម្ពុជាទទួលនូវ សមិទ្ធផលថ្មីៗបន្ថែមទៀត។
ទីបញ្ចប់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជូនពរដល់គណៈប្រតិភូ អោយមានសុខភាពល្អ និង ជោគជ័យក្នុងការបំពេញភារកិច្ចមនុស្សធម៌របស់ខ្លួននាពេលអនាគត។
អត្ថបទដោយ៖ លោក តាំង សាមឿន

កាកបាទក្រហមកម្ពុជា ចុះចែកអំណោយមនុស្សធម៌ជាស្បៀង និងសម្ភារៈ ជូនគ្រួសារដែលងាយរងគ្រោះ ចំនួន ១១៧៩ គ្រួសារ នៅខេត្ត កំពង់ស្ពឺ
នៅព្រឹកថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា អមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងមន្ត្រីសាខា ព្រមទាំង សប្បុរសជនបានអញ្ជើញចុះចែកអំណោយមនុស្សធម៌ជាស្បៀងនិងសម្ពារៈ ជូនគ្រួសារដែលងាយរងគ្រោះ ចំនួន ១១៧៩ គ្រួសារ មកពី ៩ ឃុំ នៅក្នុង ស្រុក ឧដុង្គ និងស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។
ជាបឋម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវការចូលរួមសោកស្តាយ និងសុខទុក្ខ ចំពោះគ្រួសារដែលងាយរងគ្រោះនៅទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងខេត្តនេះតែម្តង ។ បន្ថែមពីនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំរួមចំណែក និងធ្វើការឆ្លើយតបក្នុងការជួយសង្គ្រោះ ដល់ប្រជាជនបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ខេត្ត កំពង់ស្ពឺ ដែលបានអនុវត្តនូវការងារមនុស្សធម៌ជាស្នូល តាមគោលការណ៍ គ្រិះរបស់ខ្លួនការទទួលខុសត្រូវខ្ពស់។
ឆ្លៀតក្នុងឪកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្សព្វផ្សាយនូវអនុសាសន៍ រួមមាន ៖
-
លើកទឹកចិត្តដល់បងប្អូនប្រជាជន តាមរយៈការខិតខំដាំដំណាំបន្ថែមដើម្បីលើក តម្កើនសេដ្ឋកិច្ចក្នុងគ្រួសារ និងសូមអោយរកជំនួយបន្ថែមខាងបច្ចេកទេស និងពូជ នានានៅមន្ទីកសិកម្មខេត្តរបស់ខ្លន។
-
សូម ដាំទឹកអោយបានឆ្អិនត្រឹមត្រូវមុនហ្នឹងធ្វើការបរិភោគ ដែលអាចបណ្តាលអោយមានជំងឺនានា ដែលអាចបង្កអោយមានការបាត់បង់ជីវិត និងអាចចូលរួមការកាត់ បន្ថយអត្រាមរណមាតា និងទារកផងដែរ។
-
អំពាវនាវ ដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលមានផ្ទុកមេរោគអេដស៍ អោយទៅពិនិត្យសុខភាពមាតា និងទារក អោយបានទៀងទាត់នៅមន្ទីពេទ្យ ឬមណ្ឌលសុខភាពតាមការកំណត់របស់គ្រួពេទ្យ ដោយមិនត្រូវមានការអៀនខ្មាស់ និងធ្វើការទទួលបាននូវ ថ្នាំពន្យាជីវិត ដែលអាចចូលរួមការកាត់បន្ថយ ពីការឆ្លងពីមាតាទៅទារក នៅពេល សម្រាលកូន។
-
សូម មានប្រុងប្រយ័ត្ន និងគោរពតាមច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវដោយ ធ្វើការពាក់មួកសុវត្ថភាព និងដាក់ខ្សែក្រវាត់ការពារ នៅពេលធ្វើចរាចរណ៍ដើម្បីចូលរួមកាត់បន្ថយ អត្រាមរណដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍។
ជាទីបញ្ចប់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការជូនពរដល់ប្រជាជនទាំងអស់ សូមឱ្យមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។
អំណោយ ចែកជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, សារុង១, ក្រមា ១, មុង ១, ភួយ ១, ក្រណាត់ស ១ដុំ, ទឹកបរិសុទ្ធ ៦ ដបធំ។
