Webmail
E-Learning
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា

ទីស្នាក់ការកណ្តាល

កាកបាទក្រហមកម្ពុជាយកអំណោយមនុស្សធម៌ជូន លោក យូ តារាវុធដែលមានជំងឺធ្ងន់ធ្ងរងើបពុំរួច

កក្រក​ ៖​ នៅរសៀលថ្ងៃទី ១៧​ ខែតុលា ឆ្នាំ២០១៧ នេះ លោកជំទាវ​ ឃួន​ សុដារី​ អនុ ប្រធាន​កាកបាទក្រហម​កម្ពុជា បានចុះ​សួរសុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ រួមមាន​គ្រឿងបរិភោគ​ ផ្លែឈើ​ ទឹកដោះគោ និង​ថវិកាមួយចំនួន​ជូន​ លោក​ យូ​ តារាវុធ​ អាយុ​ ៦៤​ឆ្នាំ​ អនុប្រធាន​នាយក​ដ្ឋាន​និពន្ធកាសែត​ប្រជាជន​ ដែលមាន​ជំងឺធ្ងន់ធ្ងរ​ងើបពុំរួច​ កំពុងសម្រាក​ព្យាបាល​នៅគេហដ្ឋាន​ស្ថិតនៅខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ លោកជំទាវ​ ឃួន​ សុដារី​ បានពាំនាំប្រសាសន៍​សួរសុខទុក្ខពី​ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ ដែលផ្ដាំផ្ញើការ​អាណិតអាសូរ​ និងលើកទឹកចិត្ត​ចំពោះ លោក​ យូ​ តារាវុធ​ ដែលជាបុគ្គលិក​សកម្ម​ មានស្នាដៃ​និពន្ធព័ត៌មាន​ជាច្រើន​ដើម្បី​បម្រើដល់​ការតាមដាន​ព្រឹត្តិការណ៍​ជាតិសំខាន់ៗ​របស់​សាធារណជន​ ​ក៏ដូចជាការ​ផ្សព្វផ្សាយនូវ​សមិទ្ធផល​ជាច្រើនរបស់​រាជរដ្ឋាភិបាលកម្ពុជា​ ដែលបាន​និងកំពុងអភិវឌ្ឍ​ឥតឈប់ឈរ។ ជាមួយគ្នានេះ​ លោកជំទាវ​ បានលើក​ទឹកចិត្តដល់លោក យូ​ តារាវុធ ត្រូវខិត​ខំបំប៉ន​សុខភាពឱ្យបានល្អ​ អនុវត្តតាម​ការណែនាំ​របស់គ្រូពេទ្យ​ និងជូនពរ​ឆាប់បានជា​សះស្បើយ​ឡើងវិញ។

 

លោក យូ​ តារាវុធ​ និងភរិយា​ មានក្តីរំភើបដល់​ស្រក់ទឹកភ្នែក​ និងបានសម្តែង​នូវការដឹងគុណ​ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលដឹកនាំ​កាកបាទក្រហម​កម្ពុជា ដោយយក​ចិត្តទុកដាក់​ គិតគូរ មានក្តីមេត្តា ករុណា​ ផ្តល់ភាព​កក់ក្តៅ និងលើកទឹកចិត្ត​ដល់ប្រជាជន​គ្រប់រូប​ ដោយគ្មាន​ការរើសអើង​ មិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ៕

កាកបាទក្រហមកម្ពុជា ទទួលអំណោយចង្កៀងប្រើពន្លឺព្រះអាទិត្យ ពី សហព័ន្ធអន្តរជាតិ ប្រចាំនៅកម្ពុជា

នៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៧ នេះ លោកជំទាវ​ម៉ែន នារីសោភ័គ​ អគ្គលេខាធិការ ស្តីទី ​កាកបាទក្រហម​កម្ពុជា ​បានទទួល​ជួបសំណេះ​សំណាល​ និងទទួល​អំណោយ​ចង្កៀង​ប្រើពន្លឺព្រះអាទិត្យ​ចំនួន ៩០គ្រឿង ពី​តំណាង​សហព័ន្ធ​អន្តរជាតិ ​ ប្រចាំនៅ​កម្ពុជា ដែលពិធីនេះ​ប្រព្រឹត្តទៅ​នៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា។

 

ក្នុងឱកាសនោះ​ លោកជំទាវ​អគ្គលេខាធិការ​ស្តីទី បានពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលផ្តាំផ្ញើ​សួរសុខទុក្ខ និងថ្លែងអំណរ​គុណចំពោះ​ សហព័ន្ធអន្តរជាតិ និងក្រុមហ៊ុន Panasonic ដែលបាន​ឧបត្ថម្ភ​ចង្កៀង​ប្រើពន្លឺ​ព្រះអាទិត្យ​ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ នេះ ចំនួន ៥លើក​ សរុបមាន​ចំនួន ៦៦៩គ្រឿង ហើយ​ដែល​កាកបាទក្រហម​កម្ពុជា​ យកទៅចែកជូនគ្រួសារតាម​សហគមន៍​ និងតាម​មណ្ឌល​សុខភាព ដែលនៅ​តំបន់ឆ្ងាយ​ដាច់ស្រយ៉ាល​គ្មានភ្លើងអគ្គិសនី។

