Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

បាត់ដំបង

សាខាកក្រកខេត្តស្វាយរៀងចូលរួមអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០១៨

សាខាកក្រក​ខេត្តស្វាយរៀង៖ដើម្បីចូលរួម​អបអរសាទរ​ទិវាពិភពលោក​ប្រយុទ្ធនឹង​ជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០១៨ ក្រោមប្រធានបទ​ និងតាមទិស​ស្លោក យើងប្តេជ្ញា​រួមគ្នា បញ្ចប់​បញ្ហាអេដស៍ នៅឆ្នាំ ២០២៥ និងលើកកម្ពស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៃវេទិកាភាព​ជាអ្នកដឹកនាំ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក​ឆ្លើយតប និងជំងឺអេដស៍​នៅកម្ពុជា នៅថ្ងៃសៅរ៍ ៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៨ សាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បានរៀបចំ​ប្រារព្ធធ្វើពិធី​ សំណេះសំណាល ​និងចែកអំណោយ មនុស្សធម៌​ដល់អ្នករងគ្រោះ​កំពុងរស់នៅ​ជាមួយ​មេរោគអេដស៍​ និងកុមារ​កំព្រាដោយសារ​អេដស៍សរុបចំនួន ២៧៥ នាក់​ មកពី ស្រុកចន្ទ្រា ៨ នាក់​ ស្រុកស្វាយទាប ​២៥ នាក់ ក្រុងស្វាយរៀង ៥០ នាក់ ស្រុកស្វាយជ្រំ ១០០ នាក់ ស្រុកកំពង់រោទិ៍ ៣០ នាក់ ស្រុករមាសហែក ១២ នាក់ ស្រុករំដួល ៤៤ និងអង្គការសីភីអិនផ្លាស់ ៦ នាក់ ពិធីនេះប្រារព្វធ្វើនៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជាខេត្ត​ ដែលពិធីនេះ បានការ​អញ្ជើញចូលរួម​ពី ឯកឧត្តម ម៉ែន វិបុល​ ប្រធាន​គណៈកម្មាធិការសាខា ​ព្រមទាំងឯកឧត្តម លោកជំទាវ​ លោក លោកស្រី ​ជាសមាជិក សមាជិកា​នៃគណៈកម្មាធិការ​សាខា លោក លោកស្រីតាមមន្ទីរ អង្គភាព​នានាជុំវិញខេត្ត ។


ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការសាខា បានអាន​សារលិខិត​របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ព្រមទាំងធ្វើ​របាយការណ៍​សង្ខេបស្តីពី​ការងារអេដស៍របស់សាខា​ដែលបាន​អនុវត្តកន្លងមក និងបច្ចុប្បន្ន​នូវសកម្មភាព​ពហុវិស័យ​បើគិតពីការអនុវត្ត​សកម្មភាព ការជួយទៅដល់​អ្នកផ្ទុកមេរោគអេដស៍​ដែលកន្លងមកមាន​ការរើសអើង​ខ្លាំង សូម្បីតែការបរិភោគចំណីអាហារ ឬការរស់នៅជាមួយគ្នា​ក៏មានការភ័យខ្លាច​ឆ្លងដែរ តែពេលនេះ​មានការគាំទ្រ​ពីថ្នាក់ដឹកនាំ ​រាជរដ្ឋាភិបាល​មានច្បាប់​អេដស៍ធ្វើឲ្យ​សាធារណជនមាន​ការយល់ដឹង ព្រមទាំងជួយឧបត្ថម្ភ​គាំទ្រទាំងស្មារតី និងសម្ភារធ្វើឲ្យជីវ ភាពរបស់ពួកគេមានភាពប្រសើរឡើង ។


សម្ភារដែលសាខាបានឧបត្ថម្ភ​ដល់អ្នករស់នៅ​ជាមួយ​មេរោគអេដស៍ និងកុមារ​កំព្រាដោយសារ​អេដស៍ចំនួន ២៧៥ នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោខាប់ ៥ កំប៉ុង មុង ១ ភួយ ១ សារ៉ុង ១ ក្រម៉ា ១ អាវយឺត ១ ថវិកា ៤០,០០០ រៀល លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ ឧបត្ថម្ភ​ថវិការបន្ថែម ក្នុងម្នាក់ៗ ១០,០០០ រៀល ។

យុវជនកាកបាទក្រហមកម្ពុជា មកពីសាកលវិទ្យាល័យ ចំនួន៣ ចូលរួមផ្សព្វផ្សាយសារអប់រំ ស្តីពីការថែរក្សាអនាម័យបរិស្ថានស្អាត ពិធីបុណ្យអុំទូក

