Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

កិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ ឆ្នាំ២០១៨-២០១៩ ទិសដៅអនុវត្តបន្ត និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែ​អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ​ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា​ ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា បានអញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបូកសរុបលទ្ធផល​ការងារយុវជនកាកបាទក្រហម​កម្ពុជា សាខា រាជធានីភ្នំពេញ​ ឆ្នាំ២០១៨-២០១៩ ទិសដៅអនុវត្តបន្ត​ និងបំពាក់កន្សែងយុវជន​កាកបាទក្រហមកម្ពុជា​ ចំនួន ២,០៥២ នាក់ ដែលរៀន​នៅវិទ្យាល័យ និងអនុវិទ្យាល័យ​ ចំនួន ២៧ ក្នុងរាជធានីភ្នំពេញ។

ពិធីនេះបានប្រព្រឹត្តទៅនៅ​សាលមហោស្រពកោះពេជ្រ​ ដោយមានការអញ្ជើញ​ចូលរួមពី សម្តេច ឯកឧត្តម លោកជំទាវ ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់​ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ​ថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជា តំណាងគណៈកម្មាធិការ​អន្តរជាតិកាកបាទក្រហម​ប្រចាំកម្ពុជា តំណាងសហព័ន្ធ​អន្តរជាតិប្រចាំកម្ពុជា គណៈកិត្តិយស-​គណៈកម្មាធិការសាខា ​មន្ត្រីប្រតិបត្តិ ភ្ញៀវកិត្តិយស​ លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា​ សរុបចំនួន ៣,៨០០នាក់។

នៅក្នុងឱកាសដ៏ឱឡារិកនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ បានថ្លែងនូវសេចក្តីរីករាយ​ និងបានពាំនាំនូវ​ព្រះ រាជទានសេចក្តីនឹករលឹក និង​ព្រះរាជឱង្ការផ្តាំសួរសុខទុក្ខ ប្រកប​ដោយព្រះរាជហឫទ័យស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត​អំពី សម្តេចព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ​ព្រះប្រធានកិត្តិយស​កាកបាទក្រហមកម្ពុជា ជូនចំពោះ​ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា​ លោកឧកញ៉ា លោក លោកស្រី និងសមាជិក-​សមាជិកាទាំងអស់ ពិសេសអ្នកស្ម័គ្រចិត្ត ​និងក្មួយៗយុវជន​កាកបាទ ក្រហមកម្ពុជានៅទូទាំងប្រទេស​ សូមមានសុខភាព ​ល្អ ប្រាជ្ញាឈ្លាសវៃ ​មានចំណេះដឹង មានសីលធម៌ ​សក្តិសម ជាកម្លាំងស្នូល និងជា​ធនធានមនុស្សដ៏មាន​សារៈសំខាន់ សម្រាប់ការ អភិវឌ្ឍ​ប្រទេសជាតិយើង។

ជាមួយគ្នានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានថ្លែងនូវការកោតសរសើរ ​វាយតម្លៃខ្ពស់និង​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ​សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ថ្នាក់ដឹកនាំគ្រឹះស្ថាន​ មធ្យមសិក្សា ឧត្តមសិក្សា រាជធានីភ្នំពេញ​ ទីប្រឹក្សាយុវជន ប្រធានក្លឹបយុវជន​ និងថ្នាក់ដឹកនាំសាខា​កាកបាទក្រហមកម្ពុជា ទាំង ២៤ខេត្ត ដែលបាន​ខិតខំប្រឹងប្រែងសហការ​រួមគ្នាអនុវត្តទិសដៅ និង​ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយស្មារតីទទួលខុសត្រូវខ្ពស់ ​ក្នុងការបំពេញបេសកកម្ម​មនុស្សធម៌ ការពង្រឹងសមត្ថភាព ​និងការពង្រីកបណ្តាញយុវជន​កាកបាទក្រហម ដោយឈរ​លើយុទ្ធសាស្ត្រ ២០១១-២០២០ ​និងវិស័យស្នូលទាំងបួន​របស់កាកបាទក្រហមកម្ពុជា រហូតសម្រេច​បានសមិទ្ធផល និងស្នាដៃ​ជាច្រើនគួរឱ្យកត់សម្គាល់។

