Webmail
E-Learning
វីដីអូ កាកបាទក្រហមកម្ពុជា

គម្រោងវិជ្ជាសង្គ្រោះបឋមតាមសហគមន៍

...

ខេត្តព្រះវិហារបំពាក់កន្សែងដល់យុវជនកាកបាទ ក្រហមកម្ពុជា វិទ្យាល័យគូលែន

សាខាកក្រកខេត្តព្រះវិហារ៖​កាលពី​ល្ងា​ចថ្ងៃទី​១២​ ខែ ឧសភា​ ឆ្នាំ​ ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​បាន​បើកវគ្គ​បណ្តុះបណ្តាល​ជាមូលដ្ឋាន​ និងបំពាក់​កន្សែង​ដល់​យុវជន​កាកបាទ ក្រហម​កម្ពុជា​ វិទ្យាល័យ​គូលែន​ចំនួន ​នាក់ ៤២ ស្រី ៣០ នាក់ នៅវិទ្យាល័យ​គូលែន​ ឋិតក្នុង​ឃុំគូលែន​ត្បូង ស្រុកគូលែន​ ខេត្តព្រះវិហារ។

 

ពិធីនេះ​ប្រព្រឹត្ត​ទៅក្រោម​វត្តមាន ឯកឧត្តម យុង គឹមហ៊ាន នាយក​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​មន្រ្តី​អភិវឌ្ឍន៍​សាខា ​និងមានការ​ចូលរួម​ពីគណៈកម្មាធិការ​អនុសាខា​ស្រុកគូលែន​ លោក​នាយក​វិទ្យាល័យ​គូលែន ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ សរុបចំនួន ៥០ នាក់ ។

 

នៅក្នុង​ឱកាសនោះ​ផងដែរ​ឯកឧត្តម​ នាយក​សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​មានប្រសាសន៍​ថាកាកបាទក្រហម​កម្ពុជា ក្រោមការ​ដឹកនាំ​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន ​សម្តេច​តែងតែ​គិតគូរ​ពីយុវជន​ ធ្វើយ៉ាងណា​អោយយុវជន​ក្លាយជា​ធន ធាន​ដ៏មាន​សមត្ថភាព ​ចូលរួម​ក្នុងសម្មភាព​មនុស្សធម៌​ និងចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍន៍​ប្រទេស ជាតិ​។ ឯកឧត្តម​ក៏បានផ្តាំ​ផ្ញើប្អូនៗ​យុវជន នូវចំនុចមួយ​ចំនួនដូចខាងក្រោម៖

 

-ត្រូវខិតខំរៀន​សូត្រដើម្បី​ក្លាយខ្លួន​ជាសិស្ស​គំរូ មិត្តល្អ កូនល្អ ។
-ត្រូវជៀស​អោយឆ្ងាយ​ពីគ្រឿងញៀន 
-ត្រូវគោរព​ច្បាប់ក្នុង​ពេលបើកបរ
-កុំប្រើ​គ្រឿង​ស្រវឹង​ក្នុងវ័យសិក្សា
-ត្រូវចេះ​សាមគ្គីគ្នា ​ចេះជួយ​យកអសារគ្នា 
-ត្រូវរៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត និងមានរបាយការណ៍​ជូនទៅ​អនុសាខា​អំពី​សកម្មភាព​របស់ខ្លួន ។
-ចូលរួម​ធ្វើអនាម័យ​បរិស្ថាន​ក្នុងសាលា​ជាប្រចាំ។

 

ក្នុងនោះ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ​បានផ្តល់​ថវិកា​មូលនិធិ​ជូនក្លឹប​យុវជន​កាកបាទក្រហមកម្ពុជា វិទ្យាល័យ​គូលែន ចំនួន ២០០,០០០ រៀលគត់​ និងសម្ភារ​សង្គ្រោះបឋម​មួយកញ្ចប់។


 

...

វគ្គយល់ដឹងជាមូលដ្ឋានដល់យុវជនកាកបាទក្រហមកម្ពុជា

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​ ១១ ខែ​ ឧសភា ឆ្នាំ​ ២០១៧នេះ​ នៅអនុវិទ្យាល័យ​ សម្តេច​ ហ៊ុន​ សែន​ ព្រៃវែង​ សាខា កាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ បានរៀបចំ​ពិធីបិទ​វគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​ទីប្រឹក្សា​យុវជន​ និងយុវជន​កាកបាទក្រហម​កម្ពុជា​ ប្រចាំ​អនុវិទ្យាល័យ​សរុប​ចំនួន​៧០នាក់ (ស្រី៤៧នាក់) ដោយបាន​ការចូលរួម​ជាអធិបតី​ពី​ លោក សុង តុញ នាយក​អនុវិទ្យាល័យ​ ដែលវគ្គ​យល់ដឹង​នេះបានចាប់​ដំណើរការ​អស់រយៈពេល​១ថ្ងៃ​កន្លងមក​ដោយលើក​យកមេរៀន​ចំនួន៥​មកបង្ហាត់​បង្ហាញ​រួមមាន៖


