Webmail
E-Learning
សាខាកាកបាទក្រហមកម្ពុជា

ក្រចេះ

គម្រោងបង្កើននិរន្តរភាពការប្រើប្រាស់ទឹកស្អាត និងអនុវត្តន៍អនាម័យ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

សាខាកក្រកខេត្តស្វាយរៀង៖​នៅថ្ងៃចន្ទ ១២កើត​ ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣​ ត្រូវនឹងថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៩​ នៅទីស្នាក់ការអនុសាខា​កាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា​ គម្រោងបង្កើន​និរន្តរភាពការប្រើប្រាស់ទឹកស្អាត​ និងអនុវត្តន៍អនាម័យ នៃសាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ក្រោមការឧបត្ថម្ភពី​មូលនិធិសប្បុរសធម៌ ​កាទ្យេ តាមរយៈសហពន្ធ័អន្តរជា​តិ កាកបាទក្រហម អឌ្ឈចន្ទក្រហម បានបើកវគ្គបណ្តុះបណ្តាល​ស្តីពី ការថែទាំ​និងជួសជុលឧបករណ៍ សម្ភារអនាម័យ ​ដល់គណៈកម្មការ​ថែទាំ និងជួសជុលឧបករណ៍​សម្ភារអនាម័យ ដែលវគ្គ ​បណ្តុះបណ្តាលនេះមាន​រយៈពេល ១ ថ្ងៃ ក្រោម​ការសម្របសម្រួលពីមន្ត្រីគម្រោង​ សហការជាមួយ​មន្ត្រីមកពី មន្ទីអភិវឌ្ឍន៍ជន​បទខេត្ត ក្រោមប្រធានបទ ​ការប្រើប្រាស់ទឹកស្អាត ​និងការធ្វើឲ្យប្រសើរឡើង ​នូវការផ្គត់ផ្គង់ទឹកស្អាត ​និងអនាម័យ និយមន័យទឹកស្អាត​ ស្នប់អាហ្វ្រីដែវ ការប្រើប្រាស់ និងការថែទាំអណ្តូងទឹក​ របៀបស្តារអណ្តូងពេលមានទឹកជំនន់ ។ 


ក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹងដល់ក្រុម​គាំទ្រសហគមន៍ ស្តីពីការថែរទាំ ​និងជួសជុលឧបករណ៍ សម្ភារអនាម័យ​ ដើម្បីឲ្យឧបករណ៍​ សម្ភារអនាម័យទាំងនោះ​មាននិរន្តរភាព ​និងប្រើប្រាស់បានយូរអង្វែង ។ 


ពិធីនេះបានការ​អញ្ជើញចូលរួមពី​ លោក សរ វណ្ណា នាយកសាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង លោក ឱម វុឌ្ឍរ៉ូ មន្ត្រីសម្របសម្រួល​គម្រោង ការិយាល័យ​ការពារជម្ងឺឆ្លង និងមិនឆ្លង នាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា ព្រមទាំង លោក លោកស្រី ជាអ្នកទទួលផលពីគម្រោង សរុបចំនួន ២៥ នាក់ មកពីឃុំគោលដៅ ទាំង ៣ ក្នុងស្រុកចន្ទ្រា គឺឃុំទួលស្តី ចន្ទ្រា និងឃុំសំរោង ។ 


លោក សរ វណ្ណា នាយកសាខា មានមតិ​សំណេះសំណាលក្នុងពិធីបើកវគ្គ​នេះដោយបញ្ជាក់​ពីសារៈសំខាន់នៃវគ្គនេះក្នុងការថែរក្សាសម្ភារ ដែលបាន​ទទួលពីគម្រោង ហើយសិក្ខាកាមនឹងទទួលបាន​ចំណេះដឹងជាមូលដ្ឋាន គឺអនាម័យទឹកស្អាត ការថែទាំ ​និងជួសជុលឧបករណ៍​ សម្ភារអនាម័យ ហើយនៅ​ពេលបញ្ចប់វគ្គនេះសិក្ខាកាមត្រូវ​យកចំណេះដឹងទាំងនេះទៅ​ធ្វើសកម្មភាពនៅតាម​មូលដ្ឋាន ឲ្យមានប្រសិទ្ធិភាព ​ត្រូវរួមសហការគ្នា ដើម្បីផ្តល់សេវាកម្មមនុស្សធម៌​ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍​ឲ្យបានទាន់ពេលវេលា ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចូលរួមបើក កម្មវិធី “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ដើម្បីជួយទ្រទ្រង់សកម្មភាពជួយសង្គ្រោះកុមារកម្ពុជា របស់មន្ទីរពេទ្យ កុមារកម្ពុជា

