Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

កាកបាទក្រហមកម្ពុជាសួរសុខទុក្ខ អតីតអនុប្រធានមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ ដែលមានជំងឺរ៉ាំរ៉ៃ

កក្រក ៖ នៅរសៀល​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ​បានចាត់ ប្រតិភូ ដែលដឹកនាំ​ដោយ ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋាន គ្រប់គ្រ​ងគ្រោះមហន្តរាយ ចុះសួរ​សុខទុក្ខ និងនាំយក​អំណោយមនុស្ស​ធម៌ ជូន លោក ចក់ កុសល អតីត​អនុប្រធាន​មន្ទីរព័ត៌មាន ខេត្តបន្ទាយ​មានជ័យ ដែលមាន​ជំងឺរ៉ាំរ៉ៃ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន​របស់លោក នៅភូមិ​អញ្ចាញ ឃុំ ឬស្សីក្រោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្ដមវេជ្ជ. បានពាំនាំនូវ​ប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការគិតគូរ​ពីសុខភាពរបស់លោក ដែលជាមន្ត្រី​សកម្មក្នុងការងារ និងសូមជូនពរលោក ឆាប់បានជា​សះស្បើយពីជំងឺ។

លោក ចក់ កុសល បានសំដែង​ក្តីរំភើប និងដឹងគុណ​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលបាន​គិតគូរចំពោះ​សុខភាព និងទុក្ខលំបាកគ្រួសារ​របស់លោក ព្រមទាំងបាន​ឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនទៀតផង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ. បានអញ្ជើញសួរសុខទុក្ខ លោកជំទាវ ស្រី សុខុម ហេរញ្ញឹក គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានរបស់លោកជំទាវ នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បន្ថែមពីលើនេះទៀត ឯកឧត្តមវេជ្ជ. ក៏បានអញ្ជើញ​សួរសុខទុក្ខ លោក ប៉េង ធឿន អតីតអ្នកបើកបររថយន្ដ កាកបាទក្រហម​កម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺ​នៅគេហដ្ឋានប្អូនថ្លៃ​របស់លោក នៅភូមិតាំងគោក ឃុំតាំងគោក ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕

 

វគ្គបណ្តុះបណ្តាល ស្តីពី “គន្លឹះដើម្បីភាពជោគជ័យ និងភាពជាអ្នកដឹកនាំនៅកាកបាទក្រហមកម្ពុជា

កក្រក ៖ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង​ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ នៅទីស្នាក់ការ​កណ្តាលកាកបាទក្រហម​កម្ពុជា បានរៀបចំ​បញ្ចប់វគ្គ​បណ្តុះបណ្តាល ស្តីពី “គន្លឹះដើម្បីភាព​ជោគជ័យ និងភាព​ជាអ្នកដឹកនាំ” ដែលមានអ្នក​ចូលរួមជាមន្ត្រី​ទីស្នាក់ការ​កណ្តាល និងមន្ត្រី អ្នកស្ម័គ្រចិត្ត សាខាកាកបាទក្រហម​កម្ពុជា រាជធានីភ្នំ​ពេញ សរុបចំនួន ៥០នាក់។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃ​អគ្គលេខាធិការដ្ឋាន កាកបាទក្រហម​កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ លោកគ្រូ Christopher Lee និងក្រុមការងារ​ដែលបានយកចិត្តទុក​ដាក់បង្រៀន ដល់មន្ត្រី អ្នកស្ម័គ្រចិត្ត ហើយវគ្គ “គន្លឹះដើម្បីភាព​ជោគជ័យ និងភាពជា​អ្នកដឹកនាំ” (Operacy) នេះ ផ្តល់នូវគោលគំនិតឱ្យយើង​គ្រប់គ្នាបាន​យល់ដឹងពីគុណ​តម្លៃបន្ថែម​សម្រាប់ជីវិត​របស់យើង​ម្នាក់ៗក្នុងថ្ងៃ​អនាគត៕

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ដល់អង្គការសង្គ្រោះជនអស់សង្ឃឹម សម្រាប់ឆ្នាំ ២០១៨។

កក្រក ៖ នៅរសៀល​ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង​ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់​ថវិកាឧបត្ថម្ភ​ចំនួន ២០លានរៀល ដល់អង្គការ​សង្គ្រោះជនអស់​សង្ឃឹម សម្រាប់ឆ្នាំ ២០១៨។