អត្ថបទដោយ៖ លោក តាំង សាមឿន

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ស្រុកព្រះនេត្រព្រះ ភ្នំស្រុក និង ស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា
ថ្ងៃទី ៧ ខែ វិចិ្ឆកា ឆ្នាំ ២០១៣ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំការ ចែកអំណោយ ជូនប្រជាជនរងគ្រោះដោយទឹកជំនន់ ចំនួន១,៨៣១គ្រួសារ មកពី៩ឃុំ ៦០ភូមិ នៃស្រុកព្រះ នេត្រព្រះ ស្រុកភ្នំស្រុក និង ស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ទីតាំងចែកអំណោយចំនួន២កន្លែង គឺនៅសាលាបឋមសិក្សារហាស ស្រុកព្រះនេត្រព្រះ និង នៅអាហារដ្ឋាន សន្តិភាព តាដាវ ឃុំក្បាលស្ពាន សង្កាត់ព្រះពន្លា។ ចូលរួមក្នុងឧិកាសនេះ រួមមាន ឯកឧត្តម ទ្រី ណារិន្ទ អភិបាលនៃគណៈ អភិបាល ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ឺម ភាន់សុផល ប្រធានគណៈ កម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា លោកនាយក និងមន្ត្រី បុគ្គលិក ក្រុម ប្រតិបត្តិសាខា ជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម លោកជំទាវ បានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលទោះបីជាលោកមិនបានអញ្ជើញមកដោយផ្ទាល់ ក៏ទឹកចិត្ត និង មនោសញ្ចេតនា នៅផ្សាភ្ជាប់ជាមួយនឹងការលំបាករបស់បងប្អូនប្រជាពលរដ្ឋជានិច្ច។
លោកជំទាវ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើមួយចំនួន ដែលពាក់ព័ន្ធនឹងសុវត្ថិភាពអាយុជីវិត ពីការរងគ្រោះដោយ ទឹក ជំនន់។ សំខាន់ការយកចិត្តទុកដាក់ចំពោះក្មួយៗតូចៗ ស្រី្តមានផ្ទៃពោះ និងជៀសវាងកុំសេបគ្រឿងស្រវឹង ដែលនាំបង្កឲ្យមាន គ្រោះថ្នាក់ដល់ជីវិត។ ចំពោះបញ្ហាដែលកើតមានរួចមកហើយ ដោយសារសត្វធាតុមានពិសខាំនិងចឹក ក៏ត្រូវតែយកចិត្តទុក ដាក់ប្រុងប្រយ័ត្នណាស់ដែរ មិនអាចឆ្វេសប្រហែសបានឡើយ។ បញ្ហាសុខភាពជាចំបង គឺការហូបទឹកស្អាត ដាំពុះ និង អនាម័យ ដើម្បីជៀងវាងជំងឺភ្នែកក្រហម រាករូស និងជំងឺដែលអាចកើតឡើងដោយកង្វះអនាម័យ និងទឹកស្អាត។ ក្រោយទឹក ជំនន់ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគិតមុនគេ ការស្តារអណ្តូងទឹក អនាម័យជុំវិញផ្ទះ បើមិនដូចនេះទេ សមាជិកនៃក្រុម គ្រួសារនីមួយៗ ឬសហគមន៍ទាំងមូល អាចនឹងទទួលការលំបាកមួយជាន់ទៀត លើសពីការត្រូវស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ
មុននឹងបញ្ចប់ការសំណេះសំណាល លោកជំទាវ អគ្គលេខាធិការ សុំអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ យកចិត្តទុក ដាក់ដល់សុវត្ថិភាពចរាចរណ៍ មិនថាតាមផ្លូវគោកឬទឹក ជាពិសេសពេលមកទទួលអំណោយខ្លួនទទេ តែត្រឡប់ទៅវិញមាន ស្បៀងសម្ភារៈធ្ងន់បន្ថែមទៀត ដែលត្រូវគិតដល់សុវត្ថិភាពពេលធ្វើដំណើរ ។
អំណោយចែកជូននាឧិកាសនេះរួមមាន៖ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង និងទឹកបរិ សុទ្ធ ៥ដប (ចំណុះ១,៥)។ រទេះពិការ៨គ្រឿង សម្រាប់ជនពិការ ៨នាក់ ។ ដោយ ស្បៀង និងសម្ភារៈ អំណោយរបស់សប្បុរសជននានា តាមរយះកាកបាទក្រហមកម្ពុជា ។
អត្ថបទ និង រូបភាព ព្រូ លាប