Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និង​ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​ដែល​រងគ្រោះ​ដោយសារ​អគ្គីភ័យ

អគ្គីភ័យ​មួយ​បាន​លេប​ត្របាក់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន ០២ ខ្នង និង​បង្ករ​ឲ្យ កុមារី​អាយុ ៧ ឆ្នាំ ម្នាក់​បាន​ស្លាប់ និង មនុស្ស​ម្នាក់​ផ្សេងទៀត​រងរបួស​ស្រាល​វេលា​ម៉ោង ១:៣០នាទី​យប់​ថ្ងៃទី ២៣ ឈានចូល​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ នៅ​ភូមិ​ព្រៃ​រការ ឃុំ​ឈើទាល​ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង។ លោក​មេឃុំ​ឈើទាល​បាន​រាយការណ៍​ថា ម្ចាស់​លំនៅដ្ឋាន​ដែល​រង​ការខូចខាត​ទី ១ ឈ្មោះ សំរិត វុទ្ធី ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ មាន​សមាជិកគ្រួសារ ៨ នាក់ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់ ៣០ ភាគរយ ទី ២ ឈ្មោះ អន ចំរើន អាយុ ៥៥ ឆ្នាំ មាន​សមាជិកគ្រួសារ ៥ នាក់​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ទំហំ ៧ ម X ៨ ម អស់ទាំង​ស្រុង ព្រមទាំង​ខូចខាត​អស់​រថយន្ត​តូ​រី​ស១៥ កៅអី ២ គ្រឿង ម៉ូតូ ១ គ្រឿង មាស ៥ តម្លឹង លុយ ២.០០០ ដុល្លារ ព្រមទាំង​សម្ភារៈ​មួយចំនួនទៀត។ បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​អគ្គីភ័យ​នេះ​បណ្តាល មកពី​ទុសេ​ខ្សែភ្លើង។ នៅ​ព្រឹក​ថ្ងៃ​ដរ​ដែល​នោះដែរ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និង​អធិការកិច្ច បាន​នាំយក​ជំនួយ មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ទៅសួរសុខទុក្ខ និង​ចូលរួម​រំលែក ទុក្ខ​ដល់​គ្រួសារ​រងគ្រោះ។ លោកជំទាវ​បណ្ឌិត ម៉ែ សំអន បាន​ពាំ​នាំនូវ​បណ្តាំ​ផ្ញើរ​សាកសួរ សុខទុក្ខ​ពី​សំណាក់​ស​ម្តេ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ច​ជា​កាល​សម្តេច​តែងតែ​គិតគូ​ពី​សុខទ​ក្ខ​របស់​បងប្អូន​គ្រប់ពេលវេលា ព្រមទាំង​បាន​សំដែង នូវ​ការសោកស្តាយ​ចំពោះ​ការបាត់បង់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ដែល​ខិតខំ​រកស៊ី​ពីមុន​ត្រូវ ភ្លើង​ឆេះ​អស់​គ្មាន​សល់ បើទោះបី​សម្ភារៈ​ដែល​បាន​នាំយក​មកនេះ​មាន​តិចតួច​មិនអាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក៏ពិតមែន តែ​វា​ក៏​អាចជួយ​សម្រួល​បាន​មួយកម្រិត​ដែរ។ លោកជំទាវ​បណ្ឌិត បាន​សំណូមពរ​ដល់​បងប្អូន​ទាំងអស់​នៅ ពេល​ត​បណ្តាញ​អគ្គិសនី​ត្រូវ​រក​អ្នក​ដែលមាន​ជំនាញ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង ដូច​ករណីនេះ ព្រមទាំង​មានការ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​ភ្លើងទាន ធូប ចង្ក្រាន ព្រោះ​វា​អាច​បណ្តាល​ឲ្យ ឆាបឆេះ​គ្រប់ពេលវេលា។ អំណោយ​ដែល​បាន​ចែកជូន​មាន៖ អង្ករ ១០០ គ.ក្រ ទាន ធូប ស្ករស តែ ទឹកដោះគោ ធុង​ទឹក​ជ័រ ១ តង់ ១ កន្ទេល​ជ័រ ១មុង ១ សារុង ១ ភួយ ១ ក្រ​ម៉ា ១ និង​ថវិកា ២ លាន​រៀល ក្នុងនោះ​ថវិកា លោកជំទាវ​បណ្ឌិត ម៉ែន សំអន ១ លាន រៀល សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ៤០០,០០០ រៀល ឯកឧត្តម ជៀង អំ ១០០,០០០រៀល និង​ថវិកា ក្រុមប្រឹក្សា​ខេត្ត ៥០០,០០០រៀល។

សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នាំយក​អំណោយមនុស្សធម៌ចូលរួមរ​រំលែក​ទុក្ខ​ក្រុមគ្រួសារសព​កម្ម​ការ​នី​ដែល​គ្រោះថ្នាក់​ចរាចរណ៍

កម្ម​ការ​នី​ម្នាក់​ក្នុងចំណោម​កម្មករ កម្ម​ការ​នី​ចំនួន ៣៩នាក់ ​ដែល​រងគ្រោះថ្នាក់​ចរាចរ​ណ៍ កាលពី​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅ បានទទួល​មរណៈភាព​នៅ​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៥។ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​គ្រួសារ​សព លោកជំទាវ ដួង វណ្ណា អនុប្រធាន​កិត្តិយស​សាខា លោកជំទាវ នាង សេដ្ឋា ជៀង អំ ប្រធាន​គណៈកម្មាធិការ​សាខា ឯកឧត្តម រស់ ឆាយ អភិបាលរង​ខេត្ត បាន​នាំយកអំណោយមនុស្សធម៌ជា ថវិកា និងសម្ភារៈ​មួយ​ចំនួន របស់ សម្តេចអគ្គមហាសេនាបតី​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួម​នឹង​សប្បុរសជន​មួយចំនួនទៀត ទៅ​ប្រគល់​ដល់​ក្រុមគ្រួសារ​នៃ​សព នៅ​ព្រឹក​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៥ នៅ ភូមិ​ព្រៃខ្លា ឃុំ​ពោធិ​រាជ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង។ គួរ​រំលឹក​ផងដែរ​ថា​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី១៩ ខែឧសភា កន្លងទៅ បានធ្វើ​ឲ្យ​មនុស្ស​ប្រុស ស្រី ចំនួន ២១ នាក់​របួសធ្ងន់ ស្រាល និង ១៨ នាក់​បាន​ស្លាប់ ដែល​នេះ ជា​សព​ទី១៩ មានឈ្មោះ ម៉ន សុន ភេទ ស្រី អាយុ ២៩ ឆ្នាំ មានកូន​ប្រុស ២នាក់ ​ក្នុងបន្ទុក។ លោកជំទាវ ដួង វណ្ណា ក្នុងនាម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រួម​នឹង​អាជ្ញាធរខេត្ត ដើម្បី​ចូលរួម​សំដែង​នូវ​ក្តី​រន្ធត់​ក្រៀមក្រំ​ឥតឧបមា លោកជំទាវ​បាន​ដឹកនាំ​គណៈប្រតិភូ​យក​ថវិកា និង​សម្ភារៈ​មួយចំនួន​ជូន​ដល់​គ្រួសារ​នៃ​សព ក្នុងនាម​លោកជំទាវ និងអាជ្ញាធរខេត្ត​ក៏​ដូចជា​រាជ​រដ្ឋា​ភិបាល​​កម្ពុជា សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​នៃ​សព និងគ្រួសារ​អ្នករងរបួស​ទាំងអស់ ហើយ​ថវិកា​ដ៏តិចតួចស្តួចស្តើង​ទាំងនេះ​មិនអាច​ជួយ​ទុក្ខលំបាក​ដល់​បងប្អូន​ទាំងស្រុង​នោះទេ ប៉ុន្តែ​ក៏អាចជួយសម្រាលទុក្ខ​មួយរយៈផងដែរ។

