Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

បាត់ដំបង

សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវសួរសុខទុក្ខកម្មកររោងចក្រដែលបានដួលសន្លប់ដោយសារពុលសំលៀកបំពាក់

សាខាកាកបាទក្រហម​កម្ពុជា ខេត្តតាកែវ ៖​ នៅព្រឹកថ្ងៃ ពុធ ៣ រោជ ខែមិគសិរ​ ឆ្នាំរកា​ ព.ស២៥៦១​ ត្រូវនឹងថ្ងៃទី​ ០៦ ខែធ្នូ ឆ្នាំ​ ២០១៧​ នេះ​ ឯកឧត្តម ឡាយ វណ្ណៈ ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តតាកែវ ​រួមដំណើរដោយ​ លោកជំទាវ នូ សុវណ្ណនី ​ប្រធានគណៈកម្មាធិការ​សាខា​ បានអញ្ជើញ​សួរសុខទុក្ខបងប្អូន​កម្មកររោងចក្រ​ដែលបាន​ដួលសន្លប់ដោយសារ​ពុលសំលៀកបំពាក់​ខូវប៊យ ចំនួន​ ១៩០នាក់​ កាលពីព្រឹកថ្ងៃទី៦​ នេះ​ នៅរោងចក្រ ជេឌី ​តូក្យូស៊ីម៉ា ស្ថិតក្នុង​ឃុំពុធសរ ស្រុកបាទី ខេត្តតាកែវ​ ពេលនេះកំពុង​សម្រាកព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុកបាទីចំនួន​ ១៦៧នាក់ និងនៅ​មណ្ឌលសុខភាព ​ពុធសរ ស្រុកបាទី ចំនួន​ ២៣នាក់។ 

 

នាឱកាសនោះ ឯកឧត្តម​ប្រធានកិត្តិយសសាខា​ បានពាំនាំការ​ផ្តាំផ្ញេីសួរសុខទុក្ខពី​សំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដល់បងប្អូន​កម្មករ ទាំងអស់គ្នា ដែលកំពុងសម្រាក​ព្យាបាល នាពេលនេះ​ និងជូនពរឆាប់​បានសះស្បើយ​ដូចដើមវិញ។

 

ជាមួយគ្នានោះ​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តតាកែវ​ បានឧបត្ថម្ភដល់​កម្មករ-កម្មការីរង​គ្រោះទាំង១៩០នាក់ ក្នុងម្នាក់ៗទទួលបាន ៖​ ទឹកដោះគោឆៅ ១ឡូ​ និងថវិកា ៥ម៉ឺនរៀល៕

 

ប្រជាជនងាយរងគ្រោះ២គ្រួសារនៅខេត្តបាត់ដំបងទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក​ ៖​ នៅព្រឹក ថ្ងៃអង្គារ៍ ​២ រោច ខែ មិគសិរ ព.ស ២៥៦១ ត្រូវនិង​ថ្ងៃទី​ ៥ ខែ ធ្នូ គ.ស ២០១៧​ កាកបាទក្រហមកម្ពុជា ​ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ​បានផ្តល់គ្រឿង​ឧបភោគ​បរិភោគ និងថវិកាមួយ​ចំនួនដើម្បីជួយ​សម្រួលការ​លំបាក ដល់គ្រួសារ​ទីទល់ក្រដែល​មានអ្នកជម្ងឺក្នុងបន្ទុក ចំនួន​ ២ករណី​ គឺ​ ៖

១/ ករណីជនទីទ័លក្រទាំង​ ២នាក់​ ប្តី-ប្រពន្ធ​ (មានកូន​ ៣នាក់)​​ ដោយប្រពន្ធមានជំងឺដុំគីស ប្រចាំកាយ រស់នៅទីដាច់ស្រយាល​ក្នុងភូមិ ភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
២/​ កញ្ញា​ ឈាន នី អាយុ ១៧ ឆ្នាំ កំព្រាឪពុកមានជំងឺកូនកណ្តុរ​នៅបំពង់ក ធ្ងន់ធ្ងរ ដែលគ្មានលទ្ធភាពព្យាបាលនៅមន្ទីរពេទ្យ នៅសម្រាក​ព្យាបាលផ្ទះ ជាមួយយាយ​ជរាក្នុងភូមិ ​ឆាយរំពាត់​ ឃុំ កន្ទឺរ ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការ​រងទី ២ កាកបាទក្រហម​កម្ពុជា បានពាំនាំនូវ​ប្រសាសន៍​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ​នូវការសួរសុខទុក្ខ​ ក្តីអាណិតអាសូរ​ យ៉ាង​សោកសង្រេង​ និងផ្តាំផ្ញើប្រឹងប្រែង​ព្យាបាល និងពិសា​ចំណីអាហារ​តម ដើម្បីឆាប់​ជាសះស្បើយពីជំងឺ។