កាកបាទក្រហម​កម្ពុជា ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និងសពះព្រះខែ អកអំបុក ឆ្នាំ២០១៨នេះ យុវជន​កាកបាទក្រហម​កម្ពុជា មកពីសាកល​វិទ្យាល័យ ចំនួន៣ រួមមាន៖ សាកល​វិទ្យាល័យជាតិ​គ្រប់គ្រង សាកលវិទ្យាលភូមិន្ទ​ភ្នំពេញ និង​សាកលវិទ្យាល័យកម្ពុជា សារុបចំនួន ៥១នាក់ បានចូលរួម​សហការជាមួយ​មន្រ្តីបុគ្គលិកនៃ​មន្ទីរបរិស្ថាន​រាជធានីភ្នំពេញ ចុះចែកថង់វិច​ខ្ចប់សំរាម ជូនដល់​អាជីវករលក់ដូរ និង​បានផ្សព្វផ្សាយ​សារអប់រំ ស្តីពីការថែរក្សា​អនាម័យបរិស្ថានស្អាត ទុកដាក់​សំរាមសំណល់​រឹងឱ្យបានត្រឹមត្រូវ សម្រាប់អាជីវករ​អ្នកលក់ដូរ អ្នកធ្វើ​ដំណើរកំសាន្ត កីឡាករ និងប្រជាពលរដ្ឋ​ទូទៅ ដែលអញ្ជើញ​មកកម្សាន្តកន្លែង​ប្រារព្ធរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ក្រោមទិសស្លោក​ "រួមគ្នាដើម្បីបរិស្ថានស្អាត សុខភាពល្អ ទីក្រុងស្អាតគ្មាន​សំរាម ការរស់នៅស្អាត សុខភាពល្អ"។

សូមបញ្ជាក់ផងដែរថា​ ក្នុងកំឡុងពេល​ ៣ថ្ងៃនៃព្រះរាជពិធី​បុណ្យអុំទូកនេះ​ មានយុវជន​កាកបាទក្រហមកម្ពុជា​ ចំនួន២០០នាក់​ មកពីគ្រឹះស្ថានឧត្តមសិក្សា​ ចំនួន២១​ ក្នុងរាជធានីភ្នំពេញ​ នឹងចូលរួមចែកថង់ទុកដាក់សំរាម​ដល់អាជីវករ​ ផ្សព្វផ្សាយសារបរិស្ថានស្អាត​ និងសម្អាតបរិស្ថាន​ ដោយកិច្ច​សហការជាមួយមន្រ្តី​មន្ទីរបរិស្ថាន​រាជធានីភ្នំពេញ​៕

 

យុទ្ធនាការចែកខិតបណ្ណផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងលុបបំបាត់ការរើសអើងជនពិការនៅខេត្តពោធិ៍សាត់

កក្រក ៖ កាលពីថ្ងៃចន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ គម្រោង​សុវត្ថិភាពចរាចរណ៍ និងពិការភាព​របស់កាកបាទក្រហម​កម្ពុជា បានធ្វើយុទ្ធនាការ​ចែកខិតបណ្ណផ្សព្វផ្សាយ​អំពីច្បាប់ចរាចរណ៍​ផ្លូវគោក និងលុបបំបាត់​ការរើសអើងជនពិការ​គ្រប់រូបភាព ជូនដល់ប្រជា​ពលរដ្ឋចំនួន ២៥០០នាក់ ដែលមាន​រយៈពេល ២ថ្ងៃ ដោយគិត​ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ អញ្ជើញ​មកទស្សនា និងដើរ​កំសាន្តក្នុងពិធីអុំ​បុណ្យអុំទូក ស្ថិត​ក្នុងទីរួមខេត្តពោធិ៍សាត់។

កម្មវិធីនេះប្រព្រឹត្តទៅដោយមាន​ការអញ្ជើញចូលរួមពី លោក វ៉ាន់ ហ៊ាង​ នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ រួមជាមួយ​មន្ត្រីសម្រប​សម្រួលគម្រោង មន្ត្រីគម្រោង​ លោកនាយករងវិទ្យាល័យពោធិ៍សាត់ គ្រូទី​ប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហម​កម្ពុជា សរុបចំនួន ៤៥នាក់ ក្នុងគោលបំណង ​ដើម្បីបង្កើន​ការយល់ដឹង​អំពីច្បាប់ចរាចរណ៍​ផ្លូវគោក និងការពារ​កុំឲ្យក្លាយ​ជាជនពិការដោយគ្រោះថ្នាក់​ចរាចរណ៍​ ពិសេស​ចូលរួម​គោរពសិទ្ធិជន​ពិការ ផ្តល់ឱកាស​ឲ្យជនពិការ​បានប្រើប្រាស់សិទ្ធិក្នុងការចូលរួម​ការងារអភិវឌ្ឍន៍សង្គម៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ផ្តល់អំណោយមនុស្សធម៌ដល់ចាស់ជរា រស់នៅភូមិ ហើយមានជីវភាពខ្វះខាត ។