១/ ប្រវត្តិចលនា​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម​ និងសមាគមជាតិ​កាកបាទក្រហម​កម្ពុជា 
២/ តួនាទី និងភារកិច្ច​យុវជន​កាកបាទក្រហម​កម្ពុជា 
៣/ គ្រោះមហន្តរាយ និង​ការគ្រប់គ្រងគ្រោះ​មហន្តរាយ 
៤/ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក 
៥/ វិជ្ជាសង្គ្រោះបឋម​ ។


ជាលទ្ធផល​យុវជន​ទទួលបាន​និទ្ទេស​ល្អចំនួន៧០​ភាគរយ និង​មធ្យម៣០ភាគរយ ។

នាឱកាសនោះ​ លោកនាយក​អនុវិទ្យាល័យ បានថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែល​បានមក​ធ្វើការ​បើក​វគ្គយល់ដឹង​មូលដ្ឋាន​ជូនដល់​យុវជន​កាកបាទក្រហម​ ប្រចាំ​អនុវិទ្យាល័យ​របស់លោក​​ ដើម្បីជួយ​ជាពន្លឺ​ស្មារតី​ជូនក្មួយៗ​ទាំងអស់​ឲ្យបាន​យល់ដឹង​ពីសារៈសំខាន់ ក្នុងការ​អនុវត្ត និងបំពេញ​ភារកិច្ច​បេសកម្ម​មនុស្សធម៏​របស់ខ្លួន​ឲ្យបាន​កាន់តែ​ល្អប្រសើរ និងទទួលបាននូវ​ជោគជ័យ​ថែមទៀត ៕

 

...

ការជួបជុំ គ្រួសារ ឡើងវិញ រវាងម្តាយ និងកូនបន្ទាប់ ពី បែក គ្នា៤៤ ឆ្នាំ

កក្រក ៖ ​កាលពី​ថ្ងៃទី​៣ ​ខែមេសា ​ឆ្នាំ២០១៧​ លោក មុំ ភិរក្ស ​ប្រធាន​ការិយាល័យ​ស្ដារទំនាក់ទំនង​គ្រួសារ​ទីស្នាក់ការកណ្តាល ​សហការ​ជាមួយ​គណៈកម្មាធិការ​អន្តរជាតិ​ នៃ​កាកបាទក្រហម​ ដោយមាន​ការសម្រប​សម្រួល​ពី សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្ត​ឧត្តរមានជ័យ​ បានរៀបចំ​ពិធី​ជួបជុំ​គ្រួសារ​ជូនអ្នកស្រី ​បុល អឿន ដែលរស់​នៅភូមិ​សន្តិស៊ុក ឃុំសំរោងកៀត ស្រុកឃុនហាន​ ខេត្តស៊ីសាកេត​ (ប្រទេសថៃ) ឲ្យ​មក​ជួបជុំ​ម្តាយ​ និងបង-ប្អូនប្រុស​ស្រីនៅ​ភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ ដែល​បានបែក​គ្នាតាំងពី​ឆ្នាំ ១៩៧៣​មកម៉្លេះ។

 

បន្ទាប់ពី​បានជួប​ជុំគ្រួសារ​ លោកស្រី ​បុល អឿន ​និងក្រុម​គ្រួសារ​ មានសេចក្ដី​រីករាយ​ សប្បាយចិត្ត​យ៉ាងខ្លាំង​ និងសូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កាកបាទ​ក្រហម​កម្ពុជា​ក្រុម​ការងារ​ការិយាល័យ​ស្ដារទំនាក់​ទំនងគ្រួសារ ​ដែលបាន​គាំទ្រ ​និងជួយស្វែង​រកបងប្អូន​ ឬគ្រួសារ​ដែលបាត់​ដំណឹង​ឲ្យបាន​ត្រឡប់​មកជួបជុំ​គ្នា ជាពិសេស​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលជា​និច្ចកាល​សម្ដេច​តែងតែ​គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែលមាន​ទុកលំបាក​ ជនរងគ្រោះ​ ជនងាយ​រងគ្រោះ​ គ្រប់ប្រភេទ ​ដោយមិន​ប្រកាន់​រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ និងសូម​ជូនពរសម្ដេច​ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ។

 

ទន្ទឹមនឹង​នោះ​កាកបាទ​ក្រហមកម្ពុជា​នៅបាន​ផ្ដល់ជូន​អំណោយ​រួមមាន ៖ អង្ករ ៦០គីឡូក្រាម ត្រីខ ២០កំប៉ុង មីចំនួន ២កេស មុង២ ភួយ២ ក្រមា២ និងសារុងចំនួន២ផងដែរ៕

 

...