ក្រុមគ្រួសារទាំងពីរ ​បានសំដែងក្តីរំភើប​ និងដឹងគុណចំពោះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលដឹកនាំ​កាកបាទក្រហមកម្ពុជា ដោយយកចិត្តទុកដាក់​ គិតគូរពីសុខទុក្ខ ​ផ្តល់ក្តីមេត្តា​ ករុណា​ អាណិត​ ស្រឡាញ់​ ព្រមទាំងផ្តល់ក្តីសង្ឃឹម​ចំពោះប្រជាជន​ទូទៅជួបការ​លំបាកដោយ​គ្មានការរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ វណ្ណៈ​ ពណ៌សម្បុរ​ សាសនា​ ឬនិន្នាការនយោបាយ​អ្វីឡើយ៕

 

សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកណ្តាលប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍

សាខា កក្រក ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ២០១៧ សាខា កក្រក ​ខេត្តកណ្តាល សហការជាមួយមន្ទីរ​សុខាភិបាលខេត្ត​ បានរៀបចំ​មិទ្ទីង​ទិវាពិភពលោក​ប្រយុទ្ធនឹង​ជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ " កម្ពុជាប្តេជ្ញា​ឆ្ពោះទៅសម្រេច​បាននូវគោលដៅ​សូន្យបី និង ៩៥.៩៥.៩៥ នាឆ្នាំ ២០២៥ " នៅបរិវេណ​សាលាស្រុក​កណ្តាលស្ទឹង ។ ពិធីនេះបានប្រព្រឹត្ត​ទៅក្រោម​អធិបតី ភាពឯកឧត្តម ជាវ តាយ ​ប្រធាន​គណៈកម្មាធិការសាខា​ ព្រមទាំង​មានការអញ្ជើញ​ចូលរួមពីក្រុមការងារ​របស់សាខា​ សប្បុរសជន ភរិយាថ្នាក់ដឹកនាំ ​គណ:កម្មាធិការអនុសាខា​ ស្រុក និងប្រជាពលរដ្ឋ​អ្នកផ្ទុកមេរោគអេដស៍ ចំនួន ១៨០ នាក់ផងដែរ ។


សូមបញ្ជាក់​ជូនថា នៅក្នុងមិទ្ទិង​ទិវាពិភពលោកប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ ១ ធ្នូ ដែលបាន​ប្រារព្ធឡើងពេលនេះ​ ក៏មានការផ្តល់​អំណោយមនុស្សធម៌​ជូនអ្នកកំពុងរស់នៅ​ជាមួយមេរោគអេដស៍​ចំនួន ១៨០ នាក់ ក្នុងនោះ ថវិកាសរុប​ចំនួន ៩,៨៦០,០០០ រៀល ដោយ​ក្នុងម្នាក់ៗ​ទទួលបាន​នូវថវិកាចំនួន ៥ មឺុនរៀល អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ និង ទឹកបរិសុទ្ធ ១ កេស ។ ជាមួយគ្នានេះសាខាក៏បានឧបត្ថម្ភថវិកាមួយចំនួន​ដល់អ្នកថែទាំ​អ្នកជំងឺអេដស៍ ​ទីប្រឹក្សាយុវជន ,យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម​កម្ពុជាដែល​បានចូលរួម​ផងដែរ ៕

យុវជនកាកបាទ ក្រហមកម្ពុជា ខេត្តបាត់ដំបងសួរសុខទុក្ខសាស្រ្តាចារ្យដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍

