Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ភ្នំពេញ

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៨

សាខាកក្រក​ខេត្តបាត់ដំបង៖ នៅព្រឹក​ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តបាត់ដំប​ង បានប្រារព្ធ​ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៨ ខួបលើកទី ១៥៥ ក្រោមប្រធានបទ “កាកបាទក្រហម​កម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”និងបំពាក់ឯកសណ្ឋាន​យុវជនកក្រក​ចំនួន១០០នាក់ ក្រោម​អធិបតីភាព ឯកឧត្តម ងួន រតនៈ​ប្រធានកិត្តិយស​សាខា​ កាកបាទក្រហម​កម្ពុជា ខេត្តបាត់ដំប​ង ឯកឧត្តម អ៊ុយ រី ​អនុប្រធាន​កិត្តិយស​សាខា​ឯកឧត្តម ចន្ទ័ សុផល​ទីប្រឹក្សា​រាជរដ្ឋាភិបាល និងឯកឧត្តមបណ្ឌិត ប៊ុត​គឹមស៊ាន​ប្រធានគណៈកម្មាធិការ​សាខា​ ដោយមាន​ការអញ្ជើញ​ចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ​ជាសមាជិក សមាជិកាគណៈកម្មាធិការ​សាខា អនុសាខា ក្រុ​មប្រតិបត្តិសាខា មន្រ្តីរាជការ អង្គភាព​ជុំវិញខេត្ត យុវជន​កាយរិទ្ធិ សសយក យុវជន​កាកបាទក្រហម​កម្ពុជា សប្បុរសជនសរុបចំនួន ៧០០នាក់ ដែលប្រារព្ធ​ឡើងនៅសាលមហោ​ស្រប​ស្ទឹងសង្កែ​ក្រុងបាត់ដំបង។​

 

ទិវានេះប្រព្រឹត្ត​ទៅនៅក្នុងគោលបំណង៖
-រំលឹកដល់ថ្ងៃកំណើតរបស់​លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិក​របស់កាកបាទក្រហម
-យល់ដឹងអំពីប្រវត្តិចលនារបស់​កាកបាទក្រហម អឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌​អន្តរជាតិ
-កៀរគររកមូលនិធិ​ពីសប្បុរសជន​ទាំងអស់ និងឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងការ​ជួយសង្រ្គោះ និងជនងាយរងគ្រោះ​ផងដែរ។

 

សូមបញ្ជាក់ថា៖ ក្នុងទិវានេះដែរ សាខាកាកបាទក្រហម​កម្ពុជា ខេត្តបាត់ដំបងបាន​ទទួលថវិកា​បណ្តោះអាសន្នពី​សប្បុរសជន​ទាំងអស់​បានចំនួន ១២២​,២១៦ដុល្លា (ដប់ពីម៉ឺនពីរពាន់ពីរយដប់ប្រាំមួយដុល្លារ) សម្រាប់​បន្តបំពេញ​បេសកកម្ម​មនុស្សធម៌​ក្នុងខេត្តបាត់ដំបង​បន្តទៀត៕​

 

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ប្រារព្វ ខួបទី ១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឈចន្ទក្រហម ៨ ឧសភា ២០១៨

សាខាកក្រកខេត្តស្វាយរៀង៖ ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨ នៅសាលប្រជុំ​សាលាខេត្តស្វាយរៀង សាខាកាកបាទក្រហម​កម្ពុជាខេត្តស្វាយរៀង បានប្រារព្វ​អង្គមេទិញ ដើម្បីអបអរ​សាទរខួបទី ១៥៥ ទិវាពិភពលោក​កាកបាទក្រហម អឌ្ឈចន្ទក្រហម ៨ ឧសភា ២០១៨ ក្រោម​ប្រធានបទ កាកបាទក្រហមកម្ពុជា​មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុក​នរណាមា្នក់​ចោល ។


