ស្វាយរៀង

សាខាកកក្រកខេត្តស្វាយរៀង នាំ អំណោយ ជូនជនរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំចំបក់ ស្រុកស្វាយជ្រំ

សាខាកក្រកខេត្តស្វាយរៀង៖នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៨ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ របស់សាខាទៅចែកជូនដល់គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៨ គ្រួសារ ដែលរងគ្រោះកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅ បណ្តាលឲ្យរងការខួចខាតទាំងស្រុង ៤ គ្រួសារ រងផលប៉ះពាល់មួយផ្នែក ៤ គ្រួសារ នៅឃុំចំបក់ ស្រុកស្វាយជ្រំ ។
ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះគ្រួសារដែលរងគ្រោះ និងបានសំដែងនូវការចូលរួមសោកស្តាយចំពោះការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ ដែលបង្កដោយគ្រោះធម្មជាតិនេះ ។
អំណោយដែលបានចែកជូនដល់គ្រួសាររងគ្រោះធ្ងន់ ៤ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រី ខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ ថវិកា ២០០,០០០ រៀល គ្រួសាររងគ្រោះមធ្យម ៤ គ្រួសារ ទទួលបាន អង្ករ ៣០ គ.ក្រ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រី ខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ និងថវិកា ៥០,០០០ រៀល ។ ដោយ មើលឃើញពីការលំបាកចំពោះគ្រួសារដែលរងការខូចខាតទាំងស្រុង ៤ គ្រួសារ លោកជំទាវបានឧបត្ថម្ភថវិកាបន្ថែម ក្នុង១ គ្រួសារ ១០០,០០០ រៀល បន្ថែមទៀត ។