លោកជំទាវ ដួង វណ្ណា ក៏សូម​សំណូមពរ​ដល់​បងប្អូន​ទាំងអស់​សូម​មានការ​ប្រុង​ប្រ​យ​ត្ន័​នៅពេល​បើកបរត្រូវ​ចេះអធ្យាស្រ័យ​គ្នា​ទៅវិញទៅមក កុំ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង កុំ​បើកបរ​លើស​ល្បឿន​កំណត់ ត្រូវឧស្សាហ៍​ពិនិត្យ​យានយន្ត​របស់ខ្លួន និង​កុំ​ផ្ទុក​ចំនួន​មនុស្ស​លើស​ចំណុះ ដើម្បី​ការពារ​កុំ​ឲ្យ​មាន គ្រោះថ្នាក់​កើតឡើង​ដោយ​ប្រការ​ណាមួយ។ ក្នុង​ឱកាស​នោះដែរ​លោកជំទាវ ក៏សូម​ជូនពរ​ដល់ អ្នករងរបួស​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ទាំងអស់ ឆាប់​ជាសាសស្បើយ ឆាប់​បាន វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ដើម្បី​ប្រក​បរបរ​ចិញ្ចឹមជីវិត​ដល់​ក្រុមគ្រួសារ​របស់ខ្លួន​ទៅ​ថ្ងៃ​អនាគត អំណោយ​ដែល​បានប្រគល់​ជូន​ដល់​គ្រួសា​សព មាន​អង្ករ៖ ១០០ គ.ក្រ ទាន ១ គ.ក្រ ធូប ១ ដុំ ស្ករស ២ គ.ក្រ  ទឹកដោះគោ ៥ កំប៉ុង តែ ៥ កញ្ចប់ ត្រីខកំប៉ុង ៤ ឡូ មី ៤ កេស  និង​ថវិកា​របស់​សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួម​នឹង​សប្បុរសជន ចំនួន ១០ លាន ប្រាំ​សែន​រៀល។

សា​ខា​កាកបាទក្រហម​ខេត្តរតនគិរី បានប្រគល់អំណោយ​មនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​

នា​ព្រឹក​ថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ២០១៥ សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តរតនគិរី ដឹកនាំ​ដោយ ​លោក ឌឹ​ម ណាត នាយក​សាខា​កាកបាទក្រហម​ខេត្តរតនគិរី បាន​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ ស្ថិតនៅ​ភូមិ​ការ​កុក​ព្រៅ និង​ភូមិ​កាឡៃ​តា​វង ឃុំ​ភ្នំ​កុក​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី។        តាម​ការបញ្ជាក់​ពី​សំណាក់​លោកស្រី​អភិបាលរង​ស្រុក និង​ជា​អនុគណៈ​សាខា​កាកបាទក្រហម​ស្រុក​ឲ្យ​ដឹងថា គ្រួសារ​ដែល​រងគ្រោះ​គឺជា​គ្រួសារ​ក្រីក្រ ហើយ​ករណី​អគ្គីភ័យ​ឆេះ​ផ្ទះ​ខាងលើ​កើត​កាលពី​ថ្ងៃទី២៤ ខែមីនា វេលា​ម៉ោង១រសៀល បង្កឡើង​ដោយ​ការដុត​ចំការ ប៉ើង​ផ្កាភ្លើង​មក​ឆេះ​ផ្ទះ បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន​ដែល​នៅក្នុង​ផ្ទះ​ក្លាយជា​ចំណី​អគ្គីភ័យ​គ្មាន​សល់ ។

