Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

លោកជំទាវ ទូច ស៊ីថុល ហេរញ្ញឹកសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលការគ្រប់គ្រងគ្រោះមហន្តរាយ

រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរៀបចំ ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលដែលមានរយៈពេលបីថ្ងៃ ដល់មន្ត្រីថ្នាក់សាខា និងអនុសាខាទាំងប្រាំបី ក្រុង-ស្រុក ឧបត្ថម្ភដោយកាកបាទក្រហម ហ្វាំងឡង់ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ទូច ស៊ីថុល ហេរញ្ញឹកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោក ឌុច សំអាង ប្រធានគម្រោងកាត់បន្ថយ ហានិភ័យនៃគ្រោះមហន្តរាយ លោកស្រី ឌុកស៊ីដា នាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ   ព្រមទាំងមាន សិក្ខាកាមចូលរួមចំនួន ១៨នាក់  (ស្រី ៨នាក់)។
 
លោកជំទាវ ទូច ស៊ីថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន គម្រោងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ដែលបានឧបត្ថម្ភគាំទ្រថវិកាឱ្យមានវគ្គបណ្តុះបណ្តាលជាមូលដ្ឋាននេះឡើង ដល់មន្ត្រីថ្នាក់សាខា និងអនុសាខា លោកជំទាវបានបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ឱ្យមន្ត្រីថ្នាក់សាខា និងអនុសាខាទទួលបានគំនិតជាមូលដ្ឋានលើការគ្រប់គ្រងគ្រោះមហន្តរាយ  ទទួលបានអំពីសារៈសំខាន់លើការងារត្រៀមបង្ការគ្រោះមហន្តរាយ កំណត់បាននូវមូលហេតុ និងផលប៉ះពាល់ដែលបង្កដោយមុខសញ្ញាគ្រោះមហន្តរាយ អនុវត្ត និងផ្សព្វផ្សាយការងារត្រៀមបង្ការគ្រោះមហន្តរាយថ្នាក់សហគមន៍ដោយប្រសិទ្ធភាព។
 
លោកជំទាវ បានផ្តាំផ្ញើដល់មន្ត្រីជាគ្រូបង្គោលពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ សូមយកចំណេះដឹងដែលទទួលបានពីគ្រូបង្ហាត់ ទៅជួយដល់ប្រជាជនក្នុងស្រុករបស់ខ្លួន ដែលតែងជួបប្រទះ នូវឧបទ្ទវហេតុផ្សេងៗដូចជា គ្រោះថ្នាក់ចរាចរណ៍ ភ្លើងឆេះផ្ទះ ខ្យល់ព្យុះរលំផ្ទះ និងជួយផ្សព្វផ្សាយ ដើម្បីកំណត់បាននូវមុខសញ្ញាបង្កគ្រោះមហន្តរាយដែលជាហានិភ័យ និងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។
 
ជាពិសេសទៅទៀតនោះ លោកជំទាវ បានសំណូមពរដល់គ្រូបង្គោលត្រូវផ្តល់សេវាមនុស្សធម៌ សំដៅរួមចំណែកពង្រឹងសុវត្ថិភាព និងកសាងភាពរឹងមាំដល់សហគមន៍។

ប្រជាពលរដ្ឋទីទ័លក្រជាជនចាស់គ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា និង ជនពិការចំនួន ១៦គ្រួសារ នៅក្នុងស្រុកឱដុង្គ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ

នាសបាស្ត៍កន្លងទៅនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម តុង សេង ប្រធានគណៈកម្មាធិការសាខា   រួមដំណើរមានអស់លោក លោកស្រី  ជាសមាជិកគណៈកមា្មធិការសាខា មន្ត្រីប្រតិបត្តិសាខា អនុសាខាក្រុង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខារួមមានស្បៀង សំភារៈ កូនដូង កូនខ្នុរ កូនល្ហុងជាច្រើនដើម  ទៅចែកជូនបងប្អូននៅតាមផ្ទះដោយផ្ទាល់ ដែលជាជនងាយរងគ្រោះ ដូចជាជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា និងអ្នកពិការ ចំនួន ១៨ គ្រួសារ ស្ថិតនៅក្នុងឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ  ។
 
មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ  ឯកឧត្តម បានពាំនាំនូវប្រសាសន៌ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាល សម្តេច តែងតែយកចិត្តទុកដាក់គិតគូរ ពីសុខភាពនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយមិនប្រកាន់ជាតិសាសន៏ ឬក៏និន្នាការនយោបាយអ្វីឡើយ ឯកឧត្តម បានបន្តថា អំណោយដែលនាំយកមកចែកជូនបងប្អូននាពេលនេះ បានមកពិការជួយឧបត្ថម្ភ គាំទ្រ ពីសំណាក់សប្បុរសជន ដូចជា មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ  លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នានាក្នុង និងក្រៅខេត្ត ឯកត្តមបានចាត់ទុក កាយវិកា និងទឹកចិត្តដ៏សប្បុរសធម៌ទាំងអស់នេះ គឺជាចរិតស្តែងចេញអោយឃើញពីស្មារតីនៃវប្បធម៌ចែករំលែកជួយគ្នាទៅវិញទៅមក  ទោះបីអំណោយដែលបានចែកជូននាពេលនេះ មានទំហំតិចតួច មិនបានធ្វើ អោយបងប្អូនយកទៅដោះស្រាយជីវភាពគ្រួសារ បានទាំងស្រុងក៏ដោយចុះ ប៉ុន្តែអាចជួយកាត់បន្ថយការលំបាករបស់បងប្អូនបានមួយរយៈផងដែរ  តមកឯកឧត្តមបានណែនាំ អោយអាជ្ញាធរមូលដ្ឋាន ក្រុង សង្កាត់ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីសុខភាព និងជីវភាពរស់របស់បងប្អូនដែលជាជនងាយរងគ្រោះហើយក្រីក្រខ្វះខាតស្បៀងត្រូវស្រង់ព័ត៌មានអោយបានត្រឹមត្រូវ ហើយរាយការណ៌ជាបន្ទាន់ទៅអនុសាខា ឬសាខាខេត្តដើម្បីឆ្លើយតបអោយបានទាន់ពេលវេលា មានប្រសាសន៏ទៅកាន់បងប្អូនក្នុងពីធីចែកអំណោយ និងដាំកូនឈើហូបផ្លែពីផ្ទះមួយ ទៅផ្ទះមួយ ឯកឧត្តមក៏បានណែនាំអោយបងប្អូនដាំដំណាំនិង បន្លែនៅជុំវិញផ្ទះដើម្បីចូលរួមដោះស្រាយជីវភាពប្រចាំថៃ្ង ដោយមិនចំណាយថវិកាទិញបន្លែទាំងនេះពីផ្សារ ហើយមិនប៉ះពាល់ដល់សុខភាពទៀតផង ។ 
 
អំណោយ និងកូនឈើហូបផ្លែជូនបងប្អូនពីផ្ទះមួយទៅផ្ទះទៀតទាំង១៦ គ្រួសារ  ក្នុង១គ្រួសារទទួលបាន អង្ករ ២៥គក្រ , ទឹកត្រី ទឹកស៊ីអ៊ីវ ៦ដបប្រេងឆា ១ ដប, មីយើង១ កេស ,  ត្រីខ ១០ កំប៉ុង ,នំប៊ីស្គី១ធុង ទឹកគោខាប់ កូនដូង១ ,កូនខ្នុរ១ដើម កូនល្ហុង១ដើម និងថវិកា ២០,០០០រៀល ។
 
 

សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ចែក អំណោយមនុស្សធម៌ជួនប្រជាពលរដ្ឋ

ប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រចំនួន២៦គ្រួសារនៅភូមិសូរិយាលើនិងភូមិសូរិយ៉ាក្រោម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់បានទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត នារសៀលថ្ងៃទី១១ខែសីហាឆ្នាំ ២០១៥នៅសាលាបឋមសិក្សាសូរិយា។
 
លោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត មានប្រសាសន៏ថា ជាការពិតកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានផ្តល់អាទិភាពក្នុងការផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងជាងគេជាមុន ហើយក៏មិនភ្លេចពីការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយកត្តាផ្សេងដែរ ពោលគឺសាខាបានចែកជូនជាបន្តបន្ទាប់ទៅតាមប្រភេទនៃការរងគ្រោះដោយមិន ប្រកាន់ឬរើសអើង ពីនិន្នាការនយោបាយ បក្ខពួក ជាតិសាសន៏វណ្ណៈ      ពណ៏សម្បុរអ្វីឡើយ ឲ្យតែប្រជាពលរដ្ឋរងគ្រោះគឺសុទ្ធតែទទួលបាននូវការឧបត្ថម្ភស្មើៗគ្នាគ្រប់ក្រុមគ្រួសារនិមួយៗ លោក ខូយ រីដា បានបន្តទៀតថា អំណោយមនុស្សធម៏ដែលសាខាកាកបាទក្រហមខេត្ត ផ្តល់ជូននាពេលនេះ គឺ ជាការបរិច្ចាក របស់ព្រះសង្ឃ សប្បុរសជន ក្នុងនិងក្រៅប្រទេស ពិសេសប្រតិភូដែលរួមដំណើរ ដែលគេមានជំនឿទុកចិត្តចំពោះសកម្មភាពមនុស្សធម៌ ។
 
ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកបានថ្លែងអំណរគុណនិងកោតសរសើរដល់ព្រះសង្ឃ សប្បុរសជនក្នុងនិងក្រៅខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ជួយឧបត្ថម្ភ ក្នុងការជួយប្រជាពលរដ្ឋយើងនៅមូលដ្ឋានជាការរួមចំណែកបានច្រើននូវហានិភ័យព្រមទាំងបានជម្រាបជួនដល់អាជ្ញាធរមូលដ្ឋានពិនិត្យតាមដានចំពោះប្រជាពលរដ្ឋក្រីក្រ ពិសេសជនចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយជាដើម។
 
អំណោយដែលចែកជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេសតូច ទឹកត្រី៣ដបនិងទឹកស៊ីអ៊ីវ៣ដប លោកស្រី ពៅ រ៉ាវី ម្ចាស់សណ្ឋាគាពោធិ៍សាត់សេនជូរីនិងលោកស្រី ជាចិន្តា ភរិយាលោក ចន្ទ័ សុខាប្រធានមន្ទីរពេទ្យខេត្ត បានជួយថវិកាបន្ថែម១០០០០រៀល៕
 

ពិធីប្រកាសទទួលស្គាល់ សមាសភាព គណៈកិត្តិយស គណៈកម្មាធិការ អនុសាខា និងក្រុមកាកបាទក្រហមកម្ពុជា ខេត្តតាកែវ

ព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៥ នៅសាលាស្រុក ព្រៃកប្បាស មានរៀបចំពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសអនុសាខា គណៈកម្មាធិការអនុសាខា និងក្រុមកាកបាទក្រហមឃុំ ទាំង១៣ របស់ស្រុកព្រៃកប្បាស ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន សារឿន អនុប្រធានគណៈកម្មាធិការសាខា តំណាង លោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ។ 
 
ក្រោយពីការអានសេចក្តីសម្រេចរបស់ កាកបាទក្រហមកម្ពុជាដោយលោកនាយកសាខារួចមក គណៈអធិបតីបានប្រគល់ សេក្តីសម្រេចជូនប្រធាន អនុប្រធាន សមាជិក សមាជិកាអនុសខា និងក្រុមកាកបាទក្រហមកម្ពុជាឃុំទាំងអស់របស់ អនុសាខាស្រុកព្រៃកប្បាស ។ ក្រោយពីបានទទួលសេចក្តីសម្រេចមក លោកស្រី ឡុង សុខជា ប្រធានគណៈកម្មាធិការអនុសាខា តំណាងឱ្យលោកប្រធានកិត្តិយស សមាជិក សមាជិកាអនុសាខា និងក្រុមកាកបាទក្រហមកម្ពុជាឃុំ បានធ្វើការប្តេជ្ញាចិត្ត អនុវត្តតាមគោលការណ៍គ្រឹះទាំងប្រាំពីររបស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម រួមមាន ៖ ភាពមនុស្សធម៍ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព។ 
ហើយក៏បានប្តេជ្ញាពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អជាងមុន និងខិតខំស្វែងរកមូលនិធិឱ្យបានកាន់តែច្រើនជាងមុន ដើម្បីយកទៅជួយជនដែលងាយរងគ្រោះ ឱ្យបានទាន់ពេលវេលា។ 
 
