Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

កំពត

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្ដល់មុង ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រុងបាត់ដំបង

 (សាខាកក្រកបាត់ដំបង)ថ្ងៃព្រហស្បត្តិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារ​សាខាកាកបាទក្រហកម្ពុជា​ខេត្តបាត់ដំបង​ដឹកនាំដោយ ​ឯកឧត្តម ងួន រតនៈ ប្រធានកិត្តិយស​សាខាកាកបាទក្រហម​កម្ពុជា ខេត្តបាត់ដំបង ​ឯកឧត្តមបណ្ឌិត​ ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការនិង​សហការី បាន​ចុះសួរសុខទុក្ខ និងអំណោយផ្តល់​ ជូន ប្រជាពលរដ្ឋ​ចាស់ជរា ទុរគតជន និង​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុត ចំនួន ១០០គ្រួសារ ក្នុងសង្កា​ត់ចំនួន ២គឺសង្កាត់ទួលតាឯក ចំនួន ៥០គ្រួសារ សង្កាត់​អូចារចំនួន ៥០ក្នុងក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

 

ក្នុងឱកាសនោះ​ ឯកឧត្តម ងួន រតនៈ បានពាំនាំនូវ​ប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខ និងសារអំពាវនាវ​របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារ​ សូមឲ្យបងប្អូន​យកចិត្តទុកដាក់ថែ​ទាំសុខភាព បរិភោគទឹកស្អាត សំរាកក្នុង​មុងជានិច្ច និងសំអាតបរិដ្ឋាន​ឲ្យបានស្អាត បង្ការជំងឺគ្រុន​ចាញ់ គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ ចំពោះ​អ្នកមានបញ្ហា​សុខភាព ត្រូវទៅកាន់​មណ្ឌលសុខភាព​ដែលនៅក្បែរ​លំនៅដ្ឋាន ជាដើម។ សម្ភារៈជំនួយរួមមាន៖ មុងសុវត្ថិភាព ១ ទឹកបរិសុទ្ធ​វីឃែរចំណុះ១៥០ml ៦ដប(១យូ) អាវ ១ និងថវិកា ១០០០០រៀល ដោយឡែក​ជនចាស់ជរាខ្លាំងចំនួន ៤នាក់បាន បន្ថែមបង្គន់​ចល័តចំនួនផងដែរ

 

វគ្គបណ្តុះបណ្តាល ស្តីអំពី" អនាម័យទឹកស្អាត ក្នុងគ្រោះអាសន្ន"នៅខេត្តកំពត

សាខាកក្រក​ខេត្តកំពត ៖ កាលពីព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៍​ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពត ​បានរៀបចំ​បើកវគ្គ​បណ្តុះបណ្តាល​ដល់ប្រធានក្រុម​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​ស្តីអំពី" អនាម័យទឹកស្អាត ក្នុងគ្រោះអាសន្ន" ដែលមានរយៈពេល​៣ថ្ងៃគិតចាប់​ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ ក្រោមការ​ដឹកនាំដោយ​លោកជំទាវ យូ សុគន្ធ ប្រធាន​គណៈកម្មាធិការ​សាខា និងមានការ​ចូលរួមពី ក្រុមការងារការិយាល័យ​ការពារ​ជំងឺឆ្លង និងមិនឆ្លង ទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា និងអ្នកស្ម័គ្រកាកបាទក្រហម​កម្ពុជា សរុបចំនួន ២៥នាក់ (ស្រី ៩នាក់) ដែលប្រព្រឹត្ត​ទៅនៅខេត្តកំពត។

 

