Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ភ្នំពេញ

សាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះជួយសម្រួលចរាចណ៍នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល

សាខា កក្រក ខេត្តកណ្តាល ៖ នៅព្រឹក​ថ្ងៃអាទិត្យ ១៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០១៩ សាខា​កាកបាទក្រហម​កម្ពុជាខេត្ត​ បានដឹកនាំ​កម្លាំងយុវជន​កាកបាទក្រហម​កម្ពុជា មកពីវិទ្យាល័យ​ចំនួន២​ក្នុងក្រុងតាខ្មៅ គឺ ៖ វិទ្យាល័យហ៊ុនសែន​តាខ្មៅ ១៤ នាក់ និងវិទ្យាល័ហ៊ុនសែន​សេរីភាព ១៤ នាក់ សរុបរួម ២៨ នាក់ ស្រី ១៩ នាក់ ចុះជួយ​សម្រួលចរាចណ៍​នៅចំណុចផ្លូវកែង​ស្តុបចំនួន ២កន្លែង ៖ ចំណុចទី១ ផ្លូវកែងស្តុប ( ១១៥- ២១ ) និងចំណុចទី២​ ផ្លូវកែងស្តុប ( ១១០- ២១) ស្ថិតនៅក្នុង​ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចំពោះកាអនុវត្ត​សកម្មភាពការងារ​សុវត្ថិភាព​ចរាចរណ៍នៅ​ចំណុចគោលដៅ​យ៉ាងទៀងទាត់​នេះ ក្នុងគោលបំណង​ជួយផ្សព្វផ្សាយ​ដល់សាធារណជន​ទូទៅ ដើម្បី​យល់ដឹងជាមូលដ្ឋាន​អំពីច្បាប់ចរាចរណ៍​ផ្លូវគោកនៃព្រះរាជាណាចក្រ​កម្ពុជា ឲ្យបានកាន់តែ​ប្រសើរ និង​ដើម្បីចូលរួមកាត់​បន្ថយនូវអត្រា​រងគ្រោះថ្នាក់ផ្សេងៗ ​ដែលបណ្តាលមកពី​ការបើកបរខ្វះ​ការប្រុងប្រយ័ត្ន ​និងការមិនគោរព​ច្បាប់ចរាចរណ៍ជាដើម ៕

 

កិច្ចប្រជុំពិគ្រោះយោបល់ និងតម្រង់ទិស នៅ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

កក្រក ៖ នៅព្រឹកថ្ងៃព្រហស្បតិ សុក្រ ១០-១១កើត ខែមាឃ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤-១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ​លោកជំទាវ ពុំ ចន្ទីនី​ អគ្គលេខាធិការ កាកបាទក្រហម​កម្ពុជា បានដឹកនាំកិច្ចប្រជុំ​ពិគ្រោះយោបល់​ និងតម្រង់ទិស ប្រធាន​គណកម្មាធិការ សមាជិក សមាជិកា សាខាកាកបាទក្រហម​កម្ពុជាចំនួន៣​ គឺ សាខាកាកបាទក្រហម​កម្ពុជា ខេត្តបាត់ដំបង​ បន្ទាយមានជ័យ​ និងឧត្តរមានជ័យ ក្នុងគោលបំណង​ត្រៀមរៀបចំ​ប្រារព្ធសន្និបាត​សាខាអាណត្តិទី៥ ​ដើម្បីបោះឆ្នោត​ជ្រើសតាំង ប្រធាន​គណកម្មាធិការ សមាជិក ​សមាជិកាសាខា ប្រកបដោយ​សមត្ថភាព ដើម្បីដឹកនាំសាខា ឲ្យដើរឆ្ពោះទៅសម្រេច​បេសសកកម្ម និងទស្សវិស័យ​របស់កាកបាទក្រហម​កម្ពុជា ស្របតាម​ពាក្យស្លោក “កាកបាទក្រហម​កម្ពុជាមាន​គ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។

សូមបញ្ជាក់ផងដែរ កាកបាទក្រហម​កម្ពុជា និងប្រារព្ធ​ទិវាភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម​ក ៨ ឧសភា ២០១៩ នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ ”ខ្ញុំស្រលាញ់​កាកបាទក្រហមកម្ពុជា” ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រ​កម្ពុជា ដោយមានវត្តមាន​ឥស្សរជន ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិជា​សប្បុរសជនចូលរួមប្រមាណ ៤ពាន់នាក់។