សាខាកក្រកខេត្តបាត់ដំបងៈ​​នៅថ្ងៃ​សៅរ៍១៤កើត​ ខែមិគសិរ​ ឆ្នាំរកា​ ព.ស. ២៥៦១​ ត្រូវនឹងថ្ងៃ​ទី២ ខែធ្នូ គ.ស. ២០១៧ លោក ដួង ជីវ័ន្ត​ ប្រធានកិត្តិយស​ក្លឹបយុវជន​ និងជា នាយក​វិទ្យាល័យ​សម្តេចឪ​ក្រុងបាត់ដំបង ​និងមានការ​ចូលរួម​ពីលោកគ្រូ​ទីប្រឹក្សា បាន​ដឹកនាំយុវជន​កាកបាទក្រហម​កម្ពុជា​ចំនួន១០នាក់​ស្រី១នាក់ ចុះសួរសុខទុក្ខ​និងនាំយក​ថវិកា​សប្បុរសជន​ជួយឧបត្ថម្ភ​លោកគ្រូ ប៉ាវ សាំងហេង សាស្រ្តាចារ្យ​វិទ្យាល័យសម្តេចឪ ដែល​មានគ្រោះថ្នាក់ដួល​ដាច់សរសៃ​ឈាមខួរក្បាល​កាលទៅកែ​វិញ្ញាសារ​ប្រលងបាក់ឌុប​នៅភ្នំពេញកាលពីខែសីហា ឆ្នាំ២០១៧ បច្ចុប្បន្ន​កុំពុងសម្រាក​ព្យាបាល​នៅគេហដ្ឋាន។​

 

សកម្មភាពនេះ គឺជាការឆ្លុះបញ្ចាំង​ពីការយកចិត្តទុក​ ដាក់របស់ថ្នាក់ដឹកនាំ​ក្លឹបយុវជន កាកបាទក្រហម​កម្ពុជា នៃវិទ្យាល័យសម្តេចឪ ស្រប តាមអនុសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិតប្រធាន គឺយកចិត្តទុកដាក់ចំពោះ លោកគ្រូ​អ្នកគ្រូ​សមាជិកយុវជន​ និងសិស្សក្នុង​វិទ្យាល័យ​របស់ខ្លួន​ជាមុន ចាំគិត​អ្នកនៅ​សហគមន៍ជាក្រោយ។

 

គួរបញ្ជាក់​ផងដែរថា អំណោយ​ប្រគល់ជូន​រួមមាន ថវិកា៧០ដុល្លារ​ដែលជាអំណោយ​របស់​សប្បុរសជនរួមមានលោក គីង ចាន់រើន ថវិកា​ចំនួន ៥០ដុល្លារ និង​លោក អ៊ុយ ឈាន ​ថវិកាចំនួន ២០ដុល្លារ តាមរយៈលោក​នាយកវិទ្យាល័យ​ផងដែរ។​

 

យុវជនកាកបាទ ក្រហមកម្ពុជា វិទ្យាល័យជ័យសែនចូលរួមសម្អាតសម្រាមតាមដងផ្លូវសាធារណៈ

សាខាកក្រកខេត្តព្រះវិហារ:​ នៅព្រឹក​ថ្ងៃសៅរ៍ ១៤ កើត ខែ មិកសិរ ឆ្នាំរកា ពុទ្ធសករាជ ២៥៦១ ត្រូវ​និងថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៧ នេះ​យុវជន​កាកបាទ ក្រហម​កម្ពុជា វិទ្យាល័យ​ជ័យសែន​ ចំនួន ៤០ នាក់ស្រី ២៥ នាក់ បានចូលរួម​ធ្វើការសម្អាត​សម្រាមតាម​ដងផ្លូវ​សាធារណ:​ នៅភូមិស្អាង​ ឃុំស្អាង ស្រុកជ័យសែន ​ខេត្តព្រះវិហារ ។

សកម្មភាពនេះ​ធ្វើឡើង​ក្នុងគោលបំណង​ រួមគ្នាសម្អាត​អនាម័យ​ សំដៅឱ្យ​មានសោភ័ណភាព​ល្អ មាន​អនាម័យ​ត្រឹមត្រូវ និងជាការ​ដាស់អារម្មណ៍​ដល់ប្រជាជន​ឱ្យចូលរួម​សម្អាត និងមាន​អនាម័យ​ល្អ ហើយ​ក៏ជាការទាក់ទាញ​អារម្មណ៍​ និងការផ្លាស់ប្តូរ​ឥរិយាបទ​ ពីការចោលសំរាម​ទីសាធារណៈ​មកដាក់ទី​កន្លែងត្រឹមត្រូវ​ផងដែរ

1 2 3 4 5 Next Last