សាខា កក្រក ខេត្តសៀមរាប ​៖ នៅព្រឹកថ្ងៃអាទិត្យ​១១កើត ខែស្រាពណ៍ ឆ្នាំកុរ ​ឯកស័ក ព.ស ២៥៦៣ ​ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៩​ លោកជំទាវ ទាង អេង ទៀសីហា​ អនុប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប តំណាងឯកឧត្តម ​ទៀ សីហា ប្រធានគណៈកម្មាធិការ​សាខា បានដឹកនាំ​យុវជនកាកបាទក្រហមកម្ពុជា ចូលរួម​បើក និងឧបត្ថម្ភថវិកាចំនួន​ ​២លានរៀល​ ក្នុងកម្មវិធី ​“ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ”​ ដែលកម្មវិធីនេះប្រារព្ធ​ឡើងដើម្បីជួយទ្រទ្រង់​សកម្មភាពជួយសង្គ្រោះកុមារ​កម្ពុជា របស់មន្ទីរពេទ្យ ​កុមារកម្ពុជា។

មានប្រសាសន៍នា​ឱកាសនោះលោកជំទាវអនុប្រធាន​បានថ្លែងអំណរគុណដល់​មន្ទីរពេទ្យកុមារ​អង្គរ ដែលជួយសង្គ្រោះ​កុមារកម្ពុជា ​រាប់លាននាក់ក្នុង​រយៈពេលកន្លងដោយឥតគិថ្លៃ ​ហើយមន្ទីរពេទ្យនេះ​អាចដំណើរការទៅ​បានក៏អាស្រ័យលើ កម្លាំងរួបរួម​សាមគ្គីគ្នាដូចថ្ងៃនេះ ដែល​មានចួលរួមយ៉ាងច្រើន​កុះករ បង្ហាញពី​ ភាតរភាព និងសាមគ្កីភាព​ ដ៏រឹងមាំ ក្នុងការជួយ​កុមារកម្ពុជាយើង។ ​លោកជំទាវ ក៏បន្តថា នាឱកាស​ឆ្នាំក្រោយៗ យើងសង្ឃឹងថា នឹងមាន​ការចូលរួមយ៉ាងច្រើន​កុះករដូចថ្ងៃនេះ ដើម្បីបរិស្ថាន ​និងសុខភាព និងសូមជូនពរ​បងប្អូនជាសប្បុរសជន​ សូមធ្វើដំណើរ​ដោយរីក និងប្រកប​ដោយសុវត្ថិភាព ៕

 

យុវជន កាកបាទក្រហមកម្ពុជាចូលរួម គម្រោងសុវត្ថិភាពចរាចរណ៍យុវជន កាកបាទក្រហមកម្ពុជា

សាខាកក្រករាជធានីភ្នំពេញ៖ នាថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១០​ ខែ​ សីហា ឆ្នាំ​ ២០១៩​នេះ​ គម្រោងសុវត្ថិភាពចរាចរណ៍​សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដោយមានយុវជនកាកបាទក្រហមកម្ពុជា​ ចំនួន១០០នាក់ រួមជាមួយគ្រូ​ទីប្រឹក្សាចំនួន៧នាក់ និងមានការ​ចាត់ចែងពីមន្រ្តីប្រតិបត្តិសាខា បានចុះអប់រំសុវត្ថិភាព​ចរាចរណ៍តាមស្តុប​គោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖​ ស្តុបណានជីង​ ស្តុបដេអិន ស្តុបសន្ធរម៉ុក​ ស្តុបទេពផន និងស្តុបផ្សារមាន់អាំង​ ។

