សាខាកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅ ស្រុកស្វាយលើ
សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៨ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៨ ចំនួន១៤គ្រួសារ (រលំ២ គ្រួសារ និងប៉ះពាល់ធ្ងន់ ១២គ្រួសារ) ក្នុងភូមិតាពឿ ឃុំតាសៀម ស្រុកស្វាយលើ ដែលមានចម្ងាយប្រមាណជា១២០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ។
មានប្រសាសន៍នាឱកាសនោះ លោក ស៊ុំ សំអន នាយកសាខាបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោក ក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនម្នាក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី៦ដប ធុងទឹក១គូរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា សម្រាប់គ្រួសាររលំ ១សែនរៀល និងស័ង្កសី១០សន្លឹក ឯគ្រួសារប៉ះពាល់ធ្ងន់ថវិកា ៥ម៉ឺនរៀល និងកៅស៊ូតង់១ ។

សាខាកកក្រកខេត្តស្វាយរៀង នាំ អំណោយ ជូនជនរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំចំបក់ ស្រុកស្វាយជ្រំ
សាខាកក្រកខេត្តស្វាយរៀង៖នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៨ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ របស់សាខាទៅចែកជូនដល់គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៨ គ្រួសារ ដែលរងគ្រោះកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅ បណ្តាលឲ្យរងការខួចខាតទាំងស្រុង ៤ គ្រួសារ រងផលប៉ះពាល់មួយផ្នែក ៤ គ្រួសារ នៅឃុំចំបក់ ស្រុកស្វាយជ្រំ ។
ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះគ្រួសារដែលរងគ្រោះ និងបានសំដែងនូវការចូលរួមសោកស្តាយចំពោះការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ ដែលបង្កដោយគ្រោះធម្មជាតិនេះ ។
អំណោយដែលបានចែកជូនដល់គ្រួសាររងគ្រោះធ្ងន់ ៤ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រី ខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ ថវិកា ២០០,០០០ រៀល គ្រួសាររងគ្រោះមធ្យម ៤ គ្រួសារ ទទួលបាន អង្ករ ៣០ គ.ក្រ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រី ខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ និងថវិកា ៥០,០០០ រៀល ។ ដោយ មើលឃើញពីការលំបាកចំពោះគ្រួសារដែលរងការខូចខាតទាំងស្រុង ៤ គ្រួសារ លោកជំទាវបានឧបត្ថម្ភថវិកាបន្ថែម ក្នុង១ គ្រួសារ ១០០,០០០ រៀល បន្ថែមទៀត ។

កិច្ចប្រជុំគណៈកម្មាធិការសាខាខេត្តកំពត ស្តីពីការរៀបចំទិវា ៨ ឧសភា ឆ្នាំ២០១៨
សាខាកក្រកខេត្តកំពត ៖ នារសៀលថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៨ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានបើកកិច្ចប្រជុំគណៈកម្មាធិការសាខា ស្តីពីការរៀបចំទិវា ៨ ឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ ប្រធានកិត្តិយសសាខា ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការ អនុសាខា ក្រុមប្រតិបត្តិសាខា និងក្រុមការងារសាខា អនុសាខាកាកបាទក្រហមកម្ពុជា ឃុំ សង្កាត់ សរុបចំនួន ៦៣នាក់ (ស្រី ១៣នាក់) ស្ថិតនៅក្នុងខេត្តកំពត។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅក្នុងគោលបំណង ដើម្បីកែសម្រួល និងអនុម័តលើសេចក្តីព្រាងស្តីពីការបង្កើតគណៈកម្មការរៀបចំទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាដែលសាខាជួបប្រទះកន្លងមក៕

សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល បានប្រារព្ធសន្និបាតអាណត្តិទី៥
សាខាកក្រក ខេត្តកណ្ដាល ៖ យោងតាមលក្ខន្តិកៈ និងវិធាននៃនីតិក្រមរបស់កាកបាទក្រហមកម្ពុជា ក្នុងផ្នែកទី ៦ វិធានទី ៣៣ ស្តីពីសន្និបាតសាខា និងយោងមាត្រា ២៤ កថាខណ្ឌទី ៣ នៃលក្ខន្តិកៈកាកបាទក្រហមកម្ពុជា នៅថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល បានប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល អាណត្តិទី៥ (២០១៩-២០២៤)។
សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាលព្រមទាំង សមាជិក-សមាជិកាពេញសិទ្ធិចំនួន ១៣០នាក់ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល មន្ទីរពាក់ព័ន្ធ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុប ចំនួន ៣០០នាក់។
គោលបំណងសំខាន់នៃសន្និបាតនេះ មាន ២ចំណុចគឺ ៖
១/ ស្តាប់ និងកែលម្អរបាយការណ៍សកម្មភាពការងារ និងហិរញ្ញវត្ថុ ដែលសម្រេចក្នុងរយៈពេលកន្លងមក (២០១៤-២០១៧) និងអនុម័តផែនការទិសដៅបន្តអាណត្តិទី៥ (២០១៩-២០២៤)
២/ បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការសាខា សមាជិក និងសមាជិកបំរុង ជំនួសប្រធានគណៈកម្មាធិការសាខា និងសមាជិកដែលបានផ្ទេរភារកិច្ច។
ក្នុងឱកាសនោះ សន្និបាត បានបោះឆ្នោតទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខា ចំនួន ១៥នាក់ ដែលមាន ប្រធាន ១នាក់ អនុប្រធាន ១នាក់ ហេរញ្ញិក ១នាក់ លេខាធិការ ១នាក់ សមាជិក-សមាជិកា ៩នាក់ និងសមាជិកបម្រុង ២នាក់ ដែលមានសន្លឹកឆ្នោតយល់ព្រមចំនួន ១២៨ និងអនុបវាទចំនួន ២ លើសន្លឹកឆ្នោតសរុបចំនួន ១៣០។
ជាចុងក្រោយ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល អាណត្តិទី ៥ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តអនុវត្តឱ្យបានជោគជ័យជាបន្តបន្ទាប់ នូវទិសដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាពឱ្យទទួលបានកាន់តែមានប្រសិទ្ធភាព និងទទួលបានការគាំទ្របន្ថែមទៀត៕

