ទីស្នាក់ការកណ្តាល

កាកបាទក្រហមកម្ពជា ទទួលអំណោយសប្បុរសធម៌ពីសប្បុរសជន ក្នុងខេត្តរតនគិរី
សាខាកក្រកខេត្តរតនគិរី៖ នៅរសៀលថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពជា និងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកាសាខា អញ្ជើញសំណេះសំណាល និងទទួលអំណោយសប្បុរសធម៌ពីសប្បុរសជនសម្រាប់ប្រតិបត្តិការងារមនុស្សធម៌ចុះជួយប្រជាពលដ្ឋដែលបានរងគ្រោះដឹកជំនន់ កាលពីថ្ងៃទី ០៩-១១ ខែ សីហា ឆ្នាំ ២០១៩ ក្នុងខេត្តរតនគិរី។ សប្បុរសជន រួមមានៈ
១-ឯកឧត្តម សុខ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី អង្ករ ១តោន
២-លោក អ៊ា ស្រេងលីម ម្ចាស់ កាឡាក់ស៊ី ខេធីវី អង្ករ ៣ តោន មី ៦កេសធំ
៣-ក្រុមហ៊ុនកិនថ្ម ប៉ារ៉ាឌីស អង្ករ ១តោន
៤-ក្រុមហ៊ុន ស្រាបៀរកម្ពុជា ទឹកពិសារ ចំនួន ៣,០០០កេស។
ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ. បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងការកោតសរសើរ អំណរគុណយ៉ាងជ្រាលជ្រៅនូវទឹកចិត្តសប្បុរសធម៌ និងជឿជាក់ក្នុងសម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី មានលទ្ធភាពក្នុងការចុះជួយដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខប្រជាជនរងគ្រោះដោយទឹកជំនន់នៅស្រុកលំផាត់
សាខារតនគិរី៖ នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីការចែកអំណោយរបស់សាខា កក្រកខេត្ត ដោយ ឯកឧត្តម គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ ឯកឧត្តមវេជ្ជ.អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិកាសាខា សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ព្រមទាំងសហការីបានផ្តល់ឃីត (មុង ភួយ សារុង ក្រមា) ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា បន្ថែមលើគ្រួសារឥស្លាម ចំនួន ១៣ គ្រួសារ ដែលជម្លៀសមកស្នាក់នៅក្នុង សាលាស្រុកលំផាត់។
គួរបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិបណ្ឌិត ប៉ុន រានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយសង្គ្រោះ មកសាខាខេត្ត ដើម្បីចាត់ចែងដល់គ្រួសារដែលកំពុង ជម្លៀសស្នាក់នៅទួលសុវត្ថិភាពរួមមាន៖
-មី ៣២០ កេះ តូច ត្រីខ ៥០០យួរ ឃីត (មុង ភួយ សារុង ក្រមា) ៥០០កញ្ចប់ កៅស៊ូតង់ ១៥០ ដុំ និងតង់តម្លើង ៥ តង់។
ផែនការបន្ទាប់ ព្រឹកថ្ងៃទី១០ ខែសីហា ២០១៩ ឯកឧត្តមវេជ្ជ.អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា និងសហការី បន្តដំណើរចុះសួរសុខទុក្ខ ប្រជាពលរដ្ឋទទួលជម្លៀសនៅទួលសុវត្ថិភាពសាលាបឋមសិក្សាស្រែពកតូច ឃុំសិរិមង្គល នៅស្រុកកូនមុំ។ ទូរលេខបឋម មានគ្រួសាររងគ្រោះក្នុងស្រុកកូនមុំ ចំនួន ៦៨៣ គ្រួសារ ស្មើនឹង ២,៤៣៥ គ្រួសារ ក្នុង ៣ ឃុំ ស្មើនឹង ៧ ភូមិ។ មកដល់ពេលនេះទឹកទន្លេស្រែពកនៅតែបន្តឡើង ហើយភ្លៀងទៀត។

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ នៅ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង
កក្រក ៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ សរុបចំនួន ១,២៧៥គ្រួសារ រស់នៅភូមិចំនួន១៣ ឃុំចំនួន១០ នៃស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ កម្មវិធីនេះ បានប្រារព្ធធ្វើឡើងនៅទីទួលសុវត្ថិភាព ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១) ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ដោយឡែក សិស្សានុសិស្សចំនួន ២១៥នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ២ក្បាល ប៊ិក ១ដើម និងថវិកា ១ម៉ឺនរៀល៕

កាកបាទក្រហមកម្ពុជា ផ្តល់អំណោយ ដល់ អ្នកស្រី ដូក សុផល ប្រកបរបរស៊ីឈ្នួលធ្វើចម្ការ ដែលប្តីអ្នកស្រី រងគ្រោះឆក់ខ្សែភ្លើងធ្ងន់ធ្ងរខណៈពេលកំពុងធ្វើការសំណង់
កក្រក ៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃសុក្រ ទី ២ ខែសីហា ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយសម្រាលការលំបាកដល់ អ្នកស្រី ដូក សុផល ប្រកបរបរស៊ីឈ្នួលធ្វើចម្ការ ដែលប្តីអ្នកស្រីឈ្មោះ ហុង ម៉េងតាំង អាយុ ២៩ឆ្នាំ រងគ្រោះឆក់ខ្សែភ្លើងធ្ងន់ធ្ងរខណៈពេលកំពុងធ្វើការសំណង់។
ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម ម៉ែន បូរីកា ប្រធានការិល័យភស្តុភារ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ គិតគូរពីជីវភាពរស់នៅ និងផ្តាំផ្ញើឱ្យថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងខិតខំបន្តប្រកបរបរប្រចាំជីវិតព្រោះអំណោយផ្តល់ជូននេះអាចជួយសម្រាលការលំបាកបានមួយគ្រាប៉ុណ្ណោះ។
អ្នកស្រី ដូក សុផល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានលេីកទឹកចិត្ត និងជួយសម្រាលការលំបាកដល់គ្រួសាររបស់អ្នកស្រី ក៏ដូចជាប្រជាពលរដ្ឋជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ។
អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ៦០គីឡូក្រាម មី ២កេស ត្រីខ ២០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាចំនួន ២០ម៉ឺនរៀល៕

កិច្ចពង្រឹងសមត្ថភាពបន្ថែមដល់អ្នកស្ម័គ្រចិត្តក្នុងការអនុវត្តន៍គម្រោងសុខភាពមនុស្សចាស់នៅខេត្តកំពត
សាខាកក្រកខេត្តកំពត ៖ កាលពីរសៀលថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានចុះប្រជុំអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដោយមានការឧបត្ថម្ភគាំទ្រថវិកាដោយសហព័ន្ធអន្តរជាតិ ក្រោមវត្តមានលោកជំទាវ មុំ ចន្ទី នាយិការងនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា និងលោកជំទាវឡាក់ មុន្នីរស្មី តំណាងសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងមានការចូលរួមពី លោក លោកស្រី មន្ត្រីសាខា អនុសាខា មន្ត្រីពាក់ព័ន្ធ និងអ្នកស្ម័គ្រចិត្តសរុបចំនួន ២២នាក់ (ស្រី ៩នាក់) មកពីឃុំចំនួន២ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់អ្នកស្ម័គ្រចិត្តក្នុងការអនុវត្តន៍គម្រោងសុខភាពមនុស្សចាស់ឲ្យកាន់តែមានប្រសិទ្ធិភាពដល់សហគមន៍ផងដែរ៕