Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

ពិធីបិទ​វគ្គ​បណ្ដុះបណ្ដាល និង​បំពាក់​ឯកសណ្ឋាន​ដល់​យុវជន​កាកបាទក្រហម​កម្ពុជា នៅ​វិទ្យាល័យ​សម្ដេចឪ

នា​រសៀល​ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៥ បានរៀបចំ ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល និង​បំពាក់​ឯកសណ្ឋាន​ដល់​យុវជន​កាកបាទក្រហម​កម្ពុជា នៅ​វិទ្យាល័យ សម្ដេចឪ ក្រោម​អធិបតីភាព លោក ឈើ​យ ចាន់ណា ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ដបន្ទា​មានជ័យ និង​ជា​អនុប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ និង​លោក សាន ឃិត នាយកប្រតិ​ប​ត្ដិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ និង​សហការី នៅសាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​បន្ទាយមានជ័យ​។

លោក សាន ឃិត នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​បន្ទាយមានជ័យ បាន​មានមតិ​លើកឡើងថា៖ វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​រយៈពេល ៣ថ្ងៃ​ពេញ គឺ​ថ្ងៃទី ១២ ដល់ ១៤ ខែមករា ឆ្នាំ២០១៥ ក្នុងនោះ​មាន​យុវជន​ចូលរួម​សរុប ៥០ នាក់ និង​លោកគ្រូ​ទីប្រឹក្សា​យុវជន​ចំនួន ២រូប។ វគ្គ​បណ្ដុះបណ្ដាល នេះ​គឺ ផ្ដោត​សំខាន់​ទៅលើ​ប្រធានបទ ប្រ​វ​ត្ដិច​ល​នា​កាកបាទក្រហម  អឌ្ឍចន្ទ​ក្រហម សេចក្ដីណែនាំ គោលនយោបាយ​យុវជន​កាកបាទក្រហម​កម្ពុជា និង​វិជ្ជា​សង្គ្រោះ​បឋម។

លោក​បាន​បន្ដទៀតថា៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​គឺមាន​គោលបំណង​ចង់​ធ្វើការ​អភិវឌ្ឍន៍ និង​រៀបចំ​ពង្រីក​រចនាសម្ព័ន​បណ្ដាញ​ការងារ​ឲ្យ​មាន​នៅតាម​ភូមិ ឃុំ។ ប៉ុន្ដែ​បច្ចុប្បន្ន​សាខា​មិនទាន់មាន លទ្ធភាព​អាចធ្វើ​បាន មានតែ​ការពង្រីក និង​អភិវឌ្ឍន៍​ចលនា​យុវជន​នៅតាម​តំបន់​គោលដៅ នៅតាម វិទ្យាល័យ​ជា​បន្ដបន្ទាប់​តែប៉ុណ្ណោះ​ដើម្បី​ការអប់រំ​បណ្ដុះបណ្ដាល​ឧត្ដមគតិ​មនុស្សធម៌ យុវជន​មានការ ចូលរួម​នៅក្នុង​សកម្មភាព​មនុស្សធម៌ នៅក្នុង​សង្គម និង​ការបណ្ដុះបណ្ដាល​ដល់​យុវជន​ដទៃទៀត​បន្ដ។

មានប្រសាសន៍​ថ្លែង​ទៅកាន់​យុវជន​កាកបាទក្រហម​នាពេលនោះ ៖ លោក ឈើ​យ ចាន់ណា បាន​ថ្លែង អំណរគុណ​ដល់​យុវជន​កាកបាទក្រហម​កម្ពុជា​ទាំងអស់ ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​យក​ចិ​ត្ដ ទុក្ខ​ដាក់ និង​ចូលរួម​យ៉ាងសកម្ម​នូវ​រាល់ សកម្មភាព​មនុស្សធម៌ផ្សេងៗក្នុងសង្គម​តាមរយៈ ការចូលរួម សហការ​ជាមួយ​នគរបាល​ចរាចរ ចុះ​អប់រំ​អំពី​ច្បាប់​ចរាចរ ដល់​អ្នកបើកបរ​យាន​យន្ដ​តាម​ដងផ្លូវ និង​ចុះជួយ​ដល់​ប្រជាពលរដ្ឋ​នៅពេល​មាន​អាសន្ន និង​បញ្ហា​គ្រោះធម្មជាតិផ្សេង។ លោក​ក៏បាន​ណែនាំ​ដល់ យុវជន​ទាំងអស់​ត្រូវ​បន្ដ​ខិតខំ​ប្រឹងប្រែង​នូវ​សកម្មភាព​ទាំងនេះ​បន្ដទៅទៀត ដើម្បី​ចូលរួម​ជួយ​ដល់ សង្គមជាតិ និង​ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក​ផងដែរ ។