ទន្ទឹមនឹងនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានថ្លែងនូវការកោតសរសើរ ​និងវាយតម្លៃខ្ពស់ចំពោះក្មួយៗយុវជនកាកបាទក្រហម ដែលមាន​ស្មារតីស្នេហាជាតិ បានចូលរួមបំពេញការងារមនុស្សធម៌​យ៉ាងសស្រាក់សស្រាំ ស្របតាមគោលនយោបាយ​យុវជនកាកបាទក្រហមកម្ពុជា ​និងស្របតាមកម្មវិធីនយោបាយ​អភិវឌ្ឍយុវជនរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។ លើសពីនេះទៀត ក្មួយៗ ​បាននិងកំពុងបំពេញបង្គ្រប់​នូវគុណតម្លៃនៃតួនាទីជាជំនួយការឱ្យអាជ្ញាធរ​សាធារណៈ ក្នុងវិស័យមនុស្សធម៌​ ដែលជា តួនាទីទោល​របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម​ ហើយកាកបាទក្រហមកម្ពុជា តែងតែ​បានប្រកាន់ខ្ជាប់ជារៀងដរាបមក។

ក្នុងឱកាសនេះដែរ ដើម្បី​ឱ្យយុវជនកាកបាទក្រហមកម្ពុជា ​បានចូលរួមកាន់តែទូលំទូលាយ និងធ្វើសកម្មភាពកាន់តែប្រសើរឡើង ប្រកបដោយប្រសិទ្ធភាព​ក្នុងការផ្តល់សេវាកម្មមនុស្សធម៌​ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ឱ្យបានទាន់ពេលវេលា​នៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានចែករំលែកនូវអនុសាសន៍​មួយចំនួនដល់អង្គពិធីដូចខាងក្រោម ៖
១- ត្រូវរួមគ្នាបន្តពង្រឹង និង ពង្រីកកម្លាំង​យុវជនកាកបាទក្រហមកម្ពុជា​ តាមលទ្ធភាពជាក់ស្តែងរបស់សាខានីមួយៗ តាមរយៈ​ការពង្រឹងសមត្ថភាពយុវជន ការផ្តល់ឱកាសស្វ័យភាព​ ការគ្រប់គ្រងសកម្មភាពការងារ​បណ្តុះបណ្តាលមុខជំនាញ​ ដើម្បីចូលរួមសកម្មភាពត្រៀមបង្ការទៅ​នឹងគ្រោះមហន្តរាយ ការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ​ការបរិច្ចាគឈាម ការសម្អាតបរិស្ថាន និង ​ការដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើតបរិស្ថានឱ្យបានកាន់តែល្អប្រសើរ សម្រាប់​សង្គមជាតិ។ 
២- ត្រូវរួមគ្នាបន្តពង្រឹងសកម្មភាព មិត្តអប់រំមិត្ត មិត្តជួយមិត្ត ​នៅគ្រប់ក្លិបយុវជនកាកបាទក្រហមកម្ពុជា តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់សិស្ស-និស្សិត ​ដែលមានជីវភាពលំបាកក្នុងការសិក្សា​ និងការរស់នៅប្រចាំថ្ងៃ នៅតាមសាលា និង​សាកលវិទ្យាល័យ ប្រកបដោយប្រសិទ្ធភាព ត្រូវរួមចំណែក​ផ្តល់ចំណេះដឹងស្តីពីវិជ្ជាសង្គ្រោះបឋម ការថែទាំអនាម័យ​និងសុខភាព ការការពារជំងឺឆ្លង ​ជំងឺមិនឆ្លងក្នុងសហគមន៍ ត្រូវជួយផ្សព្វផ្សាយអប់រំសុខភាពក្នុងគ្រាឤសន្ន​ នៅតាមសាខាទាំង ២៥ រាជធានី-ខេត្ត។
៣- ត្រូវរួមគ្នាបន្តពង្រឹងយន្តការ​គ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា ​ដែលមានស្រាប់ តាមរយៈការផ្តល់បណ្ណសម្គាល់ខ្លួនដល់យុវជន និង ការពង្រឹង​កិច្ចសហប្រតិបត្តិការថ្នាក់ជាតិ ​និង អន្តរជាតិ តាមរយៈការធ្វើទស្សនកិច្ចសិក្សា ផ្លាស់ប្តូរ​បទពិសោធន៍ សិក្ខាសាលា វេទិកាយុវជន ​និង វគ្គបណ្តុះ បណ្តាលនានា​ ដើម្បីធានាសុខដុមនីយកម្ម និង ​រឹតចំណងមិត្តភាព សាមគ្គីភាព ក្នុងចំណោមយុវជន​ ទាំងក្នុងក្របខណ្ឌជាតិ តំបន់ និង អន្តរជាតិ។
៤- ត្រូវបន្តឱ្យមានវគ្គបណ្តុះបណ្តាល​ជាបន្តបន្ទាប់ដល់យុវជន រួមទាំងការបន្តផ្សព្វផ្សាយនូវសេចក្តីណែនាំនានា របស់កាកបាទក្រហមកម្ពុជា ឱ្យបានប្រកប​ដោយប្រសិទ្ធភាព និងទូលំទូលាយ ដើម្បីងាយស្រួលក្នុងការ​បំពេញសកម្មភាពមនុស្សធម៌ នៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។ 
៥- ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត ​ជាពិសេសការលើកទឹកចិត្តយុវជនឱ្យចូលរួមជាកម្លាំងស្ម័គ្រចិត្ត ដើម្បីធានា​បាននូវវឌ្ឍនភាព និងចីរភាពនៃកម្លាំង​មនុស្សធម៌វ័យក្មេង សម្រាប់បន្តវេនក្នុងសកម្មភាពជួយសហគមន៍​ នៅគ្រប់រាជធានី-ខេត្ត។ 
៦- ត្រូវបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងការចេះជួយគ្នា​ទៅវិញទៅមក ជាមួយអង្គការយុវជននានា និងបណ្តាញយុវជននៅគ្រប់ជំនាន់ ដោយមិនត្រូវមើលស្រាលអ្នកដទៃ ​និងការបែងចែកប្រកាន់​បក្សពួក ដែលឤចធ្វើឱ្យបែកបាក់សាមគ្គីភាព នៅក្នុង​ចំណោមយុវជនកាកបាទក្រហមកម្ពុជា។ 
៧- សូមក្មួយៗយុវជន​កាកបាទក្រហមកម្ពុជា​ទាំងអស់ មានស្មារតីទទួលខុសត្រូវខ្ពស់ ​នៅពេលបំពេញភារកិច្ចរបស់ខ្លួន ក្មួយៗត្រូវផ្សារភ្ជាប់​ចំណេះវិជ្ជារបស់ក្មួយៗ ដែលមានស្រាប់​ ទៅនឹងការអនុវត្ត ​និងការសិក្សាជំនាញថ្មីៗ ដែលទើប​ទទួលបាន ដើម្បីក្មួយៗឤច​ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ​នៅក្នុងសហគមន៍បានទាន់ពេលវេលា និងប្រកប​ដោយប្រសិទ្ធភាព៕

