Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅ ស្រុកស្វាយលើ

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.​២៥៦១​ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៨ លោក ស៊ុំ សំអន នាយក​សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប បានអញ្ជើញ​ជួបសំណេះសំណាល និងនាំយក​អំណោយមនុស្សធម៌​ជូនប្រជាពលរដ្ឋ​រងគ្រោះដោយខ្យល់កន្ត្រាក់​កាលពីល្ងាចថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៨ ចំនួន១៤គ្រួសារ (រលំ២ គ្រួសារ និងប៉ះពាល់ធ្ងន់ ១២គ្រួសារ) ក្នុងភូមិតាពឿ ឃុំតាសៀម ស្រុកស្វាយលើ ដែលមាន​ចម្ងាយប្រមាណជា១២០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ។


មានប្រសាសន៍​នាឱកាសនោះ លោក ស៊ុំ សំអន នាយក​សាខាបានពាំនាំ​នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធាន​គណៈកម្មាធិការសាខា ដែល​តែងតែយកចិត្តទុក​ដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ​ណាមួយឡើយ។ លោក ក៏បាន​បន្តថា ថ្វីត្បិតតែ​អំណោយ​មនុស្សធម៌ដែល​បាននាំយកមក​ចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសម​ល្មមនឹងការខាតបង់​របស់បងប្អូន តែក៏អាច​ជួយសម្រាល​ទុក្ខបាករបស់បងប្អូនបាន​មួយកម្រិត ហើយក៏​ជាការបង្ហាញ​នូវការយកចិត្តទុកដាក់​ចំពោះប្រជាពលរដ្ឋ​គ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហម​កម្ពុជា ដូចដែលបាន​លើកឡើងថា “កាកបាទក្រហម​កម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល ។

 

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនម្នាក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី៦ដប ធុងទឹក១គូរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា សម្រាប់គ្រួសាររលំ ១សែនរៀល និងស័ង្កសី១០សន្លឹក ឯគ្រួសារប៉ះពាល់ធ្ងន់ថវិកា ៥ម៉ឺនរៀល និងកៅស៊ូតង់១ ។

 

សាខាកកក្រកខេត្តស្វាយរៀង នាំ អំណោយ ជូនជនរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំចំបក់ ស្រុកស្វាយជ្រំ

សាខាកក្រកខេត្ត​ស្វាយរៀង៖នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៨ ក្រុមការងារ​សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ​ដួង វណ្ណា អនុប្រធាន​កិត្តិយសសាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បាននាំយកអំណោយ​មនុស្សធម៌ របស់សាខាទៅចែកជូន​ដល់គ្រួសារដែល​រងគ្រោះដោយសារ​ខ្យល់កន្ត្រាក់ ៨ គ្រួសារ ដែលរងគ្រោះ​កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅ បណ្តាល​ឲ្យរងការខួចខាតទាំងស្រុង ៤ គ្រួសារ រងផលប៉ះពាល់​មួយផ្នែក ៤ គ្រួសារ នៅឃុំចំបក់ ស្រុកស្វាយជ្រំ ។


ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បាននាំមកនូវ​បណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ចំពោះគ្រួសារ​ដែលរងគ្រោះ និងបានសំដែងនូវ​ការចូលរួម​សោកស្តាយចំពោះ​ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ ដែលបង្ក​ដោយគ្រោះធម្មជាតិនេះ ។ 


អំណោយដែល​បានចែកជូន​ដល់គ្រួសាររងគ្រោះធ្ងន់ ៤ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រី ខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ ថវិកា ២០០,០០០ រៀល គ្រួសាររងគ្រោះមធ្យម ៤ គ្រួសារ ទទួលបាន អង្ករ ៣០ គ.ក្រ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រី ខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ និងថវិកា ៥០,០០០ រៀល ។ ដោយ មើលឃើញពីការលំបាកចំពោះគ្រួសារ​ដែលរងការខូចខាត​ទាំងស្រុង ៤ គ្រួសារ លោកជំទាវបានឧបត្ថម្ភថវិកាបន្ថែម ក្នុង១ គ្រួសារ ១០០,០០០ រៀល បន្ថែមទៀត ។

កិច្ចប្រជុំគណៈកម្មាធិការសាខាខេត្តកំពត ស្តីពីការរៀបចំទិវា ៨ ឧសភា ឆ្នាំ២០១៨

សាខាកក្រកខេត្តកំពត ៖ នារសៀល​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពត បានបើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សាខា ស្តីពី​ការរៀបចំទិវា ៨ ឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ ប្រធានកិត្តិយស​សាខា ដែលមាន​ការអញ្ជើញ​ចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកា​គណៈកម្មាធិការ អនុសាខា ក្រុមប្រតិបត្តិ​សាខា និងក្រុមការងារ​សាខា អនុសាខា​កាកបាទក្រហម​កម្ពុជា ឃុំ សង្កាត់ សរុបចំនួន ៦៣នាក់ (ស្រី ១៣នាក់) ស្ថិតនៅក្នុង​ខេត្តកំពត។