សាខា​កាកបាទក្រហមកម្ពុជា ខេត្ដ​តាកែវ ចុះសួរសុកទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ​ទៅ​ចែកជូន​លោកតា​ភារ​ម្យ ប្រាជ្ញ ឈួន

ព្រឹក​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៥ ឯកឧត្ដម ស្រី បេន ប្រធាន​កិ​ត្ដិ​យស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ដ​តាកែវ និង​សហការី​បាន​នាំយក​អំណោយ មនុស្សធម៌​របស់​សាខា ទៅ​ចែកជូន​ដល់​លំនៅដ្ឋាន​លោកតា​ភារ​ម្យ ប្រាជ្ញ ឈួន ស្ថិតនៅ​ភូមិ​សម៉​ក្រាម ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្ដ​តាកែវ ។

សូមបញ្ជាក់ថា​លោកតា​ភារ​ម្យ ប្រាជ្ញ ឈួន គឺជា​វីរ​សិល្បៈ​ផ្នែក​ចំរៀង​ចាប៉ី​ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ ។

ក្នុងឱកាស​ជួប​សួរសុកទុក្ខ​នោះ ឯកឧត្ដម​ក្នុងនាម សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​សម្ដែង​នូវ​ការ​នឹករលឹក និង​អាណិតអាសូរ​ដល់​លោកតា ក៏ដូចជា​ចាស់ជរា​គ្មាន​ទីពឹង ស្រី​មេម៉ាយ​ក្រីក្រ កុមារកំព្រា និង​ទុរគតជន​ផ្សេងទៀត ហើយ​បាន​ផ្ដាំផ្ញើ​ការសួរសុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ។

ឯកឧត្ដម​ បាន​បន្ដថា សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​តាកែវ ជា​ជំនួយការ​សាធារណៈ​ឲ្យ​អាជ្ញាធរ​ខេត្ដ ផ្នែក​មនុស្សធម៌​ក្រោម​ការណែនាំ​ផ្ទា​ល់ពី សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិតប្រធាន​ ជានិច្ចកាល​សម្ដេច​តែងតែបាន​បំពេញ​តួនាទី​របស់ខ្លួន នាំយក​អំណោយ​មនុស្សធម៌​ចុះសួរសុខទុក្ខ​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​ដោយ​ធម្មជាតិផ្សេងៗចាស់ជរា​គ្មាន​ទីពឹង ស្រី្ដ​មេម៉ាយ​ក្រីក្រ កុមារកំព្រា និង​ទុរគតជន នៅ​គ្រប់​ទីកន្លែង​ដោយ​មិន​ប្រកាន់​និន្នាការ ឬ​បក្សពួក​អ្វី​ឡើយ ។

លោកតា​ភារ​ម្យ ប្រាជ្ញ ឈួន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម ក៏ដូចជា​ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ និង​ជា​អាជ្ញាធរ​ខេត្ដ ពិសេស សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលជា​និច្ច​ជា​កាល​សម្ដេច​ទាំងពីរ តែងតែបាន​ឧបត្ថម្ភ​ដល់​រូបគាត់​ជាប្រចាំ ។

អំណោយ​ដែល​​ប្រគល់ជូន​រួមមាន៖ អង្ករ៥០ គីឡូក្រាម, ទឹកដោះគោឆៅ ២ឡូ , ស្ករស ២គីឡូក្រាម , តែ​កន្លះ​គីឡូ , និង​ថវិកា ៥០០,០០០រៀល       ( ហាសិប​ម៉ឺន​រៀល ) ។

កាកបាទក្រហមកម្ពុជា បានប្រគល់ផ្ទះ១ខ្នងជូនដល់លោកយាយ ឈីវ លៀង

ផ្ទះមួយ​ខ្នង ដែលជា​អំណោយ​របស់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្ដល់​តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​ព្រះវិហារ ត្រូវបាន​លោក រ៉ាត់ សោភា ប្រធានគណៈកម្មាការស្ដីទី​សាខា​កាកបាទក្រហម​ខេត្ដ​ប្រគល់ជូន​លោកយាយ ឈី​វ លៀង កាលពី​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៥ ។