 

ក្នុងឱកាសប្រគល់​ថវិកានោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហម​កម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហម​កម្ពុជា ដែលផ្តាំផ្ញើ​សួរសុខទុក្ខ ក្តីនឹករលឹកប្រកបដោយ​មនោសញ្ចេតនា​អាណិត ស្រឡាញ់ មេត្តា ករុណា ដ៏ជ្រាលជ្រៅ​ ចំពោះលោកយាយៗ ចៅៗ និងក្មួយៗទាំងអស់ដែល​កំពុងស្នាក់នៅ និងទទួលការ​អប់រំ បណ្តុះបណ្តាល នៅក្នុងអង្គការ ​ព្រមទាំងលើកទឹកចិត្ត​ដល់ចៅៗ ក្មួយៗ ត្រូវខិតខំ​រៀនសូត្រដើម្បីអនាគតភ្លឺស្វាង និងជាសសរ​ទ្រូងប្រទេសជាតិនៅថ្ងៃអនាគត។ ជាមួយគ្នានេះ លោកជំទាវ ក៏បានកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក របស់អង្គការ ដែលបានលះបង់​កម្លាំងកាយចិត្តចូលរួម​លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តាមរយៈ ជួយដល់កុមារកំព្រា ចាស់ឥតទីពឹង អ្នករស់នៅ​ជាមួយមេរោគអេដស៍ បានរស់រាន​ក្នុងភាពថ្លៃថ្នូរ ក្នុងសង្គមមានសន្តិភាព​ពេញលេញ ស្ថិរភាព និងការអភិវឌ្ឍ។

 

លោកស្រី ឡៅ សុខន នាយិកាអង្គការ​សង្គ្រោះជនអស់សង្ឃឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល​តែងតែយកចិត្ដទុកដាក់​គ្រប់ពេលវេលា គិតគូរគ្រប់​ជ្រុងជ្រោយ រាល់បញ្ហា​ដែលប្រជាពលរដ្ឋ​ងាយរងគ្រោះកំពុងជួបប្រទះ ពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅ​ដល់ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ដី្រមេម៉ាយ និងអ្នករស់​នៅជាមួយមេរោគអេដស៍។ល។ បន្ថែមពី​លើការឧបត្ថម្ភ​ថវិកាប្រចាំឆ្នាំនេះ នៅមានការឧបត្ថម្ភ​ជាស្បៀង និងអាហារជួបជុំសាមគ្គី ដើម្បីបង្កភាព​កក់ក្កៅដល់ ចាស់ៗគ្មានទីពឹង ក្មួយៗកុមារ និងបុគ្គលិក​អង្គការទៀតផង។

 

សូមរំលឹកដែរថា​ នេះជាលើកទី១១ ហើយដែល​កាកបាទក្រហម​កម្ពុជា បានឧបត្ថម្ភ​ដល់អង្គការសង្គ្រោះជនអស់សង្ឃឹម៕

 

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ដល់អង្គការគ្រួសារថ្មី សម្រាប់ឆ្នាំ ២០១៨។

កក្រក ៖ នៅរសៀល​ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង​ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា​ ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន បានប្រគល់​ថវិកាឧបត្ថម្ភ​ចំនួន ២០លានរៀល ដល់អង្គការ​គ្រួសារថ្មី សម្រាប់ឆ្នាំ ២០១៨។

 

ក្នុងឱកាសប្រគល់​ថវិកានោះ លោកជំទាវ​ ពុំ ចន្ទីនី អគ្គលេខាធិការ ​កាកបាទក្រហមកម្ពុជា ​បានពាំនាំ​នូវប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហម​កម្ពុជា ដែលផ្តាំផ្ញើ​សួរសុខទុក្ខ ក្តីនឹករលឹកប្រកប​ដោយមនោសញ្ចេតនា​អាណិត ស្រឡាញ់ មេត្តា ករុណា ដ៏ជ្រាលជ្រៅ ចំពោះកុមារ​ពិការគ-ថ្លង់ទាំងអស់​ដែលកំពុង​ស្នាក់នៅ និងទទួលការអប់រំ ​បណ្តុះបណ្តាល នៅក្នុងអង្គការ ព្រមទាំងលើកទឹកចិត្តដល់ចៅៗ ក្មួយៗ ត្រូវខិតខំ​រៀនសូត្រ​ដើម្បីអនាគត​ភ្លឺស្វាង និងជាសសរ​ទ្រូងប្រទេសជាតិ​នៅថ្ងៃអនាគត។ ជាមួយគ្នានេះ លោកជំទាវ ក៏បានកោតសរសើរ​ចំពោះ គណៈគ្រប់គ្រង បុគ្គលិក របស់អង្គការ ដែលបានលះបង់​កម្លាំងកាយចិត្តចូលរួម​លើកកម្ពស់សេចក្តីថ្លៃថ្នូរ​របស់មនុស្សជាតិ តាមរយៈ ជួយឱ្យកុមារពិការគ-ថ្លង់ អាចអភិវឌ្ឍ​ខ្លួនបានល្អប្រសើរឡើង។

