Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

កាកបាទក្រហមកម្ពុជា​ចូលរួម កាត់បន្ថយ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង

កាកបាទក្រហមកម្ពុជា ដោយមាន​ការចូលរួម​សហការ​ពី អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង ដែល​ហៅ​កាត់​ថា (IARD)  បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍ និង​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ដល់​យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា មកពី​សាខា​ខេត្តកំពង់ចាម និង​សាខា​ខេត្ត​ត្បូងឃ្មុំ ចាប់ពី​ថ្ងៃទី១២ ដល់១៣ខែសីហា ឆ្នាំ២០១។ វគ្គ​នេះ​មាន​យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ចូលរួម​ចំនួន​ចំនួន៤០រូប ដែល​ក្នុងនោះ​មាន​មកពី​ខេត្ត​ត្បូងឃ្មុំ១៥រូប និង​ខេត្តកំពង់ចាម២៥រូប។

 

ក្នុង​ពិធី​បើក​វគ្គ ឯកឧត្ដម សម កុសល នាយក នាយកដ្ឋាន​ធនធានមនុស្ស​នៃ​កាកបាទក្រហមកម្ពុជា បាន​ថ្លែង​បញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​ក្នុង​ការជួយ​ការងារ​សង្គម។ នៅក្នុង​ពេលដែល​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​នឹង​កំពុង​បន្ត​ក្លាយជា​ក្ដីកង្វល់​ដ៏​ធំ​សំរាប់​ប្រជាជន​ទូទៅ 
យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​ក៏បាន​នឹង​កំពុង​ចូលរួម​ធ្វើ​សកម្មភាព ក្នុងការ​ទប់ស្កាត់ និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​គ្រោះថ្នាក់ តាម​វិធីសាស្ត្រផ្សេង។ លោក​បញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​ក្នុង​ពេលនេះ​គឺមាន​គោលបំណង​ផ្ដល់​ឲ្យ​អ្នកចូលរួម​មានចំណេះដឹង នឹង​អាច​យក​ចំណេះដឹង អំពី​ផលប៉ះពាល់​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​នេះ​ទៅ​ផ្សព្វផ្សាយ​ដល់​មិត្តភក្តិ សិស្ស​នៅក្នុង​សាលារៀន ប្រជាជន​ក្នុងភូមិ ឃុំ និង​នៅតាម​ចំណុច​គោលដៅ​រឹតបន្ដឹង​អនុវត្ត​ច្បាប់​របស់​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក នៅក្នុង​ខេត្ត​របស់ខ្លួន។ គួរ​រំលឹក​ដែរ​ថា វគ្គ​នេះ​ត្រូវបាន​រៀបចំ​បន្ត​ពី​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ដែល​បានរៀបចំ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ខែកក្កដា ឆ្នាំ២០១៥កន្លងមកថ្មីៗនេះ។

 

លោក​វេជ្ជ​ប​ណ្ឌឹ​ត គីម​សួរ ភីរុណ អនុប្រធាន​គណកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម លន់ លឹម​ថៃ ប្រធាន​គណកម្មាធិកា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម បាន​រំលឹក​ពី​កិច្ច​ចូលរួម​របស់​យុវជន​និង​អ្នក​ស្ម​គ្រ័​ចិត្ត​កាកបាទក្រហម​ក្នុង​ការជួយ​សម្រួល​និង​លើក​កំពស់​សុវត្ថិភាព​ចរាចរណ៍​ក្នុង​ខេត្ត តាម​វិធី​មិត្ត​អប់រំ​មិត្ត​ជាដើម។ លោក​ក៏បាន​លើកទឹកចិត្ត​យុវជន​និង​អ្នកស្ម័គ្រចិត្ត​ដែល​បាន​ចូលរួម​ក្នុង​ពេលនេះ​ឲ្យ​មាន​កិច្ចសហការ​ជាមួយ​ភ្នាក់ងារនគរបាល​ចរាច​រណ៍​ក្នុង​ការអប់រំ​នៅក្នុង​គោលដៅ​ត្រួតពិនិត្យ​របស់​នគរបាល​ចរាចរណ៍​ផ្លូវគោក។ ការចូលរួម​អប់រំ​របស់​យុវជន​និង​អ្នកស្ម័គ្រចិត្ត​នឹង​អាចជួយ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​និង​មានការ​ចុ​ល​រួម​អនុវត្ត​វិធានការ​ធ្វើដំណើរ​ដោយ​សុវត្ថិភាព និង​ការគោរព​ច្បាប់​ចរាចរណ៍​ផងដែរ។

 

