Webmail
E-Learning
សេវាយើង

សកម្មភាពផ្សេងៗ

...

យុវជនកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ

សាខាកក្រករាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃសៅរ៍ ទី០៤​ ខែកុម្ភៈ​ ឆ្នាំ២០១៧នេះ ក៏ដូចជារៀងរាល់​ព្រឹកថ្ងៃសៅរ៍​សប្តាហ៍មុនៗផងដែរ​យុវជន​សាខាកាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ចំនួន​៣២០នាក់រួមជាមួយ​គ្រូទីប្រឹក្សា​ដោយមាន​ការចាត់ចែង​ពីមន្រ្តី​ប្រតិបត្តិសាខា​បានចុះ​អប់រំ​សុវត្ថិភាព ចរាចរណ៍​តាមស្តុបគោលដៅ​សំខាន់ៗ​ចំនួន២០​ក្នុងរាជធានីភ្នំពេញ ។

 

គោលបំណង​នៃការចុះអប់រំ​សុវត្ថិភាព​ចរាចរណ៍​នេះ គឺសំដៅ​ជួយដាស់តឿនក្រើន​រំលឹកបន្ថែមទៀត​ដល់​ប្រជាពលរដ្ឋយើង​ដែលធ្វើដំណើរ​តាម ដងផ្លូវ​សូមមាន​ការភ្ញាក់រលឹក​ចេះគោរព​ច្បាប់ចរាចរណ៍ ភ្លើងសញ្ញា​ផ្លាកសញ្ញា​គំនូសសញ្ញា​និងបើកបរ​ត្រូវមានសុជីវធម៌ សីលធម៌ ចេះយោគយល់​អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ​ និងជាពិសេស​ក្នុងន័យសំដៅ​រួមគ្នា​ធ្វើឲ្យចរាចរណ៍​ក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្នុង​ប្រទេសយើង​ទាំងមូល​មានរបៀបរៀបរយ​ និងធ្វើដំណើរ​ប្រកបដោយសុវតិ្ថភាព​ ៕

 

...

វគ្គបណ្តុះបណ្តាលស្តីពី ពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៦នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានបើកវគ្គ បណ្តុះបណ្តាលស្តីពី ពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍ ដល់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យ ហ៊ុនសែន ស្វាយធំ ស្រុកប្រាសាទបាគង ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោកសមាជិកគណៈកម្មាធិការអនុសាខា លោកនាយកវិទ្យាល័យ ព្រមទាំងសិក្ខាកាមដែលចូលរួមមកពីមន្ត្រីប្រចាំការអនុសាខា ក្រុមកាកបាទក្រហមកម្ពុជាឃុំកណ្តែក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាភូមិ និងយុវជនកាកបាទក្រហមកម្ពុជាសរុបចំនួន៤០នាក់អញ្ជើញជាសិក្ខាកាមផងដែរ។

 

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលស្តីពី ពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍ ដល់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នាពេលនោះដែរ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបក៍បានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលនេះ គឺក្នុងគោលបំណង ផ្តល់ចំណេះដឹងដល់ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អំពីពិការភាព ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ និងច្បាប់ចរាចរណ៍ផ្លូវគោក លើកកម្ពស់សិទ្ធជនពិការ និងលប់បំបាត់ ការរើសអើងគ្រប់រូបភាពមកលើជនពិការ និងការកាត់បន្ថយអត្រាគ្រោះថ្នាក់ ស្លាប់ របួស ពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងបង្កាមិន ឱ្យជនពិការក្លាយជាជនរងគ្រោះលើកទី ពីរដោយសារ​តែជួបគ្រោះថ្នាក់ចរាចរណ៍។

...

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ផ្សព្វផ្សាយពី ពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍

នៅព្រឹកថ្ងៃ ០២ ខែសីហា ឆ្នាំ២០១៦ នេះ ក្រុមអ្នកស្មគ្រ័ចិត្ត​កាកបាទក្រហមកម្ពុជា ជាជនពិការ ប្រចាំសង្កាត់ព្រៃញី ចំនួន៨នាក់ (ស្រី៤នាក់ ) បានចុះផ្សព្វផ្សាយពី ពិការភាពក្នុងការងារ​សុវត្ថិភាពចរាចរណ៍ ​ជូនដល់ប្រជាពលរដ្ឋ សរុបចំនួន ៥១នាក់ (ស្រី៣៩ នាក់) ក្នុងនោះមានបុរស​ពិការម្នាក់ ដែលពិធីនេះធ្វើនៅលើសាលាឆានរបស់វត្តស្រះស្រង់ ដែលស្ថិតនៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

 

 

វគ្គផ្សព្វផ្សាយនេះ​ធ្វើឡើងក្នុងគោលបំណង ៖ ពង្រីកចំណោះដឹងដែលអ្នកស្ម័គ្រចិត្តទើបទទួលបានថ្មី ស្តីពី ពិការភាព និងសុវត្ថិភាពចរាចរណ៍​ និងយកចំណេះដឹងដែលបានរៀន ជុំវិញសុវត្ថិភាព​អ្នកប្រើប្រាស់ផ្លូវ​របស់ប្រជាពលរដ្ឋ ពិសេសជនពិការ​ដែលមានការលំបាក​ក្នុងការធ្វើដំណើរទៅ​ទទួលសេវាសាធារណៈ និងជាជនងាយរងគ្រោះថ្នាក់ចរាចរណ៍​ជាងជនមិនពិការ ។

 

ដើម្បីឲ្យប្រជាពលរដ្ឋ​យល់ពីសិទ្ធិ​ជនពិការ ច្បាប់ចរាចរណ៍ និងចូលរួមចំណែកកាត់បន្ថយអាត្រាស្លាប់ របួស ពិការ និងបង្កា​មិនឲ្យជនពិការធ្លាក់ខ្លួន​ពិការជាលើកទី២ ដោយសារ​គ្រោះថ្នាក់ចរាចរណ៍៕

...

