Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

វេទិកាសាធារណៈស្ដីពីពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍ នៅវិទ្យាល័យហ៊ុន សែន សៀមរាប

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបសហការជាមួយអាជ្ញាធរឃុំកណ្ដែកនិងវិទ្យាល័យហ៊ុន សែនស្វាយធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំធ្វើវេទិកាសាធារណៈស្ដីពីពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍ នៅវិទ្យាល័យ ហ៊ុន សែន សៀមរាប ដោយមានការចូលរួមពីសំណាក់លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងមានវាគ្មិនអញ្ជើញចូលរួមមកពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិ សម្បទាខេត្ត ស្នងការនគរបាលខេត្ត និងតំណាងអង្គការជនពិការអន្តរជាតិ និងមានយុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ចូលរួមសរុបចំនួន ១៥៦នាក់ ស្រី៦២នាក់ (ជនពិការ ១១នាក់ ស្រី ៣នាក់) ក្រោមការជួយឧបត្ថមគាំទ្រពីអង្គរ LIGHT FOR THE WORLD។

 

វេទិកានេះបានរៀបចំឡើងក្នុងគោលបំណង៖ លើកកម្ពស់សិទ្ធជនពិការក្នុងការចូលរួមការងារសង្គម និងលប់បំបាត់ការរើសអើងគ្រប់រូបភាពលើជនពិការ។ គាំទ្រឱ្យមានផ្លូវ និងជម្រាលសម្រាប់ជនពិការដើម្បីប្រើប្រាស់សម្រាប់ទទួលសេវាសាធារណៈក្នុងសង្គម។ បង្ហាញពីអត្រាគ្រោះថ្នាក់ស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ បង្កើនការពាក់ពួកសុវត្ថិភាពរបស់សិស្សានុសិស្សតាមរយៈការយល់ដឹងពីការផ្សព្វផ្សាយនេះ។

 

សាខាកាកបាទក្រហមកម្ពុជាចូលរួមបុណ្យសពកូនប្រុសលោកស្រី អ៊ឹង សុទ្ធា

សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នេះលោកជំទាវចឹក ហេង ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយលោកស្រី អ៊ឹង សុទ្ធា ប្រធានគណៈ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្បែងមានជ័យ ដែលកូនប្រុសរបស់គាត់បានស្លាប់មកពីជំងឺនៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

 

ក្នុងឱកាសនោះលោកជំទាវប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបានសំដែងនូវការសោកស្តាយចំពោះការបាត់បង់កូនប្រុសជាទីស្រឡាញ់ របស់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

 

ជាមួយគ្នានោះសាខាបាននាំយកសម្ភារផ្តល់ជូនរួមមាន ៖ អង្ករ១០គីឡូ មី៤កេស ត្រីខ២០កំប៉ុង ទឹកស៊ីអ៊ីវ២យួរ ទឹកត្រី១យួរ អំបិល ១កញ្ចប់ ប៊ីចេង ២គីឡូ ទឹកបរិសុទ្ធ៦កេស ថវិកាមួយចំនួន និងថវិកាឯកឧត្តម ម៉ុម ចន្ទលី អនុប្រធានកិត្តិយសសាខាចំនួន២០០,០០០ រៀលគត់។

 

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតចូលរួមសពនាយទាហានឆ័ត្រយោង

សាខាកក្រកខេត្តកំពត ៖ ដើម្បីសំដែងនូវការសោកស្តាយនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពនាយទាហានខ្មែរ-ឥស្លាមឈ្មោះលេស កំម៉ារី អាយុ​២២ឆ្នាំ ដែលបាន​ទទួលមរណភាពដោយសារលោតឆ័ត្រយោងខុសបច្ចេកទេសនោះនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នេះ ត្រូវបាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចាត់ឲ្យឯកឧត្តម ចាន់ ចេស្តា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងសហការី ចូលរួមរំលែកទុក្ខនិងនាំយកនូវគ្រឿងឧបភោគ-បរិភោគមួយចំនួន និងថវិកា ២លានរៀលទៅចូលបុណ្យដល់ក្រុមគ្រួសារសពដែលមានអាសយដ្ឋានស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

 