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ធ្វើពិធីបំពាក់កន្សែងជូនយុវជនទើបរើសថ្មី នៅភូមិបដិវត្ត ឃុំច្រាច់ ស្រុកជ័យសែន

សាខាកក្រកខេត្តព្រះវិហារ៖នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ ២០១៩ នេះសាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គ​ជាមូលដ្ឋាន​ យុវជនកាកបាទ​ក្រហមកម្ពុជា ជូនយុវជន​កាកបាទក្រហមកម្ពុជា​វិទ្យា ល័យបដិវត្ត ​និងធ្វើពិធី​បំពាក់កន្សែង​ជូនយុវជន​ទើបរើសថ្មីចំនួន ៦២ នាក់ ស្រី ៤១នាក់ ឋិតនៅភូមិបដិវត្ត ឃុំច្រាច់ ​ស្រុកជ័យសែន ក្រោមវត្តមាន​ លោក ពឹង ទ្រីដា អនុប្រធាន​គណ:កម្មាធិការសាខាកាកបាទ ក្រហម​កម្ពុជា ខេត្តព្រះវិហារ ។

នៅក្នុងឱកាសនោះ លោកអនុប្រធាន​គណ:កម្មាធិការ​សាខាបានលើក ​ឡើងថា ដើម្បី​បន្ថែម​សមាជិកយុវជនដែលបាន​ប្រឡងជាប់​ហើយទៅបន្ត​ការសិក្សា សាលាបានរើស​យុវជនបំពេញ និងបើកវគ្គ​ជាមូលដ្ឋានយុវជនកាកបាទក្រហម​កម្ពុជា ជូននាពេលនេះ​គោលបំណង​ដើម្បី អោយប្អូន​បានដឹងអំពីប្រវត្តិ គោល ការណ៍គ្រឹះ​ចលនាអន្តរជាតិ​កាក បាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់​យុវជនកាកបាទក្រហម ពិសេសវិជ្ជា​សង្គ្រោះបឋម ។ ជាមួយគ្នានោះ​ដែរក៏បានធ្វើការ​ផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖
-រៀនសូត្រអោយក្លាយ​ជាកូនល្អ សិស្សល្អ មិត្តល្អ ។
-ជៀសអោយ​ឆ្ងាយពីគ្រឿង ។
-គោរពច្បាប់ចរាចរ​អោយជាប់ជួន ។
-ចូលរួមថែរក្សា​អនាម័យ និងសំអាតនៅសាលា និងតាមកន្លែងផ្សេងៗ 
-ជួយកិច្ចការផ្ទះ បន្ទាប់ពី​ការសិក្សា រៀនសូត្រ ។
បន្ទាប់មកបានប្រគល់​កញ្ចប់វិជ្ជាសង្គ្រោះបឋម​ចំនួន១ និងថវិកាឯកឧត្តម​ អ៊ុន ចាន់ដា ប្រធានកិត្តិយសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ ជូនក្លឹបយុវជនចំនួន ៥០០,០០០រៀលផងដែរ ។

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌជ្រោយចង្វារ សួរសុខទុក្ខ ចាស់ជរា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅសង្កាត់ព្រែកតាសេក ។

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ​ព្រហស្បតិ៍​ ១០កើត ខែមាឃ ​ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​ ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩នេះ នៅសាលា​សង្កាត់ព្រែក​តាសេក ក្រុមការងារ​អនុសាខាកាកបាទក្រហម​កម្ពុជា ខណ្ឌជ្រោយ​ចង្វារ ដឹកនាំដោយ លោកជំទាវ ​អ៊ួង សុផល្លា ឃ្លាំង ហួត​ ប្រធានក្រុមការងារ​អនុសាខា បានចុះ​សាកសួរសុខទុក្ខ​ និងចែកអំណោយ​មនុស្សធម៌របស់​កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ជាប្រធាន ជូនដល់ចាស់ជរា ប្រជាពលរដ្ឋដែលមានជីវភាព​ខ្វះខាត ចំនួន៣០គ្រួសារ​ រស់នៅសង្កាត់ព្រែកតាសេក ។

