Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ស្ទឹងត្រែង

អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកទទួលអំណោយពីសាខាកក្រកខេត្តស្ទឹងត្រែង

សាខាកក្រក ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ម៉ុម សារឿន ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង​ និងសហការី ​បានអញ្ជើញចុះ​សាកសួរ​សុខទុក្ខ​ និង ផ្តល់​អំណោយ​មនុស្សធម៌​ជូនដល់​អ្នកជំងឺ​ផ្នែកសម្ភព​ចំនួន ២០នាក់ និងផ្នែក​កុមារ ចំនួន ៤៣នាក់​ ដែលកំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ បង្អែកខេត្តស្ទឹងត្រែង ។

 

ក្នុងឱកាសនោះដែ​រ ឯកឧត្តម​ប្រធានកិត្តិយស ព្រមទាំង​សហការី បានអញ្ជើញ​ជួបផ្ទាល់​តាមគ្រែ​របស់អ្នកជំងឺ ដោយ​បានពាំនាំ​នូវប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ​ការសួរ​សុខទុក្ខ យកចិត្ត​ទុកដាក់ និងគិតគូរ​ចំពោះអ្នកជំងឺ​ទាំងអស់ ព្រមទាំងផ្តាំ​ផ្ញើសូមថែរក្សា​សុខភាព​ឱ្យបាន​ល្អ មានអនាម័យស្អាត​ក្នុងការបរិភោគ-រស់នៅ ពិសេស ត្រូវជៀសវាង​ការប្រើប្រាស់​គ្រឿងញៀន ពិសាបារី និងសេព​គ្រឿងស្រវឹង ដែលជាហេតុ​នៃអំពើហិង្សា និងធ្វើ​ឱ្យសុខភាព​ចុះខ្សោយ សេដ្ឋកិច្ច​គ្រួសារធ្លាក់ចុះ។

 

ជាមួយគ្នានេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​គោរពច្បាប់​ចរាចរណ៍ដោយ​ពាក់មួក​សុវត្ថិភាព​ឱ្យបានត្រឹមត្រូវ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ល។ ទន្ទឹមនឹងនេះ ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមគ្រូពេទ្យ ដែលបានខិតខំយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ អស់ពី​សមត្ថភាព ​មានវិជ្ជាជីវៈច្បាស់លាស់ និងពោរពេញ​ដោយក្តីមេត្តា ករុណា មនុស្សធម៌ចំពោះអ្នកជំងឺ។

 

អំណោយផ្តល់​ជូនរួមមានៈ ត្រីខ១យួរ មី០១កេស ទឹកដោះគោខាប់ ០៥កំប៉ុង ស្ករស០១គ.ក្រ ឃីត០១កញ្ចប់ ថវិកាមួយ​ចំនួនផ្តល់​ថវិកាជូន​ដល់ក្រុម​គ្រូពេទ្យ ចំនួនផងដែរ ។

 

ប្រជាពលរដ្ឋ ចាស់ជរានិងពិការនៅ ក្រុងស្ទឹងត្រែងទទួលអំណោយពីសាខាកក្រកខេត្ត

សាខាកក្រក ខេត្តស្ទឹងត្រែង ៖ នារសៀល​ថ្ងៃទី​ ១៧ ខែ កក្កដា ឆ្នាំ ២០១៧ នេះ ​លោក លី មីណា ប្រធាន​គណ:កម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ក្រុងស្ទឹងត្រែង​ និងសហការី ​បានចុះសាក​សួរសុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌​ទៅផ្តល់ជូន​ប្រជាពលរដ្ឋ​ ចាស់ជរា​ពិការជើង​ទាំងពីរ​ចំនួន០១​គ្រួសារ​ និង​ចំនួន០៣គ្រួសារ​ទៀត មានជីវភាព​ទីទ័លក្រ​ខ្វះខាត ជួបការ​លំបាក រស់នៅ ​ភូមិ ហាងខូសួន សង្កាត់​សាមគ្គី​ក្រុងស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង ។


នាឱកាសនោះ​ ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​ បានលើក​ឡើងពី​ការយកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ដល់សុខទុក្ខ​ប្រជាពលរដ្ឋ​យើងនៅ​តាមមូលដ្ឋាន​ពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដោយមិន​ប្រកាន់ពី​និន្នាការ​នយោបាយ​ ជាតិសាសន៍​ សាសនា វណ្ណៈ ​ពណ៌​សម្បុរអ្វីទាំងអស់ ពោល (ទីណាមាន​ការលំបាក​ ទីនោះមាន​កាកបាទក្រហម​កម្ពុជា) ។


អំណោយ​រួមមានៈ អង្ករ៣០គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ មី០១កេស កន្ទេល០១ ឃីត០១កញ្ចប់ ថវិកា​មួយ​ចំនួនផងដែរ។