លោក គង់ សុវណ្ណ តំណាង​អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង បាន​ថ្លែងថា​គ្រោះថ្នាក់​បណ្ដាលមកពី​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ត្រូវបាន​រកឃើញថា​ជា​មូលហេតុ​ចម្បង​ទី​ពីរ​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាច​ណ៍​នៅ​ប្រទេស​កម្ពុជា បន្ទាប់​អំពី​ការបើកបរ លើស​ល្បឿន​កំនត់។ ការកែប្រែ និង​បំបាត់​ឥរិយាបទ​ខុសឆ្គង​លើ​ការបើកបរ​ក្រោម​ឲ​ទ្ធិ​ពល​នៃ​គ្រឿង​ស្រវឹង​តាម​យន្តការ​អបរំ និង​ផ្សព្វផ្សាយ​ដ៏​ទូលំទូលាយ ព្រម​ជាមួយនឹង​ការដាក់​គោលដៅ​រឹតបន្តឹង​ច្បាប់​ច​រា​រណ៍ ជាប់លាប់ គឺជា​ភាពចាំបាច់។ ការបណ្តុះបណ្តាល​ពេលនេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្តួចផ្តើម​ទប់ស្កាត់​ផលប៉ះពាល់​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង ដែល​កំពុង​បាន​អនុវត្ត​នៅ​កម្ពុជា ដោយ​អង្គការ IARD តាមរយៈ​ការប្តេជ្ញា​គោរព​ចូលរួម​របស់​ឧស្សាហកម្ម​ផលិត​ស្រា​ស្រា​បៀធំៗរបស់​សកលលោក សំដៅ​គាំទ្រ​អនុវត្ត និង​សម្រេច​នូវ​គោលដៅ​សកល​លើ​ការកាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង ឲ្យ​បាន១០ត្រឹម​ឆ្នាំ២០២។ ជាមួយគ្នា​ផងដែរ គំរោង​ផ្តួចផ្តើម​នេះ​ក៏​ដើរ​ស្រប​ទន្ទឹមនឹង​ផែនការ​សកម្មភាព​ទស​វត្សរ៍​សុវត្ថិភាព​ចរាចរណ៍​សកល ២០១១-២០២០ ពិសេស​គាំទ្រ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​សំដៅ​កាត់បន្ថយ​នូវ​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​អោយបាន៥០ត្រឹម​ឆ្នាំ២០២។

 

យោងតាម​របាយការណ៍​បឋម​នៃ​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នា​ឆ្នាំ២០១៤កន្លងមកនេះ មាន​ជនរងគ្រោះ​ដល់​ស្លាប់​សរុប​ចំនួន២២២៦នាក់ និង​រងរបួស​ធ្ងន់ធ្ង​រ​ចំនួន៦ ០០៥នាក់ ។ គ្រោះថ្នាក់​បណ្ដាលមកពី​ការបើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង គឺមាន​អត្រា​ប្រមាណ១៧%ធៀប​នឹង អត្រា​ស្លាប់​សរុប ហើយ​វា​ជា​មូលហេតុ​នាំមុខ​ទី​ពីរ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​បន្ទាប់ពី​ល្បឿន។

 

សូមបញ្ជាក់ថា ការបណ្តុះបណ្តាល​ដូចគ្នានេះ នឹង​រៀបចំ​បន្ត​ដល់​ក្រុមយុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​នៅក្នុង​សាខា​គោលដៅ​ទាំង៣ទៀត​គឺ រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​ខេត្តកំពង់ស្ពឺ   ដែលមាន​ប្រជាពលរដ្ឋ​ប្រមាណ​មួយ​ភាគបី​នៃ​ប្រជាពលរដ្ឋ​សរុប និង​មាន​អត្រា​គ្រោះថ្នាក់​ចរាចរ​ណ៏​ខ្ពស់​ជាងគេ​ក្នុងប្រទេស។ បន្ទាប់​អំពី​វគ្គ​បណ្តុះបណ្តាល​រួចមក ក្រុមយុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​នឹង​ចាប់ផ្តើម​អនុវត្ត​ការអបរំ​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​គ្រប់រូប ឲ្យ​ប្រកាន់​ឥរិយាបទ​មាន​សុវត្ថិភាព គោរព​ច្បាប់​ចរាចរណ៍ និង​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់ ពោលគឺ​មិន​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង  ស្រវឹង។  ដោយ​សហការ​ជាមួយនឹង​ភ្នាក់ងារនគរបាល​ចរាច​រណ៍​នៅក្នុង​គោលដៅ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ ក្រុមយុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទ ក៏​នឹងចូលរួម​អបរំ​ប្រជាពលរដ្ឋ​តាម​គោលដៅ​រឹតបន្ដឹង​ច្បាប់​ទាំង​ពេល​ថ្ងៃ និង​ពេលយប់​ផងដែរ។

 

គួរ​រំលឹក​ដែរ​ថា នគរបាល​ចរាចរណ៍​ផ្លូវគោក​នឹង​ចាប់ផ្ដើម​អនុវត្ត​អនុក្រឹត្យ​ស្ដីពី​ការផាកពិន័យ​អន្តរ     កាណ៍​ចំពោះ​បទល្មើស​នឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះ​តទៅ​ហើយ។

កាកបាទ​ក្រហម​កម្ពុជា ទទួល​អំណោយ ជា​រថយន្ត​ពី​ក្រុមហ៊ុន ស្រា​បៀរ Ganzberg

កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៥ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានអនុញ្ញាត​អោយ គណៈប្រតិភូ​ក្រុមហ៊ុនស្រា​បៀរ Ganzberg អ​ញ្ចើ​ញ​ចូល​សម្តែង​ការគួរសម និង​ប្រគល់​អំណោយ ជា​រថយន្ត Pickup Mazda នៅ​ទី​ស្នាក់​​ កណ្តាល កាកបាទក្រហមកម្ពុជា។

