កំពត

សាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះជួយសម្រួលចរាចណ៍នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល

សាខា កក្រក ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា មកពីវិទ្យាល័យចំនួន២ក្នុងក្រុងតាខ្មៅ គឺ ៖ វិទ្យាល័យហ៊ុនសែនតាខ្មៅ ១៤ នាក់ និងវិទ្យាល័ហ៊ុនសែនសេរីភាព ១៤ នាក់ សរុបរួម ២៨ នាក់ ស្រី ១៩ នាក់ ចុះជួយសម្រួលចរាចណ៍នៅចំណុចផ្លូវកែងស្តុបចំនួន ២កន្លែង ៖ ចំណុចទី១ ផ្លូវកែងស្តុប ( ១១៥- ២១ ) និងចំណុចទី២ ផ្លូវកែងស្តុប ( ១១០- ២១) ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។
ចំពោះកាអនុវត្តសកម្មភាពការងារសុវត្ថិភាពចរាចរណ៍នៅចំណុចគោលដៅយ៉ាងទៀងទាត់នេះ ក្នុងគោលបំណងជួយផ្សព្វផ្សាយដល់សាធារណជនទូទៅ ដើម្បីយល់ដឹងជាមូលដ្ឋានអំពីច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានកាន់តែប្រសើរ និងដើម្បីចូលរួមកាត់បន្ថយនូវអត្រារងគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន និងការមិនគោរពច្បាប់ចរាចរណ៍ជាដើម ៕

កិច្ចប្រជុំពិគ្រោះយោបល់ និងតម្រង់ទិស នៅ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

កក្រក ៖ នៅព្រឹកថ្ងៃព្រហស្បតិ សុក្រ ១០-១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤-១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ និងតម្រង់ទិស ប្រធានគណកម្មាធិការ សមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាចំនួន៣ គឺ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ក្នុងគោលបំណងត្រៀមរៀបចំប្រារព្ធសន្និបាតសាខាអាណត្តិទី៥ ដើម្បីបោះឆ្នោតជ្រើសតាំង ប្រធានគណកម្មាធិការ សមាជិក សមាជិកាសាខា ប្រកបដោយសមត្ថភាព ដើម្បីដឹកនាំសាខា ឲ្យដើរឆ្ពោះទៅសម្រេចបេសសកកម្ម និងទស្សវិស័យរបស់កាកបាទក្រហមកម្ពុជា ស្របតាមពាក្យស្លោក “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។
សូមបញ្ជាក់ផងដែរ កាកបាទក្រហមកម្ពុជា និងប្រារព្ធទិវាភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមក ៨ ឧសភា ២០១៩ នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ ”ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិជាសប្បុរសជនចូលរួមប្រមាណ ៤ពាន់នាក់។

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ធ្វើពិធីបំពាក់កន្សែងជូនយុវជនទើបរើសថ្មី នៅភូមិបដិវត្ត ឃុំច្រាច់ ស្រុកជ័យសែន

សាខាកក្រកខេត្តព្រះវិហារ៖នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ ២០១៩ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គជាមូលដ្ឋាន យុវជនកាកបាទក្រហមកម្ពុជា ជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យា ល័យបដិវត្ត និងធ្វើពិធីបំពាក់កន្សែងជូនយុវជនទើបរើសថ្មីចំនួន ៦២ នាក់ ស្រី ៤១នាក់ ឋិតនៅភូមិបដិវត្ត ឃុំច្រាច់ ស្រុកជ័យសែន ក្រោមវត្តមាន លោក ពឹង ទ្រីដា អនុប្រធានគណ:កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ ។
នៅក្នុងឱកាសនោះ លោកអនុប្រធានគណ:កម្មាធិការសាខាបានលើក ឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ និងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះគោលបំណងដើម្បី អោយប្អូនបានដឹងអំពីប្រវត្តិ គោល ការណ៍គ្រឹះចលនាអន្តរជាតិកាក បាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម ។ ជាមួយគ្នានោះដែរក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖
-រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ។
-ជៀសអោយឆ្ងាយពីគ្រឿង ។
-គោរពច្បាប់ចរាចរអោយជាប់ជួន ។
-ចូលរួមថែរក្សាអនាម័យ និងសំអាតនៅសាលា និងតាមកន្លែងផ្សេងៗ
-ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ ។
បន្ទាប់មកបានប្រគល់កញ្ចប់វិជ្ជាសង្គ្រោះបឋមចំនួន១ និងថវិកាឯកឧត្តម អ៊ុន ចាន់ដា ប្រធានកិត្តិយសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ ជូនក្លឹបយុវជនចំនួន ៥០០,០០០រៀលផងដែរ ។