មរណភាពរបស់លោក លេស កំម៉ារី គឺជាការបាត់បង់យុទ្ធជនអង់អាចក្លាហានដ៏ឆ្នើមមួយរូបដែលពោរពេញដោយសមត្ថភាពក្នុងការចូលរួមថែរក្សាសុខសន្តិភាព សុវត្ថិភាព​ ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

 

សូមបញ្ជាក់ថាសពលោក​ លេស​ កំម៉ារី​ ជាសិក្ខាកាមជំនាញឆ័ត្រយោងនៅអង្គភាព ៩១១ ដែលបានទទួលរងគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ខណៈពេលកំពុងធ្វើការហ្វឹកហាត់លោតឆ័ត្រយោងពីលើយន្តហោះដោយខុសបច្ចេកទេសកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៨:៥០នាទីព្រឹក ស្ថិតនៅទីតាំងចំណុចភូមិក្តាន់រយ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

 

វគ្គបណ្តុះបណ្តាលស្ដីពីគោលការគ្រឹះរបស់ចលនាដល់យុវជនកាកបាទក្រហមកម្ពុជា

​ ខេត្តប៉ៃលិន៖ នៅទីស្នាក់ការសាខាខេត្តព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានស្ដីពី ប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម គោលការគ្រឹះរបស់ចលនា​ ច្បាប់មនុស្សធម៌អន្តរជាតិ តួនាទីកាកបាទក្រហមកម្ពុជា និងគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា ដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន៥០នាក់ ស្រី២៨នាក់ នៃវិទ្យាល័យសាលាក្រៅ ខេត្តប៉ៃលិន។

 

កម្មវិធីបើកវគ្គមានការចូលរួមពីសំណាក់​លោកជំទាវ ពៅ សុខ អនុប្រធានគណ:កម្មាធិការសាខា​ខេត្តប៉ៃលិន​ បានសង្កត់ធ្ងន់​ ការលើកកម្ពស់​ការចូលរួមរបស់យុវជនដោយស្មគ្រ័ចិត្តក្នុងការងារមនុស្សធម៌របស់​ ចលនា​កាកបាទក្រ​ហម​ អឌ្ឍចន្ទក្រហម គឺ:


-គុណតម្លៃការងារស្មគ្រ័ចិត្ត​ ដែលជាឆ្អឹងខ្នងរបស់ចលនា​ ជាកម្លាំងធ្វើឲ្យប្រតិបត្តិការមនុស្សធម៌​ មានប្រសិទ្ធភា​ព​ និងទាន់ពេលវេលា​ ។ 

 -យុវជនស្ម័គ្រចិត្ត​ ជាកម្លាំងមិនអាចខ្វះបាន​ ក្នុងការផ្តល់ក្តីសង្ឃឹម​ ផ្តល់ភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុត​។

 

ក្នុងវគ្គនេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងឲ្យកាន់តែទូលំទូលាយពីតួរនាទីការងារមនុស្សធម៌របស់យុវជនក្នុងការផ្តល់ព័ត៌មាន ការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជួបប្រទះគ្រោះមហន្តរាយនិងគ្រោះថ្នាក់ផ្សេងៗដែលកើតមានឡើងជាយ:ថាហេតុ។

 

គ្រួសារសពទីទ័លក្រទទួលអំណោយមនុស្សធម៌ពី អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគូលែន

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នេះលោកថោង ប៊ុនធាង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគូលែន បាននាំយកអំណោយមនុស្សធម៌ចំនួន១ គ្រួសារដើម្បីចូលរួមរំលែកយ៉ាងក្រៀមក្រំជូនគ្រួសារសព ទីទ័លក្រ ដែលស្លាប់ដោយសារជំងឺនៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។

 

ក្នុងឱកាសនោះលោកប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគូលែន បានសំដែងនូវការសោកស្តាយ ចំពោះការបាត់បង់សាច់ញាតិ ជាទីស្រឡាញ់របស់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

 

ជាមួយគ្នានោះអនុសាខាបាននាំយកសម្ភារៈផ្តល់ជូនរួមមាន ៖ អង្ករ២០គីឡូ មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១ យួរ។

 

Fist Prev 112 113 114 115 116 Next Last