កិច្ចប្រជុំនេះ​ប្រព្រឹត្តទៅនៅក្នុង​គោលបំណង ដើម្បីកែសម្រួល និងអនុម័តលើសេចក្តីព្រាងស្តីពីការបង្កើតគណៈកម្មការរៀបចំ​ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨ ព្រមទាំងដោះស្រាយបញ្ហា​ប្រឈមនានា​ដែលសាខាជួបប្រទះកន្លងមក៕

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល បានប្រារព្ធសន្និបាតអាណត្តិទី៥

សាខាកក្រក ខេត្តកណ្ដាល ៖ យោងតាមលក្ខន្តិកៈ​ និងវិធាននៃ​នីតិក្រម​របស់កាកបាទក្រហមកម្ពុជា​ ក្នុងផ្នែកទី​ ៦​ វិធានទី​ ៣៣​ ស្តីពីសន្និបាតសាខា​ និងយោងមាត្រា​ ២៤​ កថាខណ្ឌទី​ ៣​ នៃលក្ខន្តិកៈកាកបាទក្រហមកម្ពុជា​ នៅថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី​ ៨ ខែ​មេសា ឆ្នាំ២០១៨​ ​ សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តកណ្ដាល បានប្រារព្ធ​សន្និបាត​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកណ្ដាល ​អាណត្តិទី៥ (២០១៩-២០២៤)។

សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព​ លោកជំទាវ​ ពុំ ចន្ទីនី ​អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងអញ្ជើញ​ចូលរួមពី ​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ​ ប្រធានកិត្តិយស​សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល​ព្រមទាំង​ សមាជិក-សមាជិកាពេញសិទ្ធិ​ចំនួន​ ១៣០នាក់​ មន្ត្រី​បច្ចេកទេសទីស្នាក់ការកណ្តាល​ មន្ទីរពាក់ព័ន្ធ​ អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហមកម្ពុជា​ សរុប​ ចំនួន​ ៣០០នាក់។

គោលបំណងសំខាន់នៃ​សន្និបាតនេះ​ មាន​ ២ចំណុចគឺ​ ៖​ 
១/​ ស្តាប់​ និងកែលម្អ​របាយការណ៍សកម្មភាព​ការងារ​ និងហិរញ្ញវត្ថុ​ ដែលសម្រេចក្នុងរយៈពេល​កន្លងមក​ (២០១៤-២០១៧)​ និងអនុម័តផែនការទិសដៅបន្តអាណត្តិទី៥ (២០១៩-២០២៤)
២/ បោះឆ្នោតជ្រើសរើសប្រធាន​គណៈកម្មាធិការសាខា​ សមាជិក​ និងសមាជិកបំរុង​ ជំនួសប្រធានគណៈកម្មាធិការសាខា​ និងសមាជិកដែលបានផ្ទេរភារកិច្ច។

​ក្នុងឱកាសនោះ​ សន្និបាត បានបោះឆ្នោតទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខា​ ចំនួន​ ១៥នាក់​ ដែលមាន ប្រធាន​ ១នាក់​ អនុប្រធាន​ ១នាក់​ ហេរញ្ញិក​ ១នាក់ លេខាធិការ​ ១នាក់ សមាជិក-សមាជិកា​ ៩នាក់ និងសមាជិកបម្រុង​ ២នាក់​ ដែលមានសន្លឹកឆ្នោតយល់ព្រមចំនួន​ ១២៨ និងអនុបវាទ​ចំនួន ២​ លើសន្លឹកឆ្នោតសរុបចំនួន​ ១៣០។

ជាចុងក្រោយ​ ឯកឧត្តម​ គង់ សោភ័ណ្ឌ ​ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកណ្ដាល អាណត្តិទី​ ៥ បានធ្វើការប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​ បន្តអនុវត្តឱ្យបានជោគជ័យជាបន្តបន្ទាប់​ នូវទិសដៅយុទ្ធសាស្ត្រ​ និងផែនការ​សកម្មភាព​ឱ្យទទួលបានកាន់តែ​មានប្រសិទ្ធភាព​ និងទទួលបានការគាំទ្របន្ថែមទៀត​៕

 