 

កញ្ញា ឡាក់ មុន្នីរស្មី អ្នកសម្រប​សម្រួល​សហព័ន្ធអន្តរជាតិ​ប្រចាំ​នៅកម្ពុជា បានថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហម​កម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបាន​អនុញ្ញាត​ឱ្យចូលជួប​សម្តែងការ​គួរសម និងប្រគល់​អំណោយ​ចង្កៀងជា​លើកទី ៥ ដែលឧបត្ថម្ភ​ដោយក្រុមហ៊ុន Panasonic ជប៉ុន ជូន​កាកបាទក្រហម​កម្ពុជា ដើម្បី​បន្តចែក​ជូនតាម​មណ្ឌល​សុខភាព​ដាច់ស្រយ៉ាល និងជូន​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ តាមរយៈ គម្រោង/កម្មវិធីផ្សេងៗរបស់​កាកបាទក្រហម​កម្ពុជា។

 

សូម​បញ្ជាក់ថា ​ចង្កៀង​ដែល​កាកបាទក្រហម​កម្ពុជា បានទទួល​ពីសហព័ន្ធ​អន្តរជាតិ ជាបន្តបន្ទាប់​ចាប់តាំងពីឆ្នាំ ២០១៣មក គឺបានពី​កម្មវិធី “គម្រោង​ចង្កៀង​ប្រើពន្លឺ​ព្រះអាទិត្យចំនួន ១០០ពាន់គ្រឿង” របស់​ក្រុមហ៊ុន Panasonic ដែលបាន​ចែកជូន​បណ្តាស្ថាប័ន​មនុស្សធម៌ និង​អង្គការ​ផ្សេងៗ​ក្នុងប្រទេស​នៅតំបន់​អាស៊ី-ប៉ាស៊ីហ្វិក និង​អាហ្រ្វិក៕

កាកបាទក្រហមកម្ពុជាផ្តល់ថវិកា និងគ្រឿងឧបភោគ-បរិភោគដល់ លោក អ៊ុក រីជែម

កក្រក​ ៖​ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា ​ដែលមាន ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានផ្តល់​ថវិកា​ និងគ្រឿង​ឧបភោគ-បរិភោគ​មួយចំនួន​ដល់ លោក​ អ៊ុក​ រីជែម​ អាយុ​ ២៧ឆ្នាំ​ ដែលមិនអាច​មានពេល​ទៅប្រកបរបរ​បានដោយ​ត្រូវនៅថែ​ទាំភរិយា​មានជំងឺ​គ្រុនចាញ់​ និងធ្លាក់ឈាម ​បន្ទាប់ពីទើប​សម្រាលកូនបាន​ ២០ថ្ងៃ​ កំពុងសម្រាក​ព្យាបាល​ដោយឥតគិត​ថ្លៃនៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។

 

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី ១ កាកបាទក្រហម​កម្ពុជា បានពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ​សួរសុខទុក្ខ ​និងផ្តាំផ្ញើ​អ្នកជំងឺ​ឱ្យខិតខំបំប៉ន​សុខភាព​ឱ្យបានល្អ​ បរិភោគ​អាហារមាន​ជីរជាតិ​ មានអនាម័យ​ស្អាតក្នុងការ​ថែទាំកូន​ អនុវត្តតាមការណែនាំ​របស់គ្រូពេទ្យ​ និងខិតខំ​បន្តប្រកបរបរ​ចិញ្ចឹមជីវិត​ដើម្បីអនាគត​គ្រួសារ។

 

សូមបញ្ជាក់ថា​ ៖​ គ្រួសារតូចដ៏កម្សត់​មួយនេះ​ បានសម្រេច​ចិត្តផ្លាស់ទីពី​ស្រុកកំណើត​នៅភូមិអង្គរជ័យ​ ឃុំស្រឡប់​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ មកភ្នំពេញ​ដើម្បីបន្តមុខ​របររត់​ម៉ូតូកង់បី​ ដោយស្នាក់​នៅបណ្តោះអាសន្នជាមួយបងប្អូននៅ​ សង្កាត់ព្រែកហូរ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។​ មិនបានប៉ុន្មាន​ថ្ងៃផង​ ភរិយា​សរសៃខ្ចីក៏មានជំងឺ​ ហើយគ្មាន​លទ្ធភាពទិញ​អាហារបំប៉ន​សុខភាព​តាមវេជ្ជ​បញ្ជានោះទេ។​ ពេលនេះ​ លោក​ អ៊ុក​ រីជែម​ និងភរិយា​ បានសំដែងនូវ​ការដឹងយ៉ាង​ជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលមានទឹកចិត្ត​សណ្តោស​ប្រណីថ្លៃថ្លា​ គិតគូរពីសុខទុក្ខ​របស់ប្រជាពលរដ្ឋ​ដោយគ្មាន​ការរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ព័ណ៌សម្បុរ​ ឬនិន្នាការនយោបាយ​អ្វីឡើយ៕