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបផ្សព្វផ្សាយស្ដីពី សុវត្ថិភាពចរាចរណ៍

ខេត្តសៀមរាប៖ នៅថ្ងៃទី ០៤ ខែ​មេសាឆ្នាំ២០១៦​ សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្តសៀមរាប ​បានធ្វើការ​ផ្សព្វផ្សាយ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​នៅសាលាគរុកោសល្យ​ និង​វិក្រឹតការ​ខេត្តសៀមរាប​ ដែលមាន​លោកស្រី ​សំ សាវ៉ាង​ មន្ត្រីគម្រោង​យុវជនកក្រក​ និងសុវត្ថិភាពចរាចរណ៍​ រួមបញ្ចូល​ពិការភាព ​និងលោស្រី​ ហ៊ុន មករា ​នាយិការង​សាលា​គរុកោសល្យ ​និងវិក្រឹតការ​ខេត្ត ​ជាអ្នកធ្វើ​បទបង្ហាញ​ ដល់គរុ​សិស្សឆ្នាំទី១ ​ជំនាន់ទី៣៤​ ដែលមាន​ចំនួន ១០៨នាក់​ ស្រី ៧៥នាក់​។

 

ក្នុង​គោលបំណង​ផ្ដល់​ការយល់ដឹងពី​ ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងប្រទេសកម្ពុជា ​សារៈប្រយោជន៍​មួកសុវត្ថិភាព ​ផលប៉ះពាល់​នៃការ បើកបរ​ក្រោមឥទ្ធិពល​គ្រឿងស្រវឹង ​ការអនុវត្ត​ច្បាប់ចរាចរណ៍​ផ្លូវគោក​ ទោសបញ្ញតិ​នៃច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ​និងអនុក្រឹត​ស្ដីពី ការផាកពិន័យ​អន្តរការណ៍​ដើម្បី​បានជាមូលដ្ឋាន​ក្នុងការអប់រំ​ផ្សព្វផ្សាយ​បន្តដល់​សិស្សានុសិស្ស​ នៅពេល​ដែល​ពួកគាត់​ប្រឡង​ជាប់ក្លាយ​ជាគ្រូ​បង្រៀន។

...

វគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះសុវត្តិភាពចរាចរណ៍ ពិការភាព និងការគាំពារកុមារ

ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន២៥នាក់ មកពីវិទ្យាល័យចំនួន៥ នៅក្នុងក្រុងសៀមរាប បានចូលរួមវគ្គបណ្តុះបណ្តាល រយៈពេល២ថ្ងៃ នៅវិទ្យាល័យ១០មករា ១៩៧៩  ដោយផ្តោតជាសំខាន់ទៅលើមេរៀន ស្តីអំពីមូលដ្ឋានគ្រឹះសុវត្តិភាពចរាចរណ៍ ពិការភាព និង ការគាំពារកុមារ ក្រោមការឧបត្ថម្ភដោយ Australian Aid និង កាកបាទក្រហមអូស្ត្រាលី ។

       លោក ស៊ុំ សំអន នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជានៅខេត្តសៀមរាប  បានជម្រាបជូននា ព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៦ ពីគោលបំណងនៃវគ្គបណ្តុះបណ្តាលដោយផ្តោត ទៅលើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ថ្មី ការផាកពិន័យ និងវិធីសាស្រ្ តធ្វើឲ្យមាន សុវត្ថិភាព នៅលើដងផ្លូវ និងបង្កើនការយល់ដឹង ពីគុណតម្លៃរបស់ជនពិការ បំផុសឱ្យយុវជនកាកបាទក្រហមកម្ពុជា អប់រំនឹងផ្តល់ឱកាសឱ្យយុវជនពិការ បានចូលរួមសកម្មភាពសង្គមនានា រួមទាំងផ្តល់យុវជនឱ្យចូលរួមទប់ស្កាត់រាល់ការរំលោភបំពាន កេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទលើ កុមារ។  

       លោកស្រី លុយ កូឡាប មន្រ្តីសម្របសម្រួលគម្រោងយុវជនកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍ រួមបញ្ចូលពិការភាព ក៏មានប្រសាសន៍ថា៖  កុមារគឺជាក្រុមដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម ហើយថាការធ្វើការជាមួយកុមារ គឺជាការទទួលខុសត្រូវដ៏សំខាន់។ គ្រប់ពេលវេលា កុមារមានសិទ្ធិទទួលបានសុវត្ថិភាព​ និងត្រូវបានទទួលការការពារយ៉ាងត្រឹមត្រូវបំផុត។

    លោកស្រីបានពន្យល់ថា៖ តាមរយៈគោលនយោបាយគាំពារកុមារ និងខ្លឹមសារនៃសៀវភៅមគ្គុទ្ទេសក៍ ស្តីអំពីការគាំពារកុមារ កាកបាទ ក្រហមកម្ពុជា នឹងលើកទឹកចិត្តយ៉ាងសកម្មដល់ការអនុវត្តការងារនេះ។ កាកបាទក្រហមកម្ពុជា សង្ឃឹមថា កុមារ និងយុវជននឹងត្រូវបានការពារ ពីគ្រោះថ្នាក់ និងទទួលបាននូវឱកាសទាំងអស់ សម្រាប់ការចូលរួមនៅក្នុងជីវិតរបស់ពួកគេនិងសហគមន៍របស់ពួកគេ ដើម្បីបានក្លាយជាអ្នក ដឹកនាំដ៏មានប្រសិទ្ធិភាព និងជាអ្នកសម្រេចចិត្តនាពេលអនាគត៕​