ផ្ទះមួយ​ខ្នង ទំហំ ៧២ម៉ែត្រក្រឡា មាន​កម្ពស់២ជាន់ ខាងក្រោម​ថ្ម ខាងលើ​ឈើ ប្រក់​ដែក​ស័ង្កសី ព្រមទាំង​មាន​បន្ទប់​បង្គន់​អនាម័យ មាន​អណ្ដូងទឹក​ស្នប់ និង​ផ្ទៃដី​ទំហំ ១៩៦ ម៉ែត្រក្រឡា ចំណាយ​ថវិកា​អស់ ១០,០៥០ដុល្លា​អា​មេ​រិក ដែល​នេះ​គឺជា​ការយក​ចិ​ត្ដ​ទុកដាក់​របស់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិតប្រធាន ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​យើង មិន​ថា​នៅ​ទីក្រុង ឬ​ជនបទ​ហើយក៏​មិន​ប្រកាន់​ពណ៌​សប្បុរ​ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ លោក រ៉ាត់ សោភា ក៏បាន​សំណូមពរ​ដល់​លោកយាយ និង​ក្រុមគ្រួសារ ទាំងអស់​សូម​មេ​ត្ដា​ថែរក្សា ទុកដាក់​ផ្ទះសម្បែង​នេះ ឲ្យ​បានល្អ​ដើម្បី​ជា​ម្លប់ និង​សេចក្ដីសុខសាន្ដ ដល់​ខ្លួន​យើង និង​កូនចៅ​របស់​យើង​ពិសេស​ត្រូវ​ចងចាំ​ថា អំណោយ​មនុស្សធម៌​នេះ គឺ​បានមកពី​ការខិតខំ​អស់ពី​កម្លាំងកាយ​ចិ​ត្ដរបស់ ​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិតប្រធាន​ ដែល​លោក​បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំង​ក្នុង និង​ក្រៅប្រទេស ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក​ខ្វះខាត​របស់​យើង។

សូមបញ្ជាក់ថា ផ្ទះ​ដែល​ប្រគល់​នេះ​ក៏មាន​ការរួមចំណែក​សាង​សង់​ពី ឯកឧត្ដម សួស យ៉ា​រ៉ា អ្នកតំណាងរាស្ដ្រ​ប្រចាំ​ខេត្ដ​ព្រះវិហារ និង​សប្បុរសជន​មួយចំនួនទៀត​ផងដែរ ។

ក្នុងឱកាស​ប្រគល់​ផ្ទះ​ជូន​លោកយាយ ឈី​វ លៀង នៅពេលនោះ​ក៏មាន​ភ្ជាប់​មកជា​មួយ​អំណោយ​មួយ ចំនួន ដូចជា៖ អង្ករ ៥០គ.ក្រ , ត្រីខ ១យួ , ទឹកស៊ីអ៊ីវ ១យួ , ទឹក​សុទ្ធ ២កេះ , ឃី​ត ១ ផងដែរ ។

ការយក​អំណោយ​មនុស្ស​ធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ

ក្រោយពី​ទទួលបាន​ថា ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ស្ថិតនៅ​ចំណុច​អូរ​ចាក់​ស្រា ភូមិ​ស្រយង់​ត្បូង ឃុំ​ស្រយង់ ស្រុក​គូលែន ត្រូវបាន​ភ្លើង​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង និង​បណ្ដាល​ឲ្យ​ស្លាប់កុមារា អាយុ ៦ខែ​មួយ​នាក់ ឯកឧត្ដម យុង គឹម​ហ៊ាន នាយក​ប្រតិ​ប​ត្ដិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​ព្រះវិហារ បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចែកជូន​ដល់​បងប្អូន​រងគ្រោះ ដើម្បី​ជួយ​សម្រាល​ដល់​ការលំបាក​ចំពោះមុខ ដោយបាន​ចូលរួម​សោកស្ដាយ​ចំពោះ​ការបាត់បង់​អាយុជីវិត​កុមារា ១នាក់ និង​ទ្រព្យសម្បត្ដិ ផ្ទះសម្បែង ដែល​បងប្អូន​បាន​ខិតខំ​រកបាន​កន្លងមក ដែល​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​អស់​នៅពេលនេះ។ អំណោយ​នៅពេលនេះ​ថ្មី​ត្បិត​មាន​តិចតួច​ក៏ពិតមែន តែ​វា​បាន​ជួយ​សម្រាល​ដល់​ការលំបាក​របស់​បងប្អូន​ចំពោះមុខ និង​បាន​ចូលរួមចំណែក​ក្នុង​ការធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​ក្មួយប្រុស ដែល​បាន​បាត់បង់​ជីវិត ទៅតាម​ប្រពៃណី​សាសនា​របស់​ខ្មែរ​យើង ។

