កំពង់ចាម

សាខាកក្រក ខេត្តព្រៃវែង ចូលរួមបុណ្យ គម្រប់ខួប ៧ថ្ងៃ គ្រួសារសពដែល ដោយលង់ទឹក ៣នាក់ នៅភូមិកណ្តាច់ ស្រុកកញ្រ្ជៀច
សាខាកក្រក ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍សាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខបុណ្យគម្រប់ខួប ៧ថ្ងៃ គ្រួសារសពដែលទទួលមរណៈភាពដោយលង់ទឹក ចំនួន ៣នាក់ នៅភូមិកណ្តាច់ ឃុំចុងអំពិល ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។
នាឱកាសនោះ ឯកឧត្តម ឧកញ៉ា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ពីសំណាក់ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត។
សម្ភារៈសាខាចូលរួមបុណ្យរួមមាន៖ អង្ករ ២៥គ.ក មី ២កេស ត្រី ខ ២យួរ ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស និងថវិកាចំនួន ២០០,០០០រៀល។

គ្រួសារក្រីក្រ ចាស់ជរានៅឃុំអូរដំបង១ស្រុកសង្កែទទួលអំណោយពីសាខាកក្រកខេត្តបាត់ដំបង
សាខាកក្រកខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ៤ កើត ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ លោកស្រី ស៊ុតម៉ិ ហេរញ្ញឹកគណៈកម្មាធិការសាខា សហការី បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់គ្រួសារក្រីក្រ ចាស់ជរា ចំនួន៣គ្រួសារ៖រស់នៅក្នុងភូមិអូរស្រឡៅ ឃុំអូរដំបង១ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះដែរជំនួសមុខអោយ ឯកឧត្តមបណ្ឌិតប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាលោកស្រីហេរញ្ញិគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ ចាស់ជរាជនពិកា មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះ មានអនាម័យក្នុងការរស់នៅ ផឹកទឹកឆ្អឹន ត្រូវប្រកាន់ភ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផល ដាំដំណាំរួមផ្សំដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្យបានប្រសើរឡើង។
អំណោយចែកជូនក្នុង១គ្រួសារទទួលបាន៖ អង្ក២៥គ.ក,មី១កេស,ទឹកបរិសុទ្ធវីឃែរ១កេស ,សារុង១ ក្រមា១មុង១ភួយ១ត្រីខ១០កំប៉ុងខោអាវ១កំផ្លេរនិងថវិការមួយចំនួនផងដែរ។

បុរស ជនពិការជេីងស្តាំដោយសារគ្រោះថ្នាក់ដួលលេីទូកនេសាទថៃ ស្ថិតក្នុង ស្រុកថ្មពួក ទទួលអំណោយពីសាខាកក្រកខេត្តបន្ទាយមានជ័យ។
សាខាកក្រកខេត្តបន្ទាយមានជ័យ ៖ ដោយមានការចង្អុលណែនាំពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម លី សារី ប្រធានគណៈកម្មាធិការសាខា បានចុះពិនិត្យពីស្ថានភាពរស់នៅដ៏សែនលំបាករបស់ បុរសឈ្មោះ ស៊ាង នឿន អាយុ ៣៩ឆ្នាំ ជាជនពិការជេីងស្តាំដោយសារគ្រោះថ្នាក់ដួលលេីទូកនេសាទថៃ បច្ចុប្បន្នធ្លាក់ខ្លួនពិការរស់នៅកំព្រាម្នាក់ឯងក្រោមខ្ទមតាមចិញ្ចេីមផ្លូវស្ថិតក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ដោយឃេីញស្ថានភាពលំបាកនេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ ព្រមទាំងជួយបុរសខាងលេីនេះ មកព្យាបាលជំងឺ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញខ្លី នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ដែលគ្រប់គ្រងដោយមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យ។ ដោយឡែក អាជ្ញាធរដែនដីខេត្ត និងស្រុក នឹងដោះស្រាយរកដីហេីយសាងសង់ផ្ទះឱ្យបានសមរម្យសម្រាប់ជ្រកកោន៕