វគ្គបណ្តុះបណ្តាល​នេះមានគោលបំណង​ ដើម្បីពង្រឹង​សមត្ថភាពដល់​អ្នកស្ម័គ្រចិត្ត អំពីអនាម័យ​ទឹកស្អាត ក្នុង​គ្រោះអាសន្ន និងធ្វើការ​អប់រំ​ផ្សព្វផ្សាយ​បន្តដល់​មិត្តភក្តិ និងសហគមន៍​រៀងៗខ្លួនផងដែរ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងចុះជួយច្រូតស្រូវលិចទឹកជំនន់ របស់ប្រជាពលរដ្ឋ នៅ ភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ

សាខាកក្រកខេត្តបាត់ដំបង​៖នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះឯកឧត្តម ងួន រតនៈ ប្រធាន​កិត្តិយសសាខា​កក្រកខេត្ត​រួមដំណើរដោយ​ ឯកឧត្តមបណ្ឌិត​ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តនិង ​បានដឹកនាំ​កងកម្លាំង​ មន្រ្តីប្រតិបត្តិ​សាខាអនុសាខា​អ្នកស្មគ្រ័ចិត្ត​និងមន្រ្តីរាជការ​ចម្រុះចំនួន៤៥០នាក់​ ចុះជួយច្រូតស្រូវ​លិចទឹកជំនន់​ របស់ប្រជាពលរដ្ឋ នៅចំណុច​ចុងអូរព្រែកអំបិល ​ភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ បានចំនួន​៧ហិកតា ខណៈដែលស្រែ​លិចទឹក​មានចំនួន ៣ឃុំ ក្នុងចំណោម​ឃុំទាំងអស់ នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង។


ឯកឧត្តម​ ងួន រតនៈ បានឲ្យដឹងថា ដោយសារ​តែមានភ្លៀងធ្លាក់​ច្រើន ទឹកស្ទឹង​ហក់ឡើង មិនទាន់ស្រក ធ្វើឲ្យស្រូវ​ដែលទុំក្នុងស្រែ​របស់កសិករ​មួយចំនួន ដែលមិនទាន់​បានច្រូតប្រមូល​ផល រង​ការលិចលង់។
ឯកឧត្តម​បន្តថា ឯកឧត្តម​បានយកថ្ងៃ​អាទិត្យនេះ ដែលជាថ្ងៃ​សម្រាករបស់​មន្រ្តីរាជការ​ ដើម្បីដឹកនាំ​មន្រ្តីរាជការស៊ីវិល​ និងកងកម្លាំង ក្រុមប្រតិបត្តិ​សាខានិង អ្នកស្មគ្រ័ចិត្ត​កាកបាទក្រហម​កម្ពុជា​ខេត្តចំនួន ៤៥០នាក់ ចុះមកជួយច្រូត​ស្រូវលិចទឹករបស់​ប្រជាពលរដ្ឋ​បាន ៧ហិកតា នៅចំណុច​ចុងអូរព្រែក​អំបិល ស្ថិត​ក្នុងភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ។


ឯកឧត្តម ងួន រតនៈ​ បានបញ្ជាក់ថា ក្នុងនាម​រដ្ឋបាល​ខេត្តនិង សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តបាត់ដំបង​ ដែលជាអ្នក​បម្រើរាស្រ្ត​ លោកតែងតែ​ជួយដោះស្រាយ​រាល់កង្វល់ ​និងសំណូមពរ​របស់រាស្រ្តនៅគ្រប់ទីកន្លែង។ ជាក់ស្តែងថ្ងៃនេះ​ ឯកឧត្តម​និងសហការី បាននាំកម្លាំង​មន្រ្តីរាជការ​សរុប៤៥០នាក់ ចុះមកជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ ដែលរងគ្រោះ​ដោយសារទឹកជំនន់​។​


នេះជាកម្លាំង​សាមគ្គីមួយ​ដែលឆ្លុះបញ្ចាំងឲ្យ​ឃើញថា អាជ្ញាធរដែនដី​គ្រប់លំដាប់ថ្នាក់ តែងតែ​យកចិត្តទុកដាក់​ពីជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ជាធំ ហើយ​តាមបម្រើ​ប្រជាពលរដ្ឋលើ​គ្រប់វិស័យ គ្រប់ពេលវេលា និង​គ្រប់ទីកន្លែង៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះ ភូមិមាត់សាយ ឃុំតាំងស្យាខេត្តកំពង់ស្ពឺ។