        លោក ឌឹម ណាត នាយក​សាខា​ ជំនួសមុខ​ឲ្យ​ ឯកឧត្តម ​ថង សាវុន ប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​សម្តែង​នៅ​ការចូលរួម​សោកស្តាយ និង​ការ​អាណិតអាសូ​ចំពោះ​ក្រុមគ្រួសារ​រងគ្រោះ ដែល​បាន​បាត់បង់​ទ្រព្យសម្បត្តិ​ផ្ទះសំបែង​គ្មាន​សល់​តែមួយ​ប៉ព្រិចភ្នែក វា​ជាការ​ដាក់បន្ទុក​បន្ថែម​មួយកំរិត​ទៀត​ដល់​ជីវភាព​គ្រួសារ។ លោកនាយក​សាខា​ក៏បាន​លើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កាកបាទ​ក្រហម​កម្ពុជា និង​គោល​ការ​ណ៍មនុស្សធម៌​ទាំង៧របស់​កាកបាទក្រហម ក្នុងការជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​គ្រោះមហន្តរាយផ្សេងៗ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ ពូជ​សាសន៍ ពណ៌​សប្បុរ ពោលគឺ​ទីណា​មានការ​លំបាក​ទីនោះ​មាន​វត្តមាន​កាកបាទក្រហម​ចុះជួយ​ជានិច្ច។ ជាក់ស្តែង​អំណោយ​ដែល​យកមក​ផ្តល់ជូន​នាពេលនេះ​គឺ​បានមកពី​ការបរិច្ចាគ​របស់​សប្បុ​រស​ជន​នានា ហើយ​ថ្វីត្បិតតែ​មិន​សាក​សម​ទៅនឹង​អ្វីដែល​បងប្អូន​បាត់បង់ក៏​ពិតមែន តែ​អាចជួយ​ដោះស្រាយ​បងប្អូន​បាន​មួយរយៈ​ពេល​ខ្លី​ផងដែរ។ លោកនាយក​សាខា​ផ្តាំផ្ញើដល់​គ្រួសារ​រងគ្រោះ​ទាំងពីរ​គ្រួសារ​ត្រូវខិតខំ​ប្រកប​របរ​​ចិញ្ចឹម​ជីវិត​ឡើងវិញ ហើយ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ភ្លើងឆេះព្រៃ ព្រោះ​រដូវ​នេះ​ជា​រដូវប្រាំង​រាំងស្ងួត ងាយ​នឹងមាន​អគ្គិភ័យ​កើតឡើង។

        អំណោយ​ដែល​សាខា​កាកបាទក្រហម​ខេត្ត​ផ្តល់ជូន​ក្រុមគ្រួសារ ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​ឆេះ​ផ្ទះ​នាពេលនេះ ទទួលបាន​អង្ករ៥០គីឡូក្រាម ស័​ង្គ​សី១០សន្លឹក មុង ភួយ កន្ទេល សម្ភារៈប្រើប្រាស់ សម្ភារៈ​ផ្ទះបាយ និង​គ្រឿងឧបភោគ​បរិ​ភោ​គ​មួយចំនួនទៀត៕

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហម​ខេត្តរតនគិរី

នា​ព្រឹក​ថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០១៥ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តរតនគិរី ដឹកនាំ​ដោយ​លោក ឌឹ​ម ណាត នាយក​សាខា​កាកបាទក្រហម​ខេត្ត បាន​នាំ​យក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ ស្ថិតនៅ​ភូមិ​លោម ឃុំ​ម៉ា​លិ​ក និង​ប្រជាពលរដ្ឋ​ក្រីក្រ​ដែលមាន​កូនភ្លោះ​ពីរ​នាក់ នៅ​ភូមិ​កា​ណាត​ធំ ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស  ។