បើកវគ្គបណ្ដុះបណ្ដាលស្តីពី ពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍នៅខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប៖ ​នៅព្រឹក​ថ្ងៃទី​១១​ ខែ​មេសា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ គុជ លីណា​អនុប្រធាន​គណៈកម្មាធិការ​សាខា​ និង​ឯកឧត្តម សម កុសល នាយក​នាយកដ្ឋាន​ធនធាន​មនុស្ស​កាកបាទក្រហម​កម្ពុជា​ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​បើកវគ្គ​បណ្ដុះបណ្ដាល​ស្តីពី​ ពិការ​ភាព​ក្នុងការងារ​សុវត្ថិភាព​ចរាចរណ៍ ​និងវិជាសង្គ្រោះ​បឋម​ ដល់អ្នក​ស្ម័គ្រចិត្ត​ និង​យុវជន​កាកបាទក្រហម​កម្ពុជា​ មកពី​ខេត្ត​គោលដៅ​ចំនួន​ ៤មាន​ ខេត្តសៀមរាប ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ សរុបចំនួន ៣៨នាក់ ក្រោមការ​ជួយឧបត្ថម​គាំទ្រ​ពីអង្គរ LIGHT FOR THE WORLD នៅទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប។

 

មានប្រសាសន៍​នាឱកាសនោះ​ឯកឧត្តម គុជ លីណា អនុប្រធាន​គណៈកម្មាធិការ​សាខា ដើម្បី​ចូលរួមទប់ស្កាត់បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះសាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប បាន និងកំពុង​អនុវត្ត​សកម្មភាព​ផ្សព្វផ្សាយ​អំពីសុវត្ថិភាព​ចរាចរណ៍​ ជូនដល់​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស តាមរយៈសកម្មភាពរបស់​អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហម​កម្ពុជា។ ឆ្នាំ២០១៦​កន្លងមក​មាន៩៦​ករណី គឺមានការ​ថយចុះ១៣ករណី ដែលបាន​កាត់បន្ថយ​មនុស្សស្លាប់​បានចំនួន ២៩នាក់ ស្មើ​និង២៨% បើធៀប និងឆ្នាំ២០១៥កន្លងមក។

 

វគ្គបណ្ដុះ​បណ្ដាល​នេះរៀបចំ​ឡើងក្នុង​គោលបំណង៖ ផ្ដល់ចំណេះ​ដឹងបន្ថែម​ដល់ក្រុមប្រតិបត្តិ​សាខា អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហមកម្ពុជា ស្ដីពី​ពិការភាព និងច្បាប់​ចរាចរណ៍ផ្លូវគោក។ លើកកម្ពស់ការជួយសង្គ្រោះ​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍បាន​ទាន់ពេលវេលា និងប្រកប​ដោយប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​អត្រាស្លាប់ របួស និងពិការដោយ​សារគ្រោះថ្នាក់​ចរាចរណ៍។

 

បង្ការមិន​ឱ្យជនពិការ​ក្លាយជាជនរងគ្រោះ​ជាលើកទីពីរ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការប្រើប្រាស់​វិធីសាស្ត្រ​សម្រប​សម្រួល និងផ្សព្វផ្សាយ​តាមសាលារៀន និង​សហគមន៍៕

 

...

យុទ្ធនាការអនាម័យសម្អាតលំនៅដ្ឋាននៅស្រុកចន្ទ្រា ខេត្តស្វាយរៀង

សាខាកក្រកខេត្តស្វាយរៀង៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ គម្រាងបង្កើតនិរន្តរភាព ការប្រើប្រាស់ទឹកស្អាតនិងអនុវត្តអនាម័យនៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្រោមការឧបត្ថម្ភថវិកាពីសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម បានធ្វើយុទ្ធនាការអនាម័យសម្អាតលំនៅដ្ឋាន និងបរិស្ថានសាធារណៈ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាលាបឋមសិក្សាចន្ទ្រា ឃុំចន្ទ្រា ស្រុកចន្រ្ទា ក្នុងគោលបំណងដើម្បីជម្រុញឲ្យប្រជាពលរដ្ឋក្នុងសហគមន៍យល់ដឹងអំពីអនាម័យ រួមគ្នាធ្វើអនាម័យលំនៅដ្ឋាន និង បរិស្ថានសាធារណៈដើម្បីឈានទៅកាត់បន្ថយអត្រាឈឺ និងស្លាប់ដែលបណ្តាលមកពីការកង្វះអនាម័យ

 

ពិធីនេះបានការអញ្ចើញចូលរួមពីលោក ពៅ សារ៉េន នាយរងសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និង មន្រ្តីអនុសាខាកាកបាទក្រហម​កម្ពុជាស្រុកចន្រ្ទា អាជ្ញាធរមូលដ្ឋាន អ្នកស័្មគ្រចិត្តកាកបាទក្រហម ប្រជាពលរដ្ឋនៅក្នុង សហគមន៍ និងសិស្សានុសិស្ស សរុបចំនួន ២២៩ នាក់ ស្ត្រី ១២៨ នាក់ ។ បន្ទាប់ពីពិធីសំណេះសំណាល សមាជិក សមាជិកា នៃអង្គពិធីទាំងមូល បានដង្ហែ​ក្បួននិង ស្រែកជ័យឃោសស្តីពីបញ្ហាសុខភាពអនាម័យ នឹងបានរួមគ្នាសម្អាតបរិស្ថាននៅតាមដងផ្លូវភូមិចន្ទ្រា ៕

1 2 3 4 5 Next Last