 

ពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ចំនួន ៧ ក្នុងរាជធានីភ្នំពេញ

កក្រក ៖ នៅរសៀលថ្ងៃពុធ ១រោច ខែ​អាសាធ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី ១៧ ខែ​កក្កដា ឆ្នាំ២០១៩ ឯកឧត្តម​ ពិត ចំណាន សមាជិក​គណៈកម្មាធិការកណ្ដាល ​និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់​សកម្មភាពយុវជន ​និងអ្នកស្ម័គ្រចិត្ត ​កាកបាទក្រហមកម្ពុជា ​និងឯកឧត្ដម ​សុះ មុះសិន អនុប្រធាន​សហភាពសហព័ន្ធ​យុវជនកម្ពុជា អញ្ជើញជា​អធិបតីក្នុងពិធីសំណេះសំណាល​ និងបំពាក់កន្សែងយុវជន​កាកបាទក្រហមកម្ពុជា ​ចំនួន៤៣៨នាក់ ​មកពីគ្រឹះស្ថានឧត្តម​សិក្សា ចំនួន ៧ ក្នុងរាជធានីភ្នំពេញ​ដោយមានការអញ្ជើញ​ចូលរួមពី មន្ត្រីទីស្នាក់កណ្ដាល ​សាកលវិទ្យាធិការ​ ប្រធានកិត្តិយសក្លឹប ​ទីប្រឹក្សាយុវជន តំណាង​សាកលវិទ្យាល័យមួយចំនួន​ សាស្ត្រាចារ្យ យុវជន និង​និស្សិតសរុបចំនួន ៤៥០ នាក់។