          តាម​ការបញ្ជាក់​ពី​សំណាក់​លោក​អភិបាលរង​ស្រុក ផាត់ សម្បត្តិ​ ឲ្យ​ដឹងថា ករណី​អគ្គីភ័យ​ឆេះ​ផ្ទះ​ខាងលើ​កើត​កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ បង្កឡើង​ដោយ​ភ្លើង​ឆេះ​ព្រៃ ត្រូវបាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន​ដែល​នៅក្នុង​ផ្ទះ​ក្លាយជា​ចំណី​អគ្គីភ័យ​គ្មាន​សល់។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ​​សាខា​កាក​បាទ​ក្រហម​ខេត្ត​ក៏បាន​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជា​ពលរដ្ឋ​​ក្រីក្រ​ដែលមាន​កូនភ្លោះ​ចំនួន​ពីរ​នាក់​ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព ដោយ​ទទួល​បន្ទុក​ចិញ្ចឹម​កូន​ចំនួន៦នាក់ ហើយ​កូនភ្លោះ​ទាំងពីរ​នេះ​ជា​កំណើត​កូន​ទី​ប្រាំ ។

          លោក ឌឹ​ម ណាត នាយក​សាខា ​និង​លោកអភិបាលរង​ស្រុក ជំនួសមុខ​ឲ្យ​ឯកឧត្តម​ ថង សាវុន ប្រធាន​​សាខា​​កាកបាទ​ក្រហម​ខេត្ត បាន​សម្តែង​នៅ​ការចូលរួម​សោកស្តាយ និង​ការ​អាណិត អាសូ​ចំពោះ​ក្រុមគ្រួសារ​រងគ្រោះ ដែល​បាន​បាត់បង់​ទ្រព្យសម្បត្តិ​ផ្ទះសំបែង​គ្មាន​សល់​តែមួយ​ប៉ព្រិចភ្នែក។ ដោយឡែក​ក្រុមគ្រួសារ​ដែលមាន​កូនភ្លោះ​ពីរ​នាក់ ត្រូវ​មើល​ការថែទាំ​ទារក​ឲ្យ​បាន​ដិតដល់ និង​ត្រូវ​យកទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺផ្សេងៗនៅតាម​មណ្ឌល​សុខភាព​ឲ្យ​បាន​ទៀត​ទាត់។ លោក​នាយក​សាខា ក៏បាន​លើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កាកបាទក្រហមកម្ពុជា និង​គោល​ការ​ណ៍មនុស្សធម៌​ទាំង៧របស់​កាកបាទក្រហមកម្ពុជា ក្នុងការជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​គ្រោះមហន្តរាយផ្សេងៗ ដោយ​មិន​ប្រកាន់​និ​ន្ន​ការ​នយោបាយ​ ពូជ​សាស​ន៍ ព័ណ៌​សប្បុរ ពោលគឺ​ទីណា​មានការ​លំបាក​ទីនោះ​​កាកបាទក្រហម​។ ជាក់ស្តែង​អំណោយ​ដែល​យកមក​ផ្តល់​ជូន​​នាពេលនេះ​គឺ​បានមកពី​ការបរិច្ចាក​របស់​សប្បុ​រស​ជន​នានា ហើយ​ថ្វីត្បិតតែ​មិន​សាក​សម​ទៅនឹង​អ្វីដែល​បងប្អូន​បាត់បង់​ពិតមែន តែ​ក៏​អាចជួយ​ដោះស្រាយ​បងប្អូន​បាន​មួយរយៈ​ពេល​ខ្លី​ផងដែរ។

          អំណោយ​ដែល​សាខា​កាកបាទក្រហម​ខេត្ត​ផ្តល់ជូន​ក្រុមគ្រួសារ ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ​ឆេះ​ផ្ទះ​នាពេលនេះ ទទួលបាន​អ​ង្រ៥០គីឡូក្រាម ស័​ង្គ​សី១០សន្លឹក សំភារៈប្រើប្រាស់ សំភារៈ​ផ្ទះបាយ និង​គ្រឿងឧបភោគ​បរិ​ភោ​ប​មួយចំនួនទៀត គ្រួសារ​ដែលមាន​កូនភ្លោះ​ពីរ​នាក់​ទទួលបាន​អង្ករ៥០គីឡូ ឃី​ត​សំរាប់​ទារក២កញ្ចប់ និង​គ្រឿងឧបភោគ​បរិ​ភោ​ប​មួយចំនួន​ផងដែរ៕     