ខេត្តស្វាយរៀង ធ្វើការវាយតម្លៃជ្រើសរើសដាក់ចំណាត់ថ្នាក់លើផ្ទាំងគំនូររបស់កុមារ
សាខាកក្រកខេត្តស្វាយរៀង៖ដើម្បីចូលរួមអបអរខួបទី ១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨ នៅថ្ងៃព្រហស្បត្តិ៍ ១៣ កើត ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំពិធីវាយតម្លៃឲ្យពិន្ទុក្នុងការប្រកូតប្រជែងប្រលងគំនូរកុមារ ដើម្បីលើកកម្ពស់ស្នាដៃអំពីសកម្មភាពរបស់កាកបាទក្រហមកម្ពុជា បញ្ជ្របការយល់ដឹងជាមូលដ្ឋានពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងបណ្តុះគំនិតទឹកចិត្តសទ្ធាជ្រះថ្លាស្រឡាញ់មនុស្សជាតិក្នុងចំណោមកុមារដែលជាទំពាំងស្នងឬស្សី ក្រោមប្រធានបទ (កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល) សាខាបានផ្សព្វផ្សាយនឹងណែនាំរូបភាពសកម្មភាពចម្រុះវិស័យ ដើម្បីឲ្យសិស្សានុសិស្សជ្រើសរើសយកគំនូរដែលខ្លួនពេញចិត្តសម្រាប់គូរ រួចជ្រើសរើសយកអ្នកមានសា្នដៃល្អពីលេខ ១ ដល់លេខ ៣ យកទៅប្រកូតប្រជែងទូទាំងប្រទេសនៅទីស្នាក់ការកណ្តាលកាកបាទក្រហកកម្ពុជា ។
ពិធីនេះបានការអញ្ជើញចូលរួមពី លោក សរ វណ្ណា នាយកសាខា លោក ហាស់ ម៉ុងតេរ៉ា ប្រធានការិយាល័យបឋម មន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកនាយកសាលា លោកគ្រូ មកពីសាលាទាំងបី ដោយបានវាយតម្លៃលើផ្ទាំងគំនូររបស់សិស្សានុសិស្សមកពីសាលាបឋមសិក្សាចេក ១៥ ផ្ទាំង សាលាបឋមសិក្សាកូវសាមុតកំពង់ចក ១៦ ផ្ទាំង និងសាលាបឋមសិក្សា ៧ មករាបាសាក់ ១៦ ផ្ទាំង សរុប ៤៧ ផ្ទាំង ។
ដោយមុននឹងគូគំនូរក្រុមប្រត្តិបត្តិសាខា បានធ្វើការផ្សព្វផ្សាយដល់សាលាទាំង ៣ ដើម្បីទទួលផែនការ និង ការណែនាំអំពីការគូគំនូរទាក់ទងទៅនឹងប្រធានបទខាងលើដោយសំដៅទៅលើអត្ថន័យ សោភ័ណភាព និងស្នាដៃតាមស្ថានភាពជាក់ស្តែងជាលក្ខណៈបុគ្គល ផ្តោតលើនិមិត្តសញ្ញាកាកបាទក្រហម ។ ដោយបានធ្វើការប្រជុំវាយតម្លៃឲ្យពិន្ទុមានការចូលរួមពីក្រុមគណៈកម្មាការពហុវិស័យ ដែលមានលោកនាយកសាខា មន្ត្រីមន្ទីរអប់រំយុវជន និង កីឡាខេត្ត និងលោកនាយកសាលាទាំងបី ដើម្បីធ្វើការវាយតម្លៃឲ្យពិន្ទុពីលេខ ១ ដល់លេខ ៣ ។ ក្រោយពីបានវាយតម្លៃ និងរូបភាពនីមួយៗ បានទទួលចំណាត់ថ្នាក់លេខ ១ ទៅលើសិស្សឈ្មោះ យស់ សុវណ្ណា សិស្សថ្នាក់ទី ៦(ខ)សាលាបឋមសិក្សា៧ មករា បាសាក់ លេខ ២ ឈ្មោះ វ៉ា រតនា សិស្សថ្នាក់ទី ៦(ក) សាលាបឋមសិក្សា ៧ មករា បាសាក់ និងលេខ ៣ ឈ្នោះ វ៉ាន់ នាង សិស្សថ្នាក់ទី ៦(ខ)សាលាបឋមសិក្សាកូវសាមុតកំពង់ចក ។