យុវជនកក្រក ខេត្តស្ទឹងត្រែងចូលរួមស្ទូងស្រូវប្រជាជន

សាខាកក្រក ខេត្តស្ទឹងត្រែង ៖ នាព្រឹក​ថ្ងៃទី​ ១៥ ​ខែកក្កដា​ ឆ្នាំ២០១៧ ​នេះ​ យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្តស្ទឹងត្រែង​ សហការ​ជាមួយ​អនុសាខា​កក្រក​ស្រុក​ មន្រ្តី​សាលាស្រុក​ កងកម្លាំង​នគរបាល​ស្រុក/ប៉ុស្តិ៍ ​លោកគ្រូ​ អ្នកគ្រូ ​មេឃុំ ​មេភូមិ​និងប្រជាពលរដ្ឋ ​សរុប​ចំនួន ៨២នាក់​ បានចុះ​ជួយស្ទូង​ស្រូវ​ជូន​ប្រជាពលរដ្ឋ​លើ​ផ្ទៃដី​ជិត២ហិកតា​ ដើម្បី​សម្រាលការ​លំបាក​ដល់ប្រជាពលរដ្ឋ​ទីទ័លក្រ​ ដែល​ខ្វះខាត​កម្លាំង​ពលកម្ម​ក្នុងការធ្វើស្រែ​នារដូវវស្សា​នេះនៅ​សហគមន៏​ស្រែខ្លី ភូមិកំភុន ឃុំកំភុន ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។

 

ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ស្រែ​បានសម្តែង​នូវទឹកចិត្ត​ត្រេកអរ​យ៉ាងខ្លាំង​ ចំពោះស្មារតី​យកចិត្តទុកដាក់​ និង ចេះជួយគ្នា​ក្នុងគ្រា​ជួបការ​លំបាក លើសពីនេះគឺចេះចែក​រំលែក​នូវអ្វីដែល​ខ្លួនមាន​ដល់អ្នក​ក្រខ្សត់។

 

ការចុះជួយ​ស្ទូងស្រូវ​ជូនពលរដ្ឋ​នៅថ្ងៃនេះ ​គឺជាសារ​មួយជួយ​ដាស់តឿន​ដល់ប្រជា​កសិករ​គ្រប់រូប ​ថា ដល់រដូវ​ដាំដុះ រដូវ​បង្កបង្កើន​ផលហើយ សូមឲ្យ​កសិករ​នាំគ្នាធ្វើការ​សាបព្រោះ​ ឲ្យបានទាន់​ពេលវេលា ។

 

ពិធីប្រកាសទទួលស្គាល់សមាសភាព គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងត្រែង

សាខាកក្រកខេត្តស្ទឹងត្រែង ៖ នៅរសៀល​ថ្ងៃទី ១៦​ ខែមិថុនា​ ឆ្នាំ ២០១៧ ឯកឧត្តម​ ឈាង ឡាក់​ ប្រធាន​គណៈកម្មាធិការ​សាខា ​បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​ប្រកាសទទួល​ស្គាល់​សមាសភាព ​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ក្រុងស្ទឹងត្រែង​ ស្រុក​ថាឡាបរិវ៉ាត់ ស្រុកសៀមបូក ។

 

ក្នុងពិធីនេះ​មានការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី សមាជិក សមាជិកា ​គណៈកម្មាធិការ​សាខា​ ក្រុមប្រតិបត្តិ​សាខា​ ប្រធាន​កិត្តិយស​អនុសាខា​ក្រុង/ស្រុក មន្រ្តី​អនុសាខា​ក្រុង/ស្រុក និង យុវជន​កាកបាទក្រហម​កម្ពុជា ។

 

ក្នុង​ឱកាសនោះ​ ឯកឧត្តម​ប្រធាន ​បាននាំ​យកនូវ​ប្រសាសន៍​ផ្តាំផ្ញើ ​សាកសួរ​សុខទុក្ខ ​និងក្តីនឹក​រលឹក​ពីសំណាក់ ​ឯកឧត្តម ម៉ុម សារឿន ប្រធាន​កិត្តិយស​សាខា ពិសេស​ពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ារី ហ៊ុនសែន​ ប្រធាន​កាក បាទក្រហមកម្ពុជា​ ជូនចំពោះ សមាជិក សមាជិកា​ ក្នុងអង្គ​ពិធីទាំងមូល​ ដែលទើបទទួល​ស្គាល់​នាពេលនេះ​ ត្រូវខិតខំ ​យកចិត្តទុកដាក់ ​បំពេញ​ភារកិច្ច​អោយបានល្អ​ គោរព​តាមគោលការណ៍​ គ្រឹះទាំង៧ ​របស់​ចលនា​ នឹងត្រូវ​ខិតខំ​កៀរគរ​រកថវិកា​ពីសប្បុរសជន ​ដើម្បី​ជួយគាំទ្រ​ដល់សកម្មភាព​មនុស្សធម៌​របស់អនុសាខា។

 

ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង

សាខាកក្រកខេត្តស្ទឹងត្រែង៖កាលពីល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែងដឹកនាំដោយឯកឧត្តម ផាន់ ម៉េងឈឿន និងឯកឧត្តម ផឹក សុបិន អនុប្រធានកិត្តិយសសាខារួមដំណើរដោយ ក្រុមប្រតិបត្តិសាខា សមាជិកគណៈកម្មាធិការអនុសាខាក្រុង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ១ខ្នងចំនួន១គ្រួសារកាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ និងប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរាគ្មានទីពឹងចំនួន៥គ្រួសារ ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធានកិត្តិយសសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាក ជនរងគ្រោះ និងជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះជាដើម។

 

អំណោយផ្តល់ជូនក្នុង១គ្រួសាររួមមាន ៖ អង្ករ ៣០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ទឹកបរិសុទ្ធអង្គរពូរ៉ូ ២កេស មី ១កេស កន្ទេល១ តង់១ ឃីត ១កញ្ចប់ និងថវិកាចំនួន ៥០,០០០រៀល ផងដែរ៕

 

1 2 3 4 5 Next Last