សាខាកក្រកខេត្ត​កំពង់ស្ពឺ ៖ កាលពីព្រឹក​ថ្ងៃព្រហស្បតិ៍​ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង​ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ ​ដឹកនាំដោយ លោកវេជ្ជ. អោ វណ្ណថេន អនុប្រធាន​គណៈកម្មាធិការ​សាខា និងសហការី បានចុះ​សួរសុខទុក្ខ និង​នាំយកអំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ជូនដល់​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​ចំនួន ៤៤គ្រួសារ ស្ថិតនៅ​ភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ លោក​អនុប្រធាន បានពាំនាំ​នូវប្រសាសន៌​ផ្តាំផ្ញើសាកសួរ​សុខទុក្ខនិង​ក្តីនឹករលឹក​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាលសម្តេច​តែតែងគិតគូរ​ពីសុខទុក្ខរបស់​បងប្អូនប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក ជនរងគ្រោះ ​ជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់​រើសអើង​វណ្ណៈ ជាតិសាសន៌ ពណ៍សម្បុរ ​ឫនិន្នាការនយោបាយ​អ្វីឡើយ។

អំណោយដែល​បានផ្តល់ជូន​រួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ ទឹកដោះគោ ១កំប៉ុង នំធុង ១ធុង កូនដូង ១ដើម កូនខ្នុរ ១ដើម កូនក្រូចឆ្មារ ១ដើម និងថវិកាចំនួន ២០,០០០រៀលផងដែរ៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត រៀបចំកិច្ចប្រជុំស្ដីពីការពិគ្រោះយោបល់ អំពីវិធីអប់រំសុខភាព មនុស្សចាស់

សាខាកក្រកខេត្តកំពត ៖ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពត បានរៀបចំ​កិច្ចប្រជុំស្ដីពីការ​ពិគ្រោះយោបល់ អំពីវិធីអប់រំ​សុខភាព មនុស្សចាស់ ដល់អ្នកស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ​ដោយលោក​ វ៉ា សុភ័ក្ត្រ ប្រធានការិយាល័យ​ការពារជំងឺឆ្លង និងមិនឆ្លង នៃទីស្នាក់ការកណ្តាល​កាកបាទក្រហម​កម្ពុជា និងលោកវេជ្ជ. កែវ សុផាន់ នាយក​សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពត និងមាន​ការចូលរួមពី​ក្រុមការងារការិយាល័យ​ការពារជំងឺឆ្លង និងមិនឆ្លង ទីស្នាក់ការកណ្តាលកាកបាទក្រហម​កម្ពុជា មន្ត្រី​មន្ទីរសុខាភិបាល មន្ត្រីមន្ទីរ​កិច្ចការនារី មន្ត្រីមន្ទីរ​សង្គមកិច្ច និងអ្នកស្ម័គ្រកាកបាទក្រហមកម្ពុជា​សរុបចំនួន ៣០នាក់ (ស្រី ១៣នាក់)។

 

កិច្ចប្រជុំនេះមាន​គោលបំណង ដើម្បីពង្រឹង​សមត្ថភាព​ដល់អ្នកស្ម័គ្រចិត្ត អំពីវិធីសាស្រ្ត​អប់រំសុខភាពមនុស្សចាស់ ក្នុងសហគមន៍​ឲ្យកាន់តែមាន​ប្រសិទ្ធិភាពនៅ​ពេលអនាគត និងធ្វើការ​អប់រំផ្សព្វផ្សាយ​បន្តដល់មិត្តភក្តិ និងសហគមន៍រៀងៗខ្លួនផងដែរ៕

 

1 2 3 4 5 Next Last