ជា​កិច្ច​ចាប់ផ្តើម សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​សម្តែង​នូវ​ការស្វាគមន៍ និង​ថ្លែងអំណរគុណ ព្រមទាំង​កោតសរសើរ ដល់​គណៈប្រតិភូ​ក្រុមហ៊ុន ស្រា​បៀរ Ganzberg ចំពោះ​ទឹកចិត្ត​មនុស្សធម៌ ដែល​តែងតែ​បន្ត​ជួយ​ទ្រ​ទ្រង់​ដល់​សមកម្ម​ភាព​មនុស្សធម៌​របស់​កា​ក​បាទ​ក្រហម​កម្ពុជា។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​គូស​បញ្ជាក់ថា សមាគមជាតិ​កាកបាទ​ក្រហម​កម្ពុជា​គឺជា​អង្គការ​មនុស្សធម៌ ដែលមាន​ភារកិច្ច​ជួយ​ដល់​ជនរងគ្រោះ​នៅ​ទូទាំងប្រទេស ជាពិសេស​ពេល​ជួប​នូវ​គ្រោះមហន្តរាយ និង​វិ​ប​ត្តិ​នានា 

បន្ថែម​ពីនេះ​ទៀត កាកបាទ​ក្រហម​កម្ពុជា គឺ​ពឹងពាក់​នឹង​ការជួយ​ឧបត្ថម្ភ​ពី​សំណាក់​សប្បុរស​ជនជាតិ និង​អន្តរជាតិ ដើម្បី​អនុវត្ត​នូវ​សកម្មភាព​របស់ខ្លួន ដែល​ក្នុងនោះ​គឺ​បាន​យក​ពិធី  ឧសភា ជា​រៀងរាល់ឆ្នាំ ដើម្បី​ស្វែងរក​វិភាគទាន និង​ការចូលរួម​ដោយ​ស្ម័គ្រចិត្ត​ពី​សប្បុរសជន​នៅ​គ្រប់​មជ្ឈដ្ឋាន។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការវិនិយោគ​របស់ ក្រុមហ៊ុន ដែល​បាន​ជួយ​សម្រាល​ដល់​ការលំបាក់​របស់​រាជរ​ជ្ឋា​ភិ​បាល ក្នុងការ​ផ្តល់នូវ​ការងារ ជូន​ប្រជាជន​កម្ពុជា​ផងដែរ។ ជាមួយនឹង​អំណោយ​ដ៏​ថ្លៃថ្លារ​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​ជម្រាប់ជូន​គណៈប្រតិភូ​ថា នឹង​យកទៅ​ប្រើប្រាស់​ដើម្បី​ផលប្រយោជន៍ មនុស្សធម៌​នៅ​ទូទាំងប្រទេស។

ជា​កិច្ច​ឆ្លើយតប លោក Bernd Kirsch តំណាង​ក្រុមហ៊ុន បាន​សម្តែង​នូវ​អំណរគុណ ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ដែល​បាន​អនុញ្ញាតអោយ​គណៈប្រតិភូ​បាន​ចូលជួប​សវ​នាករ​និង ធ្វើការ​ផ្តល់ជូន​នូវ​អំណោយ​មនុស្សធម៌​ដល់​កាកបាទ​ក្រហម​កម្ពុជា​តា​មរយៈសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន លោក តំណាង​ក៏បាន​កោតសរសើរ​ដល់​សកម្មភាព​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ដែល​តែងតែ​ជួយ​ដល់​ប្រជាជន និង​ជន​ដែល​ងាយ​រងគ្រោះ​បាន​ទាន់​ពេល​វេលា និង​ទទួល​បាន​នូវ ទំនុកចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​សប្បុរសជន​នានា។ លោក​ក៏បាន​សន្យា​ថា​នឹង​នៅតែ​បន្ត​ជួយ​ដល់​ប្រជាជន​កម្ពុជា តាមរយៈ​កាកបាទ​ក្រហម​កម្ពុជា។

ជាទី​បញ្ចប់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​ជូនពរ​ដល់​គណៈប្រតិភូ សូមអោយ​មាន​សុខ​ភាពល្អ និង​ជោគជ័យ​នៅក្នុង​ការប្រកបមុខរប​រ​របស់ខ្លួន។

អត្ថបទដោយ៖ ឯកឧត្តម តាំង សាមឿន

កាកបាទក្រហមកម្ពុជា ទទួល​ជំនួប និង​សម្តែង​ការគួរសម ឯកអគ្គរ​ជ្ឋ​ទូត​សហភាពសូវៀត

កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៥ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា បាន​អនុញ្ញាត​អោយ ឯកឧត្តម  Dmitry TSVETKOV អគ្គរ​ជ្ឋ​ទូត ​សហភាព​សូវៀត ប្រចាំ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា នៅ​ទី​ស្នាក់​កណ្តាល កាកបាទ​ក្រហម​កម្ពុជា។

