ប៉ៃលិន

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនទទួលអំណោយមនុស្សធម៌
សាខាកក្រកខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដឹកនាំដោយ ឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៣២គ្រួសារ ស្ថិតនៅភូមិកោះកែវ ភូមិអន្លុងរក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នាឱកាសនោះដែរ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ និងជនងាយរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ជាពិសេសជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម មុង១ ក្រម៉ា១ ភួយ១ សារ៉ុង១ សម្ភារៈផ្ទះបាយ ស័ង្កសី ៣០សន្លឹក និងថវិកាចំនួន ១០០,០០០រៀល។ គ្រួសាររងគ្រោះមួយចំនួនទៀតទទួលបាន ស័ង្កសី ២០សន្លឹក និងថវិកាចំនួន ១០០,០០០រៀល ព្រមទាំងថវិកាសប្បុរសជនមួយចំនួនផងដែរ៕

ខេត្ត ប៉ៃលិនបើកកិច្ចប្រជុំរៀបចំទិវា ៨ ឧសភាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម
សាខាកក្រកខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នេះលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការសាខាក្នុងគោលបំណងដើម្បីពិនិត្យនិងកែសម្រួលបំពេញបន្ថែមសមាសភាពអនុសាខាក្រុង ដើម្បីរួមគ្នាបំពេញការងារមនុស្សធម៌កាន់តែមានប្រសិទ្ធភាព និងភាពជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំនេះគណ:កម្មាធិការសាខាបានពិភាក្សានិងបានអនុម័តរៀបចំប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៥៤ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដែលធ្វើនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ខាងមុខ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនផ្តល់អំណោយមនុស្សធម៌ដល់លោកយាយឈិត គិន
សាខាកក្រកខេត្តប៉ៃលិន ៖កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នេះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅដឹកនាំដោយលោក ឡោ ស៊ុនជាង ប្រធានគណ:កម្មការអនុសាខា ព្រមទាំងសមាជិកសមាជិការអនុសាខា និងយុវជនកាកបាទក្រហមបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនលោកយាយ ឈិត គិន អាយុ៨១ឆ្នាំ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បច្ចុប្បន្នលោកយាយមានជម្ងឺជាទម្ងន់មិនអាចក្រោកធ្វើការអ្វីបានឡើយ។
ក្នុងឱកាសនោះ លោកប្រធានគណៈកម្មការអនុសាខា បានមានប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងជាទូទៅជាពិសេសអ្នកដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។
និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ពីសុខភាពរក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ និងការហូបចុក ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន ។
អំណោយផ្តល់ជូនរួមមាន ៖ អង្ករ៥០គក្រ មី២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ស្ករសរ ប្រេងឆា ត្រីខនិងថវិកា២០ម៉ឺនរៀល៕

វគ្គបណ្តុះបណ្តាលស្ដីពីគោលការគ្រឹះរបស់ចលនាដល់យុវជនកាកបាទក្រហមកម្ពុជា
ខេត្តប៉ៃលិន៖ នៅទីស្នាក់ការសាខាខេត្តព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានស្ដីពី ប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម គោលការគ្រឹះរបស់ចលនា ច្បាប់មនុស្សធម៌អន្តរជាតិ តួនាទីកាកបាទក្រហមកម្ពុជា និងគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា ដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន៥០នាក់ ស្រី២៨នាក់ នៃវិទ្យាល័យសាលាក្រៅ ខេត្តប៉ៃលិន។
កម្មវិធីបើកវគ្គមានការចូលរួមពីសំណាក់លោកជំទាវ ពៅ សុខ អនុប្រធានគណ:កម្មាធិការសាខាខេត្តប៉ៃលិន បានសង្កត់ធ្ងន់ ការលើកកម្ពស់ការចូលរួមរបស់យុវជនដោយស្មគ្រ័ចិត្តក្នុងការងារមនុស្សធម៌របស់ ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺ:
-គុណតម្លៃការងារស្មគ្រ័ចិត្ត ដែលជាឆ្អឹងខ្នងរបស់ចលនា ជាកម្លាំងធ្វើឲ្យប្រតិបត្តិការមនុស្សធម៌ មានប្រសិទ្ធភាព និងទាន់ពេលវេលា ។
-យុវជនស្ម័គ្រចិត្ត ជាកម្លាំងមិនអាចខ្វះបាន ក្នុងការផ្តល់ក្តីសង្ឃឹម ផ្តល់ភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុត។
ក្នុងវគ្គនេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងឲ្យកាន់តែទូលំទូលាយពីតួរនាទីការងារមនុស្សធម៌របស់យុវជនក្នុងការផ្តល់ព័ត៌មាន ការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជួបប្រទះគ្រោះមហន្តរាយនិងគ្រោះថ្នាក់ផ្សេងៗដែលកើតមានឡើងជាយ:ថាហេតុ។

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនចែកអំណោយដល់ចាស់ជរាគ្មានទីពឹង
ព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដឹកនាំដោយ លោក សូ កង នាយកប្រតិបត្តិសាខា និងយុវជនកក្រកខេត្ត បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន លោកតា ខុន ផល្លា អាយុ ៧៥ឆ្នាំ និងលោកយាយ វ៉ា ស៊ីខេន អាយុ ៧៣ឆ្នាំទាំងពីរនាក់ប្តីប្រពន្ធ ជាជនចាស់ជរាគ្មានទីពឹងមានជំងឺហើមជើង និងមានជីវភាពខ្វះខាត ជួបការលំបាកនៅភូមិបរថ្មី សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកនាយកសាខា បានពាំនាំនូវក្តីអាណិត អាសូរ ពីសំណាក់លោកជំទាវបាន ស្រីមុំប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខភាព ជីវភាព និងមិនប្រកាន់ពូជសាសន៍អ្វីឡើយ។
អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១ កេស ត្រីខ១ យួរ ទឹកស៊ីអីុវ ១ យួរ ទឹកត្រី ១ យួរ ទឹកសុទ្ធ ២កេស អំបិល១កញ្ចប់ មុង១ សារុង១ ក្រមា១ ភួយ១ និងថវិកា ១០០,០០០ រៀលគត់ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បាននាំពួកគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែមកដល់ថ្ងៃនេះជម្ងឺកាត់បានជាពីជម្ងឺ ហើយលោកនាយក និងក្រុមការងារបាននាំមកលំនៅដ្ឋានវិញ៕