នាឱកាសនោះដែរ ឯកឧត្តម គណៈអធិបតីបានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់សមាជិក សមាជិកាអនុសាខាដែលទើបបានប្រកាសតែងតាំងថ្មី ត្រូវអនុវត្តតាមទិសស្លោក ៖ ធ្វើឱ្យកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែល្អជាងមុន ធ្វើឱ្យកាន់តែស៊ីជម្រៅ និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន និងត្រូវអនុវត្តនូវសកម្មភាពលើវិស័យស្នូលទាំងបួនគឺ ៖ ការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ លើកកម្ពស់ គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៍ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន ហើយត្រូវយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដោយមិនប្រកាន់ បក្សពួក នយោបាយ រឺពូជសាសន៍ សាសនាអ្វីឡើយ ឱ្យតែបងប្អូនមានការជួបការលំបាកខ្វះខាត រឺជួបគ្រោះមហន្តរាយផ្សេងៗ ។

កាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ជំនួយមនុស្សធម៌ផ្តល់ជូនគ្រួសារដាច់ស្បៀងមកពី៤ឃុំ ក្នុងស្រុកអន្លង់វែង

លោកជំទាវ ឯក សុវណ្ណភារៈ ប្រធាន គណៈកម្មាធិការសាខាកក្រកខេត្តឧត្តរមានជ័យ  និងសហការី នៅថ្ងៃទី  ០៧  ខែសីហា   ឆ្នាំ ២០១៥ បាននាំយកអំណោយមនុស្សធម៌របស់សាខាទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រចំនួន៨០  គ្រួសារ នៅក្នុងឃុំ អន្លង់វែង   ស្រុកអន្លង់វែង   ខេត្តឧត្តរមានជ័យ  ។  
 
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ  លោកជំទាវ បានលើកឡើងពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋ ទីទ័លក្រ ដោយឈេលើគោលការណ៌គ្រឹះ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ប្ញ និន្នាការអ្វីឡើយ ពោលគឺទីណាមានការលំបាក ទីនោះមានវត្តមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច មិនថាទីជិត ប្ញទីឆ្ងាយឡើយ។  
 
លោកជំទាវ បានបន្តទៀតថា៖ សាខាកាកបាទក្រហមកម្ពុជាខេត្តមានបណ្តាញរបស់ខ្លួននៅតាមឃុំស្រុកទូទំាងខេត្ត ដើម្បីធ្វើសកម្មភាពមនុស្សជួយសម្រាលទុក្ខលំបាកដល់ប្រជាជនងាយរងគ្រោះគ្រប់ពេលវេលា។ ជាក់ស្តែងដូចថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជាខេត្តបានធ្វើការសិក្សានិងស្រាវជ្រាវដើម្បីជួយសម្រាលទុក្ខដល់បងប្អូនមិនថានៅទីជិត ប្ញ ធ្វើដំណើររាប់រយគីឡូម៉ែត្រកាត់ព្រៃភ្នំយ៉ាងណាក៏ដោយ ក៏សាខាកាកបាទក្រហមខេត្តព្យាយាមទៅដល់មូលដ្ឋានរបស់បងប្អូនដែរ។ អំណោយថ្ងែនេះមានតិចតួចក៏ពិតមែនតែវាអាចជួយសម្រាលនូវការលំបាករបស់បងប្អូនបានមួយរយៈដែរហើយអំណោយនេះគឺបានមកពីការអំពាវនាវពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត។ អំណោយដែលយកមកចែកជូននាពេលនេះគឺបានមកពីសាខាកាកបាទក្រហមខេត្តធ្វើការអំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិក្រោមការដឹកនំាប្រកបដោយគតិបណ្ឌិតនិងមានតម្លាភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលធ្វើឱ្យស្ថាប័ននេះមានការរីកចំរើនជាលំដាប់ និងបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។
 
លោកជំទាវ ក៏បានផ្តំាផ្ញើរដល់បងប្អូនទំាងអស់ឱ្យខិតខំថែរក្សាសុខភាពនិងអនាម័យចៀសវាងជម្ងឺដងា្កត់ផ្សេងៗមកបៀតបៀននិងសូមកុំឱ្យអស់សង្ឃឹមក្នុងជីវិតនិងត្រូវខិតខំបង្កបង្កើនផលដើម្បីជួយសម្រាលជីវភាពរបស់បងប្អូនថែមទៀត។
 
អំណោយដែលយកមកចែកជូននាពេលនេះមាន ៖ អង្ករ ២៥ គីឡូក្រាម មី កេស  ត្រីខ១០ កំប៉ុង  មុង១ សារុង ១   ភូយ ១    ក្រមា១ ទឹកត្រី១យួរ ទឹកស៊ីអ៊ិវ ១យួរ  កន្ទេល១ ។ 
 
 
 
 
Fist Prev 115 116 117 118 119 Next Last