កំពង់ធំ

គម្រោងបង្កើននិរន្តរភាពការប្រើប្រាស់ទឹកស្អាត និងអនុវត្តន៍អនាម័យ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
សាខាកក្រកខេត្តស្វាយរៀង៖នៅថ្ងៃចន្ទ ១២កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៩ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា គម្រោងបង្កើននិរន្តរភាពការប្រើប្រាស់ទឹកស្អាត និងអនុវត្តន៍អនាម័យ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្រោមការឧបត្ថម្ភពីមូលនិធិសប្បុរសធម៌ កាទ្យេ តាមរយៈសហពន្ធ័អន្តរជាតិ កាកបាទក្រហម អឌ្ឈចន្ទក្រហម បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការថែទាំនិងជួសជុលឧបករណ៍ សម្ភារអនាម័យ ដល់គណៈកម្មការថែទាំ និងជួសជុលឧបករណ៍សម្ភារអនាម័យ ដែលវគ្គ បណ្តុះបណ្តាលនេះមានរយៈពេល ១ ថ្ងៃ ក្រោមការសម្របសម្រួលពីមន្ត្រីគម្រោង សហការជាមួយមន្ត្រីមកពី មន្ទីអភិវឌ្ឍន៍ជនបទខេត្ត ក្រោមប្រធានបទ ការប្រើប្រាស់ទឹកស្អាត និងការធ្វើឲ្យប្រសើរឡើង នូវការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និយមន័យទឹកស្អាត ស្នប់អាហ្វ្រីដែវ ការប្រើប្រាស់ និងការថែទាំអណ្តូងទឹក របៀបស្តារអណ្តូងពេលមានទឹកជំនន់ ។
ក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹងដល់ក្រុមគាំទ្រសហគមន៍ ស្តីពីការថែរទាំ និងជួសជុលឧបករណ៍ សម្ភារអនាម័យ ដើម្បីឲ្យឧបករណ៍ សម្ភារអនាម័យទាំងនោះមាននិរន្តរភាព និងប្រើប្រាស់បានយូរអង្វែង ។
ពិធីនេះបានការអញ្ជើញចូលរួមពី លោក សរ វណ្ណា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោក ឱម វុឌ្ឍរ៉ូ មន្ត្រីសម្របសម្រួលគម្រោង ការិយាល័យការពារជម្ងឺឆ្លង និងមិនឆ្លង នាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា ព្រមទាំង លោក លោកស្រី ជាអ្នកទទួលផលពីគម្រោង សរុបចំនួន ២៥ នាក់ មកពីឃុំគោលដៅ ទាំង ៣ ក្នុងស្រុកចន្ទ្រា គឺឃុំទួលស្តី ចន្ទ្រា និងឃុំសំរោង ។
លោក សរ វណ្ណា នាយកសាខា មានមតិសំណេះសំណាលក្នុងពិធីបើកវគ្គនេះដោយបញ្ជាក់ពីសារៈសំខាន់នៃវគ្គនេះក្នុងការថែរក្សាសម្ភារ ដែលបានទទួលពីគម្រោង ហើយសិក្ខាកាមនឹងទទួលបានចំណេះដឹងជាមូលដ្ឋាន គឺអនាម័យទឹកស្អាត ការថែទាំ និងជួសជុលឧបករណ៍ សម្ភារអនាម័យ ហើយនៅពេលបញ្ចប់វគ្គនេះសិក្ខាកាមត្រូវយកចំណេះដឹងទាំងនេះទៅធ្វើសកម្មភាពនៅតាមមូលដ្ឋាន ឲ្យមានប្រសិទ្ធិភាព ត្រូវរួមសហការគ្នា ដើម្បីផ្តល់សេវាកម្មមនុស្សធម៌ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឲ្យបានទាន់ពេលវេលា ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចូលរួមបើក កម្មវិធី “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ដើម្បីជួយទ្រទ្រង់សកម្មភាពជួយសង្គ្រោះកុមារកម្ពុជា របស់មន្ទីរពេទ្យ កុមារកម្ពុជា
សាខា កក្រក ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃអាទិត្យ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជា ចូលរួមបើក និងឧបត្ថម្ភថវិកាចំនួន ២លានរៀល ក្នុងកម្មវិធី “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ” ដែលកម្មវិធីនេះប្រារព្ធឡើងដើម្បីជួយទ្រទ្រង់សកម្មភាពជួយសង្គ្រោះកុមារកម្ពុជា របស់មន្ទីរពេទ្យ កុមារកម្ពុជា។
មានប្រសាសន៍នាឱកាសនោះលោកជំទាវអនុប្រធានបានថ្លែងអំណរគុណដល់មន្ទីរពេទ្យកុមារអង្គរ ដែលជួយសង្គ្រោះកុមារកម្ពុជា រាប់លាននាក់ក្នុងរយៈពេលកន្លងដោយឥតគិថ្លៃ ហើយមន្ទីរពេទ្យនេះអាចដំណើរការទៅបានក៏អាស្រ័យលើ កម្លាំងរួបរួមសាមគ្គីគ្នាដូចថ្ងៃនេះ ដែលមានចួលរួមយ៉ាងច្រើនកុះករ បង្ហាញពី ភាតរភាព និងសាមគ្កីភាព ដ៏រឹងមាំ ក្នុងការជួយកុមារកម្ពុជាយើង។ លោកជំទាវ ក៏បន្តថា នាឱកាសឆ្នាំក្រោយៗ យើងសង្ឃឹងថា នឹងមានការចូលរួមយ៉ាងច្រើនកុះករដូចថ្ងៃនេះ ដើម្បីបរិស្ថាន និងសុខភាព និងសូមជូនពរបងប្អូនជាសប្បុរសជន សូមធ្វើដំណើរដោយរីក និងប្រកបដោយសុវត្ថិភាព ៕