ជា​កិច្ច​ចាប់ផ្តើម សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​ស្វាគមន៍ ដល់​គណប្រតិភូ​ដែល​បាន​អ​ញ្ញើញ​មក​ទីស្នាក់ការ​កណ្តាល​កាកបាទ​ក្រហម​កម្ពុជា ដើម្បី​ជួប​សវនាការ ពិភាក្សា​ពី​កិច្ច​សហ​ប្រតិបត្តិការ​រវាង កាកបាទ​ក្រហម​កម្ពុជា និង​កាកបាទ​ក្រហម​រុស្សី។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ក៏បាន​លើក​ឡើង​ថា ចំណង​មិត្តភាព​រវាង ព្រះ​រាជា​ណាច​ក្រ​កម្ពុជា និង​សហភាព​រុស្សី គឺមាន​តាំងពី​យូរលង់​ណាស់​មក​ហើយ ដែល​បាន​ប្រជាជន និង​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ក៏​មាន​ទំនាក់ទំនង​ល្អ​ផង​ដែរ ហើយក៏ ត្រូវ​បាន​បន្ត​ពង្រឹង​ជា​បន្តបន្ទាប់​ផង​ដែរ។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​រៀបរាប​ពី​សកម្មភាព​កាកបាទ​ក្រហម​កម្ពុជា ជូន​គណៈប្រតិភូ​ថា គឺជា​អង្គការ​ក្រៅរ​ជ្ឋា​ភិ​បាល បំរើ​ការងារ​មនុស្សធម៌​ជូន​ជន​ដែល​ងាយ​រងគ្រោះ និង​រងគ្រោះ​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​ជាតិ​សាសន​នោះ​ទេ។ ក្នុង​នោះ​បាន​ជួយ​ដល់​ចាស់ជរា​គ្មាន​ទីពឹង កុមា​កំព្រា ស្រី្ត​មេ​មា​យ ជន​ពិការ និង​ជន​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ជំងឺអេស​ដ៍ ដែល​បាន​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ វិ​ប​ត្ត​នានា ព្រមទាំង​ចូលរួម​នៅក្នុង​វិស័យ​សុខភាព​សាធារណៈ និង​លើកកម្ពស់​សុ​វត្ថ​ភាព​ចរាចរណ៍។ កាកបាទ​ក្រហម​កម្ពុជា ក៏​បាន​ផ្តល់​នូវ​កម្ចី​ខ្នាត​តូច​ដែល​ពុំ​មាន​ការប្រាក់​ដល់​ជន​ពិការ ដើម្បីអោយ​ពួកគេ​មានលទ្ធភាព​រីកចម្រើន​សេដ្ឋកិច្ច​នៅក្នុង​គ្រួសារ។  

ជាមួយគ្នា​នោះ​ផងដែរ កាកបាទ​ក្រហម​កម្ពុជា ក៏​មាន​បណ្តាញ​អ្នក​ស្ម័គ្រចិត្ត និង​យុវជន​រាប់​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស ដែល​បាន​នឹង​កំពុង​អនុវត្ត​នូវ​សកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​បាន​ទាន់​ពេល​វេលា ក្នុង​ការ​ជួយ និង​ឆ្លើយតប​ទៅតាម​តម្រូវការ​របស់​ជនរ​ង​គ្រោះ។  បន្ថែម​ពីនេះ កាកបាទ​ក្រហម​កម្ពុជា ក៏​មាន​ដៃគូរ​សហ​ប្រតិបត្តិការផង​ដែរ ដែល​ក្នុង​នោះ​រួមមាន៖ ICRC IFRC កាកបាទ​ក្រហម​អូស្ត្រាលី ស្វីស ដាណឺម៉ាក់ និង​សមាគមជាតិ​ជា​បងប្អូន​ផងដែរ។ ក្រៅ​ពីនេះ កាកបាទ​ក្រហម​កម្ពុជា និង​បណ្តាល​សមាគមជាតិ​នានា​ក៏​តែងតែមាន​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច និង​បទពិសោធន៍​គ្នា​ទៅវិញ​ទី​មក​ផង​ដែរ ដើម្បី​ពង្រីក និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ ព្រមទាំង​ចំណងមិត្តភាព​គ្នា​ទៅវិញទៅមក។

ជា​កិច្ច​ឆ្លើយតប ឯកឧត្តម​អគ្គរ​ជ្ឋ​ទូត បាន​សម្តែង​នូវ​អំណរគុណ និង​កិត្តិយស​ដែល​បានការ​អនុញ្ញាត​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ដើម្បី​បាន​ស្វែង​យល់​ពី​ការងារ​របស់ កាកបាទ​ក្រហម​កម្ពុជា​ និង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​រ​វាង​កាកបាទ​ក្រហម​កម្ពុជា និង​កាកបាទ​ក្រហម​រុស្សី។ ឯកឧត្តម​អគ្គរ​ជ្ឋ​ទូត ក៏បាន​ជម្រាប់​ជូនសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន  សកម្មភាព​មនុស្សធម៌​របស់​កាកបាទ​ក្រហម​រុស្សី ដែល​ក្នុង​នោះ បាន​ជួយ​ដល់​ចាស់ជរា​គ្មាន​ទីពឹង និង​ជន​ដែល​រងគ្រោះ​ដោយ​សារ​គ្រោះមហន្តរាយ​នានា ព្រមទាំង​ប្រជាជន អ៊ុយ​ក្រែង​ផង​ដែរ។

នៅក្នុង​ជំនួប​ពិភាក្សា​នោះ​ឯកឧត្តម​អគ្គរ​ជ្ឋ​ទូត បាន​ស្នើសុំ​អោយសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន មេត្តា​ធ្វើ​នូវ​លិខិត​អញ្ជើញ​ប្រធាន​កាកបាទ​ក្រហម​រុស្សី​មក​ធ្វើ​ទស្សនកិច្ច​នៅ​កាកបាទ​ក្រហម​កម្ពុជា ដើម្បី​រឹតចំណង​មិត្តភាព​រវា​ង​សមាគមជាតិ​ទាំងពីរ។ 