ពិធីនេះបានការអញ្ជើញ​ចូលរួមពីលោកជំទាវ​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការរងកងយោទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជារកាកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហម​កម្ពុជា ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រីជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុនឯកជននានា សប្បុរសជន ទីប្រឹក្សា និង​យុវជនកាកបាទក្រហម​កម្ពុជា អ្នកស្មគ្រ័ចិត្ត ​ក្រុមកាយរិទ្ធិ សហភាពយុវជន សរុបចំនួន ៤៥០ នាក់ ។ 


លោកជំទាវកិត្តិសង្គហបណ្តិត ម៉ែន សំអន ក្នុងនាមសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលបានអញ្ជើញចូលរួម និងបានផ្តល់ថវិកា ដ៍សន្ធឹកសន្ធាប់នាពេលនេះ ជាទឹកចិត្តដ៍ប្រពៃ និងថ្លៃថ្លាបំផុត សម្រាប់​សកម្មភាពមនុស្សធម៌​នៅថ្នាក់សាខា ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា​ជូនជនរងគ្រោះមហន្តរាយក្នុងខេត្ត ។ ក្នុងអង្គពិធីនេះ សាខាបាន​ទទួលថវិកាមុន និងក្រោយពិធីសរុបចំនួន​ប្រមាណជាង ៥០០.០០០ ដុល្លារ ។

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូកាកបាទក្រហមវៀតណាម

សាខាកក្រកខេត្តសៀមរាប៖ នៅរសៀលថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៨នេះ លោកជំទាវ ​គួយ ណាលីន ​ឃឹមប៊ុនសុង អនុប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហម​កម្ពុជា​ ខេត្តសៀមរាប​ បានទទួលស្វាគមន៍ ​និងសំណេះសំណាល​ជាមួយគណៈប្រតិភូកាកបាទក្រហម​វៀតណាម ដែល​ដឹកនាំដោយ លោកវេជ្ជបណ្ឌិត​ ត្រាន់ គួកហ៊ុង ​អនុប្រធានកាកបាទក្រហម​វៀតណាម ដែលពិធី​នេះប្រព្រឹត្តទៅនៅ​សាលប្រជុំសណ្ឋាគារ​បុរីអង្គរ រីសត និង ស្ប៉ា ។

 

ក្នុងឱកាសនោះ លោកជំទាវ អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខា ដែលបានមិនមកទទួលផ្ទាល់នាពេលនេះ លោកជំទាវក៏សូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាង​កក់ក្តៅចំពោះ​ដំណើរទស្សនកិច្ច​របស់គណៈប្រតិភូ​កាកបាទក្រហម​វៀតណាម។ ជាមួយគ្នា​នេះដែរ លោកជំទាវ និងក្រុមប្រតិបត្តិ​សាខា បានធ្វើការបង្ហាញពីសមិទ្ធផល និងសកម្មភាពនានា​របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រមទាំងបានចែករំលែកនូវបទពិសោធន៍ក្នុងការធ្វើកម្មភាព​មនុស្សធម៌ និងការកៀរគរ​រកមូលនិធិសម្រាប់​ទ្រទ្រង់សមកម្មភាពមនុស្សធម៌របស់សាខា ក្នុងការ​ជួយសម្រាល​ការលំបាកជូន​ប្រជាជនរងគ្រោះ និងជនងាយ​រងគ្រោះគ្រប់ប្រភេទនៅក្នុងសហគមន៍។

នាឱកាសនេះដែរ លោកវេជ្ជបណ្ឌិត ត្រាន់ គួកហ៊ុង អនុប្រធានកាកបាទក្រហមវៀតណាម ក៏បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចែករំលែក​បទពិសោធន៍ ល្អៗជាច្រើន សម្រាប់អនុវត្តន៍​ការងារមនុស្សធម៌ តាមស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងវប្បធម៌ ស្រមតាមគោលការណ៍គ្រឹះរបស់ចលនា​អន្តរជាតិកាកបាទក្រហម​ អឌ្ឍចន្ទក្រហម ដើម្បីផ្តល់សេវាកម្ម​មនុស្សធម៌ដល់ជនរងគ្រោះ និងជនងាយ​រងគ្រោះទាំងឡាយ។