យុវជន កាកបាទក្រហមកម្ពុជាចូលរួម គម្រោងសុវត្ថិភាពចរាចរណ៍យុវជន កាកបាទក្រហមកម្ពុជា
សាខាកក្រករាជធានីភ្នំពេញ៖ នាថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩នេះ គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដោយមានយុវជនកាកបាទក្រហមកម្ពុជា ចំនួន១០០នាក់ រួមជាមួយគ្រូទីប្រឹក្សាចំនួន៧នាក់ និងមានការចាត់ចែងពីមន្រ្តីប្រតិបត្តិសាខា បានចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖ ស្តុបណានជីង ស្តុបដេអិន ស្តុបសន្ធរម៉ុក ស្តុបទេពផន និងស្តុបផ្សារមាន់អាំង ។
នៅតាមបណ្តាស្តុបគោលដៅនីមួយៗ យុវជនយើងខ្លះបានឈរកាន់ទង់បញ្ជាចរាចរណ៍ ខ្លះឈរអំពាវនាវតាមឧឃោសនស័ព្ទ ខ្លះឈរកាន់បដាដែលមានខ្លឹមសារពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ ខិតខំដោយយកចិត្តទុកដាក់ ក្នុងគោលបំណងសំដៅជួយដាស់តឿនក្រើនរំលឹកបន្ថែមទៀតដល់ប្រជាពលរដ្ឋយើងដែលធ្វើដំណើរតាមដងផ្លូវសូមមានការភ្ញាក់រលឹក ចេះគោរពច្បាប់ចរាចរណ៍ ភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងបើកបរត្រូវមានសុជីវធម៌ សីលធម៌ ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ និងជាពិសេសក្នុងន័យសំដៅរួមគ្នាធ្វើឱ្យចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្នុងប្រទេសយើងទាំងមូលមានរបៀបរៀបរយ និងធ្វើដំណើរប្រកបដោយសុវតិ្ថភាព ៕

សាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង សួរសុខទុក្ខ ចាស់ជរាគ្មានទីពឹង ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ និងគ្រួសារ មានជីវភាពខ្វះខាត នៅ ក្នុងក្រុងស្វាយរៀង
សាខាកក្រកខេត្តស្វាយរៀង៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋជាជនងាយរងគ្រោះ នៅថ្ងៃ សៅរ៍ ១០កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩ នៅ ទី ស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង ដឹកនាំដោយ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសមាជិក សមាជិកការនៃគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនចាស់ជរាគ្មានទីពឹង ២៩ ជនពិការ ៤ នាក់ អ្នករស់នៅជាមួយមេរោគអេដស៍ ២ នាក់ និងគ្រួសារ មានជីវភាពខ្វះខាត ៥៤ គ្រួសារ សរុប ៨៩ គ្រួសារ មកពី ៧ សង្កាត់ ក្នុងក្រុងស្វាយរៀង ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ម៉ែន វិបុល បានពាំនាំនូវសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ឯកឧត្តមបានបញ្ជាក់បន្ថែមដល់អ្នកទទួលអំណោយទាំង ៨៩ គ្រួសារ ដោយសង្ខេបអំពីសកម្មភាពនានារបស់កាកបាទក្រហមកម្ពុជា នៅថ្នាក់សាខា និងអនុសាខា បាន យកចិត្តទុកដាក់ និងដោះស្រាយបន្ទាន់ដល់គ្រួសារដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ គ្រោះថ្នាក់ចរាចរណ៍ជាដើម ធ្វើឲ្យប្រជាពលរដ្ឋទាំងនោះបានធូស្រាលមួយចំណែក ហើយពេលនេះសាខាបានគិតគូដល់លោកតា លោកយាយ ចាស់ជរាដែលគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ ជនពិកា កុមារកំព្រា ព្រោះមិនមែនតែក្រុងស្វាយរៀងមួយទេដែលសាខាត្រូវដោះស្រាយ គឺត្រូវដោះស្រាយដល់ស្រុក ក្រុងផ្សេងទៀតតាមលទ្ធភាពដែលសាខាមាន ។
អំណោយដែលចែកជូនទាំង ៨៩ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រមា ១ សារ៉ុង ១ និងថវិកា ៥០.០០០ រៀល ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ សួរសុខទុក្ខ គ្រួសារក្រីក្រ ចាស់ជរា ស្ថិតនៅឃុំវឌ្ឍនៈ ស្រុកសំបូរ
សាខាកក្រកខេត្តក្រចេះ ៖ នៅរសៀលថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដឹកនាំដោយ លោក ទេព វាសនា សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ទៅចែកជូនគ្រួសារក្រីក្រ ចាស់ជរា ចំនួន ១១ គ្រួសារ ស្ថិតនៅឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។
ក្នុងឱកាសនោះលោកបានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានាពោលគឺ “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ បន្ថែមលើនេះទៀតកាកបាទក្រហមកម្ពុជា បានឆ្លើយតបនិងសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាគ្មានទីពឹង ជាពិសេសជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយផ្សេងៗ ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ ជាដើម។
សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, សារុង១, មុង១, ភួយ១, ក្រមា១, មី១កេស, ត្រីខ១០កំប៉ុង, ខោអាវមួយចំនួន និងថវិកា ៤០.០០០ រៀល៕