នៅតាមបណ្តា​ស្តុបគោលដៅនីមួយៗ​ យុវជនយើងខ្លះបានឈរកាន់​ទង់បញ្ជាចរាចរណ៍​ ខ្លះឈរអំពាវនាវតាមឧឃោសនស័ព្ទ​ ខ្លះឈរកាន់បដាដែលមាន​ខ្លឹមសារពាក់ព័ន្ធនឹង​សុវត្ថិភាពចរាចរណ៍​ ខិតខំដោយយកចិត្តទុកដាក់​ ក្នុងគោលបំណង​សំដៅជួយដាស់តឿនក្រើន​រំលឹកបន្ថែមទៀតដល់​ប្រជាពលរដ្ឋយើងដែលធ្វើដំណើរ​តាមដងផ្លូវសូមមាន​ការភ្ញាក់រលឹក ចេះគោរព​ច្បាប់ចរាចរណ៍ ភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងបើកបរ​ត្រូវមានសុជីវធម៌ សីលធម៌ ​ចេះយោគយល់អធ្យាស្រ័យ​គ្នាទៅវិញទៅមក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍​ដែលអាចកើតឡើង​ជាយថាហេតុ​ និងជាពិសេស​ក្នុងន័យសំដៅ​រួមគ្នាធ្វើឱ្យចរាចរណ៍​ក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្នុង​ប្រទេសយើងទាំងមូល​មានរបៀបរៀបរយ​ និងធ្វើដំណើរប្រកបដោយសុវតិ្ថភាព​ ៕

 

សាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង សួរសុខទុក្ខ ចាស់ជរាគ្មានទីពឹង ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ និងគ្រួសារ មានជីវភាពខ្វះខាត នៅ ក្នុងក្រុងស្វាយរៀង

សាខាកក្រកខេត្តស្វាយរៀង​៖ ដើម្បីឆ្លើយតបទៅនឹង​តម្រូវការរបស់​ប្រជាពលរដ្ឋជាជន​ងាយរងគ្រោះ នៅថ្ងៃ សៅរ៍ ១០កើត ​ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស​ ២៥៦៣ ត្រូវនឹង ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩ នៅ ទី ស្នាក់ការអនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុងស្វាយរៀង ក្រុមការងារ​សាខាកាកបាទក្រហមកម្ពុជា​ខេត្ត ស្វាយរៀង ដឹកនាំដោយ​ ឯកឧត្តម ម៉ែន វិបុល​ ប្រធានគណៈកម្មាធិការ​សាខា ព្រមទាំងសមាជិ​ក សមាជិកការនៃគណៈកម្មាធិការសាខា ​បាននាំយកអំណោយ​មនុស្សធម៌ចុះសំណេះសំណាល ​សួរសុខទុក្ខ និង​ចែកអំណោយ​ជូនចាស់ជរាគ្មានទីពឹង ២៩ ជនពិការ ៤ នាក់ អ្នករស់​នៅជាមួយមេរោគ​អេដស៍ ២ នាក់ និងគ្រួសារ​ មានជីវភាពខ្វះខាត ៥៤ គ្រួសារ សរុប ៨៩ គ្រួសារ មកពី ៧ សង្កាត់ ​ក្នុងក្រុងស្វាយរៀង ។
មានប្រសាសន៍​សំណេះសំណាល​នាឱកាសនោះឯកឧត្តម ម៉ែន វិបុល បាន​ពាំនាំនូវសេចក្ដីនឹក​រលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលតែងតែ​គិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋដែល​ជាជនងាយរងគ្រោះ និង​រងគ្រោះដោយគ្រោះមហន្តរាយ​ផ្សេងៗ ឯកឧត្តមបាន​បញ្ជាក់បន្ថែមដល់អ្នកទទួល​អំណោយទាំង ៨៩ គ្រួសារ​ ដោយសង្ខេបអំពីសកម្មភាព​នានារបស់កាកបាទ​ក្រហមកម្ពុជា នៅថ្នាក់សាខា និងអនុសាខា ​បាន យកចិត្តទុកដាក់ និងដោះស្រាយ​បន្ទាន់ដល់គ្រួសារដែល​រងគ្រោះដោយសារគ្រោះធម្មជាតិ ដូចជា ​ខ្យល់កន្ត្រាក់ រន្ទះបាញ់ ​គ្រោះថ្នាក់ចរាចរណ៍ជាដើម ធ្វើឲ្យ​ប្រជាពលរដ្ឋទាំងនោះបានធូស្រាលមួយចំណែក ហើយពេលនេះ​សាខាបានគិតគូដល់​លោកតា លោកយាយ ​ចាស់ជរាដែលគ្មាន​ទីពឹង អ្នករស់នៅជាមួយមេរោគ​អេដស៍ ជនពិកា កុមារកំព្រា ព្រោះ​មិនមែនតែក្រុងស្វាយរៀងមួយ​ទេដែលសាខាត្រូវដោះស្រាយ គឺត្រូវដោះស្រាយ​ដល់ស្រុក ក្រុងផ្សេងទៀតតាម​លទ្ធភាពដែលសាខាមាន ។
អំណោយដែល​ចែកជូនទាំង ៨៩ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ.ក្រ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រមា ១ សារ៉ុង ១ និងថវិកា ៥០.០០០ រៀល ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ សួរសុខទុក្ខ គ្រួសារក្រីក្រ ចាស់ជរា ស្ថិតនៅឃុំវឌ្ឍនៈ ស្រុកសំបូរ