បន្ថែម​ពីនេះ​ទៀត ឯកឧត្តម​អគ្គរ​ជ្ឋ​ទូត ក៏បាន​សន្យាថា​នឹង​ជួយ​អំពាវនាវ​ដល់​អ្នក​វិនិយោគ​រុស្សី​នៅក្នុង​ប្រទេស​កម្ពុជា អោយ​ជួយ​ឧបត្ថម្ភ​ដល់​សកម្មភាព​កាកបាទ​ក្រហម​កម្ពុជាផង​ដែរ។

ជា​កិច្ច​ឆ្លើយតប សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​ឯកភាព​នឹងធ្វើ​លិខិតអញ្ជើញ​ប្រធាន​កាកបាទ​ក្រហម​រុស្សី​មក​ធ្វើ​ទស្ស​កិច្ច​នៅ​កាកបាទ​ក្រហម​កម្ពុជា ដើម្បី​ពិភាក្សា​កិច្ច​សហ​ប្រតិបត្តិការ​ម​នុស្ស​ធម៌​រវាង​សមាគមជាតិ​នៃ​ប្រទេស​ទាំងពីរ។ 

ជាទី​បញ្ចប់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​ជូនពរ​ដល់​គណៈប្រតិភូ​ទាំងអស់​អោយមាន​ជោគជ័យ និង​សុខ​ភាពល្អ​ក្នុងការ​បំពេញ​នូវ​បេសកកម្ម​ការទូត​របស់​ខ្លួន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

អត្ថបទដោយ៖ ឯកឧត្តម តាំង សាមឿន

កិច្ច​ប្រជុំ បូក​សរុប​សកម្មភាព​ការងារ​យុវជន ១៨គ្រឹះស្ថានឧត្តមសិក្សា

កាលពី​ព្រឹក​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៥  នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា បានរៀបចំ​កិច្ចប្រជុំ “បូកសរុប​សកម្មភាព​ការងារ​យុវជន​កាកបាទក្រហម​កម្ពុជា ឆមាស​ទី១ នៃ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ចំនួន ១៨ ក្នុង​រាជធានី​ភ្នំពេញ និង​ផែនការ​អនុវត្ត​បន្ដ​ឆមាស​ទី២”  ក្រោម​អធិបតីភាព ឯកឧត្តម ពិត ចំណាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ទ្រទ្រង់​សកម្មភាព​យុវជន និង​អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា។ មានការ​អញ្ជើញ​ចូលរួម ពី លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី១ និង​មាន​សមាសភាព ឯកឧត្តម លោកជំទាវ លោក លោកស្រី នាយក នាយករង នាយិកា នាយិកា​រង នាយកដ្ឋាន​ទាំង៥ និង​ឯកឧត្តម លោក លោកស្រី សាកលវិទ្យាធិការ ទីប្រឹក្សា​ក្លឹប​យុវជន ប្រធាន អនុប្រធាន​ក្លឹប និង​យុវជន​កាកបាទក្រហម​កម្ពុជា សរុប​ចំនួន ៨៩នាក់។  
 
ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម សម កុសល នាយក​នាយកដ្ឋាន​ធនធានមនុស្ស បាន​ឡើង​អាន​របាយការណ៍​សកម្ម​ភាព​ការងារ​របស់​យុវជន​កាកបាទក្រហម​កម្ពុជា រយៈពេល ៦ខែ (មករា-មិថុនា) ឆ្នាំ ២០១៥ ក្នុង​នោះបាន​រៀបរាប់​ពី​ការបំពេញ​តួនាទី​ដ៏​ឧត្តុង្គឧត្តម​របស់ខ្លួន ស្របតាម​គោលនយោបាយ​ដែល​បានអនុម័ត​ដោយ   សន្និបាត​យុវជន​ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​ទទួលបាន​នូវ​សមិទ្ធផល​ជាទី​មោទនៈ ទៅតាម​វិស័យ​ស្នូល​ទាំង ៤ របស់​កាកបាទក្រហម​កម្ពុជា។ ឆ្លៀត​ក្នុងឱកាស​នេះដែរ ឯកឧត្តម ក៏បាន​លើកឡើង​ពីបទ​ពិសោធន៍​ទទួលបាន​កន្លងមក រួមមាន ចំណុចខ្លាំង និង​បញ្ហា​ប្រឈម ព្រមទាំង​ទិសដៅ​ការងារ​អភិវឌ្ឍន៍​យុវជន​កាកបាទក្រហម​កម្ពុជា នៅ​ឆមាស​ទី២ បន្តទៀត។  
 
ជា​កិច្ច​បន្ទាប់ លោកជំទាវ​អគ្គលេខាធិការ បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍​នៃ​កិច្ចប្រជុំ និង​ចូលរួម​បកស្រាយ​ពន្យល់​បន្ថែម​ដល់​យុវជន នូវ​ទិសដៅ​ត្រូវអនុវត្ត​បន្ត​របស់​មហាសន្និបាត ក​ក្រក អាណត្តិ​ទី ៦ និង​សន្និបាត​យុវជន​លើក​ទី ៣ ដើម្បី​ធ្វើជា​មូលដ្ឋាន​សម្រាប់​ក្លឹប​យុវជន​កសាង​ផែនការ​សកម្មភាព​រប​ស់​ខ្លួន។  
 
ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ​អគ្គលេខាធិការរង​ទី១ បានលើកឡើង​ពី​អ​ន្ថ​ន័យ​នៃ​ពាក្យ ”ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ”  ដែលជា​អ្នក​ត្រូវ​ទទួល​នូវ​អំណោយ​មនុស្សធម៌​ពី ក​ក្រក និង​បានផ្តល់​អនុសាសន៍​ដល់​ក្លឹប​យុវជន​ត្រូវ​យកចិត្តទុកដាក់​កសាង​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​ស្របតាម​គោលនយោបាយ​យុវជន ដោយ​កំណត់​ឱ្យបាន​ច្បាស់​ពី​អ្នក​ដែល​នឹងត្រូវ​ទទួល​សេវាកម្ម​មនុស្សធម៌​ពី​ក្លឹប​យុវជន ក​ក្រក។  
 
ឯកឧត្តម ពិត ចំណាន ប្រធាន​អង្គប្រជុំ បាន​ដឹកនាំ​កិច្ចប្រជុំ​ទាំងមូល ធ្វើការ​ពិភាក្សា​ទៅលើ​របាយការណ៍​បូកសរុប៦ខែ ឆមាស​ទី១ ឆ្នាំ២០១៥ ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម និង​យោបល់​ឯកភាព​សម្រេច​លើ​ខ្លឹមសារ​របាយការណ៍​បូកសរុប​សកម្មភាព​យុវជន ឆមាស​ទី១ របស់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ចំនួន ១៨ នេះ ដោយ​សង្កត់ធ្ងន់​លើ​ការ​បូកសរុប​ផែនការ​សកម្មភាព​ការងារ បញ្ហា​ប្រឈម ការ​រឹតបន្ដឹង​ចំណងមិត្តភាព​ផ្ទៃក្នុង ក្នុងចំណោម​យុវជន និង​យុវជន ពិសេស​ផ្ដោត​សំខាន់​លើ គោលជំហរ​នៃ​វប្បធម៌​ចែករំលែក​ក្នុងចំណោម​យុវជន និស្សិត និង​ជន​ងាយ​រងគ្រោះ នៅក្នុង​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​សហគមន៍​គោលដៅ។  
 
ស្មារតី​អង្គប្រជុំ​បានសម្រេច អនុវត្ត​សកម្មភាព​ការងារ​របស់ខ្លួន​ស្របតាម​វិស័យ​ស្នូល​ទាំង៤ របស់​កាកបាទក្រហម​កម្ពុជា ទាំង​តួនាទី និង​ភារកិច្ច ក្នុងនោះ​ធ្វើ​ទៅតាម​លទ្ធភាព​ជាក់ស្តែង​របស់​ក្លឹប​យុវជននីមួយៗ ដោយ​ជំរុញ​ឱ្យ​ក្លឹប​យុវជន​កាកបាទក្រហម​កម្ពុជា ទាំង ១៨ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា រៀបចំ​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​ប្រចាំឆមាស និង​ឆ្នាំ និង​បន្តសកម្មភាព​ផ្លាស់ប្ដូរ​បទពិសោធន៍​ការងារ និង​ចងសម្ព័ន្ធ​មេត្រីភាពរ​វា​ង​ក្លឹប​យុវជន ក​ក្រក ថ្នាក់​សាកលវិទ្យាល័យ និង​វិទ្យាល័យ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក និង​ផ្តល់ឱកាស​ដល់​យុវជន​ចូលរួម​សកម្មភាព​មនុស្សធម៌ និង​បន្ត​ជីវ​ភាពជា​យុវជន ក​ក្រក នៅពេល​អ្នក​ទាំងនោះ​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា។ អត្ថបទ​ដោយៈ ស៊ន សុទ្ធា​បញ្ញា

សិក្ខាសាលា​ស្តីពី “ការពិនិត្យ​ឡើងវិញ​ពាក់កណ្តាល​ទី យុទ្ធសាស្ត្រ​កាកបាទក្រហមកម្ពុជា ២០១១ - ២០២០”

ឆ្នាំ ២០១៥ ជា​ឆ្នាំ​ដែល​កាកបាទក្រហមកម្ពុជា​បាន​អនុវត្ត​យុទ្ធសាស្ត្រ ២០១១ - ២០២០ បាន​ពាក់កណ្តាល​ទី និង​ជា​ឆ្នាំ​ដែល កាកបាទក្រហមកម្ពុជា សម្រេចបាន​ការងារសំខាន់ៗ នៃ​វិស័យ​ស្នូល​ទាំង ៤ ដោយ​ឈរលើ​មូល ដ្ឋា​ន​នៃ​ការអនុវត្ត​ច្បាប់​គតិយុត្តិ​យ៉ាង​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព។

 

នៅ​ថ្ងៃទី ១៦-១៧ ខែ កក្កដា ឆ្នាំ ២០១៥ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា បានរៀបចំ​សិក្ខាសាលា​ស្តីពី “ការពិនិត្យ​ឡើងវិញ​ពាក់កណ្តាល​ទី​យុទ្ធសាស្ត្រ​កាកបាទក្រហមកម្ពុជា ២០១១ - ២០២០”  ក្រោម​ការចង្អុលបង្ហាញ​ពី លោក Umesh DAKHAL អ្នកសម្របសម្រួល​តំណាង​សហព័ន្ធ​អន្តរជាតិ ប្រចាំ ភូមិភាគ និង​កញ្ញា ឡាក់ មុនី​រស្មី តំណាង​សហព័ន្ធ​អន្តរជាតិ​ប្រចាំ​កម្ពុជា ដោយមាន​ការគាំទ្រ​ថវិកា និង​បច្ចេកទេស​ពី​សហព័ន្ធ​អន្តរជាតិ។ កិច្ចប្រជុំ​នេះ បាន​ចូលរួម​ពី​សំណាក់ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី១ ឯកឧត្តម យូ ឡា​ណា អគ្គលេខាធិការរង​ទី២ ឯកឧត្តម លោកជំទាវ នាយក នាយិកា នាយកដ្ឋាន​ជំនាញ​ទាំង ៥ ប្រធានការិយាល័យ​នៅ​ថ្នាក់កណ្តាល ចំនួន ៣០នាក់ ព្រមទាំង​សមាជិក​គណៈកម្មាធិការ​សាខា នាយក​សាខា ទាំង៩ ចំនួន ១២នាក់ រួមមាន រាជធានី​ភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំង ក្រចេះ ព្រៃវែង ស្វាយរៀង ព្រះវិហារ សៀមរាប និង​បន្ទាយមានជ័យ សារុប​ចំនួន ៤២នាក់។