អត្ថបទដោយ៖ គឹម សុវណ្ណ​រឹទ្ធ

កម្មវិធីប្រឡងគំនូរកុមារ អបអរខួបទី១៥២ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៥

កាលពី​ព្រឹក​ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៥ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល សហការ​ជាមួយ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត បានរៀបចំ​ការប្រឡង​គំនូរ​កុមារ​ស្តីពី​សកម្មភាព​ចម្រុះ​របស់​កាកបាទក្រហម​កម្ពុជា ដើម្បី​អបអរសាទរ​ខួប​ទី ១៥២ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ២០១។ បេក្ខជន​បាន​ចូលរួម​ប្រឡង សរុប ៣០ នាក់ ជា​សិស្ស​មកពី​សាលាបឋមសិក្សា​ចំនួន ១២ ក្នុង​ក្រុង​តាខ្មៅ ហើយ​ត្រូវ​បា​រៀបចំ​ពិធី​សំណេះសំណាល និង​ប្រគល់​រង្វាន់​ជ័យលាភី​ជូន​សិស្ស​ជាប់​ចំណាត់ថ្នាក់ នៅ​សាលប្រជុំ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល។ ពិធី​នេះ​មាន កិត្តិយស​ដោយបាន​ការ​អញ្ជើញ​ជា​អធិបតីភាព​ពី ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា និង​អញ្ជើញ​ចូលរួម ជា​កិត្តិយស​ពី​សមាជិក​សមាជិកា​គណៈ​ក​ម្មា​ធិ​ការ​សាខា ក្រុម​ប្រតិបត្តិ​សាខា មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត ការិយាល័យ អប់រំ​ក្រុង​តាខ្មៅ បុគ្គលិក​សិក្សា កុមារា​កុមារី​ជា​បេក្ខជន​ប្រឡង​គំនូរ​សរុប ៥២ នាក់​ផងដែរ។  

តាម​របាយការណ៍ លោកស្រី គង់ ចាន់​បុ​ស្សិ​បា អនុប្រធាន​មន្ទី​អប់រំ​យុវជន និង​កីឡា​ខេត្ត និង​ជា​លេខាធិការ គណៈកម្មាធិការ​សាខា បាន​ឲ្យ​ដឹងថា កុមារា​កុមារី​ជា​សិស្សានុសិស្ស ដែលមាន​ជំនាញ​ផែ្ន​ក​គូរគំនូរ មកពី​សាលា​បឋម​ចំនួន ១២ ក្នុង​ក្រុង​តាខ្មៅ សរុប​ចំនួន ៣៦នាក់ អវត្តមាន​ចំនួន ៦ នាក់។ បន្ទាប់ពី​គណៈកម្មការ​ប្រឡង បាន​ពិនិត្យ​វាយតម្លៃ​រួចមក ជា​លទ្ធផល​ទទួលបាន​ដូចតទៅ៖ ជ័យលាភី​លេខ១ បាន​ទៅលើ​សិស្ស​ឈ្មោះ ណុប សារ៉ាត់ ភេទ​ប្រុស រៀន​ថ្នាក់​ទី ៦ “គ“ សាលាបឋមសិក្សា​តាខ្មៅ, ជ័យលាភី​លេខ ២ សិស្ស​ឈ្មោះ ឃុន សុវណ្ណ​រាជ ភេទ​ប្រុស ថ្នាក់​ទី ៦ “ង“ មកពី​សាលាបឋមសិក្សា​ប៊ុនរ៉ានី​ហ៊ុនសែន​ក្រពើ​ហា និង​ជ័យលាភី​លេខ៣ ឈ្មោះ កុង សត្យា រៀន​ថ្នាក់​ទី ៤ “ខ” សាលាបឋមសិក្សា អនុវត្ត​ប៊ុនរ៉ានី​ហ៊ុនសែន។  