នាឱកាសនោះ លោកជំទាវប្រធានក្រុម​ការងារអនុសាខា បានពាំនាំ​នូវប្រសាសន៍ផ្តាំ​ផ្ញើសាកសួរសុខទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ ជូនដល់លោកតា លោកយាយ បងប្អូនទាំងអស់​ ព្រមទាំងបាន​គូសបញ្ជាក់ថា៖ កាកបាទក្រហម​កម្ពុជាមានគ្រប់​ទីកន្លែងសម្រាប់គ្រប់ៗគ្នា​-មិនទុកនរណា​ម្នាក់ចោល ជាក់ស្តែងដូច​ជាពេលនេះ​ គឺការជួយរបស់​កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់​ពីនិន្នាការនយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ​អ្វីទាំងអស់ ។ អំណោយ​មនុស្សធម៌​ដែលបានចែកជូន​ក្នុង១ គ្រួសារៗទទួលបាន៖​ អង្ករ៣០គីឡូក្រាម សម្ភារៈប្រើប្រាស់ចំនួន២១មុខ និងថវិកាចំនួន ៩មុឺន ៥ពាន់រៀល​ 

 

សាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ អណ្ដូងទឹកស្អាត នៅសហគមន៍ ភូមិគោកដូង ចាស់ ស្រុក អង្គរជុំ ខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប៖ នៅរសៀលថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ បណ្ឌិត គួយ ណាលីន ឃឹមប៊ុនសុង  អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី  បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ អណ្ដូងទឹកស្អាត ចំនួន៥ (អណ្ដូងស្នប់ អាហ្វ្រីដេស៍) ជូនដល់ប្រជាពល នៅ សហគមន៍ ភូមិគោកដូង ចាស់ ចំនួន២ ភូមិដូនអែម ចំនួន២ និងភូមិកំប្លើប ចំនួន១ ក្នុងឃុំ គោកដូង ស្រុក អង្គរជុំ ខេត្តសៀមរាប។

មានប្រសាសន៍នា ឱកាសនោះ លោកជំទាវអនុប្រធាន គណៈកម្មាធិការសាខា បានពាំនាំ នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធាន គណៈកម្មាធិការសាខា ដែលតែងតែ យកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់រូប មិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយ ណា​មួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហម​កម្ពុជា មានគ្រប់​ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណា​ម្នាក់ចោល” ។ លោកជំទាវ​ក៏បានធ្វើការ​លើកទឹកចិត្តដល់បងប្អូន​ត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីជួយសម្រួល​ដល់ជីវភាព និងការរស់នៅ​ប្រចាំថ្ងៃរបស់បងប្អូន ហើយយើងក៏មិនចាំបាច់បារម្មណ៍​ពីការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ដែរ ហើយត្រូវពិសា​ទឹកស្អាត ឬទឹកដាំពុះ ។ លោកជំទាវ ក៏បានបន្តថា រដូវនេះ​ជារដូវប្រាំង សូមបងប្អូន​ទាំងអស់គ្នាត្រូវចេះប្រុងប្រយ័ត្នចំពោះ ភ្លើងផ្សែង និងសុខភាព ពិសេសកូន​ចៅតូចៗ បើឃើញថាមិនស្រួល​ត្រូវប្រញាប់​បញ្ជូនទៅមណ្ឌលសុខភាពដែលនៅ​ជិតបំផុត។ លោកជំទាវក៏បាន​ផ្តាំផ្ញើដល់ ដល់សហគមន៍ សមាជិកគ្រួសារទាំងអស់ ត្រូវចេះសម្អាត ថែរក្សា អណ្ដូងទឹកស្អាតនេះ ដើម្បីបានប្រើប្រាស់​យូរអង្វែងតរៀងទៅសមនឹង​ពាក្យស្លោក “ការប្រើប្រាស់ទឹកស្អាត និងមាន​អនាម័យ នាំឱ្យគ្រួសារ​មានសុខភាពល្អ និងមានសុភមង្គល” ។

សូមបញ្ជាក់ថា៖ អណ្ដូងទឹកស្អាតនេះជាអណ្ដូងទី ៤៩ ទី៥០ ទី៥១ ទី៥២ និងទី៥៣ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប (ហើយជាអណ្ដូងទឹកស្អាតអាហ្វ្រីដេស៍ទី២៦ ទី២៧ ទី២៨ ទី២៩ និងទី៣០។  ចំពោះប្រជាពលរដ្ឋដែលចូលរួមម្នាក់ៗទទួលបាន សារុង១ និងថវិកា១ម៉ឺនរៀល

 

1 2 3 4 5 Next Last