 

សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណងសំខាន់ៗគឺ៖         

១/ ត្រួតពិនិត្យ​ឡើងវិញ​ពាក់កណ្តាល​ទី​យុទ្ធសាស្ត្រ​កាកបាទក្រហមកម្ពុជា ២០១១ - ២០២០ ដែល​នឹង​ក្លាយជា​ផែនទី​ចង្អុល​ទិស​សម្រាប់​អនុវត្ត​នៅ​ថ្នាក់កណ្តាល និង​សាខា​នៅ​រយៈកាល ៥ឆ្នាំ​ទៅមុខទៀត។         

២/  ដើម្បី​អនុវត្ត​បរិមាណ​នៃ​ការវិភាគ និង​កំណត់​ភាពខ្លាំង ចំណុច​ខ្វះខាត ឱកាស ឧបសគ្គ និង​បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត​ការងារ​កន្លងមក ក៏ដូចជា​មេរៀន​ពិសោធន៍​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទៅ​ថ្ងៃមុខ។         

៣/  ដើម្បី​ផ្តល់​អនុសាសន៍ និង​សំណើ​ជា​មធ្យោបាយ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ         

៤/   ទាញ​ចេញ​នូវ​មេរៀន​ពិសោធន៍ យុ​ទុ្ធ​សាស្ត្រ និង​មធ្យោបាយ​ដែល​អាច​តម្រង់ទិស​ជាថ្មី និង​កិច្ច​អន្តរាគមន៍​ដែល​ជួយ​ដល់​ការលើកកម្ពស់​កម្រិត​នៃ​កម្មវិធី​សម្រាប់​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី ៣។

 

នៅ​ថ្ងៃទី១នៃ​អង្គសិក្ខាសាលា លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី១ កាកបាទក្រហមកម្ពុជា បាន​ជម្រាប​អង្គសិក្ខាសាលា​អំពី​សារៈសំខាន់​នៃ​ការពិនិត្យ​ពាក់កណ្តាល​ទី  នៃ​យុទ្ធសាស្ត្រ ២០១១-២០២០ បន្ទាប់មក លោក Umesh DAKHAL បាន​ជម្រាប និង​បង្ហាញ​ដល់​អង្គសិក្ខាសាលា​អំពី ទស្សនវិស័យ បេសកកម្ម ទិសដៅ​យុទ្ធសាស្ត្រ និង​វិស័យ​ចំនួន ៤ ចែង​ក្នុង​យុទ្ធសាស្ត្រ២០១១-២០២០។

 

អង្គសិក្ខាសាលា​បាន​ត្រងត្រាប់​នូវ​ការវិភាគ​លើ​ស្ថានភាព​បច្ចុប្បន្ន​លើ​សាកលលោក បញ្ហា​ប្រឈម​ជាស​កល និង​តម្រូវការ​នៃ​ការជួយ​ផ្នែក​មនុស្សធម៌ ដែលមាន​វិសាលភាព​កាន់តែ​ធំ​ជាង​មុន ហើយ​ទាមទារ​ឱ្យ​ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ត្រូវ​យកចិត្តទុកដាក់​រួមចំណែក​ក្នុងការ​ដោះស្រាយ។ អង្គសិក្ខាសាលា បាន​បែង​ចែកជា​ក្រុម​ពិភាក្សា ទៅតាម​វិស័យ​ស្នូល​ទាំង៤ ដែលមាន​ចំណុច​គន្លឹះ​ត្រូវ​ពិភាក្សា​រួមមាន៖

- ពិនិត្យឡើងវិញ​នូវ​សកម្មភាពចម្បងៗដែល​មានចែង​ក្នុង​យុទ្ធសាស្ត្រ ២០១១-២០២០ របស់​យើង

- ក្នុង​បរិបថ​បច្ចុប្បន្ន តើ​តម្រូវការ​បច្ចុប្បន្ននេះ​មាន​អ្វីខ្លះ? អ្វីដែល​បានធ្វើ​សម្រេច? អ្វីដែល​នៅ​ខ្វះចន្លោះ? អ្វីដែល​យើង​ត្រូវ​ស្វែងយល់ និង​អ្វីដែល​ត្រូវធ្វើ​បន្តទៀត?