 

លោកស្រី នាង ផល្លា តំណាង​អង្គការគ្រួសារថ្មី បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ជានិច្ចកាលតែងតែយក​ចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុង​ជ្រោយ រាល់បញ្ហាដែល​ប្រជាពលរដ្ឋងាយ​រងគ្រោះកំពុងជួបប្រទះ ពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅ​ដល់កុមារពិការគ-ថ្លង់ ឱ្យបានរស់រានក្នុង​ភាពថ្លៃថ្នូរ ក្នុងសង្គមមានសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍ។

 

សូមរំលឹកដែរថា នេះជាលើកទី១០ ហើយដែល​កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភ​ដល់អង្គការគ្រួសារថ្មី៕

 

កាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាត ចំនួន ៥១អណ្តូងនៅខេត្តចំនួន៥

កក្រក​ ៖​ ដើម្បីបន្តដោះស្រាយ​តម្រូវការ​ទឹកនៅតាម​ទី​ជនបទដាច់​ស្រយាល ​នៅដើមឆ្នាំ ​២០១៨ គិតត្រឹមថ្ងៃទី ៥ ខែកុម្ភៈ នេះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា បានសម្រេច​ផ្តល់អណ្តូង​ទឹកស្អាត ចំនួន ៥១អណ្តូង គិតជា​ទឹកប្រាក់​ចំនួន ១១៨.៧៩២ដុល្លារ (មួយសែនមួយ​ម៉ឺនប្រាំបីពាន់​ប្រាំពីររយកៅសិប​ពីរដុល្លារអាមេរិក) ជូនប្រជាពលរដ្ឋ​ខ្វះខាត​ទឹកប្រើប្រាស់ចំនួន ៩០០គ្រួសារ ស្មើមនុស្ស ៣.៨៤៤នាក់ រស់ក្នុង​ខេត្តចំនួន​ប្រាំ ក្នុងនោះ អណ្តូងចំនួន​ ៥ សម្រាប់​មណ្ឌល​អភិវឌ្ឍន៍​យោធិនពិការ​ ៣១៧​ តេជោភ្នំឆ័ត្រ​ ខេត្តបន្ទាយ​មានជ័យ, ១២អណ្តូង សម្រាប់ខេត្តព្រះវិហារ, ១០អណ្តូង សម្រាប់ខេត្តក្រចេះ, ១២អណ្តូង សម្រាប់​ខេត្តស្ទឹងត្រែង និង ១២អណ្តូង សម្រាប់​ខេត្តរតនគិរី។

 

សូមបញ្ជាក់​ដែរថា គិតចាប់តាំង​ពីឆ្នាំ ២០១០ រហូតដល់​បច្ចុប្បន្ននេះ កាកបាទក្រហម​កម្ពុជា បានដោះស្រាយ​បញ្ហាទឹកស្អាត​ជូនប្រជាពលរដ្ឋ​រាប់ម៉ឺនគ្រួសារ​នៅទូទាំងប្រទេស​ ក្នុងនោះ បានផ្តល់​អណ្តូងទឹកស្អាត (អណ្តូងស្នប់-លូ) ស្រះទឹក​សហគមន៍ និងស៊ីទែនទឹក។ល។ ដោយឡែក ក្នុងឆ្នាំ ២០១៧ កន្លងទៅ បានផ្តល់អណ្តូង​សរុបចំនួន ៣២១ និងជីក-ស្តារស្រះទឹក​ចំនួន ៩ នៅក្នុង​ខេត្តចំនួន ២៣៕

 

1 2 3 4 5 Next Last