នៅក្នុងឱកាសនោះដែរ ​ឯកឧត្តម ពិត ចំណាន បានពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ​ និងសេចក្ដីកោតសរសើរ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបាន​ផ្ដល់នូវអនុសាសន៍សំខាន់ៗ​មួយចំនួនជូនដល់យុវជនដែលមាន​វត្តមានក្នុងពិធីនោះរួមមាន៖
១- សូមបន្ដខិតខំប្រឹងប្រែង​រៀន សូត្រ ដើម្បីពង្រឹង និងពង្រីក​ចំណេះដឹងរបស់ខ្លួន​ឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាព​រីកចម្រើនរបស់ប្រទេសជាតិ​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ​របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។ 
២- បន្ដពង្រឹង និងពង្រីក​បណ្ដាញយុវជន កក្រក​ ពីក្នុងចំណោមនិស្សិ​តនៅសាកលវិទ្យាល័យ ​ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារ​មនុស្សធម៌ ជាប់ជាប្រចាំ។
៣- សូមយកចិត្តទុកដាក់​ចំពោះសិស្ស និស្សិត និងយុវជន​កាកបាទក្រហមកម្ពុជា ដែលមាន​ជីវភាព ខ្វះខាត ហើយកំពុងសិក្សានៅក្នុង​សាកលវិទ្យាល័យជាមុន ​និងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា​ នៅតាមសហគមន៍ជាក្រោយ។
៤- បន្តលើកទឹកចិត្តដល់​សមាជិកយុវជន កក្រក ដែលសកម្ម​នឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាព​មនុស្សធម៌នានាឱ្យបាន​កាន់តែច្រើនថែមទៀត។
៥- បន្ដលើកកម្ពស់នូវវប្បធម៌​ចែករំលែក មិត្តអប់រំមិត្ត​ យកចិត្តទុកចំពោះ​និស្សិត បុគ្គលិកសិក្សា នៅក្នុងគ្រឹះស្ថានឧត្តមសិក្សាខ្លួនជាមុន ​ស៊ឹមគិតសិស្ស និស្សិត ​និងប្រជាពលរដ្ឋងាយរងគ្រោះ​ក្នុងសហគមន៍ជាក្រោយ។
៦- សូមបន្ដធ្វើសកម្មភាព​ទាំងឡាយណាដែលផ្ដល់​ប្រយោជន៍ដល់សង្គមជាតិ​ ដោយធ្វើខ្លួនជាកូនល្អ​ និស្សិតល្អ និងពលរដ្ឋល្អ ចៀសវាងចាញ់​បោកការឃោសនារបស់​ជនអគតិមួយក្ដាប់ តូចដែលតែងតែ​បំពុលសង្គមតាមគ្រប់រូបភាព។

ជាមួយគ្នានេះដែរ ឯកឧត្ដម សុះ មុះសិន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋម្នាក់ៗមាននិន្នាការ ជំនឿសាសនា ខុសៗគ្នា ប៉ុន្តែ​ទាំងអស់គ្នាមានគោលដៅ​រួមមួយ គឺដើម្បីអនាគត​កម្ពុជា ហើយយុវជន ​គឺជាភាគហ៊ុនដ៏សំខាន់ក្នុងការចូលរួម​អភិវឌ្ឍប្រទេសជាតិ។

ស្ថិតនៅចំពោះមុខគណៈអធិបតី​ យុវជន កក្រក ៣នាក់ តំណាងសមាជិក​ថ្មីទាំងអស់ ឡើងមាន​ចំណាប់អារមំណ៍ ប្ដេជ្ញាគាំទ្រ ​ដោយគោរព អនុវត្តតាម​មាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា លើគ្រប់សកម្មភាព​មនុស្សធម៌នានា​ក្នុងសង្គម និងធ្វើយ៉ាងណា​ឱ្យក្លាយជាកូនល្អ សិស្ស យុវជន​ និងពលរដ្ឋល្អ​ ជាគំរូគេក្នុងសាលា​ គ្រួសារ និងសង្គមជាតិ៕

 

កាកបាទក្រហមកម្ពុជា ទទួលអាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្រ ចំនួន ១៥០កន្លែង ពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សម្រាប់យុវជនមានជីវភាពលំបាកមកពីបណ្តាខេត្តនានា