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌជ្រោយចង្វារ សួរសុខទុក្ខ ចាស់ជរា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅសង្កាត់ព្រែកតាសេក ។

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩នេះ នៅសាលាសង្កាត់ព្រែកតាសេក ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោកជំទាវ អ៊ួង សុផល្លា ឃ្លាំង ហួត ប្រធានក្រុមការងារអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជូនដល់ចាស់ជរា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៣០គ្រួសារ រស់នៅសង្កាត់ព្រែកតាសេក ។
នាឱកាសនោះ លោកជំទាវប្រធានក្រុមការងារអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូនទាំងអស់ ព្រមទាំងបានគូសបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១ គ្រួសារៗទទួលបាន៖ អង្ករ៣០គីឡូក្រាម សម្ភារៈប្រើប្រាស់ចំនួន២១មុខ និងថវិកាចំនួន ៩មុឺន ៥ពាន់រៀល

សាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ អណ្ដូងទឹកស្អាត នៅសហគមន៍ ភូមិគោកដូង ចាស់ ស្រុក អង្គរជុំ ខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប៖ នៅរសៀលថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ បណ្ឌិត គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ អណ្ដូងទឹកស្អាត ចំនួន៥ (អណ្ដូងស្នប់ អាហ្វ្រីដេស៍) ជូនដល់ប្រជាពល នៅ សហគមន៍ ភូមិគោកដូង ចាស់ ចំនួន២ ភូមិដូនអែម ចំនួន២ និងភូមិកំប្លើប ចំនួន១ ក្នុងឃុំ គោកដូង ស្រុក អង្គរជុំ ខេត្តសៀមរាប។
មានប្រសាសន៍នា ឱកាសនោះ លោកជំទាវអនុប្រធាន គណៈកម្មាធិការសាខា បានពាំនាំ នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធាន គណៈកម្មាធិការសាខា ដែលតែងតែ យកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់រូប មិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ។ លោកជំទាវក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីជួយសម្រួលដល់ជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ហើយយើងក៏មិនចាំបាច់បារម្មណ៍ពីការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ដែរ ហើយត្រូវពិសាទឹកស្អាត ឬទឹកដាំពុះ ។ លោកជំទាវ ក៏បានបន្តថា រដូវនេះជារដូវប្រាំង សូមបងប្អូនទាំងអស់គ្នាត្រូវចេះប្រុងប្រយ័ត្នចំពោះ ភ្លើងផ្សែង និងសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ លោកជំទាវក៏បានផ្តាំផ្ញើដល់ ដល់សហគមន៍ សមាជិកគ្រួសារទាំងអស់ ត្រូវចេះសម្អាត ថែរក្សា អណ្ដូងទឹកស្អាតនេះ ដើម្បីបានប្រើប្រាស់យូរអង្វែងតរៀងទៅសមនឹងពាក្យស្លោក “ការប្រើប្រាស់ទឹកស្អាត និងមានអនាម័យ នាំឱ្យគ្រួសារមានសុខភាពល្អ និងមានសុភមង្គល” ។
សូមបញ្ជាក់ថា៖ អណ្ដូងទឹកស្អាតនេះជាអណ្ដូងទី ៤៩ ទី៥០ ទី៥១ ទី៥២ និងទី៥៣ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប (ហើយជាអណ្ដូងទឹកស្អាតអាហ្វ្រីដេស៍ទី២៦ ទី២៧ ទី២៨ ទី២៩ និងទី៣០។ ចំពោះប្រជាពលរដ្ឋដែលចូលរួមម្នាក់ៗទទួលបាន សារុង១ និងថវិកា១ម៉ឺនរៀល