Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ប៉ៃលិន

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តប៉ៃលិន ៖ កាលពី​ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តប៉ៃលិន ដឹកនាំ​ដោយ ឯកឧត្តម សៅ សារ៉ាត់ អនុប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី បានចុះសួរសុខទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌របស់​កាកបាទក្រហម​កម្ពុជា ជូនដល់​គ្រួសាររងគ្រោះដោយសារខ្យល់​កន្ត្រាក់ចំនួន ៣២គ្រួសារ ស្ថិតនៅ​ភូមិកោះកែវ ភូមិអន្លុង​រក្សា ឃុំស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន។

នាឱកាសនោះដែរ ឯកឧត្តម​ បានពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើ​សាកសួរសុខទុក្ខ​និងក្ដីនឹក​រលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខ​បងប្អូនប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក ជនរងគ្រោះ និងជនងាយ​រងគ្រោះដោយសារ​គ្រោះមហន្តរាយផ្សេងៗ ជាពិសេស​ជនរងគ្រោះដោយសារ​ខ្យល់កន្ត្រាក់ ដោយមិនប្រកាន់រើស​អើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ​អ្វីឡើយ។

អំណោយដែល​បានផ្ដល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម មុង១ ក្រម៉ា១ ភួយ១ សារ៉ុង១ សម្ភារៈផ្ទះបាយ ស័ង្កសី ៣០សន្លឹក និងថវិកាចំនួន ១០០,០០០រៀល។ គ្រួសាររងគ្រោះ​មួយចំនួនទៀត​ទទួលបាន ស័ង្កសី ២០សន្លឹក និងថវិកាចំនួន ១០០,០០០រៀល ព្រមទាំងថវិកា​សប្បុរសជនមួយ​ចំនួនផងដែរ៕

 

ខេត្ត ប៉ៃលិនបើកកិច្ចប្រជុំរៀបចំទិវា ៨ ឧសភាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម

សាខាកក្រកខេត្តប៉ៃលិន​ ៖​ នៅរសៀល​ថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ២០១៧ ​នេះ​លោកជំទាវ ​បាន ស្រីមុំ ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តប៉ៃលិន​ បានអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​វិសាមញ្ញរបស់​គណៈកម្មាធិការ​សាខាក្នុងគោលបំណង​ដើម្បីពិនិត្យ​និង​កែសម្រួល​បំពេញ​បន្ថែម​សមាសភាព​អនុសាខា​ក្រុង ​ដើម្បីរួមគ្នា​បំពេញ​ការងារមនុស្សធម៌​កាន់តែមាន​ប្រសិទ្ធភាព​ និងភាពជឿ​ទុកចិត្ត​ពីសំណាក់​ប្រជាពលរដ្ឋ។

 

ក្នុងកិច្ច​ប្រជុំនេះ​គណ:កម្មាធិការ​សាខា​បានពិភាក្សា​និងបាន​អនុម័ត​រៀបចំ​ប្រារព្ធ​មីទ្ទិញ​អបអរ​សាទរ​ខួបអនុស្សាវរីយ៍​លើកទី១៥៤ទិវា​ពិភពលោក​ ​​​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម ៨ ឧសភា ដែល​ធ្វើនៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០១៧ ខាងមុខ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនផ្តល់អំណោយមនុស្សធម៌ដល់លោកយាយឈិត គិន

សាខាកក្រកខេត្តប៉ៃលិន​ ៖​កាលពី​ព្រឹក​ថ្ងៃទី​១១​ ខែមីនា​ ឆ្នាំ២០១៧​ នេះ​ អនុ​សាខា​កាកបាទក្រហម​កម្ពុជា ​ស្រុកសាលា​ក្រៅ​ដឹកនាំ​ដោយ​លោក ឡោ ស៊ុនជាង​ ប្រធាន​គណ:កម្មកា​រអនុសាខា​ ព្រម​ទាំងសមាជិក​សមាជិការ​អនុសាខា ​និងយុវជន​កាកបាទក្រហម​បានចុះសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ទៅផ្តល់​ជូន​លោកយាយ ឈិត គិន​ អាយុ៨១ឆ្នាំ រស់នៅ​ភូមិ​អូរអិល ឃុំស្ទឹងកាច់ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន បច្ចុប្បន្ន​លោកយាយ​មានជម្ងឺ​ជាទម្ងន់​មិនអាច​ក្រោក​ធ្វើការ​អ្វីបានឡើយ។

 

ក្នុងឱកាស​នោះ​ លោកប្រធាន​គណៈកម្មការអនុសាខា​ បានមាន​ប្រសាសន៍​លើកឡើង​ពីការយកចិត្តទុក​ដាក់គិតគូរ​ខ្ពស់​ពី​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធាន​កាកបាទក្រហម​កម្ពុជា ចំពោះសុខទុក្ខ​ប្រជាពលរដ្ឋ​យើងជាទូទៅ​ជាពិសេស​អ្នកដែល​រងគ្រោះ​ និងងាយ​រងគ្រោះ​គ្រប់ប្រភេទ​ដោយមិនប្រកាន់​ពីនិន្នាការ​នយោបាយ ជាតិសាសន៍​ សាសនា វណ្ណៈ​ ពណ៌សម្បុរអ្វីទាំងអស់​។​