សាខាកក្រកខេត្តក្រចេះ​ ៖ នៅរសៀលថ្ងៃសុក្រ ​៩កើត ខែស្រាពណ៍ ឆ្នាំកុរ ​ឯកស័ក ព.ស. ២៥៦៣​ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នេះ សាខា​កាកបាទក្រហមកម្ពុជា ​ខេត្តក្រចេះ​ ដឹកនាំដោយ លោក ទេព វាសនា ​សមាជិកគណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា ​ខេត្តក្រចេះ​ និងសហការី បានចុះសួរសុខទុក្ខ​ និងនាំយកអំណោយ​មនុស្សធម៌ ​របស់សាខាកាកបាទក្រហម​កម្ពុជាខេត្តក្រចេះ ​ទៅចែកជូនគ្រួសារក្រីក្រ ​ចាស់ជរា ចំនួន ១១ គ្រួសារ ស្ថិតនៅ​ឃុំវឌ្ឍនៈ ស្រុកសំបូរ​ ខេត្តក្រចេះ។

ក្នុងឱកាសនោះលោក​បានមានប្រសាសន៍ថា កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ​ជាប្រធាន តែងតែ​យកចិត្តទុកដាក់យ៉ាងខ្លាំង​ ដល់ប្រជាពលរដ្ឋ ទោះបីស្ថិត​ក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងបាន​ផ្តល់ភាពកក់ក្តៅ​ដល់បងប្អូនជានិច្ច​ក្នុងគ្រាលំបាក​នានាពោលគឺ “ទីណាមានទុក្ខលំបាក ទីនោះមាន​កាកបាទក្រហមកម្ពុជា”។ បន្ថែមលើនេះទៀត​កាកបាទក្រហមកម្ពុជា ​បានឆ្លើយតបនិងសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ ​និងជនងាយរងគ្រោះ ​អ្នកផ្ទុកមេរោគអេដស៍ ជនពិការ​ កុមារកំព្រា ចាស់ជរាគ្មានទីពឹង ជាពិសេស​ជួយសង្គ្រោះនៅពេលមាន​គ្រោះមហន្តរាយផ្សេងៗ ​ដូចជា គ្រោះរាំងស្ងួត ​ទឹកជំនន់ ជាដើម។

សូមបញ្ជាក់ថា​អំណោយ​ដែលផ្តល់ជូនក្នុង​មួយគ្រួសារទទួលបាន៖ អង្ករ ​២៥គីឡូក្រាម, សារុង១, មុង១, ភួយ១, ក្រមា១, មី១កេស, ត្រីខ១០កំប៉ុង, ខោអាវមួយចំនួន និងថវិកា ៤០.០០០ រៀល៕

 

1 2 3 4 5 Next Last