អំណោយ​ដែល​បាន​យកមកចែក​ជូន​នៅពេលនោះ​រួមមាន៖  អង្ករ ១០០គ.ក្រ , តង់ ១ , ឃី​ត ១ , មី ១កេស , ទឹកស៊ីអ៊ីវ ១យួ , ត្រីខ ១យួ , ទឹក​សុទ្ធ ២កេស និង​ថវិកា​ចំនួន ១.០០០.០០០ ( មួយ​លាន​រៀល ) ។

ស្ត្រី​ក្រោយ​សំរាល៣នាក់​ទទួលបាន​អំណោយ​មនុស្សធម៌​ពី សាខា​កាកបាទក្រហមកម្ពុជា

អនុវត្តតាម​អនុ​សាស​ន៏​ដ៏​ខ្ព​ង​ខ្ពស់​របស់​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុងការ​ជម្រុញ​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​ជា​មាតា​គ្រប់រូប​មក​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ដោយ​គ្រូពេទ្យ​ជំនាញ​នោះ  នៅ​រសៀល​ថ្ងៃទី១៦ ខែកុម្ភៈ​ឆ្នាំ២០១៥ លោក លី វិ​ន អភិបាលរង​ខេត្តរតនគិរី និង​ជា​អនុប្រធាន​គណកម្មការ​សាខា​កាកបាទក្រហម​ខេត្ត និង​សហការី​បាន​នាំយក​ឃី​ត៣កញ្ចប់​ផ្តល់ជូន​ស្ត្រី​បីនាក់​ដែល​មក​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​មកពី​ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស ។ ស្ត្រី​ទាំងបី​ដែល​មក​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ខាងលើ​ទី១ឈ្មោះ ឆេង អ៊ាង​ជនជាតិខ្មែរ  ទី២ឈ្មោះ រ​ម៉ា​ម ច​ន្ធី  ទី៣ រ​ម៉ា​ម ហ៊ាង ជនជាតិ​ច្រាយ ស្ត្រី​ខាងលើ​សំរាល​បានកូន​ស្រី​ដូចគ្នា ហើយ​ទារក​ទាំងបី​មាន​សុខ​ភាពល្អ​ណាស់ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រធាន​មណ្ឌល​សុខភាព ។

        លោក​លី វិ​ន មាន​ប្រសា​ស​ន៏​ថា ចាប់ពី​ឆ្នាំ២០១៥នេះ​តទៅ សាខា​កាកបាទក្រហម​ខេត្ត នឹងធ្វើ​ការផ្តល់ជូន​នូវ​ស្ត្រី​ជា​មាតា​គ្រប់រូប​នៅតាម​ជនបទ​ដាច់ស្រយាល​ដែល​បាន​អញ្ជើញ​មក​សម្រាលកូន​នៅ​មណ្ឌល​សុខភាព នូវ​ឃី​ត​មួយ​សម្រាប់​ដល់​ទារក មាន​មុង ភួយ ខ្នើយ សាប៊ូ និង​ម្សៅ ។ លោក​បន្តថា ការផ្តល់​ឃី​ត​សំរាប់​ទារក​នេះ​គឺ​អនុវត្តតាម​អនុសា​ស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​គ​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដើម្បី​លើកទឹកចិត្ត ដល់​ស្ត្រី​ជា​មាតា ឲ្យ​មក​ទទួលយក​សេវា​សម្រាលកូន​នៅតាម​មណ្ឌល​សុខភាព​ដើម្បី​កាត់បន្ថយ​មរណភាព​មាតា​និង​ទារក ។ លោក ឌឹ​ម ណាត​ផ្តាំផ្ញើរ​ដល់​ស្ត្រី​ក្រោយ​សំរាល​ទាំងពីរ សូម​ថែទាំ​សុខភាព​អោយបាន​ល្អ និង​សូមជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​ស្ត្រី​ជា​មាតា​ក្នុង​សហគម​ន៏ បើ​មាន​បុត្រ​សូម​មក​សម្រាល​នៅ​មណ្ឌល​សុខភាព​អោយបានគ្រប់ៗគ្នា និង​ទទួលបាន​ឃី​ត​សម្រាប់​ទារក​ពី​សាខា​កាកបាទក្រហម​ខេត្ត​ដូចគ្នា៕

Fist Prev 108 109 110 111 112 Next Last