Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កណ្តាល

សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល រៀបចំ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចម៉ែ

សាខា កក្រក ខេត្តកណ្តាល ៖រសៀល​ថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​ ១៣ ខែ មិថុនា ឆ្នាំ២០១៨ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល​ បានរៀបចំ​ពិធីសូត្រមន្ត​ចម្រើន​ព្រះជន្មថ្វាយ សម្តេចព្រះមហាក្សត្រី ​នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល​ ព្រះប្រធានកិត្តិយស​កាកបាទក្រហម​កម្ពុជា នៅទីស្នាក់ការ​សាខាកាកបាទក្រហម​កម្ពុជាខេត្តកណ្តាល ។ ពិធីនេះមានកិត្តិយស​ដោយបានការអញ្ជើ​ញចូលរួមពី ឯកឧត្តម នួន ផា អនុប្រធានកិត្តិយសសាខា តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃចំនួន ៩ អង្គ លោកជំទាវភរិយាថ្នាក់ដឹកនាំខេត្ត គណៈអភិបាលខេត្ត សមាជិកសមាជិកាគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត អនុសាខាកាកបាទក្រហម​កម្ពុជាក្រុង​តាខ្មៅ យុវជនកាកបាទក្រហមកម្ពុជា និង តាជី​យាយជី​ជាពុទ្ធបរិស័ទ ប្រមាណជាង ៧០ អង្គ/នាក់ ។

 

ក្នុងឱកាសដ៏នក្ខត្តឫក្ស​នៃពិធីបុណ្យចម្រើន​ព្រះជន្មវស្សាថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ ព្រះប្រធានកិត្តិយស​កាកបាទក្រហមកម្ពុជា តាំងនាមទូលព្រះបង្គំ ខ្ញុំម្ចាស់ជាប្រធាន អនុប្រធាន​គណៈកិត្តិយស​សាខា សមាជិក​សមាជិកាគណៈកម្មាធិការសាខា អនុសាខាកាកបាទក្រហម កម្ពុជា​គ្រប់ស្រុក-ក្រុង មន្ត្រី បុគ្គលិក​ក្រុមប្រតិបត្តិសាខា ក្រុមកាកបាទក្រហម​ឃុំ/សង្កាត់ អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម យុវជនកាក បាទក្រហមកម្ពុជាទូទាំង​ខេត្តកណ្តាល ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត​ដ៏ខ្ពង់ ខ្ពស់បំផុត លំឱនកាយ​លើកហត្ថប្រណម្យ​បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃទេវតាថែ រក្សាព្រះមហាស្វេតច្ឆ័ត្រ និងគុណបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រទានព្រះពរជ័យ សិរីមង្គលបវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រីព្រះវរ រាជមាតា ជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបតែនឹងព្រះបរមសុខគ្រប់ ប្រការ ​ដើម្បីគង់ប្រថាប់​ជាម្លប់ដ៏ត្រជាក់​ត្រជុំ ជាទីជ្រកកោន​របស់ប្រជារាស្ត្រ​ទូទាំងព្រះរាជាណាចក្រ កម្ពុជា រស់នៅ​ដោយទទួល​បានសេចក្តីសុខសន្តិភាព​សុភមង្គល និងការអភិវឌ្ឍន៍​រីកចម្រើន​ថ្កុំថ្កើងរុងរឿង ជានិច្ចនិរន្តរ៍​តរៀងទៅ ៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល បានប្រារព្ធសន្និបាតអាណត្តិទី៥

សាខាកក្រក ខេត្តកណ្ដាល ៖ យោងតាមលក្ខន្តិកៈ​ និងវិធាននៃ​នីតិក្រម​របស់កាកបាទក្រហមកម្ពុជា​ ក្នុងផ្នែកទី​ ៦​ វិធានទី​ ៣៣​ ស្តីពីសន្និបាតសាខា​ និងយោងមាត្រា​ ២៤​ កថាខណ្ឌទី​ ៣​ នៃលក្ខន្តិកៈកាកបាទក្រហមកម្ពុជា​ នៅថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី​ ៨ ខែ​មេសា ឆ្នាំ២០១៨​ ​ សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តកណ្ដាល បានប្រារព្ធ​សន្និបាត​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកណ្ដាល ​អាណត្តិទី៥ (២០១៩-២០២៤)។

សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព​ លោកជំទាវ​ ពុំ ចន្ទីនី ​អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងអញ្ជើញ​ចូលរួមពី ​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ​ ប្រធានកិត្តិយស​សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល​ព្រមទាំង​ សមាជិក-សមាជិកាពេញសិទ្ធិ​ចំនួន​ ១៣០នាក់​ មន្ត្រី​បច្ចេកទេសទីស្នាក់ការកណ្តាល​ មន្ទីរពាក់ព័ន្ធ​ អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហមកម្ពុជា​ សរុប​ ចំនួន​ ៣០០នាក់។