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះឯកឧត្តម​ យុង គឹមហ៊ាន នាយកប្រតិបត្តិសាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ ​បានផ្តល់អំណោយ​មនុស្សធម៌​ចំនួន២ គ្រួសារ៖
១-លោកយាយ គុយ សួរ អាយុ ៧៥ ឆ្នាំ ចាស់ជរា ​រស់នៅភូមិ​ ហើយមាន​ជីវភាពខ្វះខាត ។
២-ឈ្មោះ ថាត វែត ភេទស្រី អាយុ ២២ ឆ្នាំ ជាស្រ្តីម៉េម៉ាយ​ កូនពិការ ហើយមាន​ជីវភាពខ្វះខាត ។
គ្រួសារទាំងពីរមាន​ទីលំនៅ នៅភូមិក្រឡាពាស​ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ក្នុងឱកាសនោះដែរឯកឧត្តម​នាយកប្រតិ បត្តិសាខាបានពាំនាំ​នូវប្រសាសន៍​សាកសួរសុខទុក្ខ​របស់ឯកឧត្តម អ៊ុន ចាន់ដា ​ប្រធានកិត្តិ យស​សាខាកាកបាទក្រហម​កម្ពុជា ​ខេត្តព្រះវិហារ ដែលឯកឧត្តម តែង តែគិតគូរពីសុខទុក្ខបងប្អូន​ជានិច្ច ពោលគឺ​ទីណាមាន​ការលំបាក ទី នោះ មានកាកបាទក្រហម​កម្ពុជា ពិសេស​ចាស់ជរា ស្រ្តីម៉េម៉ាយ​មានជីវភាពខ្វះខាត​ និងបានផ្តាំផ្ញើ​អោយមាន​អានាម័យក្នុង​ការហូបស្អាតជាប្រចាំ ទឹកត្រូវដាំអោយពុះមុនហូប ។

សម្ភារផ្តល់ជូន​ក្នុងមួយគ្រួសារៗ​រួមមាន៖អង្ករ២៥ គីឡូ មី១កេស ត្រីខ១យួរ ទឹកស៊ីអីវ១ មុងសុវត្តិភាព១ ភួយ១ អាវយឺត ១ និងថវិកាមួយ​ចំនួន ដោយឡែក​គ្រួសារ ស្រ្តីម៉េម៉ាយ​មានកូនពិការ ផ្តល់​ជូនរទេះរុញ​ពិការមួយ​ ថែមទៀត ។

បើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ដល់ អ្នកស្ម័គ្រចិត្ត សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

សាខាកក្រក ខេត្តព្រៃវែង៖ កាលពីថ្ងៃព្រហស្បតិ៍ ​៨កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកស្រី​ អ៊ុក មាសសូលីណា នាយិកា​សាខាខេត្ត និង​សហការី បាន​បើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម​ រយៈពេល ១ថ្ងៃ ដល់ មន្ត្រីក្រុមប្រតិបត្តិសាខា ​មន្ត្រីប្រចាំការ​អនុសាខាក្រុងព្រៃវែង អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជនកក្រក​ យុវជនកក្រក សរុ​បអ្នកចូលរួមចំនួន ២៣នាក់ ស្រី ៨នាក់ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

វគ្គបណ្តុះបណ្តាល​នេះរៀបចំឡើងក្នុងគោលបំណង​ដើម្បីព្រង្រឹងសមត្ថភាព​វិជ្ជាសង្គ្រោះបឋម​ដើម្បីជួយសង្រ្គោះដល់ប្រជាពលរដ្ឋ​នៅក្នុងសហគមន៍ និងជួយសង្រ្គោះជនរងគ្រោះ​ដោយឧប្បទវហេតុផ្សេងៗ​ប្រកបដោយសុវត្ថិភាព៕

ខ្លឹមសារមេរៀនសំខាន់ៗបានបង្ហាញមាន៖    ការធ្វើចលនាបេះដូង(CPR)   សញ្ញាស្ហុក  សន្លប់បាត់ស្មារតី   របួស  ការហូរឈាម  ស្លាក់ ។

 

1 2 3 4 5 Next Last