 

ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់នៅក្នុងឃុំផាត់សណ្ដាយទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្ដល់អំណោយ​មនុស្សធម៌​ជូនប្រជាពលរដ្ឋ​រងគ្រោះ​ ដោយសារ​ទឹកជំនន់ ចំនួន ៥១៦ គ្រួសារ ដែល​រស់នៅក្នុង​ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

 

ពិធីសំណេះ​សំណាល​សួរសុខទុក្ខ និងចែកអំណោយ​នេះប្រព្រឹត្តទៅនៅ​ទីតាំង ២ ផ្សេងគ្នា​ រួមមាន ៖ 
១-ផែបណ្ដែត​ទឹកភូមិ​ផាត់សណ្ដាយ សម្រាប់​ប្រជាពលរដ្ឋ​ចំនួន ៣៦៧ គ្រួសារ
២- ផែបណ្ដែត​ទឹកភូមិ​ទួលនាងសាវ សម្រាប់​ប្រជាពលរដ្ឋ​ចំនួន ១៤៩ គ្រួសារ

ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហម​កម្ពុជា បានពាំនាំ​ប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខ និង នឹករលឹក ពី ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និងបានផ្ដល់​អនុសាសន៍ មួយចំនួនដល់​ប្រជាពលរដ្ឋ​ដែលកំពុង​រស់នៅក្នុង​សុខសន្តិភា​ព និងការអភិវឌ្ឍន៍ រួមមាន ៖ 


១-ត្រូវចេះថែរក្សាសុខភាព​ឱ្យបានល្អប្រសើរ ដោយ​ត្រូវរស់នៅស្អាត ​និងពិសារ​ទឹកឆ្អិន​ជានិច្ច ជាពិសេស​ស្ត្រីមានផ្ទៃពោះ​ត្រូវទៅពិនិត្យ​សុខភាពឱ្យបាន​ទៀងទាត់។ 
២-ត្រូវចេះស្រឡាញ់​រាប់អាន យកអាសា​គ្នាទៅវិញ​ទៅមក និងជៀសវាង​ការប្រើប្រាស់​គ្រឿងញៀន និងគ្រឿងស្រវឹងផ្សេងៗ ដែលនាំឱ្យមានអំពើ​ហិង្សាកើតឡើង។ 
 ៣-ត្រូវតាមដាន​ព័ត៌មាន​ឧតុនិយម​ឱ្យបានជាប់​ជាប្រចាំ ដើម្បីដឹង​ពីស្ថានភាព​អាកាសធាតុ​ និងត្រៀម​បង្ការបានទាន់ពេលវេលា។

អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។

 

កាកបាទក្រហមកម្ពុជា ប្រគេនបច្ច័យ គ្រឿងឧបភោគ-បរិភោគដល់ ព្រះតេជគុណ ឌៀប វុទ្ធីដែលមានអាពាធធ្ងន់ធ្ងរ

កក្រក​ ៖​ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៧ នេះ កាកបាទ​ក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគេន​បច្ច័យ គ្រឿង​ឧបភោគ-បរិភោគ​មួយចំនួន​ដល់ ព្រះតេជគុណ ឌៀប វុទ្ធី គង់នៅ​វត្តព្រះវិហារ​សំណ ដែល​ស្ថិតនៅ​ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ​ដោយប្អូនប្រុស​របស់ព្រះអង្គ​ ព្រះនាម​ ប៊ុត វណ្ណដា មានអាពាធ​ធ្ងន់ធ្ងរ (កោសិកា​មិនផលិត​គ្រាប់ឈាម) កំពុង​គង់ព្យាបាល​នៅមន្ទីរពេទ្យ​កាល់ម៉ែត។

 

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី ១ កាកបាទក្រហម​កម្ពុជា បា​នពាំនាំ​ប្រសាសន៍​របស់ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និងប្រគេន​ពរចំពោះ ព្រះតេជ​គុណ ប៊ុត វណ្ណដា សូមឆាប់បាន​ជាសះស្បើយ​ពីអាពាធ​ឡើងវិញ។

 

ព្រះតេជគុណ ឌៀប វុទ្ធី បានឱ្យពរ​សព្ទសាធុការចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល​គិតគូរ​ចំពោះទុក្ខលំបាក​របស់មនុស្ស​ទូទៅដោយគ្មាន​ការរើសអើង មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការ​នយោបាយ​អ្វីឡើយ៕

1 2 3 4 5 Next Last