គោលបំណងសំខាន់នៃ​សន្និបាតនេះ​ មាន​ ២ចំណុចគឺ​ ៖​ 
១/​ ស្តាប់​ និងកែលម្អ​របាយការណ៍សកម្មភាព​ការងារ​ និងហិរញ្ញវត្ថុ​ ដែលសម្រេចក្នុងរយៈពេល​កន្លងមក​ (២០១៤-២០១៧)​ និងអនុម័តផែនការទិសដៅបន្តអាណត្តិទី៥ (២០១៩-២០២៤)
២/ បោះឆ្នោតជ្រើសរើសប្រធាន​គណៈកម្មាធិការសាខា​ សមាជិក​ និងសមាជិកបំរុង​ ជំនួសប្រធានគណៈកម្មាធិការសាខា​ និងសមាជិកដែលបានផ្ទេរភារកិច្ច។

​ក្នុងឱកាសនោះ​ សន្និបាត បានបោះឆ្នោតទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខា​ ចំនួន​ ១៥នាក់​ ដែលមាន ប្រធាន​ ១នាក់​ អនុប្រធាន​ ១នាក់​ ហេរញ្ញិក​ ១នាក់ លេខាធិការ​ ១នាក់ សមាជិក-សមាជិកា​ ៩នាក់ និងសមាជិកបម្រុង​ ២នាក់​ ដែលមានសន្លឹកឆ្នោតយល់ព្រមចំនួន​ ១២៨ និងអនុបវាទ​ចំនួន ២​ លើសន្លឹកឆ្នោតសរុបចំនួន​ ១៣០។

ជាចុងក្រោយ​ ឯកឧត្តម​ គង់ សោភ័ណ្ឌ ​ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកណ្ដាល អាណត្តិទី​ ៥ បានធ្វើការប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​ បន្តអនុវត្តឱ្យបានជោគជ័យជាបន្តបន្ទាប់​ នូវទិសដៅយុទ្ធសាស្ត្រ​ និងផែនការ​សកម្មភាព​ឱ្យទទួលបានកាន់តែ​មានប្រសិទ្ធភាព​ និងទទួលបានការគាំទ្របន្ថែមទៀត​៕

 

សាខាកក្រកខេត្តកណ្តាល ចុះសួរសុខទុក្ខ ស្រ្តីសម្រាលកូន នៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ

សាខា កក្រក ខេត្តកណ្តាល ៖ ថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ ក្រុមកាងារសាខាកាកបាទក្រហម​កម្ពុជាខេត្តកណ្តាល ដឹកនាំដោយ​លោកជំទាវ សុខ កែវ ច័ន្ទសារុន អនុប្រធានកិត្តិយស​សាខា ព្រមទាំងមាន​ការអញ្ជើញរួមដំណើរ​ពីសំណាក់លោកជំទាវ​ភរិយាថ្នាក់ដឹកនាំខេត្ត សមាជិកគណៈកម្មាធិការសាខា អនុសាខាស្រុកកោះធំ និងសប្បុរសជន​មួយចំនួនទៀត បានអញ្ជើញចុះសួរសុខទុក្ខ និងយកអំណោយ​មនុស្សធម៌ ឧបត្ថម្ភជូន​ដល់ស្រ្តីសម្រាល​កូន ចំនួន ១៤ នាក់ ស្រ្តីមានផ្ទៃពោះ ៣០ នាក់ និងអ្នកជំងឺ​ទូទៅចំនួន ៤៥ នាក់ សរុបរួមចំនួន ៩២ នាក់ នៅមន្ទីរពេទ្យបង្អែក​ស្រុកកោះធំ ខេត្តកណ្តាល ។ ក្នុងនាមគណៈកម្មាធិការ​សាខា លោកជំទាវ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក​ពីសំណាក់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ។ លោកជំទាវបន្តថា ជានិច្ចកាលសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិតប្រធាន តែងតែគិតគូរ​ជានិច្ចពីសុខទុក្ខប្រជាពលរដ្ឋ​ក្រីក្រទូទៅ ដែលមានជីវភាពខ្វះខាត ជនរងគ្រោះ និង​ជនងាយរងគ្រោះ​ដោយមិនប្រកាន់វណ្ណៈ សាសនា ពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការ​នយោបាយឡើយ ។ បន្ទាប់មក​លោកជំទាវ ក៏បានផ្សព្វផ្សាយ​នូវខ្លឹមសារនៃ​សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាពស្ត្រី និង​កុមារ ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងទិវាសុខភាព​មាតា ទារក និងកុមារ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០១៨ ។

 

អំណោយមនុស្សធម៌ដែលបានឧបត្ថម្ភជូនដល់អ្នកសម្រាលកូន ចំនួន ១៤ នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ១០ ម៉ឺនរៀល សារុង ១ និងកញ្ចប់ជំនួយសម្រាប់ទារក ១ឈុត ។ ចំពោះស្ត្រីដែលមកពិនិត្យផ្ទៃពោះ ៣០ នាក់ និងអ្នកជំងឺរបេង ៣ នាក់ ក្នុងម្នាក់ៗថវិកា ៤ ម៉ឺនរៀល , អ្នកជំងឺទូទៅ ៤៥ នាក់ ក្រុមគ្រូពេទ្យ, យុវជន-អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល ។ ជាមួយគ្នានេះ សាខាបានឧបត្ថម្ភជូនដល់​គ្រួសារសព ដែលបានស្លាប់​នៅក្នុងមន្ទីរពេទ្យក្នុងខណៈដែលប្រតិភូសាខា កំពុងចុះសួរសុខទុក្ខ ថវិកាសរុប ២០ ម៉ឺនរៀលផងដែរ ៕