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សួរសុខទុក្ខ ចាស់ជរា និងគ្រួសារមានជីវភាពខ្វះខាត នៅ ស្រុក រំដួល
សាខាកក្រកខេត្តស្វាយរៀង៖ អំណោយមនុស្សធម៌ជាស្បៀង សម្ភារ និងថវិកាមួយចំនួន ត្រូវបានក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា នាំយកទៅសួរសុខទុក្ខ និងចែកអំណោយ ជូនចាស់ជរា ៤ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ១០ គ្រួសារ សរុប ១៤ គ្រួសារ មកពី ៣ ឃុំក្នុងស្រុក រំដួល គឺ ឃុំបុសមន ៤ គ្រួសារ ពងទឹក ៤ គ្រួសារ និងឃុំសង្កែ ៦ គ្រួសារ ដែលពិធីនេះបា្ររព្ធធ្វើ នៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅសាលាឃុំសង្កែ ។
ក្នុងពិធីនោះលោក ជំទាវ ពៅ សុភាព តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ហើយជានិច្ចជាកាល សម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ។ លោកជំទាវបានបញ្ជាក់បន្ថែមដល់អ្នកទទួលអំណោយទាំង ១៤ គ្រួសារ ដោយសង្ខេបអំពីសកម្មភាពនានារបស់កាកបាទក្រហមកម្ពុជា នៅថ្នាក់សាខា និងអនុសាខា បានយកចិត្តទុកដាក់ និងដោះស្រាយបន្ទាន់ដល់គ្រួសារដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ គ្រោះថ្នាក់ចរាចរណ៍ជាដើម ធ្វើឲ្យប្រជាពលរដ្ឋដែលរងគ្រោះបានធូស្រាលមួយចំណែក ហើយពេលនេះសាខាបានគិតគូដល់លោកយាយ លោកតា ចាស់ជរាដែលគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ ជនពិការ កុមារកំព្រា ព្រោះមិនមែនតែស្រុករំដួលមួយទេដែលសាខាត្រូវដោះស្រាយ គឺត្រូវដោះស្រាយដល់ស្រុកផ្សេងទៀតតាមលទ្ធភាពដែលសាខាមាន ។
អំណោយបានចែកជូនទាំង ១៤ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០ រៀល ។ ក្នុងពិធីនោះដែរក៏មានសប្បុរសជនបានឧបត្ថម្ភថវិកាមួយចំនួនដល់អនុសាខាស្រុក ដើម្បីចូលរួមចំណែក នូវសកម្មភាពមនុស្សធម៌នៅក្នុងស្រុក ។

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងសួរសុខទុក្ខ និងចែកជូនដល់គ្រួសារដែលរងគ្រោះដោយ អគ្គីភ័យ
សាខាកក្រកខេត្តស្វាយរៀង៖ ថ្ងៃអាទិត្យ ១៤ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ នឹងថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ៣:០០ នាទី រសៀល មានអគ្គីភ័យមួយបានកើតឡើង ដែលបង្ករដោយសារឆេះភ្លើងចំបើងក្រោមផ្ទះបណ្តាលឲ្យឆេះផ្ទះទំហំ ៦X៧ ម សង់ពីឈើជញ្ជាំងសង្កសី ដំបូលប្រក់ស៊ីប្រូសីម៉ង់ត៍ខូចខាតទាំងស្រុងរួមនឹងសម្ភារប្រើប្រាស់ របស់ឈ្មោះ សុន ម៉ៅ អាយុ ៣៣ ឆ្នាំនៅភូមិស្វាយ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ។ នៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខា ទៅសួរសុខទុក្ខ និងចែកជូនដល់គ្រួសារដែលរងគ្រោះ ។
ក្នុងឱកាសនោះ លោកជំទាវ ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ។ ជាមួយគ្នានេះ លោកជំទាវ បានលើកទឹកចិត្តសូមកុំអស់សង្ឃឹម ហើយប្រឹងប្រែងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ។ ទន្ទឹមនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង ចរន្តអគ្គិសនី ការអុជធូប ទៀន ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ត្រូវថែរក្សាទឹកទុកក្នុងពាងឬអាងឲ្យពេញ និងប្រើប្រាស់សន្សំសំចៃ ។
អំណោយដែលបានផ្តល់ជូនដល់គ្រួសាររងគ្រោះមាន អង្ករ ៥០ គ.ក្រ ក្រណាត់កៅស៊ូតង់ ១ កន្ទេលបត់ ១ ឆ្នាំងបាយ សម្ល ២ ធុងទឹកជ័រ ១ មុង ១ ក្រម៉ា ១ សារុង ១ ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង មី ១ កេស និងថវិកា ៤០០,០០០ រៀល និងថវិការរបស់ក្រុមការងារចុះជួយឃុំ ២០០,០០០ រៀល ។