កោះកុង

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅស្រុកស្រែអំបិលទទួលអំណោយពីសាខាកក្រកខេត្តកោះកុង
ក្រោយពីទទួលបានសេចក្តីរាយការណ៏ ពីអនុសាខាស្រុកស្រែអបិល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមប្រធានកិត្តិយសសាខា លោកជំទាវប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមប្រតិបត្តសាខាដឹកនាំដោយលោក ឡុច ភិរ័ក្ស នាយករងសាខា សហការជាមួយក្រុមការងារអនុសាខាស្រុកស្រែអំបិល សហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកអំណោយសង្គ្រោះភ្លាមៗជូនដល់គ្រួសារ បងប្រុស ឈឹម ឡន ដែលត្រូវភ្លេីងឆេះផ្ទះខូចខាតទាំងស្រុង កាលពីល្ងាចថ្ងៃ៦ ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ក្នុងឱកាសនោះដែរ លោកនាយករងសាខា បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងចូលរួមសោកស្តាយចំពោះគ្រោះអកុសលនេះពីសំណាក់ឯកឧត្តមប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាខិតខំថែរក្សាសុខភាពឲ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះ មានអនាម័យក្នុងការរស់នៅ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
អំណោយដែលសាខា អនុសាខានាំយកចែកជូនរួមមានៈ
១អង្ករ ៦៦គក្រ ២ឃីត០១ ៣ទឹកសុទ្ធ៥យួរ ៤ទឹកត្រី៥លីត្រ ៥ទឹកសីអីវ០១យួរ ៦ធុងចម្រោះទឹកស្អាត០១ ៧ចង្ក្រាន ចាន ឆ្នាំង០១ឈុត ៨កន្ទេល០១ ៩ប្រេងឆា០១យួរ ព្រមទាំងថវិកា២០.០០០រៀល ក្នុងនោះអនុសាខាស្រុកស្រែអំបិល រួមនិងសសយកស្រុកឧបត្ថម្ភស័ង្កសី៤០សន្លឹកផងដែរ

កាកបាទក្រហមកម្ពុជាខេត្តកោះកុងប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ
សាខាកក្រកខេត្តកោះកុង ៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង សហការជាមួយមន្ទីរសុខាភិបាល ខេត្ត និងមណ្ឌលសុខភាពឃុំប៉ាក់ខ្លង បានរៀបចំពិធីអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ២១កុម្ភៈ នៅមណ្ឌលសុខភាពឃុំប៉ាក់ ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមអធិបតីភាពលោកជំទាវ ឈួង ឆាលិក ប៊ុនលើត អនុប្រធានកិត្តិយសសាខា និងមានការរួមពីគណៈកម្មាធិការសាខាអនុសាខាស្រុក ក្រុមស្រ្តីមេផ្ទះជាច្រើនអ្នក។
ក្នុងឱកាសនោះ លោកជំទាវមិថុនា ភូថង សមាជិកគណៈកម្មាធិការសាខា បានឡើងអាននូវសារលិខិតរបស់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ជូនអ្នកចូលរួមទាំងអស់។
ទន្ទឹមនឹងនោះ លោកជំទាវអនុប្រធានកិត្តិយសសាខា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរជានិច្ចជាមួយប្រជាពលរដ្ធ គ្រប់លំដាប់ថ្នាក់ជាពិសេសដូចជាថ្ងៃនេះស្រាប់ ទោះលោកមិនបានមកដល់ផ្ទាល់លោកតែងតែឱ្យសាខារៀបចំកម្មវិធីនេះឡើងដើម្បីផ្សព្វផ្សាយនូវសារដ៏មានសារៈសំខាន់នេះ។
នាឱកាសនោះផងដែរ សាខាបានចែកអំណោយមនុស្សធម៌ជូនស្រ្តីដែលទើបសម្រាល ស្រ្តីដែលមានផ្ទៃពោះ និងកុមារក្រោមអាយុ ០៥ ឆ្នាំ សរុប ២៧ នាក់ ក្នុងម្នាក់ៗ ទទួលបាន ៖ អង្ករ២២ គក្រ មី០១ កេស ទឹកដោះគោឆៅ ០១ ឡូ ទឹកផ្លែឈើ១២ កប៉ុង ទឹកសុទ្ធមួយ០១ យួរ និងថវិកា ៥០,០០០រៀល៕