(ភ្នំពេញ) ៖ នៅថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៩ នេះ ព្រះសាកលវិទ្យាធិការ​នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា សម្តេច​ព្រះអភិសិរីសុគន្ធាមហា​សង្ឃរាជាធិបតី​កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ​សម្តេចព្រះមហាសង្ឃរាជ​ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រ​កម្ពុជា បានព្រះរាជទាន​ដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នូវអាហារូបករណ៍​ ១០០% ថ្នាក់បរិញ្ញាបត្រ​ ចំនួន ១៥០កន្លែង​ សម្រាប់ផ្តល់ជូនយុវជនដែល​មានជីវភាពលំបាកនៅ​តាមបណ្តាខេត្តនានា ឱ្យទទួលបាន​ឱកាសសិក្សាបន្តថ្នាក់បរិញ្ញាបត្រដោយ​ឥតបង់ថ្លៃរយៈ​ពេល៤ឆ្នាំ ក្នុងឆ្នាំសិក្សា២០១៩-២០២០ ទៅលើ​ឯកទេស ១/ វិទ្យាសាស្ត្រអប់រំ ២/ ទស្សនវិជ្ជា​សាសនា ៣/ ព័ត៌មានវិទ្យា​ ៤/ អក្សរសាស្ត្រអង់គ្លេស ​៥/ នីតិសាស្ត្រ ​និង៦/ គ្រប់គ្រងទូទៅ​។

ក្នុងឱកាសនោះ​ លោកជំទាវ ម៉ែន នារីសោភ័គ​ អគ្គលេខាធិការរងទី ១ កាកបាទក្រហម​កម្ពុជា បានពាំនាំប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលផ្តាំផ្ញើទូលប្រគេនព្រះពរ​ និងថ្លែងអំណរព្រះរាជគុណ​យ៉ាងជ្រាលជ្រៅថ្វាយ ​សម្តេចព្រះមហា​សង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ​នៃព្រះរាជាណាចក្រ​កម្ពុជា ព្រះសាកលវិទ្យាធិការនៃពុទ្ធិក​សាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលព្រះអង្គបាន​ប្រោសព្រះរាជទាន​នូវអាហារូបករណ៍​សម្រាប់យុវជន​ឱ្យទទួលបានការសិក្សាបន្ត ដើម្បីក្លាយខ្លួន​ជាទំពាំងស្នងឬស្សី​ ជាធនធានមនុស្សដ៏សំខាន់​របស់ប្រទេសជាតិ។​ កាកបាទក្រហមកម្ពុជា​ នឹងផ្សព្វផ្សាយពី​អាហារូបករណ៍​ទាំងនេះ​ ទៅតាមសាខា​កាកបាទក្រហមកម្ពុជា​ទាំង​ ២៥​រាជធានី​-ខេត្ត​ ដេីម្បីផ្តល់ដល់យុវជនមានជីវភាពលំបាក​ដែល​នឹងប្រឡងជាប់មធ្យមសិក្សាទុតិយភូមិខាងមុខនេះ។

ក្នុងព្រះបរមនាម ព្រះសាកលវិទ្យាធិការ​នៃពុទ្ធិកសាកល​វិទ្យាល័យព្រះសីហមុនី​រាជា លោក ងួន ស្តេចភក្តី សាកលវិទ្យា​ធិការរង និងគណៈប្រតិភូ បានពាំនាំ​ព្រះបន្ទូលផ្តាំផ្ញើ​ប្រទានពរ និងថ្លែងអំណរ​គុណចំពោះ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអនុញ្ញាត​ឱ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសម​ និងរួមចំណែកក្នុង​កិច្ចសហប្រតិបត្តិការ​លើកកម្ពស់វិស័យ​អប់រំនៅកម្ពុជា។

សូមបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា គឺជាគ្រឹះស្ថាន​ឧត្តមសិក្សារបស់រដ្ឋ ដោយបានប្រោសព្រះរាជទាន​នាមពី ព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​និងទទួលស្គាល់គុណភាព​អប់រំពីគណៈកម្មាធិការ​ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា​ (ហៅកាត់ថា ACC) ក្នុងការបណ្តុះបណ្តាល​ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។ ពុទ្ធិកសាកល​វិទ្យាល័យព្រះសីហមុនីរាជា បានជ្រើសរើស​សាមណនិស្សិត-និស្សិត បាន១៤ជំនាន់មកហើយ ដោយមាននិស្សិតបញ្ចប់ការសិក្សា​តាំងពីឆ្នាំ២០០៤ ដល់បច្ចុប្បន្នចំនួន ៣,២១៥នាក់​ (ស្រី​ ១,៤៤៦នាក់)។ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ មានសាមណនិស្សិត-និស្សិត ១,០៧៥នាក់ និងនិស្សិត​ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានក្នុងឆ្នាំសិក្សា២០១៩-២០២០ ចំនួន ៥៣៣នាក់ ដែលសរុប​សាមណនិស្សិត-និស្សិត​កំពុងសិក្សាមានចំនួន ១,៦០៨នាក់​ (ស្រី​ ៨៦៨នាក់)។ អាសយដ្ឋាន​ស្ថិតនៅក្នុងបរិវេណ​វត្តស្វាយពពែ​ ផ្លូវសុធារស​ សង្កាត់ទន្លេបាសាក់ ​ខណ្ឌចំការមន រាជធានីភ្នំពេញ ​ទល់មុខស្ថានទូតរុស្ស៊ី​ ក្បែរផ្សារទំនើបអ៊ីអន១​ ៕