ឯកឧត្តម ជាវ តា​យ មានប្រសាសន៍​សំណេះសំណាល ដោយ​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​លោក លោកស្រី ជា បុគ្គលិក​សិក្សា និងក្មួយៗកុមារា​កុមារី​ដោយ​ក្តី​នឹករឭក។ ឯកឧត្តម បាន​អរគុណ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត ដែលជា​និច្ចកាល​តែងតែបាន​ផ្សារភ្ជាប់ សហការ​ល្អ និង​ជួយ​ជ្រោមជ្រែង​ចូលរួម​អនុវត្ត​រាល់​សកម្មភាព​មនុស្សធម៌ និង​បាន​កោតសរសើរ​ចំពោះក្មួយៗទាំងអស់ ដែល​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​គូរគំនូរ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​វិស័យ​ស្នូល ទាំង៤របស់​កាកបាទក្រហម​កម្ពុជា គឺ​ក្នុង​គោលបំណង​ជួយ​លើកស្ទួយ​នូវ​កិត្យានុភាព​លើ​វិស័យ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា និង​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេច​ប្រធាន​តែងតែបាន បញ្ជ្រាប​ការយល់ដឹង​ជា​មូលដ្ឋាន​ពី​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម និង​ជាពិសេស​ទៀត​បាន​បណ្តុះ​គំនិត ទឹកចិត្ត​សទ្ធា​ជ្រះថ្លា និង​ស្រឡាញ់​មនុស្សជាតិ ក្នុងចំណោម​កុមារ​ដែលជា​ទំពាំង​ស្នង​ឫស្សី។ ឯកឧត្តម បាន​បន្តថា ការប្រឡង​គំនូរ​កុមារ​នឹង​បន្ត​ធ្វើជា​រៀងរាល់ឆ្នាំ ដូចនេះ​សូម​លោកគ្រូ អ្នកគ្រូ និងក្មួយៗកុមារា​កុមារី​ទាំងអស់​មេត្តាជួយ​សហកា​រ ដើម្បី​ឲ្យ​កម្មវិធី​ប្រឡង​លើកក្រោយៗប្រព្រឹត្ត​ទៅដោយ​រលូន និង​សុក្រឹត។  

គណៈអធិបតី​បាន​ឧបត្ថម្ភ​ជូន​ជ័យលាភី​លេខ១ នូវ​ទឹកប្រាក់​ចំនួន ៨០.០០០រៀល និង​សម្ភារៈ​គូរគំនូរ ១កញ្ចប់, លេខ២ ទឹកប្រាក់ ៦០.០០០រៀល សម្ភារៈ​គូរគំនូរ ១កញ្ចប់ និង ចំណាត់ថ្នាក់​លេខ៣ ទឹកប្រាក់​ចំនួន ៤០.០០០រៀល សម្ភារៈ​គូរគំនូរ ១កញ្ចប់។ រីឯ​ចំណាត់ថ្នាក់​លេខ៤ និង​លេខ៥ ផ្តល់​រង្វាន់​លួង​ចិត្ត ដោយ​ក្នុងម្នាក់ៗ ជូន​ទឹកប្រាក់​ចំនួន ២០.០០០រៀល សម្ភារៈ​គូរគំនូរ ១ កញ្ចប់។ ដោយឡែក​ចំពោះ​បុគ្គលិក​សិក្សា ១៦នាក់ បាន​ឧបត្ថម្ភ​ទឹកប្រាក់​ជូន​ក្នុងម្នាក់ៗចំនួន ២០.០០០រៀល និង បេក្ខជន​ប្រឡង​គំនូរ​ចំនួន ៣០ នាក់​ដែល​ពុំបាន​ជាប់​ជ័យលាភី ឧបត្ថម្ភ​ជូន​ក្នុងម្នាក់ៗនូវ​ទឹកប្រាក់​ចំនួន ១០.០០០ រៀល​ផងដែរ។

                                                                                                    អត្ថបទ​និង​រូបភាព៖                                                                                                                             សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល

Fist Prev 103 104 105 106 107 Next Last