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង
សាខាកក្រកខេត្តកោះកុង ៖កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសហការីបានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនគ្រួសារក្រីក្ររងគ្រោះដោយអគ្គីភ័យចំនួន០១ ខ្នងផ្ទះនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
អំណោយដែលបានផ្តល់ជូនរួមមាន ៖ អង្ករ៥០គក្រ មី០២កេស ទឹកត្រី០៥លីត្រ ទឹកស៊ីអីវ ០១ យួរ ត្រីខ១០កំប៉ុង ប្រេងឆា០៥លីត្រ ទឹកសុទ្ធ០២កេស ធុងចម្រោះទឹក ០១តង់ ០១ ចង្ក្រាន ០១ ឆ្នាំងដាំបាយ០១ ឆ្នាំងសម្ល០១ ខ្ទះឆា ០១ ចានបាយ១២ ចានសម្ល ១២ ចានទឹកត្រី ១២ វែកបាយ ៣ វែកសម្ល ៣ វែកឆា ០៣ ស្លាបព្រាវែង ១០ ចានស្រាក់ ០១ ជ្រុញ ០១ កាធុនជ័រ ០២ ឃីត ០១ឈុត ( មុង ភួយ សារុង ក្រមា) និងថវិកា ១.៦៥០.០០០រៀល៕

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុងចែកអំណោយមនុស្សធម៌ជូនលោកយាយ ដុំ ចាន់ថា នៅសង្កាត់ដងទង់
នៅព្រឹកថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៦ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំដោយ លោក ឡុច ភិរ័ក្ស នាយករងសាខា បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនលោកយាយចាស់ជរាគ្នាទីពឹង ឈ្នោះ ដុំ ចាន់ថា អាយុ ៨៣ ឆ្នាំ រស់ភូមិ ០២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
នាឱកាសនោះ លោកនាយកសាខា បានមានមតិសំណេះសំណាលផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមប្រធានកិត្តិយសសាខា និងគណៈកម្មាធិការសាខា ទោះបីលោកមិនបានចុះមកដោយផ្ទាល់ក៏តែងតែចាត់តាំងក្រុមការងារចុះជាប់ជាមួយប្រជាពលរដ្ឋដែលត្រូវការឱ្យជួយ និងស្របទៅតាមទិសស្លោក កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា។
អំណោយដែលចែកជូនរួមមាន ៈ អង្ករ ២២ គីឡូក្រាម មី ០១កេស ទឹកត្រី ០៥លីត្រ ទឹកសីុអីុវ ០១ យួរ ត្រីខ ០១ឡូ ទឹកសុទ្ធ ០១កេស ស័ង្កសី ២០ សន្លឹក ដែកគោល ០៥ ប្រអប់ នឹងថវិកា ៥០,០០០ រៀល (ប្រាំមឺុនរៀល) ព្រមទាំងលោកចៅសង្កាត់ឧបត្ថម្ភបន្ថែមថវិកា ២០,០០០ រៀល(ពីរម៉ឺនរៀល)៕

គ្រួសារកុមារកំព្រាទីទ័លក្រទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង
ព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៦ ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងលោកជំទាវ អមដំណើរដោយលោកជំទាវ អេង គឹមនាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នៅភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំពិធី ប្រគល់ទូកនេសាទចំនួន ០១ គ្រឿង និងអំណោយមួយចំនួនរួមមាន អង្ករ ៥០ គីឡូក្រាម , មី ០២ កេស , ទឹកស៊ីអ៊ីវ ០២ យួរ , នំ ០២ កញ្ចប់ធំ ,ភួយ ០៤ , មុង ០២ ថ្នាំពេទ្យ ០១ ឈុត និងថវិកាមួយចំនួន ជូនដល់គ្រួសារកុមារកំព្រាទីទ័លក្រដែលមានបងប្អូន ០៤ នាក់ ម្តាយឪពុកស្លាប់ចោលដោយពុលពងសត្វគីង្គក់ ។