Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កណ្តាល

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតប្រារព្វទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៨

សាខាកក្រកខេត្តកំពត ៖ នៅព្រឹកថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពត បានរៀបចំប្រារព្ធ​ទិវាអបអរខួបទី ១៥៥ នៃទិវាពិភព​លោកកាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ ២០១៨ ក្រោម​ប្រធានបទ " កាកបាទក្រហមកម្ពុជា​មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណា​ម្នាក់ចោល" ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន ស៊ីម៉ន គណៈកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងឯកឧត្តម ជាវ តាយ ប្រធានកិត្តិយសសាខា ដោយមានការ​អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក​ សមាជិកាគណៈកម្មាធិការ​សាខា ក្រុមប្រតិបត្តិសាខា អនុសាខា​កាកបាទក្រហមកម្ពុជាទាំង៨ មន្ទីរអង្គភាព​ជុំវិញខេត្ត សហភាព​សហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធយុវជន​ស្រលាញ់សន្តិភាព យុវជនកាយរឹទ្ធជាតិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា ព្រះសង្ឃ និងសប្បុរសជនទាំងអស់ សរុបចំនួន ៣,៥០០អង្គ/នាក់ ដែលធ្វើឡើង​នៅពហុកីឡដ្ឋានខេត្ត ស្ថិតនៅក្នុងក្រុងកំពត ខេត្តកំពត។

ទិវានេះប្រព្រឹត្តទៅនៅក្នុងគោលបំណង៖
១. រំលឹកដល់ថ្ងៃកំណើត​របស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិករបស់កាកបាទក្រហម
២. យល់ដឹងអំពីប្រវត្តិចលនារបស់​កាកបាទក្រហម អឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌​អន្តរជាតិ
៣. គៀរគររកមូលនិធិ​ពីសប្បុរសជន​ទាំងអស់ និងឆ្លើយតប​ឲ្យបានទាន់ពេលវេលាក្នុងការជួយសង្រ្គោះ និងជនងាយរងគ្រោះផងដែរ៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅ ស្រុកស្វាយលើ

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.​២៥៦១​ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៨ លោក ស៊ុំ សំអន នាយក​សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប បានអញ្ជើញ​ជួបសំណេះសំណាល និងនាំយក​អំណោយមនុស្សធម៌​ជូនប្រជាពលរដ្ឋ​រងគ្រោះដោយខ្យល់កន្ត្រាក់​កាលពីល្ងាចថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៨ ចំនួន១៤គ្រួសារ (រលំ២ គ្រួសារ និងប៉ះពាល់ធ្ងន់ ១២គ្រួសារ) ក្នុងភូមិតាពឿ ឃុំតាសៀម ស្រុកស្វាយលើ ដែលមាន​ចម្ងាយប្រមាណជា១២០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ។


មានប្រសាសន៍​នាឱកាសនោះ លោក ស៊ុំ សំអន នាយក​សាខាបានពាំនាំ​នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធាន​គណៈកម្មាធិការសាខា ដែល​តែងតែយកចិត្តទុក​ដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ​ណាមួយឡើយ។ លោក ក៏បាន​បន្តថា ថ្វីត្បិតតែ​អំណោយ​មនុស្សធម៌ដែល​បាននាំយកមក​ចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសម​ល្មមនឹងការខាតបង់​របស់បងប្អូន តែក៏អាច​ជួយសម្រាល​ទុក្ខបាករបស់បងប្អូនបាន​មួយកម្រិត ហើយក៏​ជាការបង្ហាញ​នូវការយកចិត្តទុកដាក់​ចំពោះប្រជាពលរដ្ឋ​គ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហម​កម្ពុជា ដូចដែលបាន​លើកឡើងថា “កាកបាទក្រហម​កម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល ។

 

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនម្នាក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី៦ដប ធុងទឹក១គូរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា សម្រាប់គ្រួសាររលំ ១សែនរៀល និងស័ង្កសី១០សន្លឹក ឯគ្រួសារប៉ះពាល់ធ្ងន់ថវិកា ៥ម៉ឺនរៀល និងកៅស៊ូតង់១ ។

 

សាខាកកក្រកខេត្តស្វាយរៀង នាំ អំណោយ ជូនជនរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំចំបក់ ស្រុកស្វាយជ្រំ

សាខាកក្រកខេត្ត​ស្វាយរៀង៖នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៨ ក្រុមការងារ​សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ​ដួង វណ្ណា អនុប្រធាន​កិត្តិយសសាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បាននាំយកអំណោយ​មនុស្សធម៌ របស់សាខាទៅចែកជូន​ដល់គ្រួសារដែល​រងគ្រោះដោយសារ​ខ្យល់កន្ត្រាក់ ៨ គ្រួសារ ដែលរងគ្រោះ​កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅ បណ្តាល​ឲ្យរងការខួចខាតទាំងស្រុង ៤ គ្រួសារ រងផលប៉ះពាល់​មួយផ្នែក ៤ គ្រួសារ នៅឃុំចំបក់ ស្រុកស្វាយជ្រំ ។


ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បាននាំមកនូវ​បណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ចំពោះគ្រួសារ​ដែលរងគ្រោះ និងបានសំដែងនូវ​ការចូលរួម​សោកស្តាយចំពោះ​ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ ដែលបង្ក​ដោយគ្រោះធម្មជាតិនេះ ។ 