ខេត្តស្វាយរៀង ធ្វើការវាយតម្លៃជ្រើសរើសដាក់ចំណាត់ថ្នាក់លើផ្ទាំងគំនូររបស់កុមារ
សាខាកក្រកខេត្តស្វាយរៀង៖ដើម្បីចូលរួមអបអរខួបទី ១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨ នៅថ្ងៃព្រហស្បត្តិ៍ ១៣ កើត ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំពិធីវាយតម្លៃឲ្យពិន្ទុក្នុងការប្រកូតប្រជែងប្រលងគំនូរកុមារ ដើម្បីលើកកម្ពស់ស្នាដៃអំពីសកម្មភាពរបស់កាកបាទក្រហមកម្ពុជា បញ្ជ្របការយល់ដឹងជាមូលដ្ឋានពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងបណ្តុះគំនិតទឹកចិត្តសទ្ធាជ្រះថ្លាស្រឡាញ់មនុស្សជាតិក្នុងចំណោមកុមារដែលជាទំពាំងស្នងឬស្សី ក្រោមប្រធានបទ (កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល) សាខាបានផ្សព្វផ្សាយនឹងណែនាំរូបភាពសកម្មភាពចម្រុះវិស័យ ដើម្បីឲ្យសិស្សានុសិស្សជ្រើសរើសយកគំនូរដែលខ្លួនពេញចិត្តសម្រាប់គូរ រួចជ្រើសរើសយកអ្នកមានសា្នដៃល្អពីលេខ ១ ដល់លេខ ៣ យកទៅប្រកូតប្រជែងទូទាំងប្រទេសនៅទីស្នាក់ការកណ្តាលកាកបាទក្រហកកម្ពុជា ។
ពិធីនេះបានការអញ្ជើញចូលរួមពី លោក សរ វណ្ណា នាយកសាខា លោក ហាស់ ម៉ុងតេរ៉ា ប្រធានការិយាល័យបឋម មន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកនាយកសាលា លោកគ្រូ មកពីសាលាទាំងបី ដោយបានវាយតម្លៃលើផ្ទាំងគំនូររបស់សិស្សានុសិស្សមកពីសាលាបឋមសិក្សាចេក ១៥ ផ្ទាំង សាលាបឋមសិក្សាកូវសាមុតកំពង់ចក ១៦ ផ្ទាំង និងសាលាបឋមសិក្សា ៧ មករាបាសាក់ ១៦ ផ្ទាំង សរុប ៤៧ ផ្ទាំង ។
ដោយមុននឹងគូគំនូរក្រុមប្រត្តិបត្តិសាខា បានធ្វើការផ្សព្វផ្សាយដល់សាលាទាំង ៣ ដើម្បីទទួលផែនការ និង ការណែនាំអំពីការគូគំនូរទាក់ទងទៅនឹងប្រធានបទខាងលើដោយសំដៅទៅលើអត្ថន័យ សោភ័ណភាព និងស្នាដៃតាមស្ថានភាពជាក់ស្តែងជាលក្ខណៈបុគ្គល ផ្តោតលើនិមិត្តសញ្ញាកាកបាទក្រហម ។ ដោយបានធ្វើការប្រជុំវាយតម្លៃឲ្យពិន្ទុមានការចូលរួមពីក្រុមគណៈកម្មាការពហុវិស័យ ដែលមានលោកនាយកសាខា មន្ត្រីមន្ទីរអប់រំយុវជន និង កីឡាខេត្ត និងលោកនាយកសាលាទាំងបី ដើម្បីធ្វើការវាយតម្លៃឲ្យពិន្ទុពីលេខ ១ ដល់លេខ ៣ ។ ក្រោយពីបានវាយតម្លៃ និងរូបភាពនីមួយៗ បានទទួលចំណាត់ថ្នាក់លេខ ១ ទៅលើសិស្សឈ្មោះ យស់ សុវណ្ណា សិស្សថ្នាក់ទី ៦(ខ)សាលាបឋមសិក្សា៧ មករា បាសាក់ លេខ ២ ឈ្មោះ វ៉ា រតនា សិស្សថ្នាក់ទី ៦(ក) សាលាបឋមសិក្សា ៧ មករា បាសាក់ និងលេខ ៣ ឈ្នោះ វ៉ាន់ នាង សិស្សថ្នាក់ទី ៦(ខ)សាលាបឋមសិក្សាកូវសាមុតកំពង់ចក ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧ និងលើកទិស ដៅរបស់សាខាកក្រកខេត្តសៀមរាប
សាខាកក្រកខេត្តស្វាយរៀង៖ នៅថ្ងៃ ព្រហស្បតិ៍ ១០រោជ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបាន បើកចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧ និងលើកទិស ដៅសម្រាប់អនុវត្តបន្តឆ្នាំ ២០១៨ ។
ដោយមានការចូលរួមពីឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ គណៈកម្មា ធិការសាខាក្រុមប្រតិបត្តិសាខា ព្រមទាំង លោក លោកស្រីជាប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខាទាំង ៨ ក្រុងស្រុក សរុបចំនួន ២៤ នាក់ ។
ឯកឧត្តម ម៉ែន វិបុល មានមតិលើកឡើងដោយអបអរសាទរ និងការចូលរួមរបស់ គណៈកម្មាធិការសាខា និងអនុសាខានាពេលនេះ សរបញ្ជាក់ឲ្យឃើញនូវស្មារតី និងការទទួលខុសត្រូវចំពោះសកម្មភាពដែលបានអនុវត្តន៍កន្លងមក ស្របទៅនឹងយុទ្ធសាស្ត្រទស្សនៈវិស័យ និងបេសកម្ម សកម្មភាពការងារក្នុងវិស័យមនុស្សធម៌ រួមចំណែកកាត់បន្ថយភាពក្រីក្រជួយដល់ជនងាយរងគ្រោះបំផុត ។
មានប្រសាសន៍បូកសរុបកិច្ចប្រជុំឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានឯកភាពក្នុងការកែរលំអរអគារទីស្នាក់ការសាខា និងអនុសាខា ឯកឧត្តមបានសំណូមពរដល់អនុសាខាទាំង ៨ ក្រុង ស្រុក ត្រូវពង្រឹងបន្ថែមលើការងាររដ្ឋបាល និងហិរញ្ញវត្ថុ ការងារស្វែងរកមូលនិធិត្រូវជួយ គៀងគរមន្ថែម និយាយជារួមដោយផ្តោតសំខាន់ទៅលើការរៀបចំ និងការប្រព្រឹត្តទៅនៃការងារស្នូល របស់សាខា និងអនុសាខាទាំងអស់បានអនុវត្តតាមវិស័យស្នូលទាំង ៤ ឲ្យមានដំណើរការល្អស្របតាម អាណត្តិនៃការងារ ទោះបីមានការខ្វះចន្លោះក្នុងការចូលរួមរបស់គណៈកម្មាធិការសាខា មិនបានគ្រប់ សមាសភាពក៍ដោយ ក៍យើងនៅមានសមាជិក សមាជិការសកម្មក្នុងចលនាជួយបំផុសគំនិត និងការផ្តួច ផ្តើមឲ្យមានដំណើរការល្អ ។ ចំពោះអនុសាខាបើទោះបីការអនុវត្តទៅមានភាពខុសគ្នា មានចំណុចខ្លាំង និងចំណុចខ្សោយ ក៍នៅតែខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវ ក្នុងការដោះស្រាយគ្រោះមហន្តរាយជូនប្រជាពលរដ្ឋដែលរងគ្រោះបានទាន់ពេលវេលា ។