ខេត្តស្វាយរៀង ធ្វើការវាយតម្លៃជ្រើសរើសដាក់ចំណាត់ថ្នាក់លើផ្ទាំងគំនូររបស់កុមារ

សាខាកក្រកខេត្តស្វាយរៀង៖ដើម្បីចូលរួម​អបអរខួបទី ១៥៥ ទិវាពិភព​លោកកាកបាទក្រហម​ អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨ ​នៅថ្ងៃព្រហស្បត្តិ៍ ១៣ កើត ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៨ នៅទីស្នាក់ការសាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បានរៀបចំ​ពិធីវាយតម្លៃឲ្យពិន្ទុ​ក្នុងការប្រកូតប្រជែង​ប្រលងគំនូរកុមារ ដើម្បីលើកកម្ពស់​ស្នាដៃអំពី​សកម្មភាព​របស់កាកបាទក្រហមកម្ពុជា បញ្ជ្របការ​យល់ដឹងជាមូលដ្ឋាន​ពីចលនាអន្តរជាតិ​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម និងបណ្តុះគំនិតទឹកចិត្ត​សទ្ធាជ្រះថ្លា​ស្រឡាញ់មនុស្សជាតិ​ក្នុងចំណោមកុមារ​ដែលជាទំពាំងស្នង​ឬស្សី ក្រោមប្រធានបទ (កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណា​ម្នាក់ចោល) សាខាបានផ្សព្វផ្សាយ​នឹងណែនាំរូបភាព​សកម្មភាព​ចម្រុះវិស័យ ដើម្បីឲ្យ​សិស្សានុសិស្ស​ជ្រើសរើសយកគំនូរដែលខ្លួន​ពេញចិត្តសម្រាប់​គូរ រួចជ្រើសរើសយក​អ្នកមានសា្នដៃល្អ​ពីលេខ ១ ដល់លេខ ៣ យកទៅប្រកូតប្រជែងទូទាំងប្រទេស​នៅទីស្នាក់ការកណ្តាល​កាកបាទក្រហកកម្ពុជា ។ 


ពិធីនេះបានការអញ្ជើញ​ចូលរួមពី លោក សរ វណ្ណា នាយកសាខា លោក ហាស់ ម៉ុងតេរ៉ា ប្រធានការិយាល័យបឋម​ មន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកនាយក​សាលា លោកគ្រូ មកពីសាលាទាំងបី ដោយបានវាយតម្លៃ​លើផ្ទាំងគំនូររបស់​សិស្សានុសិស្សមកពីសាលា​បឋមសិក្សាចេក ១៥ ផ្ទាំង សាលាបឋមសិក្សាកូវសាមុត​កំពង់ចក ១៦ ផ្ទាំង និងសាលា​បឋមសិក្សា ៧ មករាបាសាក់ ១៦ ផ្ទាំង សរុប ៤៧ ផ្ទាំង ។ 


ដោយមុននឹងគូគំនូរក្រុមប្រត្តិបត្តិសាខា បានធ្វើការផ្សព្វផ្សាយដល់សាលាទាំង ៣ ដើម្បីទទួលផែនការ និង ការណែនាំអំពីការគូគំនូរទាក់ទងទៅនឹងប្រធានបទខាងលើដោយសំដៅទៅលើអត្ថន័យ សោភ័ណភាព និងស្នាដៃតាមស្ថានភាពជាក់ស្តែងជាលក្ខណៈបុគ្គល ផ្តោតលើនិមិត្តសញ្ញាកាកបាទក្រហម ។ ដោយបានធ្វើការប្រជុំវាយតម្លៃឲ្យពិន្ទុមានការចូលរួមពីក្រុមគណៈកម្មាការពហុវិស័យ ដែលមានលោកនាយកសាខា មន្ត្រីមន្ទីរអប់រំយុវជន និង កីឡាខេត្ត និងលោកនាយកសាលាទាំងបី ដើម្បីធ្វើការវាយតម្លៃឲ្យពិន្ទុពីលេខ ១ ដល់លេខ ៣ ។ ក្រោយពីបានវាយតម្លៃ និងរូបភាពនីមួយៗ បានទទួលចំណាត់ថ្នាក់លេខ ១ ទៅលើសិស្សឈ្មោះ យស់ សុវណ្ណា សិស្សថ្នាក់ទី ៦(ខ)​សាលា​បឋមសិក្សា៧ មករា បាសាក់ លេខ ២ ឈ្មោះ វ៉ា រតនា សិស្សថ្នាក់ទី ៦(ក) សាលាបឋមសិក្សា ៧ មករា បាសាក់ និងលេខ ៣ ឈ្នោះ វ៉ាន់ នាង សិស្សថ្នាក់ទី ៦(ខ)សាលាបឋមសិក្សាកូវសាមុតកំពង់ចក ។

1 2 3 4 5 Next Last