 

ពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានៅខេត្តកណ្តាល

សាខា កក្រក ខេត្តកណ្តាល ៖ព្រឹកថ្ងៃ​ អាទិត្យ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៨ សាខា​កាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំ​ពិធីបំពាក់កន្សែង​យុវជន​កាកបាទក្រហម​កម្ពុជា ចំនួន ៥០០ នាក់ ស្រី ២៧០ នាក់ មកពី​វិទ្យាល័យ ១០ ក្នុងស្រុក-ក្រុង ៥ និងយុវជន​ក្រុមភ្លេង​ព្យុះហ​យាត្រា ក្នុងខេត្តកណ្តាល នៅទីស្នាក់ការ​សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្ត ។ ពិធីនេះប្រព្រឹត្ត​ទៅក្រោមអធិបតីភាព​ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយស​សាខា ព្រមទាំងមាន​ការអញ្ជើញ​ចូលរួម​ជាកិត្តិយស​ពីសំណាក់ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី​គណៈកិត្តិយសសាខា គណៈកម្មាធិការ​សាខា អនុសាខាគ្រប់​ស្រុក-ក្រុង មន្ទីរអង្គភាពជំុវិញខេត្ត លោកនាយកសាលា លោកគ្រូ អ្នកគ្រូ កាយឫទ្ធិ សហភាពសហព័ន្ធ​យុវជន អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​ សិស្សានុសិស្ស និងក្មួយៗយុវជន​កាកបាទក្រហម សរុបចំនួន ៩៤១ នាក់ ។


ឯកឧត្តម មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ​ដ៏ត្រឹមត្រូវប្រកប​ដោយគតិបណ្ឌិតរបស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តោតការយកចិត្ត​ទុកដាក់ខិតខំ​ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើការ​អភិវឌ្ឍយុវជន​កាកបាទក្រហម ឲ្យក្លាយ​ជាធនធានមនុស្ស​ដ៏មានសមត្ថភាព ​មានបទពិសោធន៍​គ្រប់គ្រាន់ និងទឹកចិត្ត​មនុស្សធម៌ សំដៅចូលរួម​ចំណែកអភិវឌ្ឍ​ប្រទេសជាតិ ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត

ព្រឹកថ្ងៃ អង្គារ ៩កើត ខែបុស្ស​ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង​ថ្ងៃទី ២៦ ខែ"ធ្នូ ឆ្នាំ២០១៧ សាខាកាកបាទក្រហម​កម្ពុជា​ខេត្តកណ្តាល បានរៀបចំ​អបអរ សាទរ​ទិវាអន្តរជាតិ​នៃអ្នកស្ម័គ្រចិត្ត ​ក្រោមប្រធានបទ " អ្នកស្ម័គ្រចិត្ត​ដើម្បីអភិវឌ្ឍខ្លួន​អ្នកនិង​សង្គម " ដោយមាន​ការចូលរួមពី​ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយស​សាខាកាកបាទក្រហម​កម្ពុជាខេត្ត ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិកាសាខា និងលោកជំទាវ គឹង ចាន់ឌី គន់ គីម អនុប្រធានកិត្តិយសសាខា និងមានការអញ្ជើញ​ចូលរួមជាកិត្ត្តិយសពីសំណាក់ថ្នាក់​កិត្តិយសសាខា គណៈកម្មាធិការ​សាខា មន្ទីរអង្គភាព​ជុំវិញខេត្ត អនុសាខាក្រុង-ស្រុក អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម សរុប​ប្រមាណជាង ៧០០ នាក់ នៅក្នុងបរិវេណទីស្នាក់ការសាខា ។ ជាមួយគ្នានេះដែរ​ក៏មានការប្រគល់​ប័ណ្ណសរសើរ​ជូនដល់អ្នកស្ម័គ្រចិត្ត ​ចំនួន ២៩០ នាក់ និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៩២ នាក់ផងដែរ ។


ឯកឧត្តមបណ្ឌិត​ប្រធានកិត្តិយសសាខា បាននាំមក​នូវការផ្តាំផ្ញើ​សាកសួរ សុខទុក្ខ​ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនចំពោះ​អ្នកស្ម័គ្រចិត្ត ក្មួយៗយុវជន​កាកបាទក្រហម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញាទាំងអស់​ដោយក្តីនឹករលឹក បំផុត ។

 

ឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណចំពោះអ្នកស្ម័គចិត្ត និងយុវជនកាកបាទ​ក្រហមទាំងអស់ ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត ចូលរួមបម្រើ​សកម្មភាពមនុស្សធម៌ដោយ​ស្ម័គ្រចិត្តក្នុងឆន្ទៈគាំទ្រចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម​អន្តរជាតិ ពិសេសចលនា​កាបាទក្រហម​នៅកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ៕

1 2 3 4 5 Next Last