 

នៅ​ថ្ងៃទី២នៃ​ពិធី​បិទ​អង្គសិក្ខាសាលា លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន លោកជំទាវ​អគ្គលេខាធិការរង​ទី១ ឯកឧត្តម​អគ្គលេខាធិការរង​ទី២ លោក Umesh DAKHAL និង​កញ្ញា ឡាក់ មុនី​រស្មី ដែល​បាន​ជួយ​សម្របសម្រួល​ក្នុង​អង្គសិក្ខាសាលា និង​ការចូលរួម​យ៉ាងសកម្ម​របស់​សិក្ខាកាម​ទាំងអស់ ព្រមទាំង​បាន​គូសបញ្ជាក់ថា៖ “យុទ្ធសាស្ត្រ ២០១១-២០២០ នេះ​គឺជា​មាគ៌ា​នៃ​បេសកកម្ម​របស់​កាកបាទ​ក្រហម​កម្ពុជា ព្រោះ​យើង​បានដឹង​ច្បាស់​ថា អ្វីដែល​យើង​បានធ្វើ​រយៈពេល៥ឆ្នាំនេះ គឺ​ដើរ​តាម​គន្លង​នៃ​យុទ្ធសាស្ត្រ ២០១១-២០២០ ក្នុងនោះ សន្និបាត​សាខា អាណត្តិ​ទី៤ មហាសន្និបាត​អាណត្តិ​ទី ៦ សន្និបាត​យុវជន​លើក​ទី៣ វិសោធនកម្ម​កម្រង​ច្បា​ប់កាកបាទក្រហមកម្ពុជា សេចក្តីសម្រេច​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​កាកបាទក្រហមកម្ពុជា​អា​ណ្ត​តិ​ទី៦ បានធ្វើ​រួចជាស្រេច ដែល​បង្ហាញថាកាកបាទក្រហមកម្ពុជា បាន ធ្វើ​ផែនការ​នៃ​ការពិនិត្យ​វាយតម្លៃ​គ្រប់​កាលៈទេសៈ” ។

 

លោកជំទាវ​អគ្គលេខាធិការ ក៏បាន​បញ្ជាក់បន្ថែម​ពី ការងារ​យុវជន កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន​ក្រុមការងារ​ទ្រទ្រង់​សកម្មភាព​យុវជន និង​អ្នកស្ម័គ្រចិត្ត ក្នុងនោះ​មាន​សន្និបាត​យុវជន​កាកបាទក្រហមកម្ពុជា​លើក​ទី ៣ បានសម្រេច​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត ទៅក្នុង​វិស័យ​ស្នូល​ទាំង៤ រួចជាស្រេច សម្រាប់​អភិវឌ្ឍ​យុវជន​ទាំង​នៅ​ថ្នាក់កណ្តាល និង​ថ្នាក់​សាខា​ទាំង ២៥រាជធានី-ខេត្ត។ ចំពោះ​សាខា ទិសដៅ​របស់​កាកបាទក្រហមកម្ពុជា គឺ​បន្ត​ពង្រឹង និង​ពង្រីក​រចនាសម្ព័ន្ធ​ឱ្យ​អនុសាខានីមួយៗមាន​អាគារ​ដាច់ដោយឡែក ឬ​អាគារ​ជា​កម្មសិទ្ធិ​របស់​កាកបាទ​ក្រហម​កម្ពុជា ហើយ​មានដំណើរ​ការឱ្យ​បានល្អ  ក្នុងនោះ​អនុសាខានីមួយៗនឹង​ត្រូវធ្វើ​សន្និបាត​ទៅតាម​អាណត្តិ​ដូច​សាខា​ដែរ ដូចនេះ សន្និបាត​សាខា​គួរតែ​ធ្វើ​ក្រោយ​ពេលដែល​អនុសាខា​ទាំងអស់​បានរៀបចំ​សន្និបាត​រួច។

 

ជា​ចុងក្រោយ លោកជំទាវ​អគ្គលេខាធិការ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ថាៈ “ខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​សាខានីមួយៗ ធ្វើ​ការងារ​ស៊ីសង្វាក់​គ្នា បំពេញ​បង្គ្រប់​ឱ្យ​គ្នា​ទៅវិញទៅមក រវាង​គណៈ​អភិបាល និង​ក្រុម​ប្រតិបត្តិ  ហើយ​ឆ្នាំ ២០១៥នេះ តារាង​ប្រៀបធៀប​លទ្ធផល ៨ ឧសភា គឺមាន​ការកើនឡើង​ជា​ង​ទ្វេរ​ដង​បើ​ធៀប​នឹង​ឆ្នាំ ២០១៤ ដែលជា​មោទនភាព​ថ្មី​មួយទៀត​របស់​កាកបាទក្រហមកម្ពុជា។ ខ្ញុំ​ជឿជាក់ថា គណៈ​អភិបាល និង​ក្រុម​ប្រតិបត្តិ​នៃ​សាខានីមួយៗ នឹង​បន្ត​បំពេញ​ដើម្បី​បុ​ព្វ្ហ​ហេតុ​នៃ សកម្មភាព​មនុស្សធម៌ ដើម្បី​មុខមាត់ និង​កិត្តិនាម​របស់​កាកបាទ​ក្រហម​កម្ពុជា និង​សូម​ប្រើ​ឱ្យអស់​សមត្ថភាព​សមាជិក-សមាជិកា​គណៈកម្មាធិកា​រ​សាខា ព្រោះ​ពួកគាត់​ជា​កម្លាំង​ដ៏​មាន​ឋា​ម​ពល​សម្រាប់​ជួយ​យើង។

 

អត្ថបទ​ដោយៈ ស៊ន សុទ្ធា​បញ្ញា

Fist Prev 103 104 105 106 107 Next Last