 

ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ថ្មីនៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច

កក្រក ៖ នៅរសៀលថ្ងៃចន្ទ ១៤កើត ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩ សាកលវិទ្យាល័យ​ ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ​បានរៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហម​កម្ពុជា ថ្មី ចំនួន ១០១នាក់ ក្រោមអធិបតីភាព ​ឯកឧត្តម ពិត ចំណាន​ សមាកជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធាន​អចិន្ត្រៃយ៍ក្រុមការងារ​ទ្រទ្រង់សកម្មភាពយុវជន​ និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងឯកឧត្ដម ​សុះ មុះសិន អនុប្រធាន​សហភាពសហព័ន្ធយុវជន​កម្ពុជា ដោយមានការអញ្ជើញចូលរួមពី ​មន្ត្រីទីស្នាក់កណ្ដាល ​ទីប្រឹក្សាយុវជន តំណាង​សាកលវិទ្យាល័យមួយចំនួន សាស្ត្រាចារ្យ យុវជន និងនិស្សិតសរុប​ចំនួន ១៣០នាក់។

នៅក្នុងឱកាសនោះដែ​រ ឯកឧត្តម ពិត ចំណាន បានពាំនាំ​នូវប្រសាសន៍ផ្ដាំផ្ញើសួរ​សុខទុក្ខ និងសេចក្ដីកោតសរសើរ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ព្រមទាំងបានផ្ដល់​នូវអនុសាសន៍​សំខាន់ៗមួយចំនួនជូនដល់យុវជនដែល​មានវត្តមានក្នុង​ពិធីនោះរួមមាន៖
១- សូមបន្ដខិតខំ​ប្រឹងប្រែងរៀន សូត្រ ដើម្បីពង្រឹង​ និងពង្រីកចំណេះដឹង​របស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាម​ស្ថានភាពរីកចម្រើនរបស់​ប្រទេសជាតិ ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃ របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។ 
២- បន្ដពង្រឹង និងពង្រីក​បណ្ដាញយុវជន កក្រក ពីក្នុង​ចំណោមនិស្សិតនៅសាកល​វិទ្យាល័យ ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌​ ជាប់ជាប្រចាំ។
៣- សូមយកចិត្តទុកដាក់​ចំពោះសិស្ស និស្សិត ​និងយុវជនកាកបាទក្រហមកម្ពុជា ​ដែលមានជីវភាព ខ្វះខាត ហើយកំពុងសិក្សានៅក្នុងសាកល​វិទ្យាល័យជាមុន និងសិស្ស និស្សិត កុមារកំព្រា ​ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។
៤- បន្តលើកទឹកចិត្តដល់សមាជិក​យុវជន កក្រក ដែល​សកម្មនឹងការងារទៅ​តាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌​នានាឱ្យបានកាន់តែច្រើនថែមទៀត។
៥- បន្ដលើកកម្ពស់នូវវប្បធម៌​ចែករំលែក មិត្តអប់រំមិត្ត ​អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ ទៅកាន់សិស្ស និស្សិត និងយុវជន ​កក្រក នៅក្នុងសាកលវិទ្យាល័យ​ និងសហគមន៍នានា។
៦- សូមបន្ដធ្វើសកម្មភាព​ទាំងឡាយណាដែលផ្ដល់ប្រយោជន៍​ដល់សង្គមជាតិ ដោយធ្វើ​ខ្លួនជាកូនល្អ និស្សិតល្អ និងពលរដ្ឋល្អ ចៀសវាង​ចាញ់បោកការឃោសនា​របស់ជនអគតិមួយក្ដាប់ តូចដែល​តែងតែបំពុលសង្គមតាមគ្រប់រូបភាព។