គ្រួសារមានជីវភាពខ្វះខាត ក្នុងស្រុករមាសហែកទទួលអំណោយពីសាខាកក្រកខេត្តស្វាយរៀង
សាខាកក្រកខេត្តស្វាយរៀង៖ ដើម្បីឆ្លើយតប ទៅនឹង តម្រូវការ របស់ ប្រជាពលរដ្ឋ មានជីវភាព ខ្វះខាតជួបការលំបាក នៅថ្ងៃសុក្រ ទី ៥ រោច ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៧ ក្រុមការងារ សាខាកាកបាទក្រហម កម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោកជំទាវ ពៅ សុភាព ហេរញ្ញឹក គណៈកម្មា ធិការសាខា ព្រមទាំងក្រុម ប្រតិបត្តិសាខា មន្ត្រីអនុសាខា កាកបាទក្រហមកម្ពុជា ស្រុករមាសហែក បាននាំយកអំណោយមនុស្សធម៌ ចែក ជូន ចាស់ជរា ៥៣ គ្រួសារ កុមារកំព្រា ១០ គ្រួសារ ជនពិការ ៥ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៥៩ គ្រួសារ សរុប ១២៧ គ្រួសារ មកពី ៤ ឃុំក្នុងស្រុករមាសហែក គឺឃុំអណ្តូងត្របែក ៣២ គ្រួសារ ត្រស់ ២៦ គ្រួសារ អំពិល ២៩ គ្រួសារ និងឃុំគគីរ ៤០ គ្រួសារ ។
ក្នុងឱកាសនោះលោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ហើយជានិច្ចជាកាល សម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ។
លោកជំទាវ ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្ត ទុកដាក់ពីសុខភាព រក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ និងការហូបចុក ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន ព្រមទាំងសូមឲ្យបងប្អូនដែលរស់នៅមូលដ្ឋានជាមួយគ្នា ត្រូវមានការសាមគ្គីគ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និងចៀសវាងឲ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម ជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីឲ្យភូមិ សង្កាត់យើងមានសុវត្ថិភាព និងរស់នៅប្រកបដោយភាពសុខដុមរមនា ។
ស្បៀង និងសម្ភារដែលបានចែកជូនទាំង ១២៧ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ កន្ទេលបត់ ១ ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មី ១ កេសមុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៤០,០០០ រៀល ។

សាខាកក្រកខេត្តស្វាយរៀងប្រារព្ធ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍
សាខាកក្រកខេត្តស្វាយរៀង៖ដើម្បីចូលរួម ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០១៧ តាមទិសស្លោក ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍ និងលើកកម្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប និងជំងឺអេដស៍នៅកម្ពុជា ។
នៅថ្ងៃសុក្រ ១៣ កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែកអំណោយ មនុស្សធម៌ដល់កុមារកំព្រាដោយសារអេដស៍ អ្នករងគ្រោះរស់នៅជាមួយមេរោគអេដស៍ ចំនួន ២៦៤ នាក់ មកពី ក្រុងស្វាយរៀង ៥៧ នាក់ ស្រុកកំពង់រោទិ៍ ៤៥ នាក់ ស្វាយទាប ៤៥ នាក់ រំដួល ៤០ ស្រុកស្វាយជ្រំ ៧០ នាក់ មកពីអង្គការស៊ីភីអិនផ្លាស់ ៧ នាក់ នៅទីស្នាក់ការសាខាខេត្ត ដែលពិធីនេះ បានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងអស់លោក លោកស្រី ជាសមាជិក សមាជិកានៃកណៈកម្មាធិកាសាខា លោក លោកស្រីតាមមន្ទីរនានាជុំវិញខេត្ត ។
ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិកាសាខា បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងធ្វើរបាយការណ៍សង្ខេប ស្តីពីការងារអេដស៍របស់សាខាដែលបានអនុវត្ត កន្លងមកនិងបច្ចុប្បន្ននូវ សកម្មភាពពហុវិស័យបើគិតពីការអនុវត្តសកម្មភាព ការជួយទៅដល់អ្នកផ្ទុក មេរោគអេដស៍ដែលកន្លងមកមានការរើសអើងខ្លាំង សូម្បីតែការបរិភោគចំណីអាហារ ឬការរស់នៅជាមួយគ្នាក៏មានការភ័យខ្លាចឆ្លងដែរ តែពេលនេះមានការគាំទ្រពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលមានច្បាប់ អេដស៍ធ្វើឲ្យសារធារណជនមានការយល់ដឹង ព្រមទាំងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសំភារៈធ្វើឲ្យជីវ ភាពរបស់ពួកគេមានភាពប្រសើរឡើង ។
សម្ភារៈដែលសាខាបានឧបត្ថម្ភដល់ អ្នករស់នៅជាមួយមេរោគអេដស៍ នាពេលនោះចំនួន ២៥៧ នាក់ក្នុងម្នាក់ទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោខាប់ ៥ កំប៉ុង មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ៤០,០០០រៀល។