 

និងអំពាវ​នាវដល់​ប្រជាពលរដ្ឋ​ទាំងអស់យកចិត្ត​ទុកដាក់ពីសុខភាព​រក្សាឲ្យបាននូវ​អនាម័យ​ទាំងការរស់នៅ​ និងការ​ហូបចុក ដើម្បីចៀសវាង​ពីជម្ងឺដង្កាត់​ផ្សេងៗមកបៀតបៀន​ ។

 

អំណោយផ្តល់ជូនរួមមាន​ ៖​ អង្ករ៥០គក្រ មី២កេស​ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ស្ករសរ ប្រេងឆា ត្រីខនិងថវិកា២០ម៉ឺនរៀល៕

 

វគ្គបណ្តុះបណ្តាលស្ដីពីគោលការគ្រឹះរបស់ចលនាដល់យុវជនកាកបាទក្រហមកម្ពុជា

​ ខេត្តប៉ៃលិន៖ នៅទីស្នាក់ការសាខាខេត្តព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានស្ដីពី ប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម គោលការគ្រឹះរបស់ចលនា​ ច្បាប់មនុស្សធម៌អន្តរជាតិ តួនាទីកាកបាទក្រហមកម្ពុជា និងគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា ដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន៥០នាក់ ស្រី២៨នាក់ នៃវិទ្យាល័យសាលាក្រៅ ខេត្តប៉ៃលិន។

 

កម្មវិធីបើកវគ្គមានការចូលរួមពីសំណាក់​លោកជំទាវ ពៅ សុខ អនុប្រធានគណ:កម្មាធិការសាខា​ខេត្តប៉ៃលិន​ បានសង្កត់ធ្ងន់​ ការលើកកម្ពស់​ការចូលរួមរបស់យុវជនដោយស្មគ្រ័ចិត្តក្នុងការងារមនុស្សធម៌របស់​ ចលនា​កាកបាទក្រ​ហម​ អឌ្ឍចន្ទក្រហម គឺ:


-គុណតម្លៃការងារស្មគ្រ័ចិត្ត​ ដែលជាឆ្អឹងខ្នងរបស់ចលនា​ ជាកម្លាំងធ្វើឲ្យប្រតិបត្តិការមនុស្សធម៌​ មានប្រសិទ្ធភា​ព​ និងទាន់ពេលវេលា​ ។ 

 -យុវជនស្ម័គ្រចិត្ត​ ជាកម្លាំងមិនអាចខ្វះបាន​ ក្នុងការផ្តល់ក្តីសង្ឃឹម​ ផ្តល់ភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុត​។

 

ក្នុងវគ្គនេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងឲ្យកាន់តែទូលំទូលាយពីតួរនាទីការងារមនុស្សធម៌របស់យុវជនក្នុងការផ្តល់ព័ត៌មាន ការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជួបប្រទះគ្រោះមហន្តរាយនិងគ្រោះថ្នាក់ផ្សេងៗដែលកើតមានឡើងជាយ:ថាហេតុ។

 

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនចែកអំណោយដល់ចាស់ជរាគ្មានទីពឹង

ព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដឹកនាំដោយ លោក សូ កង នាយកប្រតិបត្តិសាខា និងយុវជនកក្រកខេត្ត បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន លោកតា ខុន ផល្លា អាយុ ៧៥ឆ្នាំ និងលោកយាយ វ៉ា ស៊ីខេន អាយុ ៧៣ឆ្នាំទាំងពីរនាក់ប្តីប្រពន្ធ ជាជនចាស់ជរាគ្មានទីពឹងមានជំងឺហើមជើង និងមានជីវភាពខ្វះខាត ជួបការលំបាកនៅភូមិបរថ្មី សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

 

លោកនាយកសាខា បានពាំនាំនូវក្តីអាណិត អាសូរ ពីសំណាក់លោកជំទាវបាន ស្រីមុំប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខភាព ជីវភាព និងមិនប្រកាន់ពូជសាសន៍អ្វីឡើយ។

អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១ កេស ត្រីខ១ យួរ ទឹកស៊ីអីុវ ១ យួរ ទឹកត្រី ១ យួរ ទឹកសុទ្ធ ២កេស អំបិល១កញ្ចប់ មុង១ សារុង១ ក្រមា១ ភួយ១ និងថវិកា ១០០,០០០ រៀលគត់ ។

 

គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បាននាំពួកគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែមកដល់ថ្ងៃនេះជម្ងឺកាត់បានជាពីជម្ងឺ ហើយលោកនាយក និងក្រុមការងារបាននាំមកលំនៅដ្ឋានវិញ៕

 

1 2 3 4 5 Next Last