ជាមួយគ្នានេះដែរ ​ឯកឧត្ដម សុះ មុះសិន បានមានប្រសាសន៍ថា ​ប្រជាពលរដ្ឋម្នាក់ៗមាន​គោលដៅខុសៗគ្នា ប៉ុន្តែទាំងអស់គ្នា​មានគោលដៅរួមមួយ​ គឺដើម្បីអនាគតកម្ពុជា ហើយយុវជន ​គឺជាភាគហ៊ុនដ៏សំខាន់ក្នុងការចូលរួម​អភិវឌ្ឍប្រទេសជាតិ៕

 

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត មកពី ៣២ភូមិ ៣ឃុំ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

កក្រក៖​ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​​ ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន​ ៣២៧គ្រួសារ ដែលមកពី ៣២ភូមិ ៣ឃុំ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់​ ​លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ អាណិតស្រឡាញ់​យ៉ាងជ្រាលជ្រៅ​ និងនាំយកអំណោយសម្រាលការ​លំបាកសម្រាប់ចែកជូនប្រជាពលរដ្ឋទាំងអស់​ ដែលអំណោយទាំងនេះទទួលបានពីសប្បុរសជនជាពិសេសក្នុងឱកាសទិវា​ពិភពលោកកាកបាទក្រហម​ ​និងអឌ្ឍចន្ទក្រហម ៨​ ឧសភា។ ជាមួយគ្នានេះ​ លោកជំទាវអគ្គលេខាធិការ បានពាំនាំសារអំពាវនាវរបស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ​ទាំងអស់ឱ្យយកចិត្តទុកដាក់ថែទាំ​សុខភាព​ ជាពិសេស សូមប្រុងប្រយ័ត្ន និងកុំឲ្យមូសខាំ កុំឲ្យកើតជំងឺគ្រុនឈាម ត្រូវគេងក្នុងមុង ​និងត្រូវបំបាត់ជម្រកមូសជុំវិញផ្ទះ និងក្នុងសហគមន៍របស់ខ្លួន ដេីម្បីជៀសវាងជំងឺគ្រុនឈាមដែលកំពុងរាលដាលលើ​មនុស្សគ្រប់វ័យ។ ត្រូវជៀសឆ្ងាយពីគ្រឿងញៀន​ គ្រឿងស្រវឹង​ និងល្បែងស៊ីសង​ ដែលជាប្រភពនៃអំពេីហិង្សា​ ចោរកម្ម​ សម្លាប់មនុស្ស​ -ល-​ ។ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍​ និងបើកបរដោយ​ប្រុងប្រយ័ត្ន​ ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ និងហាមដាច់ខាតការបេីកបរក្រោម​ឥទ្ធិពលនៃគ្រឿងស្រវឹង។ ជាចុងក្រោយនេះ​ សូមស្ត្រីមានផ្ទៃពោះទៅពិនិត្យ​សុខភាពឲ្យបាន៤ដងមុនពេលសម្រាល។

ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ​ និងផ្សារភ្ជាប់ជានិច្ចជាមួយសុខទុក្ខ​របស់ប្រជាពលរដ្ឋដោយក្តីមេត្តា​ ករុណា​ និងគ្មានការរេីសអេីងអ្វីឡេីយ។

បន្ទាប់ពីបញ្ចប់ពិធីចែកអំណោយទាំងពីរកន្លែងរួចមក លោកជំទាវអគ្គលេខាធិការ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនចាស់ជរាគ្មានទីពឹងចំនួន ៤គ្រួសារ នៅក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ មុង១​ ភួយ១​ សារុង​ ១​ ក្រមា១​ អាវយឺត​ ១​ និងថវិកា​មួយចំនួន។ ដោយឡែក​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ បានឧបត្ថម្ភក្នុងម្នាក់​ៗ​ នំប៉័ង​ ១ដើម​ និងទឹកសុទ្ធ​ ១ដប។

សូមបញ្ជាក់: ក្នុងឱកាសនោះដែរ​ លោកជំទាវអគ្គលេខាធិការ ​ក៏បាននាំយក ទៀនវស្សា​មួយគូ ទេយ្យទាន និងបច្ច័យមួយចំនួន​ ប្រគេនដល់វត្ត​សង្កែសាទប និងវត្តតាំងរបង សម្រាប់បុណ្យចូលព្រះវស្សា៕

 

1 2 3 4 5 Next Last