អំណោយដែល​បានចែកជូន​ដល់គ្រួសាររងគ្រោះធ្ងន់ ៤ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រី ខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ ថវិកា ២០០,០០០ រៀល គ្រួសាររងគ្រោះមធ្យម ៤ គ្រួសារ ទទួលបាន អង្ករ ៣០ គ.ក្រ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រី ខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ និងថវិកា ៥០,០០០ រៀល ។ ដោយ មើលឃើញពីការលំបាកចំពោះគ្រួសារ​ដែលរងការខូចខាត​ទាំងស្រុង ៤ គ្រួសារ លោកជំទាវបានឧបត្ថម្ភថវិកាបន្ថែម ក្នុង១ គ្រួសារ ១០០,០០០ រៀល បន្ថែមទៀត ។

កិច្ចប្រជុំគណៈកម្មាធិការសាខាខេត្តកំពត ស្តីពីការរៀបចំទិវា ៨ ឧសភា ឆ្នាំ២០១៨

សាខាកក្រកខេត្តកំពត ៖ នារសៀល​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពត បានបើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សាខា ស្តីពី​ការរៀបចំទិវា ៨ ឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ ប្រធានកិត្តិយស​សាខា ដែលមាន​ការអញ្ជើញ​ចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកា​គណៈកម្មាធិការ អនុសាខា ក្រុមប្រតិបត្តិ​សាខា និងក្រុមការងារ​សាខា អនុសាខា​កាកបាទក្រហម​កម្ពុជា ឃុំ សង្កាត់ សរុបចំនួន ៦៣នាក់ (ស្រី ១៣នាក់) ស្ថិតនៅក្នុង​ខេត្តកំពត។

កិច្ចប្រជុំនេះ​ប្រព្រឹត្តទៅនៅក្នុង​គោលបំណង ដើម្បីកែសម្រួល និងអនុម័តលើសេចក្តីព្រាងស្តីពីការបង្កើតគណៈកម្មការរៀបចំ​ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨ ព្រមទាំងដោះស្រាយបញ្ហា​ប្រឈមនានា​ដែលសាខាជួបប្រទះកន្លងមក៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល បានប្រារព្ធសន្និបាតអាណត្តិទី៥

សាខាកក្រក ខេត្តកណ្ដាល ៖ យោងតាមលក្ខន្តិកៈ​ និងវិធាននៃ​នីតិក្រម​របស់កាកបាទក្រហមកម្ពុជា​ ក្នុងផ្នែកទី​ ៦​ វិធានទី​ ៣៣​ ស្តីពីសន្និបាតសាខា​ និងយោងមាត្រា​ ២៤​ កថាខណ្ឌទី​ ៣​ នៃលក្ខន្តិកៈកាកបាទក្រហមកម្ពុជា​ នៅថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី​ ៨ ខែ​មេសា ឆ្នាំ២០១៨​ ​ សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តកណ្ដាល បានប្រារព្ធ​សន្និបាត​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកណ្ដាល ​អាណត្តិទី៥ (២០១៩-២០២៤)។

សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព​ លោកជំទាវ​ ពុំ ចន្ទីនី ​អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងអញ្ជើញ​ចូលរួមពី ​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ​ ប្រធានកិត្តិយស​សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល​ព្រមទាំង​ សមាជិក-សមាជិកាពេញសិទ្ធិ​ចំនួន​ ១៣០នាក់​ មន្ត្រី​បច្ចេកទេសទីស្នាក់ការកណ្តាល​ មន្ទីរពាក់ព័ន្ធ​ អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហមកម្ពុជា​ សរុប​ ចំនួន​ ៣០០នាក់។

គោលបំណងសំខាន់នៃ​សន្និបាតនេះ​ មាន​ ២ចំណុចគឺ​ ៖​ 
១/​ ស្តាប់​ និងកែលម្អ​របាយការណ៍សកម្មភាព​ការងារ​ និងហិរញ្ញវត្ថុ​ ដែលសម្រេចក្នុងរយៈពេល​កន្លងមក​ (២០១៤-២០១៧)​ និងអនុម័តផែនការទិសដៅបន្តអាណត្តិទី៥ (២០១៩-២០២៤)
២/ បោះឆ្នោតជ្រើសរើសប្រធាន​គណៈកម្មាធិការសាខា​ សមាជិក​ និងសមាជិកបំរុង​ ជំនួសប្រធានគណៈកម្មាធិការសាខា​ និងសមាជិកដែលបានផ្ទេរភារកិច្ច។

​ក្នុងឱកាសនោះ​ សន្និបាត បានបោះឆ្នោតទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខា​ ចំនួន​ ១៥នាក់​ ដែលមាន ប្រធាន​ ១នាក់​ អនុប្រធាន​ ១នាក់​ ហេរញ្ញិក​ ១នាក់ លេខាធិការ​ ១នាក់ សមាជិក-សមាជិកា​ ៩នាក់ និងសមាជិកបម្រុង​ ២នាក់​ ដែលមានសន្លឹកឆ្នោតយល់ព្រមចំនួន​ ១២៨ និងអនុបវាទ​ចំនួន ២​ លើសន្លឹកឆ្នោតសរុបចំនួន​ ១៣០។

ជាចុងក្រោយ​ ឯកឧត្តម​ គង់ សោភ័ណ្ឌ ​ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកណ្ដាល អាណត្តិទី​ ៥ បានធ្វើការប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​ បន្តអនុវត្តឱ្យបានជោគជ័យជាបន្តបន្ទាប់​ នូវទិសដៅយុទ្ធសាស្ត្រ​ និងផែនការ​សកម្មភាព​ឱ្យទទួលបានកាន់តែ​មានប្រសិទ្ធភាព​ និងទទួលបានការគាំទ្របន្ថែមទៀត​៕

 

1 2 3 4 5 Next Last