 

កិច្ចប្រជុំប្រចាំឆ្នាំ ស្តីពីគម្រោងស្តារទំនាក់ទំនងគ្រួសារ និងការកសាងផែនការ សកម្មភាព ការងារស្តារទំនាក់ទំនងគ្រួសារនៅខេត្តកោះកុង

កក្រក : នាព្រឹកថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ កាកបាទក្រហម​កម្ពុជា បានបើកកិច្ច​ប្រជុំប្រចាំឆ្នាំ ស្តីពីគម្រោងស្តារ​ទំនាក់ទំនងគ្រួសារ និងការកសាង​ផែនការ សកម្មភាព ការងារស្តារ​ទំនាក់ទំនងគ្រួសារ សម្រាប់ឆ្នាំ ២០១៨ កិច្ចប្រជុំនេះ​ដំណើរការរយៈពេល១​ថ្ងៃ នៅទីស្នាក់ការសាខា​កាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមានចូលរួមពីសំណាក់ លោក លី សារ៉េត អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម​កម្ពុជា ខេត្តកោះកុង ឯកឧត្តម ឡាយ សំណាង ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ អគ្គនាយកដ្ឋានពន្ធនាគា ក្រសួងមហាផ្ទៃ និង តំណាង អាយស៊ីអរស៊ី (ICRC)នៅកម្ពុជា និងភ្នាក់ងារស្តារទំនាក់ទំនងគ្រួសារចំនួន ២៦ នាក់មកពី២៥សាខារាជធានី -ខេត្ត។

 

កិច្ចប្រជុំនេះធ្វើឡើងក្នុង​គោលបំណង​បូកសរុបលទ្ធផល​ការងារ ឆ្នាំ ២០១៧ លើទិសដៅ​ផែនការ ពាក់ព័ន្ធវិស័យ ស្តាទំនាក់ទំនង​គ្រួសារ និង​សកម្មភាព ចុះប្រមូល​លិខិត ដល់ទីកន្លែង​ ចែករំលែកបទពិសោធន៍គ្នា​ទៅវិញ​ទៅមក និងពង្រឹងកិច្ចសហការជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ និងបង្កើន​ប្រសិទ្ធភាពការងារ​ស្តារទំនាក់ទំនង​ឲ្យកាន់តែប្រសើរឡើង ។

 

សាខាកាកបាទក្រហម កម្ពុជា ខេត្តកំពង់ស្ពឺ ប្រារព្ធខួបលើកទី ១៥៥ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៨

សាខាកក្រក​ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹក​ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ បានរៀបចំ​ប្រារព្ធខួបអបអរ​លើកទី ១៥៥ នៃទិវាពិភព​លោកកាកបាទ​ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៨ ក្រោម​ប្រធានបទ "កាកបាទក្រហម​កម្ពុជាមាន​គ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណា​ម្នាក់ចោល" ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី និងឯកឧត្តម តុង សេង ប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជន យុវជនកាយរឹទ្ធិជាតិកម្ពុជា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណជាង ២០០០អង្គ/នាក់ ដែលប្រព្រឹត្ត​ទៅនៅមន្ទីរអប់រំ យុវជន និងកីឡា​ខេត្តកំពង់ស្ពឺ។

 

ទិវានេះប្រារព្ធឡើង​នៅក្នុងគោលបំណង៖
-ដើម្បីរំលឹកថ្ងៃកំណើត​របស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិក​កាកបាទក្រហម
-យល់ដឹងពីប្រវត្តិចលនារបស់​កាកបាទក្រហម អឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌​អន្តរជាតិ
-គៀរគររកមូលនិធិ​ពីសប្បុរសជន​ទាំងអស់ និងឆ្លើយតបឲ្យបាន​ទាន់ពេលវេលា​ក្នុងការជួយសង្រ្គោះជនរងគ្រោះ និងជនងាយរងគ្រោះផងដែរ៕

 

1 2 3 4 5 Next Last